អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ការនាំចេញ​របស់​ជប៉ុន​កើនឡើង ​តែ​ឩនភាព​ជញ្ជីង​ពាណិជ្ជកម្ម​ក៏​កើនឡើង​ជិត​ទ្វេដង

ចុះផ្សាយ​នៅ​ថ្ងៃ៖

តួលេខ​ផ្លូវការ​របស់​​​ជប៉ុន ​ចេញផ្សាយ​នៅថ្ងៃ​ចន្ទ​នេះ​បង្ហាញ​ថា កាលពី​ខែ​កក្កដា​កន្លងទៅនេះ ការនាំចេញ​របស់​ជប៉ុន​មាន​ការកើនឡើង​ខ្ពស់​បំផុត​មិនធ្លាប់​មាន ក្នុងរយៈពេល ៣ឆ្នាំ​ចុងក្រោយ​នេះ។ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា ឩនភាព​ជញ្ជីងពាណិជ្ជកម្ម​​​ក្រៅប្រទេស​របស់​ជប៉ុន នៅតែ​កើនឡើង​ខ្លាំង គឺ​កើនឡើង​ស្ទើរតែ​ទ្វេដង បើ​ធៀប​នឹង​ឆ្នាំមុន។

គិតចាប់តាំង​ពី​ដើមឆ្នាំ​២០១៣​នេះ​មក លុយយេន​របស់​ជប៉ុន​បាន​ធ្លាក់ថ្លៃ​ប្រមាណ​ជា ២៥% ធៀប​នឹង​លុយ​ដុល្លារ​អាមេរិក
គិតចាប់តាំង​ពី​ដើមឆ្នាំ​២០១៣​នេះ​មក លុយយេន​របស់​ជប៉ុន​បាន​ធ្លាក់ថ្លៃ​ប្រមាណ​ជា ២៥% ធៀប​នឹង​លុយ​ដុល្លារ​អាមេរិក REUTERS/Truth Leem/Files
ផ្សាយពាណិជ្ជកម្ម

 

សំណួរ-តើ​មកពីមូលហេតុអ្វី ដែល​ធ្វើ​ឲ្យ​ឩនភាពជញ្ជីងពាណិជ្ជកម្ម​របស់​ជប៉ុន​មាន​ការកើនឡើង​ខ្ពស់​​នៅពេលនេះ?
 
បញ្ហា​ក្នុង​សេដ្ឋកិច្ច​ជប៉ុន​ពេលនេះ គឺ​នៅត្រង់ថា ការនាំចេញ​មាន​ការ​កើនឡើង​ខ្លាំង ក៏ប៉ុន្តែ ក្នុងពេល​ជាមួយ​គ្នា ការនាំចូល​ក៏​កើនឡើង​ខ្លាំង​ដែរ ហើយថែម​ទាំង​កើនឡើង​លឿន​ជាង​ការនាំចេញ​ទៅទៀត។ យោងតាម​​តួលេខ ដែល​ចេញផ្សាយ​ដោយ​រដ្ឋាភិបាល​ជប៉ុន​ នៅថ្ងៃ​ចន្ទ​នេះ ការនាំចេញ​របស់​ជប៉ុន កាលពី​ខែ​កក្កដា​កន្លងទៅនេះ មាន​ការ​កើនឡើង ១២,២% ធៀប​នឹង​ឆ្នាំ​មុន ហើយ​ការនាំចូល​វិញ កើនឡើង​រហូតដល់​ទៅ ១៩,៦%។

ហេតុដូច្នេះ​ហើយ​បាន​ជា​​ជញ្ជីង​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​ជប៉ុន​មាន​ឱនភាព​ខ្លាំង រហូត​ដល់​ទៅ ១០,៥ពាន់លាន​ដុល្លារ​អាមេរិក។

សំណួរ-តើហេតុអ្វី​បាន​ជា​ការនាំចូល​របស់​ជប៉ុន​មាន​ការ​កើនឡើង​ខ្ពស់​បែបនេះ?
 
ការកើនឡើង​នៃ​ការ​នាំចូល​របស់​ជប៉ុន​ ក៏​ដូច​ជា​ការ​កើនឡើង​នៃ​ការ​នាំចេញ​ដែរ មាន​មូលហេតុ​តែមួយ គឺ​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​លុយ​យេន​ជប៉ុន។ យើងឃើញ​ស្រាប់ហើយ​ថា តាំង​ពី​ដើម​ឆ្នាំ​២០១៣​នេះ​មក តម្លៃ​លុយ​យេន​បាន​ធ្លាក់​ចុះ រហូតដល់​ទៅ ២៥% បើ​ធៀប​នឹង​លុយ​ដុល្លារ​អាមេរិក។

នៅ​ពេល​ដែល​តម្លៃ​លុយ​យេន​ធ្លាក់ចុះ វា​ធ្វើ​ឲ្យ​ទំនិញ​ជប៉ុន​មាន​ការ​ងាយស្រួល​ក្នុងការ​​ប្រកួតប្រជែង​ នៅលើ​ទីផ្សារ​អន្តរជាតិ។ ការនាំចេញ​របស់​ជប៉ុន​ក៏​មាន​ការ​កើនឡើង។ ក៏ប៉ុន្តែ ក្នុង​ពេល​ជាមួយគ្នា កាលណា​តម្លៃ​លុយ​យេន​ធ្លាក់​ចុះ វា​ក៏​ធ្វើ​ឲ្យ​តម្លៃ​ទំនិញ ដែល​ជប៉ុន​នាំចូល​ពី​ក្រៅប្រទេស​មាន​ការ​កើនឡើង​ដែរ ជាពិសេស គឺ​ការនាំចូល​ផ្នែក​ថាមពល ដូចជា ប្រេងឆៅ និង​ធ្យូងថ្ម​ ជាដើម ព្រមទាំង​ការ​នាំចូល​វត្ថុធាតុដើម​ផ្សេងទៀត។

ចាប់តាំង​ពី​មាន​គ្រោះថ្នាក់ នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ៊្វូគូស្ហ៊ីម៉ា​មក ជប៉ុន​បាន​ផ្អាក​ដំណើរការ​រោងចក្រ​អគ្គិសនី ដើរដោយ​ថាមពល​នុយក្លេអ៊ែរ​ទាំងអស់​។ ដើម្បី​បាន​ថាមពល​អគ្គិសនី​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក ជប៉ុន​ត្រូវ​បង្កើន​ការ​ផលិត​អគ្គិសនីតាម​លក្ខណៈ​ជា​ប្រពៃណី​ គឺ​តាមរយៈ​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ប្រេង ឬ​ធ្យូងថ្ម។

យើង​ដឹង​ស្រាប់​ហើយ​ថា ធនធាន​អស់ទាំងនេះ មិនមាន​នៅ​ក្នុង​ស្រុក​ជប៉ុន​ទេ។ ជប៉ុន​ចាំបាច់​ត្រូវ​បង្កើន​ការ​នាំចូល​វត្ថុធាតុដើម​ សម្រាប់​ផលិត​ថាមពល​អស់ទាំងនេះ​មក​ពី​ក្រៅប្រទេស។ ដូច្នេះ បរិមាណ​នៃ​ការ​នាំចូល​ក៏​មាន​ការកើនឡើង ហើយ​ក្នុង​ពេល​ជាមួយគ្នា តម្លៃ​នៃ​ការ​នាំចូល​ក៏​មាន​ការកើនឡើងខ្លាំង​ដែរ​ ពីព្រោះ​ថា នៅ​ក្នុង​ទីផ្សារ​អន្តរជាតិ វត្ថុធាតុដើម​អស់ទាំងនេះ គឺ​ត្រូវ​គិត​ជា​ដុល្លារ​អាមេរិក ហើយដោយសារ​តែ​លុយ​យេន​មាន​តម្លៃ​ថោក​ធៀប​នឹង​លុយ​ដុល្លារ​អាមេរិក មានន័យថា សម្រាប់ជប៉ុន ការ​ចំណាយ ដើម្បី​នាំចូល​វត្ថុធាតុដើម សម្រាប់​ផលិត​ថាមពល​នេះ ត្រូវ​កើនឡើង​ខ្លាំង។

សំណួរ-តើ​ការកើនឡើង​នៃ​ឩនភាព​ជញ្ជីងពាណិជ្ជកម្ម​ក្រៅប្រទេស​នេះ អាច​នឹង​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​អ្វីខ្លះ​ដល់​នយោបាយ​សេដ្ឋកិច្ច​របស់​លោក​ស្ហ៊ីនហ្សូ អាបេ? តើ​វា​អាចជំរុញ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន​ធ្វើការ​ផ្លាស់ប្តូរ​នយោបាយ​សេដ្ឋកិច្ច​នេះ​ដែរ​ឬទេ?
 
បើតាម​មើលទៅ ការកើនឡើង​នៃ​ឩនភាព​ជញ្ជីងពាណិជ្ជកម្ម​ក្រៅប្រទេស​នេះ ប្រហែល​ជា​មិន​ធ្វើ​ឲ្យ​លោក​ស្ហ៊ីនហ្សូ អាបេ ផ្លាស់ប្តូរ​នយោបាយ​សេដ្ឋកិច្ច​របស់​លោក​នោះទេ ពីព្រោះ​ថា គោលដៅ​ចម្បងបំផុត​របស់​លោក​ស្ហ៊ី​នហ្សូ អាបេ នៅ​ក្នុងរយៈពេល​ខ្លី គឺ​ធ្វើ​យ៉ាងណា ជំរុញ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច ហើយ​មធ្យោបាយ​គន្លឹះ ដើម្បី​សម្រេច​គោលដៅ​នេះ គឺ​ការ​បញ្ចុះ​ថ្លៃ​លុយ​យេន ដើម្បី​ជំរុញ​វិស័យនាំចេញ ដែល​ជា​ចលករ​ដ៏​សំខាន់​មួយ នៃ​កំណើន​សេដ្ឋកិច្ច​ជប៉ុន។ នៅ​ពេល​ដែល​ការនាំចេញ​កើនឡើង សកម្មភាព​ផលិត នៅ​ក្នុង​ប្រទេស​ជប៉ុន​ក៏​កើនឡើង ហើយ​សេដ្ឋកិច្ច​ក៏​មាន​កំណើន។

ម្យ៉ាងទៀត ដោយសារ​តែ​លុយ​យេន​មាន​តម្លៃ​ថោក​ធៀប​នឹង​លុយ​ដុល្លារ ក្រុមហ៊ុន​ជប៉ុន មិនត្រឹមតែ​អាច​បង្កើន​បរិមាណ​នាំចេញ​ទេ។ ផលចំណេញ​ពី​ការ​នាំចេញ​ក៏​មាន​ការ​កើនឡើង​ដែរ។ រដ្ឋាភិបាល​របស់​លោក​ស្ហ៊ីនហ្សូ អាបេ រំពឹង​ថា នៅ​ពេល​​ទទួល​បាន​ផលចំណេញ​ច្រើន ក្រុមហ៊ុន​នឹង​យក​លុយ​ចំណេញ​នេះ​មក​ធ្វើ​ការ​វិនិយោគ​បន្ថែម ដើម្បី​បង្កើន​មុខ​ជំនួញ ជ្រើសរើស​បុគ្គលិក​បន្ថែម ហើយ​ប្រាក់ខែ​របស់​និយោជិត​ក៏​អាច​កើនឡើង។ ទាំងអស់​នេះ វា​ធ្វើ​ឲ្យ​ប្រជាជន​ជប៉ុន​ទូទៅ​ចាប់ផ្តើម​មាន​ទំនុកចិត្ត​ និង​មាន​សុទិដ្ឋិនិយម​លើ​ស្ថានភាព​សេដ្ឋកិច្ច​ជាតិ ហើយ​នាំគ្នា​បង្កើន​ការ​ចំណាយ។ ការចំណាយ​លើ​ទីផ្សារ​ក្នុងស្រុក​កើនឡើង គឺ​ជា​កម្លាំង​ចលករ​ដ៏សំខាន់​មួយទៀត ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច សម្រាប់​រយៈពេល​វែង។

ដូច្នេះ បើ​និយាយ​ជា​សង្ខេប គោលគំនិត​រួម នៃ​នយោបាយ​សេដ្ឋកិច្ច​របស់​លោក​ស្ហ៊ីនហ្សូ អាបេ គឺ ចេញ​ពី​ការ​បញ្ចុះ​ថ្លៃ​លុយ​យេន ជប៉ុន​អាច​ជំរុញ​​ការនាំចេញ ដែល​ជា​កម្លាំង​ចលករ​មួយ​នៃ​កំណើន​សេដ្ឋកិច្ច។ បន្ទាប់មកទៀត នៅពេល​ដែល​ឃើញ​សេដ្ឋកិច្ច​ងើបឡើងវិញ ប្រជាជន និង​ក្រុមហ៊ុន​ជប៉ុន​ក៏​ចាប់ផ្តើម​មាន​ទំនុកចិត្ត​លើ​សេដ្ឋកិច្ច ហើយ​នាំគ្នា​បង្កើន​ការ​ចំណាយ (ទាំងការ​ចំណាយ​​ទូទៅ​ប្រចាំថ្ងៃ និង​​ការចំណាយ​ទៅលើ​ការវិនិយោគ) ដែល​ជា​កម្លាំង​ចលករ​មួយទៀត នៃ​កំណើន​សេដ្ឋកិច្ច សម្រាប់​រយៈពេលវែង។

ចាប់តាំង​ពី​លោក​ស្ហ៊ីនហ្សូ អាបេ ដាក់ចេញ​នយោបាយ​សេដ្ឋកិច្ច​ថ្មីមក គេឃើញ​ថា ការនាំចេញ​ក៏​មាន​ការ​កើនឡើង សេដ្ឋកិច្ច​ក៏​ចាប់ផ្តើម​មាន​កំណើន​ឡើងវិញ ហើយ​​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​ជប៉ុន ក៏​មាន​ការកើនឡើង (ជិត ៣% កាល​ពី​ក្នុង​ត្រីមាស​ទី១ ឆ្នាំ​២០១៣) មានន័យថា អ្វីៗ​បាន​កើតឡើង​ស្របទៅតាម​ការ​រំពឹង​ចង់បាន​របស់​លោក​ស្ហ៊ីនហ្សូ អាបេ។ ដូច្នេះ បើទោះបី​ជា​​ឩនភាព​ជញ្ជីងពាណិជ្ជកម្ម​ក្រៅប្រទេស​មានកា​រកើនឡើង​ខ្លាំងក៏ដោយ គេមិនរំពឹង​ថា លោក​នឹង​ផ្លាស់ប្តូរ​នយោបាយ​សេដ្ឋកិច្ច​នេះ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ