អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ប្រទេសចិន​ងាក​ទៅរក​​ប្រទេស​​អឺរ៉ុប​​ខាងកើត​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​នាយក​រដ្ឋមន្ត្រីចិន​ វិន ជាប៉ាវ​ ត្រូវគេ​រង់ចាំ​ទទួល​ដើម្បី​បំពេញ​ទស្សនកិច្ច​ចំនួន​ពីរថ្ងៃ​នៅ​ប្រទេស​ប៉ូឡូញ​ ​ ដែល​នៅពេល​ជាមួយ​គ្នានោះ​មាន​ជំនួប​កំពូល​សេដ្ឋកិច្ច​នៅ​ថ្ងៃ​ព្រហស្បតិ៍​ជាមួយ​ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​អឺរ៉ុប​កណ្តាល​និង​អឺរ៉ុប​ខាងកើត​។តើ​មាន​មូលហេតុ​អ្វី​មក​ជំរុញ​ឲ្យ​ទីក្រុង​ប៉េកាំង​មក​បោះទុន​ធ្វើ​វិនិយោគ​នៅ​តំបន់​អឺរ៉ុប​កណ្តាល​និង​អឺរ៉ុប​ខាងកើត​យ៉ាង​ដូច្នេះ?

នាឱកាសជំនួបកំពូលសេដ្ឋកិច្ចនៅប្រទេសប៉ូឡូញ  លោកនាយករដ្ឋមន្ត្រីចិន វិន ជាប៉ា លោកនាយករដ្ឋមន្ត្រីចិន​​ វិន ជាប៉ាវ​ ​និង​​លោក​នាយក​រដ្ឋមន្ត្រី​​ប៉ូឡូញ​ ​Donald Tusk ​​នៅទីក្រុង​​​វ៉ាសូវី​​​
នាឱកាសជំនួបកំពូលសេដ្ឋកិច្ចនៅប្រទេសប៉ូឡូញ លោកនាយករដ្ឋមន្ត្រីចិន វិន ជាប៉ា លោកនាយករដ្ឋមន្ត្រីចិន​​ វិន ជាប៉ាវ​ ​និង​​លោក​នាយក​រដ្ឋមន្ត្រី​​ប៉ូឡូញ​ ​Donald Tusk ​​នៅទីក្រុង​​​វ៉ាសូវី​​​ REUTERS/Peter Andrews
ផ្សាយពាណិជ្ជកម្ម

 

នាឱកាស​ជំនួប​កំពូល​សេដ្ឋកិច្ច​នៅ​ប្រទេស​ប៉ូឡូញ​ ​ លោក​នាយក​រដ្ឋមន្ត្រីចិន​ វិន ជាប៉ាវ​ បាន​ជួប​ពិភាក្សា​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​អឺរ៉ុប​កណ្តាល​និង​អឺរ៉ុប​ខាងកើត​ចំនួន​១៦​ប្រទេស​ដែលក្នុង​នោះមាន​៖​ ប្រទេស​អាលបានី​ ​ ប៊ុលហ្គារី​ បូស្នី​ ក្រូអាស៊ី​ ឆេគី​ អេស្តូនី​ ហុងគ្រី​ ឡេតូនី​ លីទុយអានី​ ម៉ាសេដ្វាន​ ម៉ុងតេនេក្រូ​ រូម៉ានី​ ស៊ែប៊ី​ ស្លូវ៉ាគី​ ស្លូវេនី​ ហើយនិង​ប្រទេស​ប៉ូឡូញ​ជា​ម្ចាស់ផ្ទះ។

នាឱកាសនោះ​ ក៏មាន​វត្តមាន​របស់​ក្រុមហ៊ុន​ចិន​ប្រមាណ​៣០០​ក្រុមហ៊ុន​ ​ ហើយនិង​សហគ្រាស​នៃ​តំបន់​អឺរ៉ុប​កណ្តាល​និង​អឺរ៉ុប​ខាងកើត​ប្រមាណ​៤៥០​ ​ ដែល​ក្នុង​នេះ​​មាន​សហគ្រាស​នៃ​ប្រទេស​ប៉ួឡូញ​ប្រមាណ​៣០០​ផងដែរ។

គួរកត់​សម្គាល់ថា​ ​ ដំបូងឡើយ​ប្រទេសចិន​បានចាប់​បោះទុន​ធ្វើ​វិនិយោគ​បន្តិច​បន្តួច​នៅក្នុង​តំបន់​អឺរ៉ុប​កណ្តាល​និង​អឺរ៉ុប​ខាងកើត​ ​ ដោយ​បាន​បោះទុន​ប្រមាណ​ជា​៦២២ពាន់លាន​អឺរ៉ូ​នៅ​ចន្លោះ​ឆ្នាំ២០០៤-២០១០។​ ក៏​ប៉ុន្តែ​ បរិមាណ​ប្រចាំឆ្នាំ​នៃ​ប្រាក់​វិនិយោគ​បាន​ទ្វេ​មួយ​ជាពីរ​នារយៈ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។​ នេះ​បើយោងតាម​តួលេខ​នៅក្នុង​របាយការណ៍​នៅ​ពេលថ្មី​នេះ​របស់​វិជ្ជាស្ថាន​អភិវឌ្ឍន៍​អឺរ៉ុប​កណ្តាល​និង​អឺរ៉ុប​ខាងកើត (CEED) ។

សំណួរ​មួយ​បាន​ចោទសួរថា​ ​ តើ​មាន​មូលហេតុ​អ្វី​មក​ជំរុញ​ឲ្យ​ទីក្រុង​ប៉េកាំង​មក​បោះទុន​ធ្វើ​វិនិយោគ​នៅ​តំបន់​អឺរ៉ុប​កណ្តាល​និង​អឺរ៉ុប​ខាងកើត​យ៉ាង​ដូច្នេះ?

គេដឹង​ហើយថា​ ​ ប្រទេស​ចិន​មាន​សល់​ប្រាក់​អឺរ៉ូ​និង​ប្រាក់​ដុល្លារ​យ៉ាងច្រើន​សន្ធឹក​សន្ធាប់។​ ប៉ុន្តែ​ ទីក្រុង​ប៉េកាំង​ដែល​មក​បោះទុន​ធ្វើ​វិនិយោគ​នៅ​តំបន់​អឺរ៉ុប​កណ្តាល​និង​អឺរ៉ុប​ខាងកើត​យ៉ាង​ដូច្នេះ​ ​ មកពី​ប្រទេសចិន​មើល​ឃើញថា​ ​ “​បច្ចុប្បន្ននេះ​ តំបន់​អឺរ៉ុប​កណ្តាល​និង​អឺរ៉ុប​ខាងកើត​ជាតំបន់​មាន​ស្ថិរភាព​នយោបាយ​ ​ មាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ ​ កម្លាំង​ពលកម្ម​មាន​តម្លៃ​ទាប​ ​ ហើយ​ជា​ពិសេស​គឺ​ជា​ទីកន្លែង​ដ៏​ប្រពៃ​សម្រាប់​ធ្វើការ​បញ្ជូន​ផលិតផល​ទៅលក់​ឲ្យ​ទីផ្សារ​នៃ​ប្រទេស​អឺរ៉ុប​ខាងលិច​ដែល​ជា​ទិសដៅ​ដ៏​សំខាន់​របស់​ប្រទេស​ចិន”។

សូមបញ្ជាក់ថា​ ​ ការនាំ​ផលិតផល​ចិន​ចូល​សហភាព​អឺរ៉ុប​បាន​គុណ​មួយជា​បួន​នៅ​ចន្លោះ​ឆ្នាំ២០០០​និង​ឆ្នាំ២០១០​ ​ ដោយបាន​កើនឡើង​ដល់​២៤៣,៨ពាន់លាន​អឺរ៉ូ​សម្រាប់​តែ​រយៈពេល​១០ខែ​នៃ​ឆ្នាំ២០១១​ ​ នេះ​បើយោងតាម​វិជ្ជា​ស្ថាន​ស្ថិតិ​អឺរ៉ុប​Eurostat​។

រីឯ​ប្រទេស​នៃ​តំបន់​ចាយប្រាក់​អឺរ៉ូ​ដែល​កំពុង​តែ​ប្រយុទ្ធ​ទប់ទល់​នឹង​វិបត្តិ​ប្រាក់​បំណុល​ដ៏​ធំធេង​ កើតមាន​ក្តី​បាម្ភ​យ៉ាងខ្លាំង​នៅ​ចំពោះមុខ​ការ​មក​បោះទុន​ធ្វើ​វិនិយោគ​របស់​ប្រទេស​ចិន​នៅ​ក្នុង​តំបន់​អឺរ៉ុប​កណ្តាល​និង​អឺរ៉ុប​ខាងកើត​ ​ ដែលបាន​នាំគ្នា​ក្រាល​ព្រំ​ក្រហម​សម្រាប់​ទទួល​វិនិយោគិន​និង​អ្នកដឹកនាំ​ចិន។

គួរកត់​សម្គាល់ថា​ ​ ប្រទេស​ហុងគ្រី​អតីត​ប្រទេស​កុម្មុនិស្ត​អឺរ៉ុប​ខាងកើត​បាន​មក​ចូល​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប​ បាន​ស្វាគមន៍​ទទួល​ឧស្សាហករ​ចិន​ខាង​ផលិត​គ្រឿង​ឧបករណ៍​សម្រាប់​ទូរគមនាគមន៍​ឈ្មោះ​ Huawei ​ ​ ដែលជា​វិនិយោគិន​ដ៏​សំខាន់​សម្រាប់​តំបន់​ ​ ដែលរក​បាន​ប្រាក់​ចំណូល​បាន​ប្រមាណ​ជាង​ពីរពាន់​លាន​អឺរ៉ូ​សម្រាប់​ឆ្នាំ២០១១។

ហើយ​នាឱកាស​ជំនួប​កំពូល​សេដ្ឋកិច្ច​នៅ​ប្រទេស​ប៉ូឡូញ​នេះ​ ​ លោក​នាយក​រដ្ឋមន្ត្រី​ចិន​ វិន​ ជាប៉ាវ​ បាន​ថ្លែង​ឲ្យដឹងថា​ ​ គេ​នឹង​បង្កើត​ឲ្យ​មាន​ “មូលនិធិ​ចិន-អឺរ៉ុប​កណ្តាល”​មួយ​សម្រាប់​ជួយ​ជំរុញ​ការបោះទុន​ធ្វើ​វិនិយោគ​នៅ​ក្នុង​អតីត​ប្រទេស​កុម្មុយនិស្ត​អឺរ៉ុប​ខាងកើត។

“​ហើយ​ប្រទេស​ចិន​នឹង​ធ្វើ​សហការ​ជាមួយ​ប្រទេស​នៃ​តំបន់​អឺរ៉ុប​កណ្តាល​និង​អឺរ៉ុប​ខាងកើត​ ​ ដើម្បី​ជួយ​ពង្រឹង​ពង្រីក​ការដោះដូរ​ពាណិជ្ជកម្ម​ឲ្យ​កើនឡើង​ដល់​១០០ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ២០១៥​ខាងមុខ។​ នេះ​ជាការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ចិន​ វិន​ ជាប៉ាវ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ