អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ីរ៉ាក់៖​មេក្រុមជីហាតច្រើននាក់​​​​ភៀសខ្លួន​ពី​មូស៊ូល ​​កិច្ចប្រជុំ​​អន្តរជាតិ​ប៉ារីស​​​​ផ្តោតលើ​​​អនាគត​​​​មូស៊ូល​

ចុះផ្សាយ​នៅ​ថ្ងៃ៖

យុទ្ធនាការ​វាយយកក្រុង​មូស៊ូល ពី​ក្រុមជីហាត​រដ្ឋអ៊ីស្លាម ​នៅ​អ៊ីរ៉ាក់ កំពុង​​​​ដំណើរការ​ទៅមុខ ហើយ​បាន​ធ្វើ​លឿនជាងការ​គ្រោងទុក​ទៅទៀត។ នេះ​​បើតាម​​ដំណឹង​ផ្តល់ដោយ​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ នៅថ្ងៃ​ព្រហស្បតិ៍​​នេះ។ ការវាយលុក​របស់​កងកម្លាំង​អ៊ីរ៉ាក់ និង​​សម្ព័ន្ធមិត្ត​អន្តរជាតិ បាន​ជំរុញ​អោយ​​​មេដឹកនាំ​ក្រុមជីហាត​ជាច្រើននាក់ ​​ភៀសខ្លួន​ចេញ​ពី​ក្រុងមូស៊ូលហើយ។ ​

សកម្មប្រយុទ្ធ​​អ៊ីរ៉ាក់​ម្នាក់​ដណ្តប់​ទង់ជាតិ​លើ​ខ្នង បន្ទាប់​ពី​កងកម្លាំង​អ៊ីរ៉ាក់​ដណ្តើម​យកបាន​ភូមិKhalidiya ភាគខាងត្បូង​ក្រុងមូស៊ូល។ ​
សកម្មប្រយុទ្ធ​​អ៊ីរ៉ាក់​ម្នាក់​ដណ្តប់​ទង់ជាតិ​លើ​ខ្នង បន្ទាប់​ពី​កងកម្លាំង​អ៊ីរ៉ាក់​ដណ្តើម​យកបាន​ភូមិKhalidiya ភាគខាងត្បូង​ក្រុងមូស៊ូល។ ​ Reuters
ផ្សាយពាណិជ្ជកម្ម

ថ្ងៃព្រហស្បតិ៍​នេះ ក្រុងប៉ារីស​បា​នបើក​កិច្ចប្រជុំ​អន្តរជាតិ​ ក្រុង​​មូស៊ូល ក្នុងពេល​​​អនាគត​ ក្រោយ​​​​បរាជ័យ​​ក្រុមភេរវជន​​រដ្ឋអ៊ីស្លាម។ កិច្ចប្រជុំ​នេះ​មានវត្តមាន​ចូលរួម​របស់​ប្រទេសនិង​អង្គការ​​ជាង២០។ បារាំង​ប្រាប់ថា ​រុស្ស៊ី​មិនបាន​ចូលរួម​កិច្ចប្រជុំ​នេះទេ ​ដោយសារ​មិនបាន​​ជាប់ពាក់ព័ន្ធ​ក្នុង​រឿងរ៉ាវ​នៅ​អ៊ីរ៉ាក់។

បារាំង​បាន​អញ្ជើញ​អ៊ីរ៉ង់​ចូលរួម​កិច្ចប្រជុំ​ដែរ 
កាលពី​ដំបូង ​បារាំងមិនបាន​អញ្ជើញ​អ៊ីរ៉ង់​អោយចូលរួម​កិច្ចប្រជុំ​ស្តីពី​មូស៊ូ​លទេ តែ​បាន​​​ប្តូរចិត្ត​​ទៅវិញ នៅ​ពេលចុងក្រោយ​នេះវិញ។ ​​បារាំង​មិនចង់​អញ្ជើញ​អ៊ីរ៉ង់ ​ដោយសារ​តែ​អ៊ីរ៉ង់​មាន​ទំនាក់ទំនង​​តានតឹង​​​​ជាមួយ​អារ៉ាប៊ីសាអូឌីត។ ​

ប៉ុន្តែ មើល​ជារួម ​​​បារាំង​បានអញ្ជើញ​ប្រទេស​​ផ្សេងៗ ដែល​នៅជិតខាង​អ៊ីរ៉ាក់ អោយចូលរួម​កិច្ចប្រជុំ​ថ្ងៃនេះ។ អ៊ីរ៉ង់​ក៏ជា​ប្រទេស​ជាប់​របង​អ៊ីរ៉ាក់​ដែរ។ ដូច្នេះ បារាំង​បាន​​​បង្ហាញ​ភាព​ត្រឹមត្រូវ​​បន្តិច​ទៅវិញ ដើម្បី​កុំអោយ​​មានការ​គិតថា ក្រុងប៉ារីស​​លំអៀង​ទៅរក​​អារ៉ាប៊ី សាអូឌីត ហើយ​​រើសអើង​អ៊ីរ៉ង់។

ក្រៅពី​អ៊ីរ៉ង់ ​កិច្ចប្រជុំ​នៅ​ក្រុង​ប៉ារីស​ថ្ងៃ​នេះ មាន​វត្តមាន​​​អាមេរិក តួកគី ​ប្រទេស​ឈូងសមុទ្រ​ពែរស៍ ​និង​ប្រទេស​នៅ​អឺរ៉ុប។

​ទិសដៅ​ចំបង​នៃ​កិច្ចប្រជុំ​ស្តីពី​​​អនាគត​​​ក្រុងមូស៊ូល
ទិសដៅ​កិច្ចប្រជុំ​នេះ គឺ​ដើម្បី​ធ្វើយ៉ាងណា​ធានាអោយ​ក្រុងមូស៊ូល​ទទួលបាន​ស្ថិរភាព​ឡើងវិញ ពេលអនាគត បន្ទាប់​ពី​ក្រុមជីហាត​រដ្ឋអ៊ីស្លាម ​ត្រូវ​បានកំចាត់​អស់ ទោះបីថា ​ពេលនេះ កងកម្លាំង​អ៊ីរ៉ាក់ និង​កងទ័ព​សម្ព័ន្ធ​មិត្ត មិនទាន់​វាយយក​បាន​ក្រុងមូស៊ូល​ក្តី។ គួរបញ្ជាក់ថា គេអាច​ប្រើ​ពេល​ច្រើនខែ ដើម្បីវាយបាន​​ក្រុងមូស៊ូល​ពី​ក្រុមភេរវជនមកវិញ។

លោក​ហ្សង់ ម៉ាក់ អៃរ៉ូល ជា​រដ្ឋមន្ត្រី​ការបរទេស​បារាំង ​លើកឡើងថា​ ​កិច្ចប្រជុំ​ស្តីពី​ក្រុងមូស៊ូលពេលនេះ ផ្តោត​លើ​អាទិភាព​ចំនួន​៣៖ ទី១​ គឺ​ការពារ​សុវត្ថិភាព​ជនស៊ីវិល ​នៅ​មូស៊ូល និង​នៅតាម​ភូមិ​ជិតខាង​ក្រុង​មូស៊ូល។ ​ទី២ គឺ​ជំនួយ​មនុស្សធម៌ ហើយ​ទី៣ គឺ​ថា អាជ្ញាធរ​អ៊ីរ៉ាក់​ត្រូវតែ​រៀបចំ​ផែនការ​ដើម្បី​អោយក្រុង​​មូស៊ូល​​មានស្ថិរភាព​ ដាក់​​អោយ​មាន​ស្ថាប័ន​រដ្ឋ​ដំណើរការ​ឡើងវិញ។ គួរ​រំលឹក​ថា ក្រុងមូស៊ូល ជា​ក្រុង​សំខាន់​ទី២ របស់អ៊ីរ៉ាក់ បន្ទាប់​ពី​រដ្ឋធានី​បាក់ដាត។ ក្រុងមូស៊ូល​បានធ្លាក់​ក្នុង​កណ្តាប់ដៃ​ក្រុមភេរវជន​រដ្ឋអ៊ីស្លាម​ កាលពី​ខែមិថុនា ឆ្នាំ​២០១៤។   ​​

បណ្តា​​ប្រទេស​ចូលរួម​​កិច្ចប្រជុំ​​នៅ​ប៉ារីស​ថ្ងៃនេះ​​ ​​​​​ជជែក​គ្នា រក​មធ្យោបាយ​​កុំអោយ​​​ក្រុងមូស៊ូល​​មាន​វាសនា​ដូច​ក្រុង​អាឡិប នៅ​ស៊ីរី។ យើងបាន​ដឹងហើយ​ថា អាឡិប​រងគ្រោះ​មហន្តរាយ​មនុស្សធម៌​ធ្ងន់ធ្ងរ។ ប្រជាជន​ស៊ីរី នៅ​អាឡិប​រងការទំលាក់​គ្រាប់បែកឥតឈប់ឈរ ពិ​យុទ្ធនាការ​ផ្លូវអាកាសរបស់​កងទ័ព​ ក្នុង​ការ​​​កំទេច​ក្រុមភេរវជន រឺ​ក៏ក្រុម​ឧទ្ទាម​។ ​​

នៅ​មូស៊ូល​ មានប្រជាជន​ដល់ទៅ​១លាន​៥សែននាក់។ ​គេកំពុង​បារម្ភ​ថា​ ​សកម្មជន​ក្រុមជីហាត​​អាច​យក​ជនស៊ីវិលធ្វើជា​ខែល ទប់​ទល់​នឹង​ការប្រយុទ្ធ​របស់​កងទ័ព​អ៊ីរ៉ាក់ និង​សម្ព័ន្ធមិត្ត​អន្តរជាតិ។ ​ប្រជាជន​អ៊ីរ៉ាក់​តិចគ្រួសារ​ណាស់ ដែល​បាន​គេចចេញ​ផុតពី​ក្រុងមូស៊ូល តាំង​ពី​មានយុទ្ធនាការ​វាយយក​ក្រុងមូស៊ូល ប៉ុន្មាន​ថ្ងៃមកនេះ។ ប្រជាជន​ភាគច្រើន​ គេចខ្លួន​​ទៅ​រក​កន្លែង​មា​នសុវត្ថិភាព​នៅ​តំបន់ជុំវិញ​មូស៊ូល ហើយ​ក៏មាន​អ្នក​ភៀសខ្លួន​ រហូតទៅ​ដល់​ស៊ីរី​​ ដែលកំពុង​រង​សង្គ្រាម​ក្បែរនោះដែរ។ ក្រុមជីហាត​អាច​សម្លាប់​រង្គាល​ពួកគេ​ក៏ថាបាន។

ទន្ទឹម​នឹង​​​​​នេះដែរ​ ​ពលរដ្ឋ​អ៊ីរ៉ាក់​និកាយ​ស៊ុយនីតកំពុង​​​​​ភ័យខ្លាច​ក្រុមប្រដាប់អាវុធ​និកាយ​ស្ហ៊ីអ៊ីត​ដែល​ឡោមព័ទ្ធ​ក្រុង ធ្វើការ​​​វាយប្រហារទៅលើ​​ពួកគេ​។ និកាយ​សាសនា​នេះ គឺ​​ជា​បញ្ហា​​​នៅ​អ៊ីរ៉ាក់។ ​ប្រជាជន​អ៊ីរ៉ាក់​ភាគច្រើន កាន់​និកាយ​ស្ហ៊ីអ៊ីត តែ​ប្រជាជនអ៊ីស្លាម​​​នៅ​មូស៊ូល​ភាគច្រើន ជាអ្នក​កាន់​និកាយ​សុយនីត។ ​​

ដោយឡែក ​​ពេលនេះ មេក្រុម​ជីហាត​សំខាន់ៗ​បានរត់ចេញ​ពី​មូស៊ូល​អស់ហើយ។ ប្រធានាធិបតី​​បារាំង​បារម្ភ​ថា ពួកនេះអាច​រត់ទៅ​តំបន់​រ៉ាក់កា នៅ​ស៊ីរី។ លោក​ហ្វ្រង់ស៊័រ ហូឡង់ ​បាន​សង្កត់ធ្ងន់​ពី​ការ​តាមចាប់​ពួក​​​ភេរវជន​ដែល​គេច​ចេញ​រួច​ពី​មូស៊ូល ​ធ្វើដំណើរ​ទៅ​ខែត្រ​រ៉ាក់កា នៅ​ស៊ីរី។ ​

បញ្ហា​​និកាយសុយនីត ស្ហ៊ីអ៊ីត​​​​នេះស្មុគស្មាញណាស់។ អង្គការ​សិទ្ធិមនុស្ស​បានចោទ​ក្រុម​យោធា​និកាយ​ស្ហ៊ីអ៊ីត​ថា បាន​សម្លាប់​ និង​ធ្វើទារុណកម្ម​​មនុស្ស កាលពី​​ពេល​ដែល​វាយ​ដណ្តើម​យក​បាន​ក្រុងទីគ្រីត។​ ​អាមេរិក​ខិតខំ​​រកបាន​កិច្ចព្រមព្រៀង​មួយ រវាង​​​កងកម្លាំង​និកាយ​ស្ហ៊ីអ៊ីតដែល​អ៊ីរ៉ង់គាំទ្រ​ និង​ពួកគួដឌីស្ថាន​​​ ដើម្បី​ចៀសវាង​​​ការ​កាប់សម្លាប់រើសអើង​គ្នា​នេះ។

អាមេរិក​ព្យាយាម​ដោះស្រាយ​​បញ្ហា​​​​តានតឹង ក្នុង​ទំនាក់ទំនង​​​រវាង​តួកគី​និង​អ៊ីរ៉ាក់
​ទំនាក់ទំនង​តានតឹង​រវាង​អ៊ីរ៉ាក់ និង​តួកគី​ ​កាន់តែ​តានតឹងនឹងគ្នា។ អាមេរិក​បារម្ភ​ថា ភាពតានតឹង​នេះ​អាចប៉ះពាល់​ដល់​ប្រតិបត្តិការ​យោធា​វាយ​យក​ក្រុងមូស៊ូល។

តួកគី​បាន​ប្រកាស​ចូលរួមជាមួយ​សម្ព័ន្ធ​មិត្ត​អន្តរជាតិ ​​​វាយយក​ក្រុងមូស៊ូលដែរ ហើយ​ថែមទាំង​​​​ប្រកាស​វត្តមាន​យន្តហោះ​យោធា​ខ្លួនទៀតផង។ តួកគី​​​មិនចង់​អោយ​មូស៊ូល​ធ្លាក់​ក្នុង​កណ្តាប់ដៃ ​​ក្រុមស្ហ៊ីអ៊ីត​​​ រឺ​ក៏ធ្លាក់​ក្នុង​ដៃ​ក្រុមគួដ​ឌីស្ថាន ​ដែ​ល​ជិតដិត​នឹងពួកគួដឌីស្ថាន​​​​PKK។ ពួក​​​​​PKK នេះ​​​​ជាសត្រូវ​របស់​តួកគីទេ។ ​តួកគី​មិនសប្បាយចិត្ត​នឹង​​​អាមេរិក​ដែលជាសម្ព័ន្ធមិត្ត​ក្នុង​អង្គការ​អូតង់ទេ។ តួកគី​បន្ទោស​​​អាមេរិកថា ​មិនព្រមអោយ​តួកគី​ចូលរួម​ពេញទំហឹង​ក្នុង​ការវាយយក​ក្រុងមូស៊ូល។​

អ៊ីរ៉ាក់ឯណោះ​វិញ​​មិនចង់​អោយ​តួកគី​ចូលរួមយុទ្ធនាការ​វាយ​យក​មូស៊ូលទេ។​ អ៊ីរ៉ាក់​​ចោទ​តួកគី​ថា​ ​ចង់ឈ្លានពាន​​អ៊ីរ៉ាក់។ ​

អាមេរិក​ព្រមានថា បើ​ប្រទេស​ទាំង២​ទាស់គ្នា​ខ្លាំង កងទ័ព​អ៊ីរ៉ាក់​និង​តួកគី​អាច​នឹង​ប្រយុទ្ធ​តទល់​​​គ្នា, កងកម្លាំង​ស្ហ៊ីអ៊ីត និង​កងទ័ព​តួកគី​ក៏អាច​ប្រឈម​វាយគ្នា​ដែរ។ នេះ​ជាបញ្ហា​ដែល​​នាំអោយ​​​រាំងស្ទះដល់​​យុទ្ធនាការ​វាយយក​ក្រុងមូស៊ូល ពី​​​ក្រុមរដ្ឋអ៊ីស្លាម​។ ​ ​

ការរើសអើង​និកាយ​នេះ ជា​មេរៀនជូចត់​ក្នុង​​​អតីតកាល​របស់​អ៊ីរ៉ាក់។ ក្រោយ​របប​សាដាំ ហ៊ូសេន​ដួលរលំ​ មានការ​រើសអើ់ងគ្នា រវាង​និកាយ​ស៊ុយនីត និង​ស្ហ៊ីអ៊ិត ក្នុង​រដ្ឋាភិបាល​ថ្មី ​រហូត​ធ្វើអោយ​អ៊ីរ៉ាក់​បែកបាក់គ្នា​ រហូត​មាន​ការករកើត​​ក្រុម​ជីហាត​រដ្ឋអ៊ីស្លាម ដូច​​សព្វថ្ងៃ​នេះឯង។

ពេលអនាគត​ ​​ក្រោយពេល​ក្រុមជីហាត​រដ្ឋអ៊ីស្លាម​ត្រូវកំចាត់​អស់ទៅ អាមេរិក​មិនចង់ ឃើញ​​ការ​រើសអើង​និកាយ​សាសនា​ ​​បង្ក​​អោយ​មាន​​ក្រុមជ្រុលនិយម រឺ​ក្រុមភេរវជនថ្មី​​ណាមួយ ​​លេចមុខ​គំរាម​កំហែង​ក្នុង​តំបន់​ទៀតទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ