អានតួអត្ថបទ
កម្ពុជា

សហជីព​សេរីកម្មករ​គំរាម​ធ្វើ​កូដកម្ម​ទ្រង់ទ្រាយ​ធំ​ក្នុង​ខែ​សីហា​នេះ

តំណាង​សហជីព​សេរី​កម្មករ​មកពី ៣៥ រោងចក្រ​បាន​ជួបប្រជុំគ្នា​នៅ​ព្រឹក​មិញ​នេះ​នៅ​ទីក្រុង​ភ្នំពេញ​ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​ដំឡើង​ប្រាក់​ធ្វើដំណើរ​និង​ថ្លៃ​ស្នាក់នៅរបស់​កម្មករ​ឲ្យ​បាន​ ១៥ដុល្លារ និង​ប្រាក់រង្វាន់​ការងារ​ទៀងទាត់​ឲ្យ​បាន​សមស្រប​ជាង​សព្វថ្ងៃ។ សហជីព​សេរី​កម្មករ​បាន​គំរាមថា នឹងធ្វើ​កូដកម្ម​ទ្រង់ទ្រាយ​ធំ​ទូទាំងប្រទេស​ក្នុង​ខែសីហា​នេះ ​ប្រសិនបើ​ថៅកែ​មិន​ដោះស្រាយ​ជូន​ពួកគេ​ទេនោះ។ ចំណែក​ថៅកែ​រោងចក្រ​វិញ​បាន​ព្រមាន​អំពី​ការបិទ​រោងចក្រ​ដោយសារតែ​បាតុកម្ម និង​កូដកម្ម​ខុសច្បាប់​របស់​កម្មករ។

លោក​ ជា មុនី មេដឹកនាំ​សហជីពសេរីកម្មករកម្ពុជា
លោក​ ជា មុនី មេដឹកនាំ​សហជីពសេរីកម្មករកម្ពុជា RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

 

សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​រប​ស់លោក ជា មុនី កំពុងតែបន្ត​ដាក់​សម្ពាធ​ទៅលើ​ថៅកែ​រោងចក្រ​ដើម្បី​ឲ្យ​ផ្តល់​ផលប្រយោជន៍ផ្សេងៗដល់​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​និង​ស្បែកជើង​ឲ្យ​បាន​សមស្រប។ នៅក្នុង​កិច្ចប្រជុំ​ជាមួយ​តំណាង​សហជីព​ជាង១០០ នាក់​មកពី ៣៥ រោងចក្រ​ដែល​បាន​បើក​ធ្វើ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ​នៅឯ​ទីស្នាក់ការ​សហជីព ក្នុងទីក្រុង​ភ្នំពេញ លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សម្តែង​ការមិន​ពេញចិត្ត​ចំពោះ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​ការងារ។

ក្រុមប្រឹក្សា​ការងារ​បានសម្រេច​កាល​ពីថ្ងៃ​ទី១១ខែកក្កដា​ដោយ​ផ្តល់ប្រាក់​ថ្លៃ​ធ្វើដំណើរ និង​ថ្លៃ​ស្នាក់នៅ​សរុប ៧ ដុល្លារ​ដល់ក​ម្មករម្នាក់ៗ ខណៈដែល​សហជីព​បាន​ទាមទារ​រហូតដល់ ១៥​ដុល្លារ។ ចំណែក​ប្រាក់រង្វាន់​ការងារ​ទៀងទាត់​វិញ ក្រុមប្រឹក្សា​នេះ​បានសម្រេច​ផ្តល់​ឲ្យ​កម្មករ​ម្នាក់​១០ ដុល្លារ​ក្នុង​មួយខែ ប៉ុន្តែ សហជីព​ទាមទារ​លើសពីនេះ។

លោក ជា មុនី បានដាក់​លិខិត​មួយច្បាប់​ទៅ​សមាគម​ថៅកែ​រោងចក្រ​កាត់ដេរ​កម្ពុជា​ហៅ​កាត់​ថា GMAC កាលពី​ថ្ងៃទី ១៨ កក្កដា ដើម្បី​សុំ​បើក​ការចរចា​ជាថ្មី​អំពី​បញ្ហា​នេះ ប៉ុន្តែ នៅ​មិនទាន់​មាន​ចម្លើយ​តប​វិញ​នៅឡើយ​ទេ។ សហជីព​សេរី​កម្មករ​បាន​ព្រមាន​ថា​នឹងធ្វើ​កូដកម្ម​ទ្រង់ទ្រាយ​ធំ​ទូទាំង​ប្រទេសមួយ​នៅក្នុង​អំឡុង​ខែសីហា​ខាងមុខនេះ​ដោយមាន​កម្មករ​ជាង ៤០ ម៉ឺន​នាក់​ចូលរួម​ក្នុងករណី​ដែល​ការទាមទារ​របស់​ពួកគេ​មិន​ត្រូវបាន​ដោះស្រាយ​ទេនោះ។ នេះ​បើ​យោងតាម​ការប្រកាស​ឲ្យ​ដឹង​របស់លោក ជា មុនី បន្ទាប់ពី​កិច្ចប្រជុំ​ជាមួយ​តំណាង​សហជីព​កាលពី​ព្រឹក​មិញ។

តំណាង​សមាគម​ថៅកែ​រោងចក្រ​កាត់ដេរ​មិនអាច​ទាក់ទង​សុំ​ការពន្យល់​បានទេ​នៅថ្ងៃនេះ។ ប៉ុន្តែ លោក វ៉ាន់ ស៊ូ​អៀង ប្រធាន​សមាគម​ថៅកែ​រោងចក្រ​កាត់ដេរ​កម្ពុជា​ធ្លាប់បាន​ត្អូញត្អែរ​យ៉ាងខ្លាំង​អំពី​ការលំបាក​ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​នៅ​កម្ពុជា ដែលជា​វិស័យ​អាទិភាព​មួយ​ដ៏​សំខាន់​សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ។ លោក​បាន​ព្រមាន​ថា រោងចក្រ​ជាច្រើន​អាច​នឹង​បិទទ្វារ​ដោយសារតែ​ការរំខាន​ដោយ​បាតុកម្ម និង​កូដកម្ម​ខុសច្បាប់​ច្រើនពេក។

យ៉ាងណាក៏ដោយ ក្រុម​សហជីព​កម្មករ​បាន​ស្តីបន្ទោស​ថៅកែ​រោងចក្រ​ថា​មិនបាន​យកចិត្ត​ទុក​ដាក់​អំពី​ជីវភាព​របស់​កម្មករ​ឲ្យ​បាន​គ្រប់គ្រាន់​ឡើយ ហើយ​នេះ​គឺជា​បុព្វ​ហេតុដែល​នាំ​ឲ្យ​មាន​បាតុកម្ម និង​កូដកម្ម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ