អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ជប៉ុន​ទៅ​ពង្រឹង​សម្ព័ន្ធភាព​ជាមួយ​អាមេរិក ក្នុងពេល​មាន​ជម្លោះ​ជាមួយ​ចិន

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​ស្ហ៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តី​ជប៉ុន ​ត្រូវ​ជួប​ជជែក​ជាមួយលោក​អូបាម៉ា នៅសេតវិមាន​នៅថ្ងៃ​សុក្រនេះ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល ២ថ្ងៃ ទៅកាន់​សហរដ្ឋ​អាមេរិក។ គោលដៅ​សំខាន់​​របស់​លោក​ស្ហ៊ីនហ្សូ អាបេ ក្នុង​​ដំណើរទស្សនកិច្ច​នេះ គឺ​ដើម្បី​បង្ហាញ​ឲ្យ​ចិន​ឃើញ​ពី​សម្ព័ន្ធភាព​ដ៏រឹងមាំ​រវាង​ជប៉ុន និង​អាមេរិក នៅ​ក្នុង​ពេល​ដែល​ជប៉ុន និង​ចិន កំពុង​តែ​មាន​ជម្លោះ​កាន់តែខ្លាំង ជុំវិញ​ប្រជុំកោះ​សេនកាគូ ឬ​ទៀវយូ។

លោក​នាយករដ្ឋមន្រ្តី​ជប៉ុន ស្ហ៊ីនហ្សូ អាបេ (Shinzo Abe) ពេលមក​ដល់​រដ្ឋធានី​វ៉ាស្ហ៊ីងតោន​ កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ២១ កុម្ភៈ ២០១៣
លោក​នាយករដ្ឋមន្រ្តី​ជប៉ុន ស្ហ៊ីនហ្សូ អាបេ (Shinzo Abe) ពេលមក​ដល់​រដ្ឋធានី​វ៉ាស្ហ៊ីងតោន​ កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ២១ កុម្ភៈ ២០១៣ REUTERS/Jason Reed
ផ្សាយពាណិជ្ជកម្ម

លោក​ស្ហ៊ីនហ្សូ អាបេ បាន​ទៅដល់​រដ្ឋធានី​វ៉ាស្ហ៊ីងតោន កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ហើយ​ត្រូវ​ជួប​ជាមួយ​លោក​អូបាម៉ា នៅ​សេតវិមាន នៅថ្ងៃ​សុក្រ​នេះ។

សម្រាប់​លោក​អូបាម៉ា លោក​ស្ហ៊ីនហ្សូ អាបេ គឺ​ជា​នាយករដ្ឋមន្រ្តី​ជប៉ុន​ទី៥ហើយ ដែល​លោក​បាន​ជួប។ ក៏ប៉ុន្តែ ខុស​ពី​នាយករដ្ឋមន្រ្តី​ជប៉ុន​មុនៗ ដែល​លោក​អូបាម៉ា​បាន​ជួប លោកស្ហ៊ីនហ្សូ អាបេ បាន​បង្ហាញ​នូវ​ជំហរ​ច្បាស់ៗ តាំង​ពី​ពេល​បោះឆ្នោត​ថា នៅ​ក្នុង​នយោបាយ​ការបរទេស​ លោក​នឹង​ផ្តល់​អាទិភាព​ខ្ពស់​បំផុត​​ចំពោះ​សម្ព័ន្ធភាព​ រវាង​ជប៉ុន និង​អាមេរិក។ ទំនាក់ទំនង​ដែល​មាន​ការ​រង្គោះរង្គើ​ខ្លាំង នៅ​ក្នុង​ពេល​ដែល​គណបក្ស​ឆ្វេងនិយម គឺ​គណបក្ស​ប្រជាធិបតេយ្យ​​ជប៉ុន នៅកាន់​អំណាច ដោយសារ​តែ​នៅពេលនោះ រដ្ឋាភិបាល​ជប៉ុន​បាន​ជំរុញ​ឲ្យ​អាមេរិក​ដកទ័ព​ចេញ​ពី​អូគីណាវ៉ា។

នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត The Washington Post នៅ​មុនពេល​ធ្វើ​ដំណើរ​ទៅដល់​សហរដ្ឋ​អាមេរិក លោក​ស្ហ៊ីនហ្សូ អាបេ បាន​លើកឡើង​ថា ការ​ពង្រឹង​សម្ព័ន្ធភាព​ជាមួយ​អាមេរិក រួមជាមួយ​នឹង​វត្តមាន​កងទ័ព​អាមេរិក​ប្រមាណ​ជា ជិត ៥ម៉ឺននាក់ នៅ​លើ​ទឹកដី​ជប៉ុន​ អាច​ជា​សារ​ដ៏​សំខាន់មួយទៅកាន់​ចិន នៅ​ក្នុង​ពេល​ដែល​ជប៉ុន និង​ចិន កំពុង​មាន​វិវាទ​កាន់តែ​ខ្លាំងឡើង ជុំវិញ​ប្រជុំកោះ ដែល​ជប៉ុន​ហៅ​ថា សេនកាគូ ហើយ​ដែល​ចិន​ហៅ​ថា ទៀវយូ។

នៅ​ក្នុង​បទសម្ភាសន៍​នេះ លោក​ស្ហ៊ីនហ្សូ អាបេ ក៏​បាន​ចោទប្រកាន់​ចិន​ផងដែរ​ថា កំពុង​តែ​យក​ជម្លោះ​ដែនទឹក​ជាមួយ​នឹង​ប្រទេស​ជិតខាង ដើម្បី​កេងយក​ចំណេញ​ផ្នែក​នយោបាយ​ក្នុង​ស្រុក ពោលគឺ ចិន​បង្កើន​ភាព​តានតឹង​ជាមួយ​ប្រទេស​ជិតខាង រួមមាន​ជប៉ុន​ជាដើម ដើម្បី​ទាក់ទាញ​ការ​គាំទ្រ​ពី​ក្រុម​អ្នក​ជាតិ​និយម​ចិន។ ការ​ចោទប្រកាន់ ដែល​ធ្វើ​ឲ្យ​ចិន​ផ្ទុះកំហឹង ហើយ​ទាមទារ​ឲ្យមាន​ការ​បកស្រាយ​បំភ្លឺ ពី​លោក​ស្ហ៊ីនហ្សូ អាបេ។

គួរបញ្ជាក់​ផងដែរ​ថា ជំនួប​រវាង​លោក​ស្ហ៊ីនហ្សូ អាបេ និង​លោក​អូបាម៉ា នៅថ្ងៃ​សុក្រ​នេះ ធ្វើឡើង​ប្រមាណ​ជា​មួយខែ ក្រោយ​ពី​លោកស្រី ហ៊ីឡារី គ្លីនតុន ដែល​ពេលនោះ​ជា​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​បាន​ព្រមាន​ចិន​ដោយ​ពាក្យ​សម្តីធ្ងន់ៗ ជុំវិញ​រឿង​ប្រជុំកោះ​សេនកាគូ។ ការព្រមានធ្ងន់ៗ ដែល​ត្រូវ​ចិន​វាយបក​ត្រឡប់​មកវិញ​ធ្ងន់ៗ​ដែរ នៅពេលនោះ។

កាល​ពីថ្ងៃ​ព្រហស្បតិ៍​​ម្សិលមិញនេះ ទីប្រឹក្សា​របស់​លោក​អូបាម៉ា ដែល​ទទួល​បន្ទុក​កិច្ចការ​អាស៊ី បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា លោក​អូបាម៉ា​ចង់ឲ្យ​ចិន និង​ជប៉ុន ស្វែងរក​ដំណោះស្រាយ​តាម​ផ្លូវការទូត ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង ជុំវិញ​ជម្លោះ​ដណ្តើម​ប្រជុំកោះ​នេះ។ ក៏ប៉ុន្តែ ក្នុង​ពេល​ជាមួយ​គ្នា អាមេរិក​ក៏​បាន​ព្រមាន​ចិន​ផងដែរ កុំ​ឲ្យ​​ប្រើ​​កម្លាំងបាយ​ ការ​គំរាមកំហែង​ ឬ​ការ​ចាត់វិធានការ​ជា​ឯកតោភាគី​ណាមួយ​ផ្សេងទៀត ដែល​អាច​ធ្វើ​ឲ្យ​មាន​អស្ថិរភាព នៅ​ក្នុង​តំបន់។

អ្នក​វិភាគ​មួយចំនួន​បាន​លើកឡើង​ថា នៅ​ក្នុង​ជំនួប​ជាមួយ​នឹង​លោក​ស្ហ៊ីនហ្សូ អាបេ នៅ​ពេលនេះ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ជា​សាធារណៈ លោក​អូបាម៉ាទំនង​ជា​នឹង​បង្ហាញ​នូវ​ជំហរ​ច្បាស់ៗ​គាំទ្រ​ជប៉ុន ហើយ​​ក៏​ប្រហែល​ជា​អាច​នឹង​​ថ្លែង​ព្រមាន​ចិន​ដែរ។ ក៏ប៉ុន្តែ នៅ​ក្នុង​ជំនួប​ជា​ឯកជន លោក​អូបាម៉ា ប្រហែល​ជា​នឹង​ជំរុញ​ឲ្យ​លោក​អាបេ មាន​ការ​ប្រយ័ត្នប្រយែង​ខ្លាំង ក្នុង​ជម្លោះ​ជាមួយ​ចិន ដោយ​ធ្វើ​យ៉ាងណា​ចៀសវាង​កុំ​ធ្វើ​ឲ្យ​ភាព​តានតឹង​បច្ចុប្បន្ន​នេះ កើនឡើង​ថែមទៀត។

លោក​អូបាម៉ា​បាន​ដាក់ចេញ​នូវ​នយោបាយ​ការបរទេស​ថ្មី​មួយ ដោយ​ផ្តោត​អាទិភាព​ចម្បង​ទៅលើ​តំបន់​អាស៊ី​ប៉ាស្ហ៊ីហ្វិក ដើម្បី​ប្រជែង​ដណ្តើម​ឥទ្ធិពល​ជាមួយ​ចិន ក៏ប៉ុន្តែ ក្នុង​ពេល​ជាមួយ​គ្នា អាមេរិក​ក៏​មិន​ចង់​មាន​ជម្លោះ​ជាមួយ​នឹង​ចិន​ដែរ ដោយសារ​តែអាមេរិក​ត្រូវ​ការ​ចិន នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ព្រមទាំង​ក្នុង​សំណុំរឿង​អន្តរជាតិ​ធំៗ​ជាច្រើន​ទៀត ជាពិសេស សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង និង​អ៊ីរ៉ង់ ដែល​កំពុង​តែ​ចោទឡើង​ខ្លាំង នៅពេលនេះ។

ក្រៅពី​ចង់​​ឲ្យ​ជប៉ុន​បន្ធូរបន្ថយ​ភាព​តានតឹង​ជាមួយ​ចិន អាមេរិក​ក៏​កំពុង​តែ​ព្យាយាម​ផងដែរ ជំរុញ​ឲ្យ​ជប៉ុន​រកដំណោះស្រាយ​បន្ធូរបន្ថយ​ភាព​តានតឹង​ជាមួយ​នឹង​កូរ៉េ​ខាង​ត្បូង ដែល​ជា​ប្រទេស​សម្ព័ន្ធមិត្ត​ដ៏សំខាន់​មួយ​ដែរ​របស់​អាមេរិក។ ជប៉ុន​ និង​កូរ៉េ​ខាង​ត្បូង កំពុង​តែ​មើល​មុខគ្នា​មិនចំ ដោយសារ​តែ​​ជម្លោះ​ដណ្តើមប្រជុំកោះ​គ្នា​នោះផង និង​ដោយសារ​តែ​​ស្នាមរបួស​ចាស់ ដែល​បន្សល់ទុក​ពី​អតីតកាល​នោះផង ដែល​កូរ៉េ​ត្រូវ​រងគ្រោះ ដោយសារ​នយោបាយ​វាតទីនិយម​របស់​ជប៉ុន។

ទីប្រឹក្សា​​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​របស់​លោក​អូបាម៉ា​បាន​បញ្ជាក់​ថា លោក​អូបាម៉ា​ចង់​ឲ្យ​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង រកវិធី​ធ្វើ​យ៉ាងណា​ផ្សះផ្សារ​ស្នាមរបួស​ចាស់នេះ។

សមាជិកសភា​ពីររូប​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ជាមួយ​នឹង​លោក​អូបាម៉ា​ក៏​បាន​អំពាវនាវ​ផងដែរ​​ឲ្យ​រដ្ឋាភិបាល​ជប៉ុន​ធ្វើការ​គិតគូរ​ឡើងវិញ អំពី​ការ​ថ្លែង​សុំទោស ចំពោះ​ទង្វើ​ពី​អតីតកាល​របស់​ខ្លួនទៅលើ​ប្រទេស​ជិតខាង ពីព្រោះ​ថា ការ​សុំទោស​នេះ គឺ​​​​អាច​មាន​ឥទ្ធិពល​ជា​វិជ្ជមាន​ដ៏សំខាន់ ទៅលើ​សម្ព័ន្ធភាព​អាមេរិក ជប៉ុន និង​កូរ៉េ​ខាងត្បូង។

និយាយ​ជារួម​ទៅ អាមេរិក​ចង់​ឲ្យ​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង​សះជា​នឹង​គ្នា ដើម្បី​ឲ្យ​ប្រទេស​សម្ព័ន្ធមិត្ត​ទាំងពីរ​នេះ​ជួយជា​កម្លាំង​ដល់​អាមេរិក ក្នុង​ការ​ប្រជែង​ដណ្តើម​ឥទ្ធិពល​ជាមួយ​ចិន នៅ​ក្នុង​តំបន់​អាស៊ីប៉ាស្ហ៊ីហ្វិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ