អានតួអត្ថបទ
កម្ពុជា

ចំនួន​កម្មករ​កាត់ដេរ​ក្មេងៗ​កើន​ឡើង ប៉ុន្តែ​កម្មករ​កាត់ដេរ​មាន​ជំនាញ​ចាកចេញ

តំណាង​សហជីព​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​និយាយ​ថា ចំនួន​រោងចក្រ និង​កម្មករ​កាត់ដេរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ការ​កើន​ឡើង​យ៉ាង​ច្រើន បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន​ៗ ពោល​គឺ​ចំនួន​កម្មករ​កាត់ដេរ​កើន​ឡើង​ពី​ជាង​៣សែន​នាក់​មក​ដល់​ជិត​៦​សែន​នាក់​នា​ពេល​បច្ចុប្បន្ន​នេះ។ ចំនួន​កម្មករ​កាត់ដេរ​ក្មេង​ៗ​កើន​ឡើង​មែន​ ប៉ុន្តែ​ចំនួន​កម្មករ​កាត់ដេរ​ដែល​មាន​ជំនាញ​ មាន​បទពិសោធន៍​បាន​ចាក​ចេញ​ពី​វិស័យ​កាត់ដេរ ​ដោយសារ​ប្រាក់​ខែ​តិច។

កម្មករ​រោងចក្រ​កាត់ដេរ​កម្ពុជា
កម្មករ​រោងចក្រ​កាត់ដេរ​កម្ពុជា © វណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

ស្ថានភាព​វិស័យ​កាត់ដេរ​ទូទៅ​នៅ​ក្នុង​ប្រទេស​កម្ពុជា​សម្រាប់​ឆ្នាំ​២០១២​ ២០១៣ និង​៥​ឆ្នាំ​បន្ត​ទៅ​ទៀត​មាន​សុខភាព​ល្អ​ជា​ធម្មតា។ ប៉ុន្តែ​កម្មករ​ទេ​ដែល​ប្រឈម​នឹង​ការ​រស់នៅ​ដ៏​លំបាក​លំបិន​ដោយសារ​តែ​ប្រាក់​បៀវត្សរ៍​តិចតួច​ស្តួចស្តើង។ នេះ​គឺ​ជា​ការ​អះអាង​បញ្ជាក់​របស់​លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កាត់ដេរ​កម្ពុជា។ លោក អាត់ ធន់ គ្រោង​នឹង​ជួប​ប្រជុំ​ជាមួយ​តំណាង​រាជ​រដ្ឋាភិបាល​នៅថ្ងៃទី​២១ ខែ​មករា​ឆ្នាំ​២០១៣​ខាង​មុខ​នេះ​ដើម្បី​ពិភាក្យា​គ្នា​អំពី​ការ​ដំឡើង​ប្រាក់ខែ​អប្បបរមា​ជូន​កម្មករ​វិស័យ​កាត់ដេរ។ បើ​យោង​តាម​លោក អាត់ ធន់ ចាប់តាំង​ពី​ចុង​ឆ្នាំ​២០១២​រហូត​មកដល់​ពេល​នេះ រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​បាន​មក​បណ្តាក់ទុន​កាន់​តែ​ច្រើន​ឡើង​នៅ​ក្នុង​ប្រទេស​ក្រីក្រ​កម្ពុជា។ ជាក់ស្តែង សម្រាប់​ពេល​បច្ចុប្បន្ន​នេះ វិស័យ​កាត់ដេរ​មាន​រោងចក្រ​​ចំនួន​ជាង​៧០០​ និង​មាន​កម្មករ​ប្រមាណ​ជា​៦​សែននាក់ ពោល​គឺ​មាន​ការ​កើន​ឡើង​ជាង​១​ភាគ​បី​នៃ​ចំនួន​កម្មករ​កាល​ពី​ឆ្នាំ​កន្លងមក។

ចំនួន​កម្មករ​កើន​ឡើង​មិន​បាន​ធ្វើ​អោយ​លោក អាត់ ធន់ សប្បាយ​ចិត្ត​ទេ។ មិន​សប្បាយ​ចិត្ត​ពីព្រោះ​តែ​ប្រាក់ខែ​នៅមាន​កម្រិតទាប​ ហើយ​ដោយសារ​តែ​ប្រាក់​កម្រៃ​ទាប​នេះ កម្មករ​មាន​បទពិសោធន៍​ និង​មាន​ជំនាញ​ពិតប្រាកដ​បាន​ចាកចេញ​ជា​បណ្តើរៗ​ពីវិស័យកាត់ដេរ​ទៅ​កាន់​វិស័យ​ផ្សេង​ទៀត ដូចជា​វិស័យ​កម្សាន្ត​ ឬ​ឆ្លងដែន​ខុសច្បាប់​ទៅ​កាន់​ប្រទេស​ផ្សេង។ លោក​អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កាត់ដេរ​កម្ពុជា​បាន​ពន្យល់​ថា ចំនួន​កម្មករ​កាត់ដេរ​មាន​ការ​កើន​ឡើង​មែន​ប៉ុន្តែ​ពួកគេ​ភាគ​ច្រើន​ជា​កម្មករ​វ័យក្មេង​ ធ្វើ​ការ​នៅ​ក្នុង​រោងក្រ​កាត់ដេរ​មិន​ផ្លូវការ។ គួរ​កត់​សម្គាល់​ថា ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ រោងចក្រ​កាត់ដេរ​ជាច្រើន​ ក្នុង​គោល​បំណង​គេច​ចេញ​ពី​កាតព្វកិច្ច​ផ្សេងៗ​បាន​ជួល​សិប្បកម្ម​កាត់ដេរ​តូច​ៗមិន​ផ្លូវការ​អោយ​ដេរ​បន្ត​។

ការ​ធ្វើ​យ៉ាង​នេះ​អាច​អនុញ្ញាត​អោយ​ថៅកែ​អាច​ចំណេញ​បាន​ខ្លះ​មែន។ ប៉ុន្តែ​លោក អាត់ ធន់ បាន​ពន្យល់​ថា ការ​ធ្វើ​យ៉ាង​ដូច្នេះ​វា​អាច​រុញ​ច្រាន​អោយ​វិស័យ​កាត់ដេរ​ខ្មែរ​ពិបាក​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ដទៃ​ទៀត។ កម្មករ​ថ្មី វ័យ​ក្មេង មិនអាច​ដេរ​ដូច​កម្មករ​វ័យ​ចំណាស់ និង​មាន​បទ​ពិសោធន៍​យូរ​ឆ្នាំ​នោះ​ទេ។ លោក អាត់ ធន់ បាន​មាន​ប្រសាសន៍​ថា មាន​តែ​ការ​ដំឡើង​ប្រាក់​ខែ​អប្បបរមា​ពី​៦១​ដុល្លារ​ដល់​១៥០​ដុល្លារអាមេរិក​ប៉ុណ្ណោះ​ដែល​អាច​ដោះស្រាយ​វិបត្តិ​កម្មករ-និយោជិត​នៅ​ក្នុង​វិស័យ​កាត់ដេរ​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ