អានតួអត្ថបទ
ឥណ្ឌូណេស៊ី-អូស្ត្រាលី​

អង្គការ​សហប្រជាជាតិ​​​បើក​ការស៊ើប​​​អង្កេត​លើ​អូស្ត្រាលី​ ក្នុង​រឿង​ធ្វើបាប​ជនភៀសខ្លួន​តាមទូក​

នៅថ្ងៃ​សុក្រ​នេះ ឧត្តមស្នងការ​អ.ស.ប​ទទួលបន្ទុក​ជនភៀសខ្លួន​ ហៅកាត់ថា HCR បាន​បើក​ការ​ស៊ើបអង្កេត​លើ​អូស្ត្រាលី ក្នុង​បទសង្ស័យថា ​កងម៉ារីន​​អូស្ត្រាលី​បាន​​ធ្វើបាប​​ជន​ភៀសខ្លួន​តាម​កប៉ាល់ ដើម្បី​បញ្ជូន​​កប៉ាល់​ដឹក​ជនភៀសខ្លួនទាំងនោះ​ អោយ​ត្រលប់ទៅ​ឥណ្ឌូណេស៊ី​​​វិញ។ ​ការបញ្ជូន​កប៉ាល់​ដឹក​ជនភៀសខ្លួន ​អោយ​ត្រលប់​ទៅ​ឥណ្ឌូណេស៊ី​វិញ​ គឺ​ជា​នយោបាយ​​​​ការពារ​ព្រំដែន របស់​រដ្ឋាភិបាល​អូស្ត្រាលី។ ​

ការបញ្ជូន​ទូក​​​ដឹក​ជនភៀសខ្លួន ​​​ត្រលប់​ទៅ​ឥណ្ឌូណេស៊ី​វិញ​ គឺ​ជា​នយោបាយ​​​​ការពារ​ព្រំដែន របស់​រដ្ឋាភិបាល​អូស្ត្រាលី។
ការបញ្ជូន​ទូក​​​ដឹក​ជនភៀសខ្លួន ​​​ត្រលប់​ទៅ​ឥណ្ឌូណេស៊ី​វិញ​ គឺ​ជា​នយោបាយ​​​​ការពារ​ព្រំដែន របស់​រដ្ឋាភិបាល​អូស្ត្រាលី។ REUTERS
ផ្សាយពាណិជ្ជកម្ម

ឧត្តមស្នងការ​អ.ស.ប​ទទួលបន្ទុក​ជនភៀសខ្លួន​ ​HCR បាន​ប្រកាស​បើក​ការ​ស៊ើបអង្កេត​លើ​អូស្ត្រាលី ក្នុង​បទសង្ស័យថា ​កងម៉ារីន​​អូស្ត្រាលី​បាន​​ធ្វើបាប​​ជន​ភៀសខ្លួន​ក្នុង​កប៉ាល់​ជាច្រើននាក់ ក្នុង​ក្របខណ្ឌ​​រុញ​បញ្ជូន​​កប៉ាល់​ដឹក​ជនភៀសខ្លួនទាំងនោះ​ អោយ​ត្រលប់​ទៅ​​​ឥណ្ឌូណេស៊ី​វិញ។ ជនភៀសខ្លួន​ទាំងនោះ​ សុទ្ធ​តែ​ជាអ្នក​ដែលមក​​សុំសិទ្ធិជ្រកកោន។​

ជនភៀសខ្លួន​ជនជាតិស៊ូដង់​ម្នាក់ បាន​ប្រាប់​សារព័ត៌មាន​បារាំង អា អេហ្វ ប៉េ AFP ថា​ កងម៉ារីន​​​អូស្ត្រាលី​​បាន​​ចាប់​កប៉ាល់​ដឹករូប​គាត់ និង​អ្នកភៀសខ្លួន​ច្រើននាក់ទៀត ដែល​បាន​ឆ្លងពី​ឥណ្ឌូណេស៊ី ទៅ​អូស្ត្រាលី។ កងម៉ារីន​ទាំងនោះ​បាន​ដាក់ខ្នោះ​អ្នកនៅ​លើ​កប៉ាល់​​ច្រើននាក់​ ហើយ​បាន​បង្ខំ​អោយ​ជនភៀសខ្លួន​មួយចំនួន ​ប៉ះពាល់​​ផ្នែក​ម៉ាស៊ីន​ទូក​​ ដែល​មានសីតុណ្ហភាព​ក្តៅ​ខ្លាំង ធ្វើអោយ​រលាក​ដៃធ្ងន់ធ្ងរ។ កងម៉ារីន​​អូស្ត្រាលី​​មិនព្រម​ផ្តល់ទឹក​អោយ​ជនភៀសខ្លួន​​ផឹក​​ទេ ហើយ​ថែមទាំង​ជេរ​ពួកគេ​ថា ជា​ស្វា​មកពី​អាហ្វ្រិក​ទៀតផង។

ឧត្តមស្នងការ​អ.ស.ប​ទទួលបន្ទុក​ជនភៀសខ្លួននឹង​ស៊ើបអង្កេត​ផ្ទៀងផ្ទាត់​ការ​សង្ស័យ​នេះ។ អង្គការ​ HCR សង្ឃឹម​ថា ប្រសិន​បើ​​អូស្ត្រាលី​ពិតជាបាន​ធ្វើបាប​​​ជន​ភៀសខ្លួន​​​មែន អាជ្ញាធរ​​អូស្ត្រាលី​អាច​បើកការស៊ើបអង្កេត​រឿងនេះ ​អោយ​បាន​រហ័ស​បំផុត។ លោក ស្កុត ម៉ូរីសសុន ជា​រដ្ឋមន្ត្រី​ផ្នែកអន្តោប្រវេសន៍​អូស្ត្រាលី ​បាន​បដិសេធ​ការ​​ចោទប្រកាន់​ទាំងនេះ ដោយ​​លើកឡើង​ទៅវិញ​ថា ការពោលអះអាង​​ទាំងអស់​នេះ​ គឺ​​ជាការ​ភូតកុហក។  

ចាប់តាំង​ពី​បានឡើងកាន់​អំណាច​ក្នុង​ខែ​កញ្ញា​ ឆ្នាំ២០១៣មក រដ្ឋាភិបាល​អូស្ត្រាលី​ថ្មី ដែល​ជា​រដ្ឋាភិបាល​​អភិរក្សនិយម​នោះ បាន​ដាក់ចេញ​នយោបាយ​​​​មួយ តំរូវ​ថា រាល់​ទូក​រឺ​​កប៉ាល់​ដឹកជនភៀសខ្លួន ធ្វើដំណើរ​មកពី​ឥណ្ឌូណេស៊ី ដើម្បី​​ចូល​​អូស្ត្រាលី​ដោយ​ខុសច្បាប់ នឹង​ត្រូវ​បញ្ជូន​ត្រលប់​ទៅ​ឥណ្ឌូណេស៊ី​វិញ។ ដោយសារ​នយោបាយ​​បញ្ជូន​ជនភៀសខ្លួន​ទៅ​ឥណ្ឌូណេស៊ី​​វិញ​នេះ កងម៉ារីន​អូស្ត្រាលី​បាន​រំលោភ​ដែនទឹក​ឥណ្ឌូណេស៊ី ជាច្រើនដង ធ្វើអោយ​រដ្ឋាភិបាល​ក្រុងហ្សាកាតា ខឹង​សម្បារ​ខ្លាំង។

​រដ្ឋាភិបាល​អូស្ត្រាលី​អាណត្តិមុន​ ធ្លាប់​បាន​ចេញនយោបាយ​មួយដែរ តំរូវ​​ថា​រាល់​ជនភៀសខ្លួន​ដែល​​​ឆ្លងសមុទ្រ​ចូល​​ទឹកដី​អូស្ត្រាលី នឹងត្រូវ​បញ្ជូន​ទៅ​កាន់ប្រទេស​ទី៣ បែបយ៉ាង ប៉ាពូអាស៊ី នូវេល ហ្គីណេ។ យោងតាម​ច្បាប់​អូស្ត្រាលី​ ​អូស្ត្រាលី​អាច​នឹង​បដិសេធ​មិន​ផ្តល់​សិទ្ធិ​សុំ​ជ្រកកោន​ អោយ​ដល់​​ជនបរទេស​ បើទោះជា​ការ​សុំជ្រកកោន​នោះ​ មាន​មូលដ្ឋាន​ច្បាស់លាស់​​ក៏ដោយ៕ 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ