អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ នឹង​អាច​ប្រសូត​នៅ​ថ្ងៃ​សុក្រ​នេះ នៅ​ទីក្រុង​ហ្សឺណែវ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កិច្ចពិភាក្សា​​ស្តី​អំពី​សំណុំ​រឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​កំពុង​បន្ត​​ធ្វើ​ទៅ​ទីក្រុង​ហ្សឺណែវ​ប្រទេស​ស្វីស រហូត​ដល់​យប់​នេះ។ ​ដឹកនាំ​ដោយ​សហភាព​អឺរ៉ុប និង​ចូល​រួម​ដោយ​​តំណាង​ភាគី​ អ៊ីរ៉ង់​ ក្រុម​ប្រទេស​មហាអំណាច​​​ទាំង​ប្រាំ សហរដ្ឋ​អាមេរិក អង់គ្លេស រុស្ស៊ី ចិន បារាំង បូក​នឹង​​អាល្លឺម៉ង់​ ជំនួប​ប្រជុំ​លើក​នេះ ប្រព្រឹត្ត ​ក្នុង​បរិយាកាស​ដ៏​ធូរ​ស្រាល និង​ក្នុង​ក្តី​សង្ឃឹម​យ៉ាង​មុត​មាំ​ ថា​កិច្ច​ព្រមព្រៀង​មួយ​នឹង​អាច​រក​ឃើញ​រវាង​អ៊ីរ៉ង់​និង​ក្រុម​បស្ចឹម​លោក។ រដ្ឋ​មន្ត្រី​ការបរទេស​បារាំង និង​អាមេរិក​ បាន​កែ​ប្រែ​​កាល​វិភាគ​ ដោយ​ងាក​ទៅ​ចូល​រួម​ក្នុង​ជំនួប​នេះ​ដែរ ផ្តល់​សង្ឃឹម​កាន់​តែ​ខ្លាំង​ដល់​​គ្រប់​ភាគី។ ប៉ុន្តែ​មិន​ទាំង​អី​ផង រដ្ឋាភិបាល​អ៊ីស្រាអែល បាន​ប្រកាស​ច្រាន​ចោល​កិច្ច​ព្រមព្រៀង​​ស្រមោល​នោះ​រួច​ជា​ស្រេច​ទៅ​ហើយ។

ប្រមុខ​ការទូត​​អ៊ីរ៉ង់ លោក Mohammad Javad Zarif និងសមភាគី​សហភាព​អឺរ៉ុប លោកស្រី​ Catherine Ashton ក្នុង​កិច្ច​ប្រជុំ​នៅ​ទីក្រុង​​Genève ថ្ងៃទី​៧​វិច្ឆិក២០១៣
ប្រមុខ​ការទូត​​អ៊ីរ៉ង់ លោក Mohammad Javad Zarif និងសមភាគី​សហភាព​អឺរ៉ុប លោកស្រី​ Catherine Ashton ក្នុង​កិច្ច​ប្រជុំ​នៅ​ទីក្រុង​​Genève ថ្ងៃទី​៧​វិច្ឆិក២០១៣ REUTERS/Denis Balibouse
ផ្សាយពាណិជ្ជកម្ម

តើ​នឹង​អាច​មាន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ ក្នុង​កិច្ច​ប្រជុំ​លើក​នេះ ?

កិច្ច​ប្រជុំ​​លើក​នេះ​ ក៏​ដូច​ជា​កាលពី​ខែ​តុលា ភាសា​និយាយ​ជាមួយ​អ៊ីរ៉ង់ មាន​លក្ខណៈខុស​ពី​មុន។ ចំពោះ​ករណី​ពិភាក្សា​លើក​នេះ ​ដែល​ដឹកនាំ​ការ​ប្រជុំ​ដោយ​ ​សហភាព​អឺរ៉ុប ​ជា​ការ​ជជែក​បន្ត​ពី​អ្វី​ដែល​បាន​ស្នើ​ឡើង​ដោយ​អ៊ីរ៉ង់​ក្នុង​ជំនួប​ប្រជុំ​កាលពី​ខែ​មុន។ សំណើ​ដែល​មិន​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​ទេ គ្រាន់​តែ​ដឹង​ក្នុង​ន័យ​ថា អ៊ីរ៉ង់​ព្រម​បង្កក ការ​ធ្វើ​ចម្រើន​ធាតុ​អ៊ុយរ៉ាញ៉ូម​ ដ៏​ចម្រូង​ចម្រាស មួយភាគ​ ជា​ថ្នូរ​នឹង​ការ​បន្ធូរ​បន្ថយ​ សម្រាល​ទណ្ឌ​កម្ម​សេដ្ឋកិច្ច​​ខ្លះពី​អ៊ីរ៉ង់។ អ្នក​នាំ​ពាក្យ​របស់​ លោកស្រី​ប្រមុខ​ការទូត​សហភាពអឺរ៉ុប បាន​ប្រកាស​នៅ​ល្ងាច​មិញ​ ថា​ការ​ប្រជុំ​មានការ​ជឿន​លឿន​ទៅ​មុខ​ច្រើន។ ជាង​នេះ​ទៅ​ទៀត រដ្ឋមន្ត្រី​ការបរទេស​​អ៊ីរ៉ង់ ដែល​កំពុង​ស្ថិត​នៅ​ក្រុង​ហ្សឺណែវ​នោះ បាន​ព្រលយ​សម្តី​ប្រកប​ដោយ​សុទិដ្ឋិនិយម​ថា អាច​នឹង​​មាន​​កិច្ចព្រមព្រៀង នៅ​មុន​ពេល​បិទ​បញ្ចប់​ជំនួប​ប្រជុំ​ថ្ងៃ​នេះ។

ម្យ៉ាង​វិញ​ នៅ​ថ្ងៃ​នេះ ខុស​ពី​ការ​គ្រោង​ទុក​ រដ្ឋមន្ត្រី​ការបរទេស​បារាំង លោក Laurent Fabius បាន​សម្រេច​ចិត្ត​ នៅ​នាទី​ចុង​ក្រោយ​ ទៅ​ចូល​រួម​ប្រជុំ​នៅ​ហ្សឺណែវ​ដែរ។ លោក​បាន​បង្ហើប​ឱ្យ​ដឹងថា កំពុង​មាន​ការ​ត្រៀម​អត្ថបទ​ស្តី​ពី​កិច្ច​ព្រមព្រៀង។ ឯ​លោក​ ចន ឃែរី រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ ដែល​កំពុង​បំពេញ​ទស្សនកិច្ច​មួយ​ជុំ​ នៅ​តំបន់​ដើម​បូព៌ា ក៏​បាន​ប្តូរ​ផ្លាស់​កាលវិភាគ​ខ្លះ ដោយ​ធ្វើ​ដំណើរ​​មក​ស្វីស​ដែរ​ ហើយ​បាន​ប្រកាស​ ដោយ​ផ្ទាល់​អំពី​ជំនួប​ប្រជុំ​ត្រីភាគី នៅ​ល្ងាច​នេះ​តែ​ម្តង ជាមួយ​សមភាគីអ៊ីរ៉ង់ និង​សហភាព​អឺរ៉ុប លោកស្រី អាស្តុន កាទ្រីន។ ដោយ​យោល​ទៅលើ​ព្រឹត្តិការណ៍​ទាំង​អស់​នេះ​ហើយ ទើប​គ្រប់គ្នា​ មើល​ឃើញ និង​ហ៊ាន​សន្និដ្ឋាន​ ​ថា​ កិច្ច​ប្រជុំ​លើក​នេះ ពិត​ជា​នឹង​ទទួល​បាន​លទ្ធផល​វិជ្ជមាន អាច​ទម្លាយ​វិបត្តិ​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ចេញ​ពី​ភាព​ទ័លច្រក។

ហេតុ​អ្វី​​ ជា​ត្រូវ​ចរចា​ ហើយ​ចរចា​ទៀត ?!

សម្រាប់​​​អ៊ី​រ៉ង់​ គឺ​ខុស​ពី​មុន !​ តាំង​ពី​ខែ​សីហា​២០១៣​មក អ៊ីរ៉ង់​មាន​ប្រធានាធិបតី​ថ្មី ទន់ភ្លន់​ជាង​មុន ចេះ​និយាយ​ភាសា​ការទូត​ទៀត។ លោកប្រធានាធិបតីអ៊ីរ៉ង់ ហាសាន់​​ រ៉ូហានី ធ្លាប់​ធ្វើ​អន្តរការី​ដឹកនាំ​​ការចរចា​ម្តង កាលពី​ឆ្នាំ​២០០៣ ដែល​កាលណោះ​បាន​សម្រេច​ព្រមព្រៀង​គ្នា​ម្តង​ហើយ តែ​ត្រូវ​ជាប់​គាំង​​ទៅ​វិញ ក្រោយ​ពេល​លោក​មាមូត អាមាឌីនិចាត ឡើង​ជា​ប្រធានាធិបតី នៅ​ឆ្នាំ​២០០៥។ នេះ​ម្យ៉ាង​ ហើយ​ម្យ៉ាង​ទៀត បើ​និយាយ​អំពី​វិស័យ​សេដ្ឋកិច្ច​វិញ អ៊ីរ៉ង់​ធ្លាក់​ដុន​ដាប​ខ្លាំង​ណាស់ ព្រោះ​ជាប់​ទណ្ឌកម្ម​​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។ ជោគ​វាសនា​ប្រទេស​អាច​នឹង​រង​គ្រោះ​ប្រសិន​បើ​ស្ថានភាព​សេដ្ឋកិច្ច​ផ្ទៃ​ក្នុង​​អាក្រក់​ទៅ​អាក្រក់​ទៅ​ដូច្នេះ។ សូម្បី​តែ​អគ្គមគ្គុទេសក៍​ ខាមេណី​ ដ៏​មាន​អំណាច​បំផុត​នៅ​អ៊ីរ៉ង់ ក៏​បាន​គាំទ្រ​ឱ្យ​មានកិច្ច​ចរចា​នុយក្លេអ៊ែរនេះ ដើម្បី​ឱ្យ​បស្ចឹម​លោក​លើក​ទណ្ឌកម្ម​ចេញ ទាំង​ស្រុង​ ឬ​មួយ​ភាគ។ នៅ​អ៊ីរ៉ង់ ក្រុម​ដែល​ទម្ងន់​ខ្លាំង​ក្នុង​ការ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល គឺ​ក្រុម​ឆ្មាំ​បដិវត្ត​ដែល ​មាន​ទាំង​អំណាច​យោធា​ និង​អំណាច​សេដ្ឋកិច្ច និង​ការពារ​យ៉ាង​ងុបងុល​កម្មវិធី​នុយក្លេអ៊ែរ ក្រុមនេះ​រស់​និង​រីក​រាយ​នឹង​ធ្វើ​សង្គ្រាម​ជាមួយ​បស្ចឹម​លោក​ ដូច្នេះ​ប្រសិន​បើ​រដ្ឋាភិបាល​លោក រ៉ូហានី ដែល​ជា​អ្នក​មិន​ប្រកាន់​តឹង មិន​អាច​រក​លទ្ធផល​អ្វី​ជូន​ជាតិ​នៅ​ពេល​នេះ​ទេ នោះ​ប្រាកដ​ពួក​ប្រកាន់​ជ្រុល​ មាន​ប្រៀប​ឡើង​វិញ​ហើយ។

សម្រាប់​ក្រុម​បស្ចឹម​លោកវិញ ក៏​ត្រូវ​ការ​ចរចា​នុយក្លេអ៊ែរ​នេះ​ដែរ ព្រោះ​មិន​ចង់​​ឱ្យមាន​ការ​រីកសាយភាយ​នុយក្លេអ៊ែរ ស្រប​តាម​សន្ធិសញ្ញា​អន្តរជាតិ ផង និង​មិន​ចង់​ឱ្យ​​អ៊ីរ៉ង់​សម្រេច​ផលិត​គ្រប់បែក​បរមាណូ​បាន។ បើ​អ៊ីរ៉ង់​ធ្វើ​បាន​នោះ​នឹង​ នាំ​ចិត្ត​ឱ្យ​ក្រុម​ប្រទេស​ជិត​ខាង​ចង់​មាន​អាវុធ​​ប្រល័យ​លោក​ដែរ។ ចំណុច​សំខាន់​មួយ​ទៀត គឺ​ប្រសិន​បើ​ការ​ចរចា​ពិត​ជា​សម្រេច​បាន​ដល់​កិច្ច​ព្រមព្រៀងមែន មាន​ន័យ​ស្មើ​នឹង​ អាមេរិក ខិត​ជិត​​អ៊ីរ៉ង់​ លែង​ជា​សត្រូវ​ស៊ី​សាច់​ហុត​ឈាម​គ្នា​ពេក ឯ​តំបន់​ដើម​បូព៌ា​ក៏​នឹង​ភាព​ធូរ​ស្រាល​ដែរ។

►សូម​អាន​ ៖ ស្វែង​យល់​ពី​វិបត្តិ​​នុយក្លេអ៊ែរ​អ៊ីរ៉ង់

អ៊ីស្រាអែល​បដិសេធ​កិច្ចព្រមព្រៀង​ទាំង​មិន​ទាន់​ចេញ​ជា​រូបរាង

អ៊ីស្រាអែល​បដិសេធ​មិន​ចង់​ឃើញ​​កិច្ចព្រមព្រៀង​​រវាង​បស្ចឹម​លោក និង​អ៊ីរ៉ង់ ក៏​ព្រោះ​តែ​ដឹងថា អ៊ីរ៉ង់​ចរចា​ចង់​បាន​ការ​បន្ធូរ​បន្ថយ​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុប៉ុណ្ណោះ គ្មាន​ទេ​ចេតនា​ពិត បញ្ឈប់​ការ​​​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​។ សហរដ្ឋ​អាមេរិក ​ យល់​អំពី​ចំណុច​ព្រួយ​បារម្ភ​របស់​អ៊ីស្រាអែល ជា​សម្ព័ន្ធ​មិត្ត ច្បាស់​ណាស់។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​លោកប្រមុខ​ការទូត ចន ឃែរី មុន​នឹង​​ធ្វើ​ដំណើរ​ទៅ​ហ្សឺណែវ បាន​ឆ្លៀត​ចុះ​ជួប​ប្រមុខ​ដឹកនាំ​អ៊ីស្រាអែល នៅ​ព្រឹក​មិញ​ម្តង​ទៀត ទោះ​បី​ទើប​ជួប​គ្នា​កាលពី​ថ្ងៃ​ពុធ​ម្សិល​ម្ង៉ៃ​ក៏​ដោយ ដើម្បី លួង​លោម​​រំងាប់​កំហឹងអ៊ីស្រាអែល។ សម្រាប់​ លោក ប្រធានាធិបតី​​ បារ៉ាក់​អូបាម៉ា ការ​ធ្វើ​សម្បទា​ គឺ​ជា​ការ​ចាំ​បាច់​ក្នុង​ដំណាក់​កាល​ចរចា​នេះ តែអាមេរិក​ព្រម​​បន្ធូរ​បន្ថយ​ទណ្ឌកម្មស្រាលៗ​ និង​អាចបក​មក​ដាក់​ប្រឆាំង​នឹង​​អ៊ីរ៉ង់​វិញ​បាន​គ្រប់វេលា​។

ប៉ុន្តែ​ កំហឹង​របស់​អ៊ីស្រាអែល ពិសេស​របស់​លោក​នាយករដ្ឋមន្ត្រី នេតាន់យាហ៊ូ គ្មាន​អ្វី​គួរ​ឱ្យ​ព្រួយ​បារម្ភ​ខ្លាំង​ទេ ព្រោះ​ សូម្បី​តែ​ក្នុង​រង្វង់​ថា្នក់ដឹកនំា​អ៊ីស្រាអែល​គ្នា​ឯង​ក៏​មិន​បាន​ឯកភាព​ លើ​យុទ្ធសាស្រ្ត​វាយបក​របស់​រដ្ឋាភិបាល​ រាប់​ទាំង​លោក​ប្រធានាធិបតី​ស៊ីមន ប៉េរ៉េ​ស ផង។ រីឯ​ប្រធាន​គណបក្សប្រឆំាង​វិញ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​លោក​នេតានយ៉ាហ៊ូ ​ ​រក្សា​​ផលប្រយោជន៍​អ៊ីស្រាអែល និង​អាមេរិក​ កុំ​ឱ្យ​មាន​លក្ខណៈ​ផ្ទុយ​គ្នា​ឲ្យ​សោះ៕

►សូម​អាន ៖ អ៊ីស្រាអែល​កំពុង​បារម្ភ​ពី​យុទ្ធសាស្ត្រ​អ៊ីរ៉ង់​ចំពោះ​សហគមន៍​អន្តរជាតិ

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ