អានតួអត្ថបទ
កម្ពុជា

សហជីព​ទាមទារ​ដំឡើង​ប្រាក់ខែ​អោយ​ដល់​១២០​ដុល្លារ នៅ​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ​១​ឧសភា

សហជីព​នៅក្នុង​ប្រទេស​កម្ពុជា​មួយ​ចំនួន​ទាមទារ​ដំឡើង​ប្រាក់ខែ​នៅថ្ងៃ​ទិវាពលកម្ម​អន្តរជាតិ១​ឧសភា។ កម្មករ​កាត់ដេរ នៅ​ក្នុង​ប្រទេស​កម្ពុជា​ទទួលបាន​ប្រាក់​ខែ​អប្បបរមា​៦១​ដុល្លារ​អាមេរិក​ ប៉ុន្តែ​សហជីព​ចង់​អោយ​ប្រាក់​ខែកម្មករ​កើន​ឡើង​ដល់​១២០ដុល្លារ​អាមេរិក។ លើសពី​នេះ​ទៅទៀត សហជីព​ចង់អោយ​រដ្ឋាភិបាល​បង្កើត​តុលាការ​ការងារ។

លោកអាត់ ធន់ប្រធាន​សហភាព​ការងារ​កម្ពុជា
លោកអាត់ ធន់ប្រធាន​សហភាព​ការងារ​កម្ពុជា ©វណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

 

«ប្រាក់ខែ​របស់​កម្មករ​និយោជិត​ត្រូវ​ដំឡើង​អោយ​ដល់​១២០​ដុល្លារ​អាមេរិក ហើយតម្លៃ​ទំនិញ​ត្រូវ​តែ​ចុះ​ជាង​តម្លៃ​បច្ចុប្បន្ន»។ នេះ​គឺ​ជា​ខ្លឹមសារ​រួម​នៃ​ការទាមទារ​របស់​សហជីព​មួយ​ចំនួន​មុន​ទិវា​ពលកម្ម​អន្តរជាតិ​ដែល​គ្រោង​នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​នេះ។

លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​បាន​ថ្លែង​ប្រាប់​ថា លោកនឹង​រៀបចំ​ក្បួន​ដង្ហែ​នៅ​ថ្ងៃ​ទី​១​ខែឧសភាខាង​មុន​នេះ ដើម្បី​ទាមទារ​អោយ​រដ្ឋាភិបាល និង​ថៅកែ​រោងចក្រ​ពិចារណា​លើ​ការដំឡើង​ប្រាក់​បៀវត្សរ៍​សម្រាប់​កម្មករ​និយោជិត។ បើយោងតាម​សកម្មជន​សហជីពរូបនេះ ​រដ្ឋាភិបាល​ត្រូវកំណត់​ប្រាក់ខែ​គោល​សម្រាប់​មន្ត្រី​រាជការ កម្មករ​កាត់ដេរ និង​កម្មករ​ក្នុង​វិស័យ​ផ្សេង​ទៀត​ចំនួន​១២០​ដុល្លារ​ក្នុង​មួយ​ខែ។

រហូតមកដល់​ពេលនេះ មាន​តែ​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​មួយ​គត់​ដែលទទួល​បាន​ប្រាក់ខែ​អប្បបរមា​ចំនួន​៦១​ដុល្លារ​អាមេរិក។ ក្នុង​វិស័យ​ផ្សេងទៀត កម្មករ​ទទួល​បាន​ប្រាក់ខែ​តាម​ការ​កំណត់​របស់​ថៅកែ​នីមួយៗ។ អ្វីដែល​លោក អាត់ ធន់ ចង់​បាន​នៅពេល​នេះ គឺ​កម្មករ​ទូទៅ​នៅ​ក្នុង​គ្រប់វិស័យ​ទទួល​បាន​ប្រាក់ខែ​គោល​ដូចគ្នា។

លោក រ៉ុង ឈុន ប្រធាន​សភាពសហជីព​កម្ពុជា​បាន​ប្រកាស​នៅ​ថ្ងៃ​សៅរ៍នេះថា នៅ​ឆ្នាំ​នេះ​ក្រុម​របស់​លោក​នឹង​មិន​រៀបចំ​ក្បួន​ដង្ហែ​អ្វីទេ នៅថ្ងៃ​ទិវាពលកម្ម​អន្តរជាតិ​ពីព្រោះ​សមាគម​របស់​លោក​ជាប់​រវល់​រៀបចំ​ធ្វើ​សមាជ។ ប៉ុន្តែ​បើទោះបីជា​យ៉ាងនេះ​ក្តី លោក​នឹង​ចេញ​សេចក្តី​ថ្លែងការណ៍​ទាមទារ​អោយ​រដ្ឋាភិបាល​ដំឡើង​ប្រាក់ខែ​អប្បបរមា​ជូន​កម្មករ​កាត់ដេរ​ចំនួន​១២០​ដុល្លារ​អាមេរិក និង​២៥០​ដុល្លារ​អាមេរិក​សម្រាប់​គ្រូ​បង្រៀន​នៅ​ក្នុង​ប្រទេសកម្ពុជា។

សូម​បញ្ជាក់​ថា សហជីព​គ្រោង​នឹង​ទាមទារ​អោយ​រដ្ឋាភិបាល​ដោះស្រាយបញ្ហា​មួយ​ចំនួន​ជូន​កម្មករ​នៅ​ថ្ងៃ​ទិវាពលកម្ម​អន្តរជាតិ​ខាងមុខ​នេះ ប៉ុន្តែ​កាល​ពី​សប្តាហ៍​មុន​នេះ ថៅកែ​រោងចក្រ​កាត់ដេរ​ក៏​ទាមទារ​អោយ​រដ្ឋាភិបាល​ដោះស្រាយ​រឿង​កម្មករ​សហជីព​ធ្វើ​កូដកម្ម និង​បាតុកម្ម​ខុសច្បាប់​ដែរ។

ទាក់ទងទៅ​នឹង​ការ​ទាមទារ​ដំឡើង​ប្រាក់ខែ​ លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ចបាន​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​មួយ​ជា​មួយ​កម្មករ កាល​ពីព្រឹកថ្ងៃ​សៅរ៍​នេះ​ថា​ រដ្ឋាភិបាល​បាន​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ជូន​កម្មក​រ​កាត់ដេរ​ជា​បន្ដបន្ទាប់ ហើយ​កាល​ពី​ឆ្នាំ២០១០កន្លងមក ប្រាក់ខែ​គោល​ត្រូវបាន​គេ​ដំឡើង​ពី​៥៦ដល់៦១​ដុល្លារ និង​មានប្រាក់​អត្ថប្រយោជន៍​បន្ទាប់បន្សំ​មួយ​ចំនួន​ផ្សេង​ទៀត។
 

ក្រៅ​អំពី​ការ​ទាមទារ​ដំឡើង​ប្រាក់ខែ​អប្បបរមា លោក រ៉ុង ឈុន និង​ លោក អាត់ ធន់ បាន​ទាមទារ​ក្នុង​សំឡេង​តែ​មួយ​អោយរដ្ឋាភិបាល​បង្កើត​តុលាការការងារ​សម្រាប់​កាត់​ក្តី​វិវាទ​ការងារ។ លោក រ៉ុង ឈុន បាន​ពន្យល់​ថា៖«លោក​ត្រូវការ​តុលាការ​ជំនាញ​ការងារ ​ជា​ជាង​តុលាការ​ទូទៅ​ដែល​មាន​ដូចសព្វ​ថ្ងៃ​នេះ»៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ