អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ឡាវ៖ ផលចំណេញ​ពី​ការ​​ចូល​ក្នុង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់ពី​ឆ្លងកាត់​ដំណើរការ​ចរចា អស់រយៈពេល ១៥ឆ្នាំ ទីបំផុត ឡាវ​បាន​ឈាន​ជើង​មួយ​ជំហាន​ចូល​ទៅក្នុង​ក្លឹប​នៃ​ប្រទេស​ជាសមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ ក្រោយ​ពី​ក្រុមការងារ​ទទួលបន្ទុក​ចរចា​ជាមួយ​ឡាវ បាន​ឯកភាព​ទទួល​សមាជិកភាព​ឡាវ កាល​ពី​សប្តាហ៍មុន។ ការ​ដែល​ឡាវ​បាន​ចូល​ក្នុង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នេះ អាច​នឹង​ជួយ​ជួយ​​ឲ្យ​អាស៊ាន​កាន់តែ​មាន​ឥទ្ធិពល និង​​ដើរតួនាទី​កាន់តែ​សំខាន់​ថែម​ទៀត នៅលើ​ឆាក​អន្តរជាតិ ជាពិសេស ក្នុង​វិស័យ​ពាណិជ្ជកម្ម​អន្តរជាតិ និង​វិនិយោគ។

ការិយាល័យ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិពលោក (WTO/OMC)
ការិយាល័យ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិពលោក (WTO/OMC) AFP
ផ្សាយពាណិជ្ជកម្ម

ឡាវ ដែល​មាន​ឈ្មោះ​ជា​ផ្លូវការ​ថា “សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​ឡាវ” បាន​ដាក់ពាក្យ​សុំ​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (ហៅកាត់​តាម​ភាសា​អង់គ្លេស WTO ហើយ​តាម​ភាសា​បារាំង OMC) កាល​ពី​ឆ្នាំ​១៩៩៧។ ក្រុមការងារ​ដែល​មាន ៦៦​ប្រទេស​ជា​សមាជិក​ OMC ត្រូវបាន​បង្កើតឡើង នៅ​ឆ្នាំ​១៩៩៨ ដើម្បី​ទទួល​បន្ទុក​ចរចា​ជាមួយ​ឡាវ។ ក៏ប៉ុន្តែ រហូតដល់​ឆ្នាំ​២០០៤ ទើប​ក្រុមការងារ​នេះ​ចាប់ផ្តើម​ជួប​ប្រជុំគ្នា។

ការ​ចរចា​នេះ​ត្រូវបាន​បិទបញ្ចប់ កាលពីថ្ងៃ​សុក្រ ២៨ កញ្ញា ​សប្តាហ៍មុន ដោយ​​ប្រទេស​ទាំង ៦៦ នៅ​ក្នុង​ក្រុមការងារ​ (ដែល​ក្នុងនោះ​ក៏​រួមមាន​ប្រទេស​កម្ពុជា និង​ប្រទេស​សមាជិក​អាស៊ាន​ទាំង៨​ផ្សេងទៀត​ផងដែរ) បាន​មូលមតិគ្នា សម្រេចឲ្យ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ទទួល​យក​ឡាវ​ជា​សមាជិក។

សមាជិកភាព​ឡាវ​នឹង​ត្រូវ​ដាក់​ជូន​​ក្រុមប្រឹក្សា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ទាំង ១៥៧​ប្រទេស អនុម័ត នៅថ្ងៃ​ទី២៦ តុលា​ខាងមុខនេះ។ បន្ទាប់មក សភា​ឡាវ​ត្រូវ​អនុម័ត​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង រួចហើយ​​បញ្ជូន​លិខិតូបករណ៍​គតិយុត្ត​ស្តីពី​ការ​ផ្តល់​សច្ចាប័ន​នេះ​ត្រឡប់​ទៅ​តម្កល់​ទុក​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​វិញ ហើយ​៣០​ថ្ងៃ​ក្រោយមក ឡាវ​នឹង​ក្លាយ​​ជាសមាជិក​ផ្លូវការ​។

និយាយ​ជារួម ឡាវ​បាន​ឆ្លង​ផុត​ដំណាក់​កាល​សំខាន់​​​រួចហើយ នៅសល់​តែ​ការ​បំពេញ​នីតិវិធី​ច្បាប់​ជាផ្លូវការ​ប៉ុណ្ណោះ។ ជាទូទៅ ដំណើរការ​នីតិវិធីទាំងនេះ មិន​មាន​អ្វី​ត្រូវ​ចោទ​ជា​បញ្ហា​នោះទេ។ ជោគជ័យ​របស់​ឡាវ ក្នុងការ​ចរចា​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នៅពេលនេះ កើតមាន​គាប់​ជួននឹង​ពេល​ដែល​ឡាវ​ត្រូវ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ជំនួបកំពូល​អាស៊ី-អឺរ៉ុប (ហៅកាត់​ថា ASEM) នៅ​ខែ​វិច្ឆិកា​ក្រោយនេះ។

ការ​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក គឺមាន​ន័យថា ឡាវ​នឹង​ត្រូវ​កាត់បន្ថយ​រនាំងពន្ធគយ សម្រាប់​ការ​នាំចូល​ទំនិញ​ពីបរទេស ក៏ប៉ុន្តែ ក្នុង​ពេល​ជាមួយ​គ្នា ឡាវ​ក៏​អាច​មាន​ឱកាស​ទាញ​យក​ផលចំណេញ​ពី​ការនាំទំនិញ​ចេញ​ ទៅកាន់​ទីផ្សារ​អន្តរជាតិ​ផងដែរ។

លើសពីនេះ​ទៅទៀត សមាជិកភាពនេះ នឹង​ជួយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ឡាវ​ធ្វើ​កំណែទម្រង់​ក្នុង​ស្រុក ដើម្បី​​តម្រូវ​តាម​លក្ខខណ្ឌ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។ ជាក់ស្តែង យើង​សង្កេតឃើញ​ថា ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​ចរចា​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ឡាវ ដែល​ជា​ប្រទេស​ស្ថិត​ក្រោម​របបដឹកនាំ​កុម្មុយនិស្ត​នោះ បាន​រៀបចំ​ធ្វើ​កំណែទម្រង់​សំខាន់​ៗ​ជាច្រើន ជាពិសេស គឺ​ការ​បើក​ចំហ​សេដ្ឋកិច្ច និង​កំណែទម្រង់​ប្រព័ន្ធ​ច្បាប់។

នៅ​ក្នុង​ការចរចា​ជាមួយ​ក្រុមការងារ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក រដ្ឋាភិបាល​ឡាវ​ក៏​បាន​សន្យា​ផងដែរ​ថា​នឹង​ជំរុញ​ការ​ធ្វើ​កំណែទម្រង់​នេះ​ជា​បន្ត​ទៀត ជាពិសេស ការ​រៀបចំ​ច្បាប់​ការពារ​កម្មសិទ្ធិ​បញ្ញា ការត្រួតពិនិត្យ​គុណភាព​ចំណីអាហារ តម្លាភាព​ក្នុងការ​ផ្តល់​អាជ្ញាប័ណ្ណ​នាំចូល ព្រមទាំង​ការ​បង្កើន​ប្រសិទ្ធិភាព​ការងារ​គយ ការប្រកួតប្រជែង​ដោយ​ស្មើភាព​រវាង​ក្រុមហ៊ុន​រដ្ឋ និង​ក្រុមហ៊ុន​ឯកជន ។ល។ និង ។ល។ ក្នុងឋានៈ​ជា​ប្រទេស​មាន​ការអភិវឌ្ឍ​តិចតួច ឡាវ​អាច​ទទួលបាននូវ​​ជំនួយ​ពី​ប្រទេស​សមាជិក​ផ្សេងទៀត​ ក្នុង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ ដើម្បី​បន្ត​​ធ្វើ​កំណែទម្រង់​ទាំងនេះ។

យោងតាម​ការ​ប៉ាន់ស្មាន​របស់​​ធនាគារ​ពិភពលោក កាលពី​ឆ្នាំ​២០០៨ ប្រជាជន​ឡាវ​ប្រមាណ​ជា ២៨% កំពុង​រស់នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ។ ក៏ប៉ុន្តែ ធនាគារ​ពិភពលោក​ក៏​បាន​បញ្ជាក់​ផងដែរ​ថា ឡាវ​កំពុង​តែ​ដើរ​តាម​គន្លងផ្លូវ​ល្អមួយ ឆ្ពោះទៅ​សម្រេច​គោលដៅ​កាត់បន្ថយ​ភាព​ក្រីក្រ សម្រាប់ឆ្នាំ​២០២០។

អ្នកវិភាគ​ជាច្រើន​យល់ថា ការ​ចូលក្នុង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក នឹងជួយ​ឲ្យ​ឡាវ​បង្កើន​​ពាណិជ្ជកម្ម​ក្រៅប្រទេស បង្កើត​ដៃគូ​ពាណិជ្ជកម្ម​ថ្មីៗ ទាក់ទាញ​វិនិយោគ​ពី​បរទេស​ឲ្យ​មក​ដាក់​ទុន​ក្នុង​ប្រទេស​ឡាវ បង្កើន​សកម្មភាព​ផលិត និង​បង្កើតការងារ​ដល់​ប្រជាជន​ឡាវ។ ទាំងអស់នេះ បើ​រួម​ជាមួយ​នឹង​តម្លាភាព និង​អភិបាលកិច្ចល្អ​ គឺ​ជា​កត្តា​ដ៏សំខាន់​មួយ ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច ដើម្បី​កាត់បន្ថយ​ភាព​ក្រីក្រ។

សម្រាប់​អាស៊ាន ការ​ដែល​ឡាវ​បាន​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ក៏​អាច​នឹង​ផ្តល់​ផល​ល្អ​ដែរ។ គួរបញ្ជាក់ថា នៅ​ពេល​បច្ចុប្បន្ន​នេះ ឡាវ គឺ​ជា​ប្រទេស​តែមួយ​គត់ នៅ​ក្នុង​តំបន់​អាស៊ាន ដែល​នៅមិនទាន់​បាន​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។ សមាជិកភាព​របស់​ឡាវ មានន័យថា តំបន់​អាស៊ាន​ទាំងមូល​នឹង​ត្រូវ​​ស្ថិត​ក្នុង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដែល​ជា​ជំហាន​ដ៏សំខាន់​មួយ​ទៀត ដើម្បី​ឲ្យ​អាស៊ាន​ឈាន​ទៅ​បង្កើន​ឥទ្ធិពល និង​តួនាទី​ក្នុង​ឆាកអន្តរជាតិ ទាំង​ក្នុង​វិស័យ​ពាណិជ្ជកម្ម​អន្តរជាតិ វិនិយោគ និង​នយោបាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ