អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ជប៉ុន​ចេញផ្សាយ​សៀវភៅ ស ដែល​រិះគន់​ឥរិយាបថ​ចិន

ចុះផ្សាយ​នៅ​ថ្ងៃ៖

សៀវភៅ ស ដែល​ជា​ឯកសារ​កំណត់​អំពី​នយោបាយ​ការពារជាតិ ត្រូវ​បាន​រដ្ឋាភិបាល​ជប៉ុន​អនុម័ត និង​ចេញផ្សាយ កាល​ពីថ្ងៃ​អង្គារ ម្សិលមិញ ដោយ​ក្នុងនោះ ជប៉ុន​បាន​រិះគន់​​ធ្ងន់​​ចំពោះ​សកម្មភាព​យោធា​របស់​ចិន ជាពិសេស នៅ​ក្នុង​តំបន់​ដែន​សមុទ្រ​ជាប់ជម្លោះ។ សកម្មភាព​ដែល​ជប៉ុន​បារម្ភ​ថា​អាច​នឹង​បង្ក​ឲ្យ​មាន​ការប៉ះទង្គិចគ្នា​​នៅថ្ងៃ​ណាមួយ។

នាវាល្បាត​​ដែល​ចិន​បញ្ជូន​ទៅ​ប្រជុំកោះ​សេនកាគូ ឬទៀវយូ ដែល​ជាប់ជម្លោះ​ជាមួយ​ជប៉ុន
នាវាល្បាត​​ដែល​ចិន​បញ្ជូន​ទៅ​ប្រជុំកោះ​សេនកាគូ ឬទៀវយូ ដែល​ជាប់ជម្លោះ​ជាមួយ​ជប៉ុន REUTERS/Kyodo
ផ្សាយពាណិជ្ជកម្ម

 

សៀវភៅ ស ប្រចាំឆ្នាំ ដែល​រដ្ឋាភិបាល​ជប៉ុន​ចេញផ្សាយ កាលពីថ្ងៃ​អង្គារ​នេះ គឺ​ជា​​ឯកសារ​កំណត់​ពី​នយោបាយ​ការពារជាតិ​ជប៉ុន​ទីមួយ ចាប់តាំង​ពី​លោក​ស្ហ៊ីនហ្សូ អាបេ និង​គណបក្ស​អភិរក្ស​និយម​របស់​លោក​បាន​ឡើ​ងកាន់​អំណាច នៅ​ជប៉ុន។

ឯកសារ​កម្រាស់ ៤៥០ទំព័រ​នេះ បាន​លើកឡើង​ចំឈ្មោះ អំពី​សកម្មភាព​របស់​ចិន ដែល​ជប៉ុន​ហៅ​ថា​ជា “ការ​រំលោភ​ចូល​ទៅក្នុង​ដែនទឹក និង​ដែន​អាកាស​របស់​ជប៉ុន” និង​ថា “ជា​សកម្មភាព​ប្រកប​ដោយ​គ្រោះថ្នាក់ ដែល​អាច​បង្ក​ជាហេតុការណ៍​ដែល​មិនបាន​ព្រាងទុក”។

ជប៉ុន​បាន​ធ្វើការ​សង្កត់​ធ្ងន់ទៅលើ​ហេតុការណ៍ ដែល​បាន​កើតឡើង កាល​ពី​ចុងខែ​មករា​កន្លងទៅ ដែល​នាវាចម្បាំង​របស់​ចិន​បាន​ប្រើ​រ៉ាដា​កំណត់​គោលដៅ​បាញ់​ ​ចាប់នាវាចម្បាំង​របស់​ជប៉ុន នៅ​ក្នុង​ដែនទឹក​ក្បែរ​ប្រជុំកោះ​ជាប់ជម្លោះ។ ជា​សកម្មភាព ដែល​គេ​ធ្វើឡើង ដើម្បី​ត្រៀម​បាញ់​ប្រហារ​ទៅលើ​គូសត្រូវ។

ហេតុការណ៍​ដែល​អះអាង​ដោយ​រដ្ឋាភិបាល​ជប៉ុន​នេះ ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​ក្រុងប៉េកាំង​បដិសេធ​រួចមកហើយ​ថា ជា​ការ​អះអាង​មិនពិត។ ចំពោះ​ការចេញផ្សាយ​សៀវភៅ ស កាលពីថ្ងៃ​អង្គារ​នេះ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​ក៏​បាន​ច្រានចោល​ផងដែរ នូវ​ការ​ថ្លែង​រិះគន់​របស់​ជប៉ុន​មក​លើ​ចិន។

គួររំឭកឡើងវិញ​ថា ជម្លោះ​រវាង​ចិន និង​ជប៉ុន ក្នុងការ​ដណ្តើម​ប្រជុំកោះ​សេនកាគូ ឬ​ទៀវយូ បាន​កើនឡើង​ខ្លាំង ចាប់តាំង​ពី​ខែ​កញ្ញា ឆ្នាំ​២០១២​មក ក្រោយ​ពី​រដ្ឋាភិបាល​ក្រុង​តូក្យូ​បាន​ប្រមូល​ទិញ​ដី​ទាំងអស់ នៅ​ក្នុង​ប្រជុំកោះ​នេះ ពី​ឯកជន យក​មក​ធ្វើ​ជា​សម្បត្តិ​របស់​រដ្ឋ។ ចាប់ពីពេលនោះមក ចិន និង​ជប៉ុន​ តែងតែ​ប្រឈមមុខ​គ្នា​ជារឿយៗ នៅ​ក្នុង​ដែនទឹក​ក្បែរ​ប្រជុំកោះ​ជាប់ជម្លោះនេះ។

នៅ​ក្នុង​សភាពតានតឹង​នេះ ជប៉ុន​បាន​បង្កើន​សកម្មភាព​ល្បាត​ដែន​សមុទ្រ នៅ​ក្នុង​តំបន់​ជាប់ជម្លោះ ហើយ​នៅ​ក្រោយ​ពេល​ដែល​លោក​ស្ហ៊ីនហ្សូ អាបេ ឡើងកាន់​តំណែង រដ្ឋាភិបាល​ក្រុង​តូក្យូ​​បាន​សម្រេច​បង្កើន​ថវិកា​ការពារជាតិរបស់​ខ្លួន ដែល​ជា​រឿងមិនធ្លាប់​មាន ក្នុងរយៈពេល ១១ឆ្នាំ​កន្លងទៅនេះ។

ជប៉ុន​គ្រោង​បង្កើត​អង្គភាព​ពិសេស​មួយ ដែលមាន​ទាហាន ៦០០នាក់ និង​នាវា ១២គ្រឿង ដើម្បី​ការពារប្រជុំកោះ​សេនកាគូ ហើយ​បើ​យោងតាម​កាសែត​ក្នុងស្រុកជប៉ុន រដ្ឋាភិបាល​ក្រុង​តូក្យូ​​មាន​គម្រោង​បង្ហោះ​ផ្កាយរណប​ចំនួន ៩គ្រឿង ក្នុងរយៈពេល ៥ឆ្នាំ​ខាងមុខ ដើម្បី​​ទុក​ឃ្លាំមើល​ដែន​សមុទ្រ។

ប្រឈមមុខ​នឹង​អំណាច​យោធា​ចិន ដែល​ចេះតែ​កើនឡើង​ឥតឈប់ឈរ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ គេសង្កេតឃើញ​​ថា ជប៉ុន​ក៏​បាន​ខិតខំ​ព្យាយាម​ផងដែរ ក្នុងការ​ពង្រឹង​សម្ព័ន្ធភាព​ជាមួយ​សហរដ្ឋ​អាមេរិក ដែល​បច្ចុប្បន្ន​មាន​កងទ័ព​ចំនួន​ជិត ៥ម៉ឺននាក់ កំពុង​ឈរជើង​នៅ​ក្នុង​ទឹកដី​ជប៉ុន ជាពិសេស នៅ​ក្នុង​ខេត្ត​អូគីណាវ៉ា។ សមយុទ្ធ​រួម​គ្នា រវាង​កងទ័ព​ជប៉ុន និង​កងទ័ព​អាមេរិក​ត្រូវ​បាន​រៀបចំ​ធ្វើ​ជារឿយៗ ក្នុងនោះ រួមមាន​ការ​ហាត់សម អំពី​សេណារីយ៉ូ វាយ​ដណ្តើម​យក​មកវិញ នូវ​ប្រជុំកោះ​ដែល​នៅ​ឆ្ងាយៗ​ពី​ឆ្នេរ ហើយ​ដែល​ត្រូវ​បាន​​គូសត្រូវ​ចូល​កាន់កាប់។

បន្ថែម​ពី​ការពង្រឹង​សម្ព័ន្ធភាព​ជាមួយ​សហរដ្ឋ​អាមេរិក ជប៉ុន​ក៏​កំពុង​តែ​ស្វះស្វែង​ផងដែរ ក្នុងការ​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​នឹង​បណ្តា​ប្រទេស នៅ​ក្នុង​តំបន់​អាស៊ាន ជាពិសេស ប្រទេសដែល​មាន​ជាប់ជម្លោះ​ជាមួយចិន នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

ក៏ប៉ុន្តែ ចិនវិញ​ក៏​មិន​បាន​ឈរឱបដៃ​នៅ​ស្ងៀម​នោះដែរ។ ចិន​ដែល​កំពុង​មាន​ឥទ្ធិពល​ខ្លាំង​ស្រាប់ នៅ​ក្នុង​តំបន់​អាស៊ាន កំពុង​តែ​ព្យាយាម​បន្ថែម​ឥទ្ធិពល​របស់​ខ្លួន​បន្ថែម​ទៀត ជាពិសេស ព្យាយាម​ជារឿយៗ​បំបែក​ប្រទេស​សមាជិក​អាស៊ាន កុំ​ឲ្យ​រួមដៃគ្នា មកតទល់​ជាមួយ​ចិន ក្នុង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ លើសពីនេះ​ទៅទៀត នៅពេល​ដែល​ជប៉ុន​បើក​ធ្វើ​សមយុទ្ធ​ទ័ពជើងទឹក​ជា​ញឹកញាប់​​​ជាមួយ​អាមេរិក ចិន​ក៏​បាន​ធ្វើ​សមយុទ្ធ​ទ័ព​ជើងទឹក​រួមគ្នា​ជាមួយ​រុស្ស៊ី​ នៅ​ក្នុង​តំបន់​សមុទ្រ​ក្បែរៗ​ប្រទេស​ជប៉ុន​ដែរ។

សមយុទ្ធ​ទ័ព​ជើងទឹក​រួមគ្នា​ក្នុង​ទ្រង់ទ្រាយធំ ដោយ​មាន​​នាវាមុជទឹក និង​នាវាចម្បាំង​ជាច្រើន​គ្រឿង ត្រូវ​បាន​ចិន និង​រុស្ស៊ី បើក​ធ្វើ​រួមគ្នា តាំង​ពីថ្ងៃ​សុក្រ សប្តាហ៍មុន នៅ​ក្នុង​ដែនសមុទ្រ ចន្លោះ​ប្រទេស​ជប៉ុន និង​ឧបទ្វីបកូរ៉េ។ សមយុទ្ធ​ដែល​ត្រូវ​​បើក​ធ្វើ​រយៈពេល​មួយសប្តាហ៍ ពោលគឺ រហូតដល់​ថ្ងៃ​សុក្រ​ ១២​កក្កដា។

គេ​សង្កេតឃើញ​ជារួម​ថា នៅ​ក្នុងពេល​ដែល​ជម្លោះ​ដណ្តើម​កោះ​ជាមួយ​ជប៉ុន​មាន​ការ​កើនឡើង​ខ្លាំង ហើយ​បូករួម​នឹង​​ការ​ផ្លាស់ប្តូរ​នយោបាយ​ការបរទេស​របស់​សហរដ្ឋ​អាមេរិក ដែល​ចង់​បង្កើន​វត្តមានកងទ័ព នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វ៊ិក ចិន​​​កំពុង​តែ​​ព្យាយាម​បែរ​មក​​បង្កើន​ទំនាក់ទំនង​ខាង​ផ្នែក​យោធា​ជាមួយ​នឹង​រុស្ស៊ី ដែល​ជា​អតីត​គូប្រជែង ក្នុង​សម័យ​សង្រ្គាម​ត្រជាក់។ “សត្រូវ​របស់​សត្រូវ​ខ្ញុំ គឺ​ជា​មិត្ត​របស់​ខ្ញុំ” គឺជា​ពាក្យស្លោក​​ដែល​មាន​ឫសគល់​​ក្នុង​ភាសា​ចិន ហើយ​ដែល​ធ្លាប់​ឆ្លុះបញ្ចាំង​​រួចមកហើយ​ ក្នុងការ​អនុវត្ត​ជាក់ស្តែង នៃ​នយោបាយ​ការបរទេស​របស់​ចិន​​កាលពី​អតីតកាល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ