អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ប្រមុខ​​ការទូត​​អាមេរិក​​​​ចេញ​ធ្វើ​បេសកកម្ម​សន្តិភាព​នៅ​អាហ្វ្រិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក ចន ឃែរី John Kerry កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​មួយ​ជុំ​នៅ​អាហ្វ្រិក​ ជា​លើកទី​មួយ ក្នុង​ប្រទេស​អេត្យូពី សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្កោ និង​អង់ហ្កោឡា។ កម្មវត្ថុ​នៃ​ទស្សនកិច្ច​នេះ គឺដើម្បី​ជំរុញ​ការ​គោរព​ “សិទ្ធិមនុស្ស” និង​ពន្លឿន​ “សន្តិភាព​” ក្នុង​តំបន់។ អំពើ​កាប់​សម្លាប់បង្ហូរឈាម​រវាង​ជនជាតិ​ពិន្ទុ​ខុសគ្នា នៅប្រទេស​ស៊ូដង់​ខាង​ត្បូង​ ជា​វិញ្ញាសា​សន្តិភាព​​​​ជួរ​មុខ​ កំពុង​រង់ចាំ​ជា​ស្រេច​ទទួល​លោក​ប្រមុខការទូត​អាមេរិក។

O secretário de Estado norte-americano John Kerry já está discutindo sanções contra a Rússia com seus parceiros ocidentais.
O secretário de Estado norte-americano John Kerry já está discutindo sanções contra a Rússia com seus parceiros ocidentais. REUTERS/Larry Downing
ផ្សាយពាណិជ្ជកម្ម

ពូកែ​ខាងធ្វើ​ដំណើរ​មិន​ចេះ​នឿយ​ហត់ លោក ចន ឃែរី បាន​តម្រង់ទិស​​ លើក​នេះ​ទៅ​អាហ្វ្រិក​ ដើម្បី​រក​មើល​​ជើង​មេឃ​ថ្មី ព្រោះ​ការ​ចុះ​ឡើងញឹក​ញយ​​នៅ​​តំបន់​ដើម​បូព៌ា មិន​បាន​ផ្តល់​លទ្ធផល​ល្អ​។ ក្នុង​នាម​ជា​រដ្ឋមន្ត្រី​ការបរទេស លោក​ធ្លាប់​អញ្ជើញ​ទៅ​ប្រទេស​អេត្យូពី​ម្តង កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៣ ក្នុង​ក្របខ័ណ្ឌ​ជំនួប​កំពូល​សហភា​ព​អាហ្វ្រិក។ គឺ​ទើប​តែ​លើក​នេះ​ទេ ដែល​​ជា​ទស្សនកិច្ច​​ផ្លូវការ។

 
បេសកកម្ម​នេះ​មាន​កម្មវត្ថុ​ លើក​ទឹក​ចិត្ត​ដល់​ការ​អភិវឌ្ឍន៍​​ប្រជាធិបតេយ្យ ជំរុញ​ការ​គោរព​សិទ្ធិមនុស្ស និង​ ពន្លឿន​ដំណើរ​ការ​សន្តិភាព ព្រមទាំង​សន្តិសុខ​ក្នុង​តំបន់។ គឺ​ជា​កម្មវិធី​ ដ៏​ធំ​សម្បើម​សម្រាប់​ទស្សនកិច្ច ៥​ថ្ងៃ។ អ៊ីចឹង​សួរ​ថា​តើ​នឹង​អាច​សម្រេច​លទ្ធផល​បាន​ប៉ុណ្ណា​ដែរ ? លទ្ធផល​មិន​មែន​ជា​ថ្ងៃ​នេះ ឬ​​ថ្ងៃ​ស្អែក​ទេ។

ក្នុង​ថ្ងៃ​ដំបូង​ ពេល​ទៅ​ដល់​ក្រុង​ អាឌី អាបេបា គឺ​ជំនួប​ចរចា​សន្តិភាព​ ឱ្យ​ជម្លោះ​ជាតិ​សាសន៍​នៅ​ប្រទេស​ស៊ូដង់​ខាង​ត្បូង​ដ៏​ក្មេង​ខ្ចី។ នៅ​ចំពោះ​មុខ​សមភាគី​អេត្យូពី កេនញ៉ា និង​អ៊ូហ្កង់ដា លោក​ប្រមុខ​ការទូត​អាមេរិក​បាន​ទាមទារ​គ្រប់គ្នា​យល់​ពីភាព​ចាំបាច់​​នៃ​ការ​បញ្ឈប់​ការ​កាប់​សម្លាប់​គ្នា និង​បើក​ច្រក​ឱ្យ​អង្គការ​មនុស្ស​ធម៌ចូល។

អេត្យូពី បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ជំនួប​ចរចា​សន្តិភាព​ឱ្យ​ស៊ូដង់​ខាង​ត្បូង តាំង​ពី​ថ្ងៃ​ទី ១៥​ធ្នូ ២០១៣​មក រវាង​ក្រុមស្និទ្ធ​នឹង​ប្រធានាធិបតី​ស៊ូដង់​ខាង​ត្បូង​កំពុង​​អ្នក​កាន់​អំណាច និងក្រុម​ស្និទ្ធ​នឹង​អតីត​ប្រធានាធិបតី ដែល​ជា​​ជាតិពិន្ធុ​ពីរ​ខុស​គ្នា​ និង​ប្រជែង​សម្លាប់​គ្នា។

គ្មាន​ទេ​ដំណោះស្រាយ​តាម​ផ្លូវ​យោធា

ការ​កាប់​សម្លាប់​គ្នា ដែល​បាន​ផ្តាច់​ជីវិត​​មនុស្ស​រាប់​ពាន់​នាក់ និង​ធ្វើ​ឱ្យ​ជនស៊ីវិល​​រាប់​សិប​ពាន់ ភៀសខ្លួន​រក​ជម្រក​ គេច​ពួន​ ក្នុង​មូល​ដ្ឋាន​អង្គការ​សហប្រជាជាតិ​ ការពារ​ដោយ​កងទ័ព​មួក​ខៀវ​ Minuss (បេសកកម្ម​អង្គការ​សហប្រជាជាតិ​ប្រចាំ​ស៊ូដង់​ខាង​ត្បូង)។ បទ​ឈប់​បាញ់​បាន​ត្រូវ​ចុះ​ហត្ថលេខា​តាំង​ពី​ថ្ងៃ​ទី ២៣​មករា មក នៅAddis Abeba នេះ ប៉ុន្តែមាន​តែ​លើ​ក្រដាស ​គ្មាន​នរណា​គោរពតាម។

​វត្តមាន​របស់​លោក​ ចន ឃែរី គឺ​ជា​​សារ​ច្បាស់​លាស់​មួយ ទៅ​កាន់​ភាគី​បក្ខដិបក្ខ​ស៊ូដង់​ខាង​ត្បូង​ទាំង​ពីរ ថាជា​អ្នក​ទទួល​ខុស​ត្រូវ​​លើ​វិបត្តិ​នៅ​ស៊ូដង់​ខាង​ត្បូង ប្រសិន​បើ​មិន​ព្រម​បញ្ចប់​ការ​ស្អប់​ខ្ពើម​គ្នា​ទេ។ ជា​មួយ​នឹង​ការ​ព្រមាន​ដោយ​ប្រើ​ពាក្យ​សំដី អាមេរិក​ក៏​បាន​បញ្ជាក់​ថា​កំពុង​​ជា​នឹង​ប្រើ​មធ្យោបាយ​តែមួយ​ដូច​នៅធ្លាប់ធ្វើ​ប្រឆាំង​នឹង​រុស្ស៊ី គឺ​កំពុង​សិក្សា​បង្កើត​បញ្ជី​ខ្មៅ​ ឈ្មោះ​បុគ្គល​មួយ​ចំនួន​ដែល​ត្រូវ​​អាមេរិក​ដាក់​ទណ្ឌកម្ម​​។

សូម​បញ្ជាក់​ថា ស៊ូដង់​ខាង​ត្បូង អាច​កកើត​ ក្លាយ​ជា​រដ្ឋ​ឯករាជ្យ​មួយ​បាន នៅ​ខែ​កក្កដា ២០១១ ក៏​ព្រោះ​តែ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ខ្លាំង​ណាស់​ពី​សហរដ្ឋ​អាមេរិក ហេតុដូច្នេះ​ហើយ​បាន​វ៉ាស៊ីនតោន​ តែង​​ដាក់​គំនាបកាន់​តែ​ច្រើន​ឡើង​លើ​រដ្ឋ​ដ៏​តូច​ និង​ក្មេង​ខ្ចី​មួយ​នេះ កុំ​ឱ្យ​ប្រេះ​ឆា​ ធ្លាក់​ចូល​ក្នុង​ភ្លើង​សង្គ្រាម​បាន ប៉ុន្តែគួរ​សោក​ស្តាយ​ថ្វី​បើ​សង្គ្រាម​មិន​ផ្ទុះឡើង​មែន តែ​ភាព​ដុន​ដាប​និង​សោកនាដកម្ម​បាន​ ឆ្លង​កាត់​ប្រទេសនេះ​​ទាន់ហន់​និង​ធ្ងន់ធ្ងរ។

ក្រៅ​អំពី​សំណុំ​រឿង​ស៊ូដង់ លោក នឹង​បន្ត​ដំណើរ​ទៅ​ក្រុង​គីមស្ហាសា (Kishasa)នៅ​ថ្ងៃ​សៅរ៍។​ ជា​មួយ​​ប្រធានាធិបតី​កុង​ហ្គោ លោក ឃែរី ត្រូវ​ត្រួតពិនិត្យ​លើ​ដំណើរការ​​រំសាយ​ក្រុម​ឧទ្ទាម ប្រដាប់អាវុធ​ ​ជា​ច្រើន​ក្នុង​ប្រទេស​នេះ និង​តម្រែ​តម្រង់​ទិស​ប្រជាធិបតេយ្យ​ឱ្យ​កុងហ្គោ តាម​រយៈ​​រៀប​ចំ​បោះឆ្នោតឱ្យ​មាន​តម្លាភាព​​នៅ​ឆ្នាំ​២០១៥។

នៅ​ចុង​ឆ្នាំ​២០១៣ យោធា​កុងហ្គោ និង​បេសកកម្ម​អង្គការ​សហប្រជាជាតិ បាន​យក​ជ័យ​ជំនះ​លើ​ពួក​ឧទ្ទាម​ ទុតស៊ី នៃ​ចលនា២៣​មីនា (M២៣) ដែល​បាន​ធ្វើ​ទុក​បុកម្នេញ​ភាគ​ខាង​កើត​ប្រទេសអស់​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​កន្លះ។​ ប្រតិបត្តិការ​នេះ​កំពុង​បន្ត ព្រមទាំង​មាន​ថ្មី​ទៀត ប្រឆាំង​នឹង​ក្រុមប្រដាប់​អាវុធ​ផ្សេងៗ​ទៀត​នៅ​ក្នុង​តំបន់។ ដូច្នេះ​វា​គឺ​ជា​ការ​ចាំ​បាច់ ដែល​លោក​ឃែរី ត្រូវ​លើកទឹក​ចិត្ត​ និង​សរសើរ​កុងហ្គោ ដើម្បី​ឈាន​ដល់​ជ័យ​ជំនះ​ទាំង​ស្រុង។

ផ្ទុយ​ទៅវិញ វិស្វកម្ម​សន្តិភាព​រូប​នេះ មិន​អញ្ជើញ​ទៅ​រវ៉ាន់ដា ប្រទេស​ជាតិ​ខាង​កុងហ្គោ និង​ជា​សម្ព័ន្ធមិត្ត​របស់​វ៉ាស៊ីនតោន​ទេ ព្រោះ​ទំនាក់​ទំនង​ប្រទេស​ទាំង​ពីរ​ បាន​ល្អក់​កករ​ តាំង​ពី​ពីរ​ឆ្នាំ​មក ដោយ​ហេតុ​តែ​រវ៉ាន់ដា​ចូល​ជួ​យ​ពួក​ឧទ្ទាម​នៅ​កុងហ្គោ។
ដើម្បី​បិទ​បញ្ចប់​ទស្សនកិច្ច ប្រកប​ដោយ​តុល្យការ​​​វិជ្ជមាន លោក​ប្រមុខ​ការទូត បាន​ជ្រើស​រើស​ចូល​ជួប ប្រធានាធិបតី​ប្រទេស​អង់ហ្គោឡា ប្រទេស​អ្នក​មាន​ខាង​ប្រេង ដើម្បី​កោត​សរសើរ​អំពី​ភាព​ជា​មេដឹកនាំ​ល្អ​ក្នុង​តំបន់​ផង និង​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ អាមេរិក-អង់ហ្គោឡាផង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ