អានតួអត្ថបទ
ខ្មែរ-ថៃ

ព្រំដែន​ខ្មែរ-ថៃ៖ គណៈកម្មាធិការ​ព្រំដែន​ទូទៅ​ប្រជុំ​ថ្ងៃទី២១​នៅ​ភ្នំពេញ

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ​បាន​ឆ្លើយ​តប​មក​កម្ពុជា​ហើយ​ចំពោះ​ការ​អញ្ជើញ​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ។ កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ ​ដែល​កម្ពុជា​រង់ចាំ​៣​ខែ​មក​ហើយ​នោះ នឹង​ត្រូវ​រៀបចំ​ធ្វើ នៅ​ថ្ងៃ​ទី​២១​ធ្នូ ​សប្តាហ៍​ក្រោយ​នេះ​ នៅ​ក្នុង​រាជធានី​ភ្នំពេញ។ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​ លោក​ឧត្តម​សេនីយ៍​ឯក​ឈុំ សុជាតិ ​អត្ថាធិប្បាយ​ថា​ ការ​ឆ្លើយ​តប​របស់​ភាគី​ថៃ​នៅ​ពេល​នេះ​ គឺ​ជា​សញ្ញា​ល្អ​ឈាន​ទៅ​រក​ការ​អនុវត្ត​សាលក្រម​តុលាការ​ឡាអេ​ស្តីពី​ការ​កែ​សម្រួល​កងទ័ព​ក្នុង​តំបន់​ដែល​ត្រូវ​គ្មាន​កងទ័ព​បណ្តោះអាសន្ន។

តុលាការ​ក្រុងឡាអេ​បាន​ចេញ​បញ្ជា​ឲ្យ​កម្ពុជា​និង​ថៃ​ដក​កងទ័ព​ចេញ​ពី​តំបន់​​ជុំវិញ​ប្រាសាទ​ព្រះវិហារ​ជា​បណ្តោះអាសន្ន
តុលាការ​ក្រុងឡាអេ​បាន​ចេញ​បញ្ជា​ឲ្យ​កម្ពុជា​និង​ថៃ​ដក​កងទ័ព​ចេញ​ពី​តំបន់​​ជុំវិញ​ប្រាសាទ​ព្រះវិហារ​ជា​បណ្តោះអាសន្ន ©AFP
ផ្សាយពាណិជ្ជកម្ម

ប្រសិនបើ​គ្មាន​អ្វី​ផ្លាស់ប្តូរ​ទេ កិច្ច​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​នឹង​ត្រូវ​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​២១​សប្តាហ៍​ក្រោយ​នេះ​ហើយ។ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​លោក​ឧត្តមសេនីយ៍​ឯក ​ឈុំ សុជាតិ​ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​អោយ​ដឹង​ថា រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ​បាន​ឆ្លើយ​តប​មក​កម្ពុជា​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៥​ធ្នូ​ យល់ព្រម​មក​ចូលរួម​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ ​លើក​ទី​៨​ នៅ​ក្នុង​រាជធានី​ភ្នំពេញ។ ការ​ឆ្លើយ​តប​របស់​ថៃ ​ដែល​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​ខ្មែរ​អត្ថាធិប្បាយ​ថា វា​គឺ​ជា​សញ្ញា​ល្អ​មួយ​ ឆ្ពោះ​ទៅ​រក​ការ​ពិភាក្សា ​ស្តី​ពី​ការ​អនុវត្ត​សាលក្រម​តុលាការ​ឡាអេ​ ថ្ងៃ​ទី​១៨​កក្កដា​ឆ្នាំ​២០១១​នេះ។

គួរ​បញ្ជាក់​ថា ​មុន​នឹង​មាន​កិច្ច​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​ នៅ​ថ្ងៃ​ទី​២១​ធ្នូ​នោះ ក្រុម​លេខា​នៃ​គណៈកម្មាធិការ​ទាំង​ភាគី​ (កម្ពុជា​និង​ថៃ) ​នឹង​ជួបប្រជុំ​គ្នា​២​ថ្ងៃ​ផង​ដែរ ​គឺ​ថ្ងៃ​ទី​១៩​ និង​ថ្ងៃ​ទី​២០​ ដើម្បី​ត្រៀមរៀបចំ​របៀបវារៈ​​នៃ​កិច្ច​ប្រជុំ​ធំ​ថ្ងៃ​ទី​២១​នោះ។ មន្ត្រី​ជាន់​ខ្ពស់​យោធា​កម្ពុជា​បាន​ប្រាប់​​អោយ​ដឹង​ថា ភាគី​ថៃ​នឹង​មាន​សមាជិក​ប្រតិភូ​ទាំងអស់​ប្រហែល​១០០​នាក់​ ហើយ​ពួកគេ​នឹង​ធ្វើ​ដំណើរ​មក​ភ្នំពេញ​តាម​យន្តហោះ​យោធា​ពិសេស​របស់​គេ។

គួរ​រំឭក​ថា មុន​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កើតឡើង កងទ័ព​ខ្មែរ​និង​ថៃ​បាន​ប្រយុទ្ធ​គ្នា​ក្នុង​ទ្រង់ទ្រាយ​តូច​មួយ​ កាល​ពី​រសៀល​ថ្ងៃ​ទី​១៥​ធ្នូ​ នៅ​ខាង​ព្រំដែន​កោះកុង។ សារព័ត៌មាន​ក្នុង​ស្រុក​បាន​ផ្សាយ​ថា​ ទាហាន​កម្ពុជា​បាន​បាញ់​រះ​លើ​ឧទ្ធម្ភាគចក្រ​ថៃ​ ដែលបើក​ចូល​ក្នុង​ដែនអាកាស​កម្ពុជា។ ឆ្លើយតប​ចំពោះ​បញ្ហា​នេះ​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​មិន​ទាន់​អាច​ធ្វើ​អត្ថាធិប្បាយ​អី្វ​នៅ​ឡើយ​ទេ ​ដោយ​រង់ចាំ​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ