អានតួអត្ថបទ
បារាំង

Karachigate៖ រឿងអាស្រូវ​ពុករលួយ​ដែល​ជាប់ពាក់ព័ន្ធ​នឹង​មេដឹកនាំ​កំពូលៗ​របស់​បារាំង

រឿង​អាស្រូវ​ពុករលួយ ដែល​គេ​ឲ្យ​ឈ្មោះ​ថា Karachigate បាន​ផ្ទុះ​ឡើង​កាន់តែ​ខ្លាំង នៅថ្ងៃ​ព្រហស្បតិ៍ ១៨ វិច្ឆិកា ២០១០​នេះ ក្រោយ​ពី​ឈ្មោះ​បណ្តា​មេដឹក​នាំ​កំពូលៗ​របស់​បារាំង ក្នុង​នោះ មានទាំង​លោក​​នីកូឡា សាកូហ្ស៊ី​ (Nicolas Sarkozy) ប្រធានាធិបតី​បារាំង​ផង មាន​ជាប់ពាក់ព័ន្ធ​កាន់តែខ្លាំងឡើង ក្នុង​សំណុំរឿង​ពុករលួយ​នេះ។ តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​​​បាន​ទាមទារ​ឲ្យ​លោក​នីកូឡា សាកូហ្ស៊ី​ ឆ្លើយ​បំភ្លឺ​ជុំវិញ​រឿង​អាស្រូវនេះ។ ខាងក្រោមនេះ គឺ​ជា​សំណួរ-ចម្លើយ ដើម្បី​ស្វែងយល់​អំពី​​រឿង​អាស្រូវនេះ។

រថយន្តក្រុងដឹក​វិស្វករ​បារាំង​ដែល​ទទួលរង​ការ​វាយប្រហារ នៅ​ទីក្រុង​ការ៉ាឈី ឆ្នាំ​២០០២
រថយន្តក្រុងដឹក​វិស្វករ​បារាំង​ដែល​ទទួលរង​ការ​វាយប្រហារ នៅ​ទីក្រុង​ការ៉ាឈី ឆ្នាំ​២០០២ ©AFP
ផ្សាយពាណិជ្ជកម្ម

06:28

ការពន្យល់​របស់​សេង ឌីណា

តើ​រឿង​អាស្រូវ Karachigate កើតឡើង​​យ៉ាងដូចម្តេច?

ការ៉ាឈី (Karachi) គឺ​ជា​ឈ្មោះ​ទីក្រុង​របស់​ប៉ាគីស្តង់។ កាល​ពី​ថ្ងៃ​ទី៨ ឧសភា ឆ្នាំ​​២០០២ នៅ​ក្នុង​ទីក្រុង​ការ៉ាឈី មាន​ការ​វាយប្រហារ​អត្តឃាត​លើ​រថយន្តក្រុង​មួយគ្រឿង ដែល​​​វិស្វករ​តែងតែ​ជិះ​ទៅ​ធ្វើការ នៅ​ក្នុង​ការដ្ឋាន​​សាងសង់​នាវាមុជទឹក។ ការសាងសង់​នាវាមុជទឹកនេះ គឺ​ធ្វើ​ឡើង តាម​កិច្ចសន្យា ដែល​ចុះ​រវាង​បារាំង និង​ប៉ាគីស្តង់ កាល​ពី​ឆ្នាំ​១៩៩៤។ ភេរវកម្ម​នេះ​បាន​បណ្តាល​ឲ្យ​វិស្វករ​បារាំង ១២​នាក់​ស្លាប់។

ពី​ដំបូង​ អាជ្ញាធរ​បារាំង​​បាន​សន្និដ្ឋាន​ថា អំពើ​ភេរវកម្ម​នៅ​ការ៉ាឈី គឺ​ជា​ស្នាដៃ​របស់​ពួក​អាល់កៃដា។ ក៏ប៉ុន្តែ គេ​មិន​ឃើញ​មាន​ក្រុមណាមួយ​ចេញ​មុខ​មក​ទទួលខុសត្រូវ​លើ​ការ​វាយប្រហារ​នេះ​ទេ។ ក្រុម​ភេរវជន​អាល់កៃដា របស់​អូសាម៉ា ប៊ិនឡាដិន បាន​ត្រឹម​តែ​អបអរ​សាទរ​ចំពោះ​ការវាយប្រហារ​នេះ​ប៉ុណ្ណោះ ប៉ុន្តែ មិនបាន​ប្រកាស​ទទួលខុសត្រូវនោះទេ។
ដោយហេតុតែ​ក្នុង​អំពើ​ភេរវកម្ម​នេះ មាន​ស្លាប់​ជនជាតិ​បារាំង អាជ្ញាធរ​​បារាំង​​ក៏​បាន​បើក​​ការស៊ើបអង្កេត​លើ​សំណុំរឿងនេះ។

ហេតុអ្វី​បាន​ជា​ការ​ស៊ើបអង្កេត​លើ​អំពើ​ភេរវកម្ម បែរ​ជា​​ចេញ​ទៅ​ជា​រឿង​ពុករលួយ​ទៅវិញ?

នៅក្នុងការ​ស៊ើបអង្កេត​រឿងនេះ ក្រុម​មន្រ្តី​ស៊ើបអង្កេត​បារាំង​បាន​​រក​ឃើញ​តម្រុយ​ខ្លះ ដែល​​ធ្វើ​ឲ្យ​គេ​សង្ស័យថា ការវាយប្រហារលើ​វិស្វករ​បារាំង នៅ​ការ៉ាឈី មិនមែន​ជា​ស្នាដៃ​របស់​ពួក​ភេរវជន​ទេ ប៉ុន្តែ វា​ជាប់ពាក់ព័ន្ធ​នឹង​ជម្លោះ​ ជុំវិញ​លុយ​កម្រៃ​ជើងសា (កុម្មីស្យុង) នៃ​កិច្ចសន្យា​លក់​នាវាមុជទឹក​ ដែល​ចុះ​នៅ​ឆ្នាំ​១៩៩៤ រវាង​រដ្ឋាភិបាល​បារាំង និង​រដ្ឋាភិបាល​ប៉ាគីស្តង់។ ដើម្បី​ឲ្យ​យល់​ច្បាស់​ពី​រឿងនេះ យើង​​គួរ​​​ត្រឡប់​ទៅ​និយាយ​ពី​រឿង​លក់​នាវាមុជទឹក​នេះ​បន្តិច។

នៅ​ឆ្នាំ​១៩៩៤ បារាំង​បាន​ចុះ​កិច្ចសន្យា​​សាងសង់​​នាវាមុជទឹក​ ៣គ្រឿង ទៅ​ឲ្យ​ប៉ាគីស្តង់ ក្នុង​តម្លៃ ៨៥០​លាន​អឺរ៉ូ។ មុន​នឹង​ចុះ​កិច្ចសន្យា​នេះ ក្រៅ​ពី​បារាំង មាន​ប្រទេស​ផ្សេងទៀត ដែល​ប្រជែង​​គ្នា​ចង់​លក់​នាវាមុជទឹក​ទៅ​ឲ្យ​ប៉ាគីស្តង់ដែរ។ បារាំង​ក៏​បាន​​ឲ្យ​​ឈ្មួញ​កណ្តាល​​ជួយ​​​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​​ ប៉ាគីស្តង់​​ឲ្យ​​​ព្រមទិញ​​នាវាមុជទឹកពី​បារាំង ដោយ​សន្យា​ថា​នឹង​​ផ្តល់​​កុម្មីស្យុង​​​ឲ្យ ប្រសិន​បើ​កិច្ចសន្យា​​លក់​នាវា​នេះ​អាច​ធ្វើ​ទៅបាន។

មកទល់ត្រឹមនេះ មិនមាន​អ្វី​ខុសច្បាប់នោះទេ ព្រោះ​ថា ការ​ឲ្យ​កុម្មីស្យុង​ទៅ​​ឈ្មួញកណ្តាល គឺ​ជា​រឿង​ដែល​គេ​ធ្វើ​ជា​ទម្លាប់ នៅ​ក្នុង​ការទិញលក់​គ្រឿង​សព្វាវុធ។ ក៏ប៉ុន្តែ អ្វី ដែល​​​ជា​បញ្ហា គឺ​នៅត្រង់ថា ក្នុងការលក់​នាវា​មុជទឹក​ទៅ​ឲ្យ​ប៉ាគីស្តង់នេះ ឈ្មួញកណ្តាល​មាន​ច្រើន ហើយ​គេ​សង្ស័យ​ថា មាន​ឈ្មួញកណ្តាល​ខ្លះ ជា​មន្រ្តី​យោធា​ប៉ាគីស្តង់។ កុម្មីស្យុង​ដែល​ឲ្យ​ទៅ​ឈ្មួញកណ្តាល​​​ខ្លះ ប្រហែល​ជា​បាន​​​ធ្វើ​ឡើង​ដោយ​ខុសច្បាប់។ គេសង្ស័យថា​ ​លុយកុម្មីស្យុង​​ខុសច្បាប់នេះ ត្រូវបាន​​ឈ្មួញកណ្តាល និង​​​មន្រ្តី​រដ្ឋាភិបាលបារាំង​ខ្លះ ដែល​ទទួលបន្ទុក​ខាង​លក់​នាវាមុជទឹកនេះ យក​ទៅ​ចែកគ្នា។

តើ​ការវាយប្រហារភេរវកម្ម​ នៅ​ការ៉ាឈី មាន​ជាប់ពាក់ព័ន្ធ​អ្វី ទៅនឹង​លុយ​កុម្មីស្យុងលក់​នាវាមុជទឹក?

មួយឆ្នាំ​ក្រោយ​ពី​ចុះកិច្ចសន្យា ពោល​គឺ នៅ​ឆ្នាំ​១៩៩៥ ពេល​ដែល​​​លោក​ហ្សាក់ ស្ហ៊ីរ៉ាក់ (Jacques Chirac) ជាប់ឆ្នោត​ជា​ប្រធានាធិបតី ​រដ្ឋាភិបាល​ថ្មី​​ក៏​បាន​ដឹង​រឿង​​​កុម្មីស្យុង​ខុសច្បាប់នេះ។ ដោយ​ឃើញ​​​ថា លុយកុម្មីស្យុង​នៅ​មិនទាន់​បាន​ប្រគល់​ទៅ​ឲ្យ​ឈ្មួញ​កណ្តាល​អស់ រដ្ឋាភិបាល​លោកស្ហ៊ីរ៉ាក់​ក៏​បាន​បញ្ជា​ឲ្យ​​ឈប់​​ផ្ទេរលុយ​ ដែល​នៅ​សេសសល់​ ទៅ​ឲ្យ​ឈ្មួញ​កណ្តាល។

ហេតុដូច្នេះ​​ហើយ​បាន​ជា​គេ​សង្ស័យថា មន្រ្តី​យោធាប៉ាគីស្តង់ ដែល​ជា​ឈ្មួញកណ្តាល ហើយ​ដែល​មិន​បាន​ទទួល​លុយ​កុមីស្យុង​តាម​ការសន្យា​នេះហើយ ដែល​ជា​អ្នក​រៀបចំ​ការវាយប្រហារ​លើ​វិស្វករ​បារាំង ដើម្បី​​ជា​ការ​សងសឹក។

ហេតុអ្វី​បាន​ជា​រឿង​អាស្រូវពុករលួយ​នេះ​មាន​ជាប់​ពាក់ព័ន្ធ​ដល់​លោក​នីកូឡា សាកូហ្ស៊ី (Nicolas Sarkozy) ដែល​ជា​ប្រធានាធិបតី​បច្ចុប្បន្ន​របស់​បារាំង?

មនុស្ស​ដែល​គេសង្ស័យ​ខ្លាំង​ជាងគេ ក្នុង​សំណុំរឿង Karachigate គឺ​លោក​អេឌ័រ បាឡាឌៀរ (Edouard Balladur) ដែល​ជា​នាយករដ្ឋមន្រ្តីបារាំង នៅ​​ពេលចុះកិច្ចសន្យា​លក់​នាវាមុជទឹក​ទៅ​ឲ្យ​ប៉ាគីស្តង់។ លោក​បាឡាឌៀរ ក៏​​ជា​បេក្ខជន​​ឈរឈ្មោះ​ក្នុង​ការ​​បោះឆ្នោត​ប្រធានាធិបតីផងដែរ នៅ​ឆ្នាំ​១៩៩៥។ ដូច្នេះ គេ​សង្ស័យថា លោកបាឡាឌៀរឃុបឃិតគ្នា​ជាមួយ​ឈ្មួញកណ្តាល​ ដើម្បី​បាន​លុយ​កុម្មីស្យុង​មួយ​ផ្នែក​មក​ចាយវាយ​ ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត។

បន្ទាប់​មកទៀត ការ​សង្ស័យ​បាន​រាលដាល​មកដល់​លោក​​នីកូឡា សាកូហ្ស៊ី ពីព្រោះ​ថា ក្នុង​ពេល​បារាំង​ចុះ​កិច្ចសន្យា​ជាមួយ​ប៉ាគីស្តង់ លោក​​សាកូហ្ស៊ី គឺ​ជា​រដ្ឋមន្រ្តីទទួលបន្ទុក​​ថវិកា​ជាតិ ពោល​គឺ ​ជា​អ្នក​ទទួលខុសត្រូវ​លើ​​រឿង​ចុះ​កិច្ចសន្យា​ជាមួយ​នឹង​ប៉ាគីស្តង់។ ម្យ៉ាងទៀត លោកសាកូហ្ស៊ី គឺ​ជាមនុស្ស​ជំនិត​របស់​លោកបាឡាឌួរ នៅ​ក្នុង​​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ប្រធានាធិបតី នៅ​ឆ្នាំ​១៩៩៥។

ហេតុអ្វី​បាន​ជា​រឿង​អាស្រូវ Karachigate ផ្ទុះឡើង​ខ្លាំង នៅពេលនេះ?

រឿង Karachigate បានចាប់​ផ្ទុះឡើង​កាន់តែ​ខ្លាំង កាល​ពី​ល្ងាច​ថ្ងៃ​ពុធ ម្សិលមិញ ក្រោយ​ពី​មាន​លេចធ្លាយ​ព័ត៌មាន ដែល​ថា ចៅក្រម​ទទួល​បន្ទុក​ស៊ើបអង្កេត​លើ​សំណុំរឿងនេះ បាន​កោះហៅ​ លោក​ស្ហាល មីយ៉ុង (Charles Millon) អតីត​រដ្ឋមន្រ្តី​ក្រសួងការពារជាតិ​បារាំង ​ទៅសួរ។ លោក​មីយ៉ុង គឺ​ជា​រដ្ឋមន្រ្តី​ក្រសួងការពារជាតិ​ ដែល​ឡើង​កាន់អំណាច នៅ​​ក្រោយ​ការ​បោះឆ្នោត​ ឆ្នាំ​១៩៩៥ ហើយ​ដែល​បាន​ដឹង​អំពី​លុយ​កុម្មីស្យុង​ខុសច្បាប់។ ប្រភព​ស្និទ្ធ​នឹង​សំណុំរឿង Karachi នេះ​បាន​ឲ្យដឹង​ថា នៅ​ចំពោះ​មុខចៅក្រុម​ស៊ើបអង្កេត លោក​មីយ៉ុង បាន​ឆ្លើយ​ទទួលស្គាល់ថា ​រឿង​ចែក​លុយ​កុម្មីស្យុង​គ្នា​​​ដោយ​ខុសច្បាប់ ក្នុង​កិច្ចសន្យា​លក់​នាវាមុជទឹក​​ទៅ​ឲ្យ​ប៉ាគីស្តង់​ គឺ​ពិត​ជា​មានមែន។

ក្រោយ​ពី​មានលេចឮព័ត៌មាន​នេះ សាច់ញាតិ​វិស្វករ​បារាំង ដែល​ស្លាប់​​នៅ​ក្នុង​ការ​វាយប្រហារ នៅការ៉ាឈី ក៏បាន​ទាមទារ​ឲ្យ​តុលាការ​កោះហៅ​លោក​សាកូហ្ស៊ី និង​ឥស្សរជន​នយោបាយ​បារាំង​មួយចំនួន​ទៀត ឲ្យ​ទៅ​ឆ្លើយ​បំភ្លឺ​ជុំវិញ​សំណុំរឿងនេះ។ ក៏​ប៉ុន្តែ តុលាការ​បារាំង​​មិនអាច​កោះហៅ​លោក​សាកូហ្ស៊ី​ទៅសួរនាំ​បានទេ ពី​ព្រោះ​គាត់​មាន​អភ័យឯកសិទ្ធិ​ជា​ប្រធានាធិបតី។

ក្រៅពីនេះ គេ​ក៏បាន​ទាមទារ​ផងដែរ​​ឲ្យ​រដ្ឋាភិបាល​បញ្ជូន​រាល់​​ឯកសារ​​ទាំងអស់ ដែល​ទាក់ទង​នឹង​សំណុំរឿង Karachi នេះ ទៅ​ឲ្យ​ចៅក្រម។ គួរ​បញ្ជាក់​ថា រាល់​ឯកសារ​ជុំវិញ​សំណុំរឿង Karachi ត្រូវបាន​រដ្ឋាភិបាល​ដាក់​ជា​ឯកសារសម្ងាត់​បំផុត ដែល​តុលាការ​មិនអាច​យក​ទៅ​មើល​បានទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ