អានតួអត្ថបទ
ចិន

កំណើន​សេដ្ឋកិច្ច​ចិន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​រាប់​ចាប់ពី​ឆ្នាំ​២០០៩

កំណើន​សេដ្ឋកិច្ច​ចិន ដែល​ជា​មហា​សេដ្ឋកិច្ច​លំដាប់​ទី២ នៅលើ​ពិភពលោក នៅតែ​បន្ត​ធ្លាក់ចុះ។ នៅ​ត្រីមាស​ទី១ ឆ្នាំ​២០១២​នេះ កំណើន​សេដ្ឋកិច្ច​ចិន (គិតជា​អត្រា​ប្រចាំឆ្នាំ) ​បាន​ធ្លាក់​ចុះ​មកនៅ​ត្រឹមតែ ៨,១%​ ប៉ុណ្ណោះ។ ថ្វីដ្បិត​តែ ទាំង​រដ្ឋាភិបាល​ចិន និង​ទាំង​អ្នក​ជំនាញ​សេដ្ឋកិច្ច​ជាទូទៅ​សុទ្ធតែ​បាន​ព្យាករ​ទុក​អំពី​ការ​ធ្លាក់ចុះ​នៃ​កំណើន​សេដ្ឋកិច្ច​ចិន ក៏ប៉ុន្តែ ៨,១% គឺ​ជា​អត្រា​មួយ​ទាប​ជាង​ការ​រំពឹង​ទុក​ទៅទៀត។

វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក និង​វិបត្តិ​បំណុល​នៅ​អឺរ៉ុប​បាន​ធ្វើ​ឲ្យ​ការនាំចេញ​ទំនិញ​ចិន​មាន​ការ​ធ្លាក់ចុះ
វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក និង​វិបត្តិ​បំណុល​នៅ​អឺរ៉ុប​បាន​ធ្វើ​ឲ្យ​ការនាំចេញ​ទំនិញ​ចិន​មាន​ការ​ធ្លាក់ចុះ REUTERS/Aly Song
ផ្សាយពាណិជ្ជកម្ម

កំណើន​សេដ្ឋកិច្ច ៨,១% នៅតែ​ជា​អត្រា​មួយ​ខ្ពស់ បើ​ធៀប​នឹង​មហាអំណាចសេដ្ឋកិច្ច​ភាគច្រើន​ផ្សេងទៀត។ ក៏ប៉ុន្តែ សម្រាប់​ចិន វាជា​អត្រា​មួយ​ទាបបំផុត មិន​ធ្លាប់មាន ក្នុងរយៈពេល ប្រមាណ​ជា ៣ឆ្នាំ​កន្លងទៅនេះ។ កាលពី​៣ខែមុន អត្រា​កំណើន​សេដ្ឋកិច្ច​ចិន មាន​រហូតដល់​ទៅ ៨,៩%។ អ្នកជំនាញ​ខាង​សេដ្ឋកិច្ច​បាន​នាំគ្នា​ព្យាករ​ថា អត្រា​កំណើន​នេះ​នឹង​ធ្លាក់ចុះ ប៉ុន្តែ មិន​នឹក​ស្មាន​ថា​​ធ្លាក់ចុះ​​មក​ដល់ ៨,១% បែបនេះ​ទេ។

កាលពីថ្ងៃ​ព្រហស្បតិ៍ ធនាគារ​ពិភពលោក​បាន​ព្យាករ​ថា អត្រា​កំណើន​សេដ្ឋកិច្ច​ចិន​អាច​នឹង​បន្ត​ធ្លាក់ចុះ​តទៅទៀត នៅ​ក្នុងរយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ​ទៀត​នេះ។

សេដ្ឋកិច្ច​ចិន ដែល​ពឹងផ្អែក​ខ្លាំង​លើ​ការ​នាំចេញ និង​ការ​វិនិយោគ កំពុង​ប្រឈមមុខ​នឹង​​​បញ្ហា​ពីរ៖ ទីមួយ គឺ​ការ​ធ្លាក់ចុះ​នៃ​តម្រូវការ​ទីផ្សារ​ក្រៅប្រទេស ជា​ពិសេស ទីផ្សារ​អាមេរិក និង​អឺរ៉ុប ដែល​បណ្តាល​មក​ពី​វិបត្តិ​សេដ្ឋកិច្ច និង​វិបត្តិ​បំណុល។ ក្នុងពេលជាមួយគ្នា​នេះ ការ​បង្កើន​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក​ចិនខ្លួនឯង ក៏​ពិបាក​នឹង​ធ្វើ។

បញ្ហា​ទីពីរ គឺ​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​ទំនិញ ជាពិសេស តម្លៃ​អចលនទ្រព្យ។ តាមការពិត គឺ​អាជ្ញាធរ​ចិន​​ខ្លួនឯង ដែល​បាន​ព្យាយាម​ចាត់វិធានការ​ជាច្រើន ក្នុងនោះ​ រួមមាន​ការ​កម្រិត​ចរន្ត​ឥណទាន​ឯកជន​ផង ដើម្បី​បញ្ចុះ​តម្លៃ​ទំនិញ និង​ទប់ស្កាត់​វិបត្តិ​ទីផ្សារ​អចលនទ្រព្យ។ ក៏ប៉ុន្តែ ការ​កម្រិត​ចរន្ត​ឥណទាន​នេះ​ទំនង​ជា​កំពុង​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​វិនិយោគ និង​ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ច​ចិន​ធ្លាក់ចុះ​ហួស​ពី​អ្វី ដែល​អាជ្ញាធរ​ចង់​បាន។

រដ្ឋាភិបាល​ចិន​ត្រូវ​ប្រឈមមុខ​នឹង​ជម្រើស​នយោបាយ​ដ៏​ស្មុគស្មាញ​មួយ គឺ​ម្ខាង​ត្រូវ​​រក្សា​កំណើន​សេដ្ឋកិច្ច​ឲ្យ​មាន​កម្រិត​ខ្ពស់ និង​ម្ខាងទៀត ត្រូវ​ទប់ស្កាត់​តម្លៃ​ទំនិញ​ឲ្យ​នៅទាប។ វិធានការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ អាច​នឹង​ធ្វើ​ឲ្យ​តម្លៃ​ទំនិញ​កើនឡើង ចំណែក​ឯ​វិធានការ​ទប់ស្កាត់​ការ​កើន​​ឡើង​នៃ​តម្លៃ​ទំនិញវិញ អាច​នឹង​ធ្វើ​ឲ្យ​​កំណើន​សេដ្ឋកិច្​ចធ្លាក់ចុះ។ ដូច្នេះ រដ្ឋាភិបាល​ចិន​កំពុង​តែ​ព្យាយាម​រក​នយោបាយ​កណ្តាល​មួយ ពីព្រោះ​ថា ការធ្លាក់ចុះ​នៃ​អត្រា​កំណើន​សេដ្ឋកិច្ច​ក៏​អាច​បណ្តាល​ឲ្យ​មាន​វិបត្តិ​សង្គម ហើយ​ការ​កើនឡើង​នៃ​តម្លៃ​ទំនិញ​ក៏​អាច​បណ្តាល​ឲ្យ​មាន​ការ​បះបោរ​ពី​សំណាក់​ប្រជាជន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ