អានតួអត្ថបទ
កម្ពុជា

លោក​ញឹក ប៊ុន​ឆៃ ប្រកាស​គ្រប់​គ្រង​ស្នាក់​ការ​បក្ស​ហ៊ុន​ស៊ិន​ប៉ិច​តាម​ខេត្ត​២​១​

ក្រោយ​ពី​ទទួល​បាន​ការ​អនុញ្ញាត​ពី​ក្រសួង​មហាផ្ទៃ គណបក្ស​រួបរួម​ជាតិ​របស់​លោក​ញឹក ប៊ុនឆៃ បាន​រៀប​ចំ​ធ្វើ​សមាជ​បក្ស នា​ព្រឹក​ថ្ងៃ​ទី ២៦​កុម្ភៈ​នេះ នៅ​សង្កាត់​ជ្រោយ​ចង្វា ខណ្ឌ​ជ្រោយ​ចង្វា រាជធានី​ភ្នំពេញ​។ សមាជ ដែល​មាន​សមាជិក​ចូលរួម​ប្រមាណ​ជាង ១​ពាន់​នាក់ បាន​ប្រកាស​តែងតាំង​លោក​ញឹក ប៊ុន​ឆៃ ជា​ប្រធាន លោក​ទារ ចំរ៉ាត់ ជា​ប្រធាន​កិត្តិយស លោក​ខាន់ សា​វឿន​ ជា​អនុប្រធាន និង​លោក​ស៊ឹម សុន ជា​តំណាង​អគ្គលេខាធិការ​បក្ស។ ហើយ​នៅ​ក្នុង​សមាជ​នោះ លោក​ញឹក ប៊ុនឆៃ ​បាន​បញ្ជាក់​ថា គណបក្ស​រួបរួម​ជាតិ នឹង​គ្រប់​គ្រង​សាខា​ស្នាក់​ការ​បក្ស​ហ៊្វុនស៊ិនប៉ិច នៅ​តាម​ខេត្ត​ចំនួន ២១ មិន​ឲ្យ​នរណា​យក​បាន​ជា​ដាច់​ខាត​។

សមាជគណបក្សរួបរួមជាតិ នៅព្រឹក​ថ្ងៃទី ២៦កុម្ភៈ ២០១៦។
សមាជគណបក្សរួបរួមជាតិ នៅព្រឹក​ថ្ងៃទី ២៦កុម្ភៈ ២០១៦។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ទី​បំផុត​ទៅ​គណបក្ស​រួបរួម​ជាតិ ដែល​មាន​លោក​ញឹក ប៊ុនឆៃ ជា​ស្ថាបនិក បាន​ធ្វើ​សមាជ​ដំណើរ​ការ​គណបក្ស​ជា​ផ្លូវ​ការ នា​ព្រឹក​ថ្ងៃ​ទី ២៦​កុម្ភៈ នៅ​ខណ្ឌ​ជ្រោយ​ចង្វា​ រាជធានី​ភ្នំពេញ​។ យោង​តាម​សមាជនោះ លោក​ញឹក ប៊ុន​ឆៃ ត្រូវ​បាន​អង្គ​សមាជ​លើក​ដៃ​អនុម័ត​ទទួល​ស្គាល់​ជា​ប្រធាន​គណបក្ស ខណៈ​លោក​ទារ ចំរ៉ាត់ ជា​ប្រធាន​កិត្តិយស លោក​ខាន់ សា​វឿន ជា​អនុប្រធាន និង​លោក​ស៊ឹម សុន ជា​តំណាងអគ្គលេខាធិការ​បក្ស​។ គណបក្ស​ថ្មី​នេះ ក៏​មាន​គណៈកម្មាធិការ​នាយក​ចំនួន ១៨០​នាក់ និង​សមាជិក​ក្រុម​ប្រឹក្សា​ជាតិ ចំនួន ១៦០០​នាក់​។

ឆ្លៀត​ឱកាស​នោះ​ដែរ លោក​ញឹក ប៊ុន​ឆៃ បាន​បញ្ជាក់​ថា សាខា​ស្នាក់​ការ​របស់​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច​ នៅ​តាម​បណ្តា​ខេត្ត​ចំនួន ២១ ក្នុង​ចំណោម​ខេត្ត​ រាជធានី​ទាំង​ ២៥ គឺ​ជា​កម្មសិទ្ធ​របស់​គណបក្ស​រួបរួម​ជាតិ​។ ជា​កម្មសិទ្ធ​ ព្រោះ​ថា​ក្រសួង​មហាផ្ទៃ បាន​ចេញ​លិខិត​ប្រកាស​មោក្ខភាព​លទ្ធផល​សមាជ​ដែល​ជ្រើសរើស​សម្តេច​ក្រុម​ព្រះ ជា​ព្រះ​ប្រធាន​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច។ តាម​លោក​ញឹក ប៊ុន​ឆៃ ស្នាក់​ការ​ទាំង​នោះ​ជា​ស្នាក់​ការ​របស់​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច តាំង​ពី​ពេល​ដែល​លោក​ជា​លេខា​បក្ស ក្រោម​ព្រះ​រាជ​ដឹកនាំ​របស់​ព្រះអង្គ​ម្ចាស់​ក្សត្រិយ៍​អរុណ​រស្មី ដោយ​មិន​ទាន់​មាន​គណបក្ស​សង្គម​រាស្ត្រ​រាជា​ធិ​បតី​របស់​សម្តេច​ក្រុម​ព្រះ ច្របាច់​បញ្ជូល​គ្នា​នៅ​ឡើយ​ទេ​។

សូម​បញ្ជាក់​ថា គោល​នយោបាយ​របស់​គណបក្ស​រួបរួម​ជាតិ គឺ​ដើរ​តាម​មាគ៌ា​សីហនុ​និយម ការពារ​រាជបល្ល័ង្គ​ព្រះមហាក្សត្រ ការពារ​បូរណភាព​ដែនដី និង​ចូលរួម​អភិវឌ្ឈន៍​ប្រទេស កម្ពុជា​។ ហើយ​ពាក្យ​ស្លោក​របស់​គណបក្ស​រួបរួម​ជាតិ គឺ​ឯករាជ្យ សន្តិភាព និង​យុត្តិធម៌​។

យ៉ាង​ណា​មិញ ​គណបក្ស​ថ្មី​របស់​លោក​ញឹក ប៊ុន​ឆៃ ក្រោម​ស្លាក​ការពារ​រាជា​និយម​នេះ នៅ​មិន​ទាន់​មាន​សែ​រាជវង្ស​ចូលរួម​ក្នុង​ជួរ​ថ្នាក់​ដឹកនាំ​នៅ​ឡើយ​ទេ ទោះ​លោក​ញឹក ប៊ុន​ឆៃ បញ្ជាក់ ​ថា ទទួល​បាន​ការ​គាំទ្រ​ពី​សែ​រាជវង្ស​ក៏​ដោយ​។ មួយ​វិញ​ទៀត ចំពោះ​រឿង​ដែល​ព្រះអង្គ​ម្ចាស់​ក្សត្រិយ៍​អរុណ​រស្មី មិន​អាច​ធ្វើ​ជា​ព្រះ​ប្រធាន​គណបក្ស​ ក៏​ត្រូវ​បាន​លោក​ញឹក ប៊ុន​ឆៃ ឲ្យ​ដឹង​ថា ជា​ការ​សម្រេច​ផ្ទាល់​របស់​ព្រះអង្គ ព្រោះ​ទ្រង់​ជាប់​ព្រះ​រាជ​កិច្ច​បម្រើ​ព្រះ មហាក្សត្រ​ក្នុង​ព្រះ​បរមរាជវាំង ក្រោយ​ពី​ចប់​ការងារ​ជា​ឯកអគ្គរាជទូត​។​

គួ​រជម្រាប​ជូន​ថា ដើម្បី​ផ្សព្វផ្សាយ​ពី​គណបក្ស​ថ្មី ប្រធាន​គណបក្ស​ នឹង​ចុះ​ប្រកាស​ពី​សុពលភាព​របស់​បក្ស និង​សួរ​សុខ​ទុក្ខ​ប្រជាពលរដ្ឋ នៅ​តាម​ខេត្ត​ រាជធានី ទាំង ២៥ ក្នុង​ពេល​ឆាប់​ៗ​នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ