អានតួអត្ថបទ
កូតឌីវ័រ

កូតឌីវ័រ៖ វិបត្តិ​ក្រោយ​ការ​បោះឆ្នោត​ប្រធានាធិបតី

មេដឹកនាំ​ប្រឆាំង គឺ​លោក អាឡាសាន វាត់តារ៉ា (Alassane Ouattara) ទទួល​បាន​សំឡេង ៥៤,១%។ ចំណែក​លោក​ឡូរ៉ង់ បាក់បូ (Laurent Gbagbo) ប្រធានាធិបតី​ផុតអាណត្តិ​ទទួលបាន ៤៥,៩%។ នេះ​គឺ​ជាលទ្ធផល​ប្រកាស​ដោយ​គណៈកម្មាធិការ​បោះឆ្នោត​ឯករាជ្យ (CEI) កាល​ពីថ្ងៃ​ព្រហស្បតិ៍ ២ ធ្នូ ២០១០។ ក៏ប៉ុន្តែ ក្រុមប្រឹក្សា​ធម្មនុញ្ញ​បាន​ប្រកាស​ច្រានចោល​លទ្ធផលនេះ​វិញ។ តាមរូបភាព​ខាងក្រៅ វា​គឺ​ជា​បញ្ហាច្បាប់ ក៏ប៉ុន្តែ តាមភាព​ពិត​ជាក់ស្តែង នេះ​គឺ​ជា​សមរភូមិ​នយោបាយ។

លោក​អាឡាសាន វាត់តារ៉ា (Alassane Ouattara) ដែល​គណៈកម្មាធិការបោះឆ្នោត​ប្រកាស​ឲ្យ​ឈ្នះ
លោក​អាឡាសាន វាត់តារ៉ា (Alassane Ouattara) ដែល​គណៈកម្មាធិការបោះឆ្នោត​ប្រកាស​ឲ្យ​ឈ្នះ ©AFP
ផ្សាយពាណិជ្ជកម្ម

05:44

ការពន្យល់​របស់​សេង ឌីណា

លទ្ធផល​ប្រកាស​ដោយ​គណៈកម្មាធិការ​បោះឆ្នោត​ឯករាជ្យ មិនមាន​សុពលភាព​នោះទេ ពីព្រោះ គណៈកម្មាធិការ​បាន​ខកខាន​មិន​ប្រកាស​លទ្ធផល​តាម​រយៈពេល​កំណត់​ដោយ​ច្បាប់។ នេះ​គឺ​ជា​ហេតុ​ផល ដែល​បាន​លើក​ឡើង​ដោយ​ក្រុមប្រឹក្សា​ធម្មនុញ្ញ។

ក្រុម​អ្នកច្បាប់ និង​គណបក្ស​ប្រឆាំង​បាន​អះអាង​ថា ថ្វីដ្បិត​តែ​ច្បាប់​បាន​​កំណត់​ឲ្យ​ប្រកាស​លទ្ធផល​បោះឆ្នោត ៣ថ្ងៃ ក្រោយ​ការ​បោះឆ្នោត ក៏ប៉ុន្តែ វាមិនមែន​ជា​រយៈពេល​កំណត់ ដែល​ត្រូវ​តែ​គោរពតាម​ដោយ​ខានមិនបាន​នោះទេ។ ការ​​ប្រកាស​លទ្ធផល​​ក្រោយ​រយៈកាល​កំណត់នេះ មិន​បណ្តាល​ឲ្យ​លទ្ធផល​បោះឆ្នោត​បាត់បង់​សុពលភាព​នោះទេ។

ទោះជា​យ៉ាងណា ទាំងនេះ​គ្រាន់តែ​ជា​ទឡ្ហីករណ៍​ផ្នែក​ច្បាប់​ប៉ុណ្ណោះ។ ក៏ប៉ុន្តែ តាមការពិត​ជាក់ស្តែង​ សមរភូមិ​នៅពេលនេះ គឺ​ជា​សមរភូមិនយោបាយ​​ច្រើន​ជាង​ច្បាប់។

គណៈកម្មាធិការ​បោះឆ្នោត​ឯករាជ្យ​មានសមាជិក​មក​ពី​គ្រប់​និន្នាការ​នយោបាយ។ ចំណែក​ក្រុមប្រឹក្សា​ធម្មនុញ្ញវិញ គឺ​ដឹកនាំ​ដោយ​មនុស្ស​ស្និទ្ធ​នឹង​លោក​ឡូរ៉ង់ បាក់បូ។ គណៈកម្មាធិការ​បោះឆ្នោត​បាន​អះអាង​ថា គេ​គ្រោង​ប្រកាស​លទ្ធផល​បោះឆ្នោត តាំង​ពី​ថ្ងៃ​អង្គារ​ម៉្លេះ ពោល​គឺ ២ថ្ងៃ​ក្រោយ​ការ​បោះឆ្នោត ក៏ប៉ុន្តែ មិនអាច​ធ្វើ​ទៅបាន ដោយ​មាន​ការ​រារាំង​ពី​សំណាក់​ក្រុម​អ្នកគាំទ្រ​លោក​ឡូរ៉ង់ បាក់បូ។ គណបក្ស​របស់​លោក​ឡូរ៉ង់ បាក់បូ បាន​ទាមទារ​ឲ្យ​លុប​លទ្ធផល​បោះឆ្នោត​នេះ​ចោល។

ក៏ប៉ុន្តែ តំណាង​អង្គការ​សហប្រជាជាតិ​ប្រចាំ​កូតឌីវ័រ​បាន​ទទួលស្គាល់ថា ការបោះឆ្នោត​នៅ​កូតឌីវ័រ​បានប្រព្រឹត្ត​ទៅ​ដោយសេរី និង​យុត្តិធម៌​ ដែល​គួរ​ទទួល​យកបាន។ បារាំង និង​អាមេរិក​ក៏​បាន​​ទទួលស្គាល់បែបនេះ​ដែរ។ អ្នកនាំពាក្យ​សេតវិមាន​ថែម​ទាំង​បាន​ថ្លែង​អបអរ​សាទរ​​ជ័យជំនះ​របស់​​ លោកអាឡាសាន ​វាត់តារ៉ា ទៀតផង។

នៅថ្ងៃ​សុក្រនេះ កងទ័ព​កូតឌីវ័រ​បាន​ប្រកាស​បិទព្រំដែនទាំងអស់ ទាំងផ្លូវគោក ផ្លូវទឹក និង​ផ្លូវអាកាស។ បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​អន្តរជាតិ​ក៏​ត្រូវ​បាន​បិទ​ផងដែរ។ បម្រាម​គោចរណ៍​ស្ថិត​នៅ​ជាធរមាន​តាំង​ពីថ្ងៃ​អាទិត្យ។ សហគមន៍​អន្តរជាតិ​កំពុង​បារម្ភ​អំពើ​ហិង្សា​ផ្ទុះ​ឡើង​រវាង​អ្នកគាំទ្រ​ បេក្ខជន​ប្រធានាធិបតី​ទាំងពីរ ហើយ​កូតឌីវ័រ​អាច​នឹង​ធ្លាក់​ចូល​ក្នុង​សង្រ្គាម​ស៊ីវិល​ជា​ថ្មីម្តងទៀត។

កាលពីថ្ងៃ​ព្រហស្បតិ៍ ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​បាន​ព្រមាន​ថា​នឹង​ “ចាត់វិធានការ​សមស្រប” (មានន័យថា ដាក់ទណ្ឌកម្ម) ចំពោះ​អ្នកណា​ដែល​រារាំង​ដំណើរការ​បោះឆ្នោត​នៅពេលនេះ។

គួរ​បញ្ជាក់ថា នៅ​ពេលនេះ អ.ស.ប.​មាន​កងរក្សា​សន្តិសុខ​មួកខៀវ​ចំនួន ៩០០០​នាក់ ប្រចាំ​នៅ​ក្នុង​ប្រទេស​កូតឌីវ័រ។ បារាំង​ក៏​មាន​ទាហាន​ចំនួន ៩០០​នាក់​កំពុង​ឈរជើង​នៅ​ទីនោះ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ