អានតួអត្ថបទ
ជប៉ុន

ជប៉ុន​កំពុង​ពិចារណា​ចង់​ផ្លាស់ប្តូរ​ជំហរ​ពី​ការ​សុំទោស​រឿង​ទាសករ​ផ្លូវភេទ​សម័យ​សង្រ្គាម

រដ្ឋាភិបាល​ជប៉ុន​កំពុង​ធ្វើការ​ពិចារណា ក្នុងការ​ផ្លាស់ប្តូរ​ជំហរ​ អំពី​ការ​សុំទោស​រឿង​ទាសករ​ផ្លូវភេទ ក្នុង​សម័យ​សង្រ្គាម។ នេះ​បើ​យោងតាម​ការ​អះអាង​របស់​មន្រ្តី​រដ្ឋាភិបាល​ជាន់ខ្ពស់​ជប៉ុន នៅថ្ងៃ​ចន្ទ។ នេះ​អាច​ជា​ជំហាន​មួយថ្មីទៀត នៃ​នយោបាយ​ជាតិនិយម​របស់​លោក​ស្ហ៊ីនហ្សូ អាបេ ហើយ​ដែល​អាច​នឹង​ធ្វើ​ឲ្យ​ទំនាក់ទំនង​ រវាង​ជប៉ុន និង​ប្រទេស​ជាតិខាង កាន់តែ​ធ្លាក់​ក្នុង​សភាពតានតឹង​ខ្លាំងឡើង​ថែមទៀត។

លោក​ស្ហ៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តី​ជប៉ុន ទៅ​គោរពវិញ្ញានក្ខន្ធ​នៅ​វិហារ​យ៉ាស៊ូគូនី កាលពីថ្ងៃទី២៦ធ្នូ ២០១៣ (រូបថតឯកសារ)
លោក​ស្ហ៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តី​ជប៉ុន ទៅ​គោរពវិញ្ញានក្ខន្ធ​នៅ​វិហារ​យ៉ាស៊ូគូនី កាលពីថ្ងៃទី២៦ធ្នូ ២០១៣ (រូបថតឯកសារ) REUTERS/Toru Hanai
ផ្សាយពាណិជ្ជកម្ម

 

ទាសករផ្លូវភេទ គឺ​ជា​បញ្ហា​ដ៏ចម្រូងចម្រាស​មួយ រវាង​ជប៉ុន និង​ប្រទេស​ជិតខាង ជាពិសេស កូរ៉េ​ខាង​ត្បូង។ អ្នកប្រវត្តិសាស្រ្ត​សំខាន់ៗ​ជាច្រើន​យល់ថា នៅ​ក្នុង​សម័យសង្រ្គាមលោក មាន​ស្រ្តី​ប្រមាណ​ជា ២០ម៉ឺននាក់ ភាគច្រើន​មក​ពី​កូរ៉េ ក៏ប៉ុន្តែ ក៏​មាន​ផងដែរ​មក​ពី​ចិន ឥណ្ឌូណេស៊ី ហ្វីលីពីន និង​តៃវ៉ាន់ ត្រូវ​បាន​ជប៉ុន​ចាប់បង្ខំ​ឲ្យ​ធ្វើ​ជា​ទាសករ​បម្រើ​ផ្លូវភេទ​ដល់​ទាហាន​។

កាលពី​ឆ្នាំ​១៩៩៣ រដ្ឋាភិបាល​ជប៉ុន​ធ្លាប់​បាន​ចេញ​ថ្លែងការណ៍​មួយ​ទទួលស្គាល់​ថា រដ្ឋាភិបាល​ជប៉ុន​ពិតជា​បាន​ពាក់ព័ន្ធ​ក្នុង​រឿង​ទាសករ​ផ្លូវភេទ​នេះ​មែន ហើយ​ព្រម​​ទាំង​បាន​ថ្លែង​សុំទោស​ជា​ផ្លូវការ​ដល់​ជនរងគ្រោះ​ផងដែរ។

ក៏ប៉ុន្តែ នៅថ្ងៃ​ចន្ទ​នេះ លោក​យ៉ូស្ហ៊ីហ៊ីដេ ស៊ូហ្កា (Yushihide Suga) រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្រ្តី​ជប៉ុន​ បាន​ឲ្យដឹង​ថា ជប៉ុន​កំពុងតែ​សើរើ​មើល​​សំណុំរឿង​នេះ​ឡើងវិញ ដើម្បី​​សម្រេច​ថា​ តើ​គួរ​ធ្វើការ​កែប្រែ​ការ​សុំទោស កាលពីពេល​កន្លងមក​ដែរ​ឬទេ?

គួរបញ្ជាក់ថា អ្នកនយោបាយ​អភិរក្ស​និយម​ជប៉ុន តែងតែ​ប្រកាន់​នូវ​ជំហរ​ថា ស្រ្តី​បម្រើ​ផ្លូវភេទ​ដល់​ទាហាន​ជប៉ុន ក្នុង​សម័យ​សង្រ្គាម គឺ​សុទ្ធសឹង​ជា​ស្រ្តី​រកស៊ី​ផ្លូវភេទ​ធម្មតា ហើយ​ថា ទាំង​រដ្ឋាភិបាល​ និង​ទាំង​មន្រ្តី​កងទ័ព​ជប៉ុន មិនមាន​ជាប់ពាក់ព័ន្ធ​នឹង​ការ​ចាប់បង្ខំ​ស្រ្តី​ឲ្យ​ធ្វើ​ជា​ទាសករ​ផ្លូវភេទ​នោះទេ។ ការ​បដិសេធ​របស់​អ្នក​នយោបាយ​អភិរក្ស​និយម​ជប៉ុន​នេះ​ហើយ ដែល​ជា​ផ្នែក​មួយ ធ្វើ​ឲ្យ​ប្រជាជន​ និង​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​យល់ថា ការសុំទោស​របស់​ជប៉ុន​​កន្លងមក​មិន​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សុទ្ធចិត្ត។

មន្រ្តី​ជាន់ខ្ពស់​រដ្ឋាភិបាល​ជប៉ុន​វិញ អះអាង​ថា គេ​មិន​ឃើញ​មាន​ភស្តុតាង​អ្វី​ពិតប្រាកដ ដែល​អាច​បញ្ជាក់​ពី​ការ​ជាប់ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​ជប៉ុន ក្នុងរឿង​ទាសករ​ផ្លូវភេទ​នេះ​ទេ។ ក៏ប៉ុន្តែ បើទោះជា​យ៉ាងនេះ​ក៏ដោយ​ រដ្ឋាភិបាល​ជប៉ុន​បាន​សុខចិត្ត​សុំទោស​ជាផ្លូវការ​ ចំពោះ​រឿងនេះ ក្នុងគោលដៅ​ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​កូរ៉េ​ខាង​ត្បូង​ឡើងវិញ។ ក៏ប៉ុន្តែ ដោយ​មើល​ឃើញ​ថា កូរ៉េ​ខាង​ត្បូង​មិន​ឲ្យ​តម្លៃ​ដល់​សុឆន្ទៈ​របស់​ជប៉ុន ដូច្នេះ ជប៉ុន​ត្រូវ​តែ​ធ្វើ​ការ​សើរើ​ អំពី​ជំហរ​របស់​ខ្លួនឡើងវិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ