អានតួអត្ថបទ
កម្ពុជា

ក្រសួង​យុត្តិធម៌​កោះ​ហៅ​ព្រះរាជ​អាជ្ញា​ប្រជុំ​ជាបន្ទាន់​ពី​ករណី​ឆក់​ប្លន់ ​បន្ទាប់​ពី​លោក​ហ៊ុន​ សែន​ដាក់​បញ្ជា​

ជាថ្មី​ម្តងទៀត​ បន្ទាប់​ពី​បុរសខ្លាំង​កម្ពុជា​ដាក់​បញ្ជា​មក ​ក្រសួង​ក្រោម​ឱវា​ទ​ បាន​ប្រញ៉ាប់​ស្ទុះស្ទារ​ប្រមូល​មន្ត្រី​របស់​ខ្លួន​ កោះ​ប្រជុំ​ជាបន្ទាន់​ដើម្បី​ពិនិត្យ​ការងារ​ឡើងវិញ​។ កាល​ពីថ្ងៃ​ទី១​៤​ ធ្នូ​ម្សិលមិញ​នេះ ​លោកអង្គ​ វង្ស​ វឌ្ឍានា ​រដ្ឋមន្ត្រី​ក្រសួង​​យុត្តិធម៌​ បាន​ចេញ​លិខិត​មួយ​ជម្រាប​ជូន​ដល់​ព្រះ​រាជ​អាជ្ញា ​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ ខេត្ត​ទាំងអស់​ឲ្យ​ចូលរួម​កិច្ច​ប្រជុំ​បន្ទា​ន់​មួយ ទាក់​ទង​នឹង​ចំនួន​សំណុំ​រឿង​ពាក់ព័ន្ធ​ នឹង​អំពើ​លួច ​ឆក់ ​និង​ប្លន់​ ដែល​បាន​កំពុង​តែ​បង្ក​អសន្តិសុខ​យ៉ាង​ខ្លាំង​នៅ​ក្នុង​សង្គម​ នៅទី​ស្តីការ​ក្រសួង​យុត្តិធម៌​ នៅ​ថ្ងៃ​ទី​១៨ ​ធ្នូ​ ខាង​មុខ​នេះ​។

លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អង្គ វង្ស វឌ្ឍានា ។
លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អង្គ វង្ស វឌ្ឍានា ។ @Facebook
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន ​សែន​អំពាវនាវ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ពិនិត្យ​មើល​ឡើង​វិញ​ចំពោះការ​ស្នើ​លើកលែង​ទោស​ដល់​ទណ្ឌិត​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ឆក់ ​ប្លន់​ និង​គ្រឿង​ញៀន​មក ​លោក​អង្គ វង្ស វឌ្ឍានា ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិ​ ធម៌​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ជា​បន្ទាន់​ទៅ​ដល់​ព្រះ​រា​ជ​អាជ្ញា​ នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ខេត្ត​ទាំង​អស់​ឲ្យ​មក​ប្រជុំ​ជា​បន្ទាន់​នៅ​ថ្ងៃទី​១៨ ​ធ្នូ​ខាង​មុខ​នេះ ​នៅ​ឯ​ទីស្តី​ការ​ក្រសួង ​ក្នុង​ទី​ក្រុង​ភ្នំពេញ​។

លោក​អង្គ ​វង្ស វឌ្ឍានា ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​របស់​លោក​ដែល​បាន​ចេញ​ផ្សាយ​កាល​ពីថ្ងៃ​ទី​១៤ ​ធ្នូ​ថា ​ក្រសួង​សូម​ឲ្យ​ព្រះរាជ​អាជ្ញា​ទាំង​អស់ ​ធ្វើការ​ប្រមូល​ទិន្នន័យ​ និង​រាយការណ៍​ជូន​អង្គ​ប្រជុំ​អំពី​ចំនួន​សុំណុំ​រឿង​ពាក់ព័ន្ធ​ នឹង​អំពើ​លួច ​ឆក់​ និង​ប្លន់​ ដែល​កំពុង​ស្ថិត​ក្នុង​ចំណាត់​ការ​អយ្យការ ​និង​តុលាការ ​ដែល​បាន​ចាត់​ការ​រួច ​និង​ដែល​ទណ្ឌិត​ត្រូវ​បាន​ដោះ​លែង​ចេញ​ពី​ពន្ធនាគារ​។

សូម​រំលឹក​ជូនថា ​លោក​នាយក​រដ្ឋមន្ត្រី​បាន​ពិនិត្យ​មើល​ឃើញ​ថា ​ជន​ល្មើស​ដែល​ពាក់ព័ន្ធ​នឹង​ករណីប្លន់​ប្រដាប់​អាវុធ​ និង​ការ​ជួញដូរ​គ្រឿង​ញៀន ​គឺមា​ន​មុខ​ដដែល​ៗ ​ដែល​ត្រូវ​បាន​លើក​លែង​ទោស​កាល​ពី​ពេល​កន្លង​មក​។ ហើយ​លោក​ក៏​បាន​បញ្ជាក់​ផងដែរ​ថា ​ការ​លើកលែង​ទោស​នេះ ​មិនមែន​សំដៅ​ទៅ​លើ​ទណ្ឌិត​ពាក់ព័ន្ធ​នឹង​ករណី​​ទាំង​អស់​នោះ​ទេ​។

គួរ​បញ្ជាក់​ថា​មួយ​រយៈពេល​ចុងក្រោយ​នេះ មាន​ករណី​ឆក់ ​ប្លន់​ប្រដាប់​អាវុធ​បាន​កើត​មាន​ឡើង​ស្ទើរ​តែ​រៀង​រាល់​ថ្ងៃ ​នៅ​ទូទាំង​ប្រទេស​កម្ពុជា ​បូករួម​និង​ទី​ក្រុង​ភ្នំពេញ​ផងដែរ​។ ​ហើយ​ក៏មាន​ថ្ងៃខ្លះ​មាន​រហូត​ដល់​ពីរ​ទៅ​បី​ករណី​កើត​ឡើង​ទៅ​ទូទាំង​ប្រទេស​ក្នុង​ថ្ងៃ​តែ​មួយដែរ​។ តែ​បើ​តាម​លោក​ឧត្តម​សេនីយ៍​ឯកគាត ​ចន្ទថារិទ្ធ​ អ្នក​នាំ​ពាក្យ​អគ្គស្នង​ការ​នគរបាល​ជាតិ​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ឲ្យ​ដឹង​ថា ​ករណី​ឆក់ប្លន់​ក្នុង​ឆ្នាំ​២០១៥​នេះ​មាន​ចំនួន​ ២ពាន់​៩រយក​រណី ​ថយ​ចុះ​ ជាង​ឆ្នាំ​២០១៤ ​ចំនួន​១០៥ ​ករណី​។ យ៉ាង​ណា​ក៏ដោយ ​ក៏​លោក​ហ៊ុនសែន​ បាន​ដាក់​បញ្ជា​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ទាំង​អស់​បង្កើត​ការ​ប្រុង​ប្រយ័ត្ន​ និង​ចេញ​ប្រតិបត្តិការ​ព្រម​ៗ​គ្នា ​ដើម្បី​បង្ការ​និង​បង្ក្រាប​ចំ​ពោះ​អំពើ​ឆក់ ​ប្លន់​ប្រដាប់​អាវុធ ​និង​អំពើ​ជួញដូរ​គ្រឿង​ញៀន​ ដែល​កើត​មាន​ឡើង​នៅ​កម្ពុជា​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ