អានតួអត្ថបទ
ជប៉ុន-ចិន

លោក​នាយករដ្ឋមន្រ្តី​ជប៉ុន​អាបេ​ប្រកាស​ត្រៀមខ្លួន​បន្តឹង​ជំហរ​ទល់​នឹង​ចិន

លោក​នាយករដ្ឋមន្រ្តី​ជប៉ុន​ស្ហ៊ីនហ្សូ អាបេ​បាន​ប្រកាស​ព្រមាន​ទុក​ជា​មុន​ថា លោក​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​រឹតបន្តឹងជំហរ​ប្រឈម​ទល់​នឹង​ប្រទេស​ចិន នៅ​ក្នុង​ករណី​ណា​ដែល​ចិន​គំរាម​ប្រើ​កម្លំាង​របស់​ខ្លួន​ក្នុង​ការ​សម្រេច​គោលដៅ​នៅ​ក្នុង​តំបន់​នោះ។ សេចក្តី​ព្រមាន​របស់​លោក​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​នេះ​បាន​ធ្វើ​ឡើង នៅ​ក្នុង​បទសន្ទនា​មួយ​ជាមួយ​កាសែត Wall Street Journal ចេញ​ផ្សាយ​ក្នុង​ថ្ងៃសៅរ៍ ទី២៦ តុលា។  

លោក​នាយករដ្ឋមន្រ្តី​ជប៉ុន អាបេ
លោក​នាយករដ្ឋមន្រ្តី​ជប៉ុន អាបេ REUTERS/Toru Hanai
ផ្សាយពាណិជ្ជកម្ម

តំាង​តែ​ពី​ដើម​ឆ្នំា ២០១៣ នេះ​មក​ម្ល៉េះ ដែល​ទំនាក់ទំនង​រវាង​ចិន និង​ជប៉ុន​បាន​ធ្លាក់​ដុនដាប​យ៉ាង​ខ្លំាង នេះ​ក៏​ដោយសារ​តែ​អធិករ​ដែនដី​រវាង​គ្នា​ជុំវិញ​ទីប្រជុំកោះ​ដែល​ជប៉ុន​ឲ្យ​ឈ្មោះ​ថា Senkaku និង​ចិន​ឲ្យ​ឈ្មោះ​ថា Diaoyu។ នៅ​ក្នុង​កិច្ចសន្ទនា​មួយ​ជាមួយ​កាសែត Wall Street Journal ចេញ​ផ្សាយ​ក្នុង​ថ្ងៃសៅរ៍ ទី២៦ តុលា លោក​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​ស្ហ៊ីនហ្សូ អាបេ​បាន​បញ្ជាក់​ថា លោក​ទើប​តែ​បាន​ដឹង​ខ្លួន​នា​ឱកាស​ជំនួប​ជាមួយ​ថ្នាក់ដឹកនំា​ប្រទេស​ក្នុង​តំបន់​ថ្មីៗ​នេះ ថា​ពួក​គេ​បាន​ផ្តល់​សេចក្តីសង្ឃឹម​យ៉ាង​ច្រើន​លើ​ជប៉ុន​ក្នុង​ការ​ដឹកនំា​យុទ្ធនាការ​ការទូត​ប្រឈម​នឹង​យុទ្ធសាស្រ្ត​របស់​ចិន​ដែល​កាន់​តែ​សាហាវ​ទៅៗ​នៅ​ក្នុង​តំបន់។

យោង​តាម​លោក​អាបេ មាន​ថ្នាក់ដឹកនំា​ជា​ច្រើន​ក្នុង​តំបន់​កំពុង​បារម្ភ​ខ្លាច​ចិន​ព្យាយាម​ទន្រ្ទាន​ដណ្តើម​យក​ដែនដី​កំពុង​មាន​ជម្លោះ​ដោយ​ប្រើ​កម្លំាង​បាយ មិន​គោរព​ច្បាប់។ តែ​លោក​អាបេ​បាន​ព្រមាន​ថា ប្រសិន​បើ​ចិន​ហ៊ាន​ជ្រើសរើស​ផ្លូវ​មួយ​នេះ នោះ​ចិន​នឹង​គ្មាន​ច្រក​ចេញ​ដោយ​សន្តិវិធី​ឡើយ។ លោក​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​បាន​បន្ថែម​ថា ចិន​នឹង​មិន​គួរ​ណា​ជ្រើស​យក​ផ្លូវ​មួយ​នេះ​ដើម្បី​ដើរ​ទេ និង​ថា មាន​ប្រទេស​ជា​ច្រើន​ក្នុង​តំបន់​កំពុង​ពឹង​ជប៉ុន​ដើម្បី​បង្ហាញ​ពី​ក្តីបារម្ភ​របស់​ពួក​គេ។ សម្រាប់​លោក​អាបេ កំហុស​ឆ្គង​ណា​មួយ​របស់​ចិន​នឹង​ត្រូវ​ទទួល​ផលវិបាក​នៅ​ចំពោះ​មុខ​សហគមន៍​អន្តរជាតិ។

គួរ​រម្លឹក​ជូន​ថា ក្រៅ​ពី​មាន​ជម្លោះ​ដែនដីសមុទ្រ​​ជាមួយ​ជប៉ុន​ស្តីពី​ទីប្រជុំកោះ​សេនកាគុ ចិន​ក៏​កំពុង​មាន​ជម្លោះ​ដែនដី​សមុទ្រ​ជាមួយ​បណ្តា​ប្រទេស​អាស៊ី​មួយ​ចំនួន មាន​ដូច​ជា​វៀតណាម និង​ហ្វីល្លីពីន។ ជា​ការ​ឆ្លើយ​តប​វិញ​នឹង​សេចក្តី​ព្រមាន​របស់​លោក​នាយករដ្ឋមន្រ្តី​ជប៉ុន​អាបេ ចិន​តាម​រយៈ​អ្នកនំាពាក្យ​ក្រសួង​ការពារជាតិ លោក Geng Yansheng បាន​បញ្ជាក់​ថា គេ​មិន​ត្រូវ​មើល​ស្រាល​ចំពោះ​សមត្ថភាព និង​ការ​ប្តេជ្ញាចិត្ត​របស់​កម្លំាងទ័ព​​ចិន​ក្នុង​ការ​ការពារ​បូរណៈភាព​ទឹកដី​របស់​ចិន​ឡើយ។ លោក Geng បាន​បន្ថែម​ថា បើ​ជប៉ុន​ហ៊ាន​ប្រើ​វិធានការ​ដោយ​ប្រើ​កម្លំាងបាយ វា​ជា​ទង្វើ​បង្ក​រឿង​មួយ​ប្រឆំាង​ចិន និង​ថា ចិន​ក៏​នឹង​ផ្តើម​ឆ្លើយ​តប​វិញ​ដោយ​ប្រើ​កម្លំាងបាយ​ដូច​គ្នា ហើយ​អ្នក​ដែល​ផ្តើម​រឿង​មុន​គេ ជា​អ្នក​ដែល​ត្រូវ​ទទួល​នូវ​គ្រប់​ផលវិបាក​ទំាង​អស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ