អានតួអត្ថបទ
ជប៉ុន-ចិន

សញ្ញាប័ណ្ណ​​របស់​​រដ្ឋចិន​​នឹងត្រូវ​​ជប៉ុន​​ទិញជា​​លើកទីមួយ​​

ប្រទេស​ជប៉ុន​បាន​ប្រកាស​ឲ្យដឹងថា​ ​ ទីក្រុង​តូក្យូ​នឹង​ទិញ​សញ្ញាប័ណ្ណ​របស់​រដ្ឋ​​ចិន​ជាលើក​ទីមួយ។​ ការទិញ​សញ្ញាប័ណ្ណ​របស់​ជប៉ុននេះ​គឺជា​សញ្ញា​បង្ហាញ​ឲ្យ​ឃើញ​ពីការ​ពង្រឹង​ទំនាក់​ទំនង​និង​ការ​ដោះដូរ​ហិរញ្ញវត្ថុ​រវាង​មហាអំណាច​អាស៊ី​ទាំងពីរ។

ជំនួប​កំពូល​​រវាង​​លោក​នាយក​រដ្ឋមន្ត្រី​​ជប៉ុន​​​ Yoshihiko​​ Noda​​ និង​​​លោក​​នាយក​​រដ្ឋមន្ត្រី​​ចិ​ន​​​ Wen​ Jiabao ​​​នៅចុង​​ខែ​ធ្នូ​​​កន្លង​ទៅនេះ​​
ជំនួប​កំពូល​​រវាង​​លោក​នាយក​រដ្ឋមន្ត្រី​​ជប៉ុន​​​ Yoshihiko​​ Noda​​ និង​​​លោក​​នាយក​​រដ្ឋមន្ត្រី​​ចិ​ន​​​ Wen​ Jiabao ​​​នៅចុង​​ខែ​ធ្នូ​​​កន្លង​ទៅនេះ​​ © RFI
ផ្សាយពាណិជ្ជកម្ម

“​យើងបាន​ទទួល​ការយល់ព្រម​ពី​អាជ្ញាធរចិន​ដើម្បី​ទិញ​សញ្ញាប័ណ្ណ​របស់​រដ្ឋចិន​ដែលមាន​ទឹកប្រាក់​ចំនួន​៦៥ពាន់លានយ័ន​ឬត្រូវជា​១០,៣ពាន់លាន​ដុល្លារ​”​ ​ នេះ​ជាការ​ថ្លែង​ពន្យល់​នៅ​ថ្ងៃអង្គារនេះ​ដោយ​លោក​ Jun Azumi ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ជប៉ុន។

 
ការទិញ​សញ្ញាប័ណ្ណ​រដ្ឋចិន​ដោយ​ជប៉ុននេះ​គឺឋិត​នៅក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចព្រមព្រៀង​ហិរញ្ញវត្ថុ​មួយចំនួន​ដែល​សម្រេចបាន​នាឱកាស​ជំនួប​កំពូល​រវាង​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន​ Yoshihiko Noda និង​លោក​នាយករដ្ឋមន្ត្រី​ចិន​ Wen Jiabao ​នៅចុង​ខែធ្នូ​កន្លងទៅនេះ។

ខុស​ផ្ទុយ​ពី​ប្រទេស​ដទៃទៀត​ ​ ប្រទេសចិន​ពុំ​អនុញ្ញាត​ឲ្យ​វិនិយោគិន​ទិញ​សញ្ញាប័ណ្ណ​របស់​រដ្ឋចិន​ដោយសេរី​ឡើយ។​ គេអាច​ទិញបាន​ លុះត្រាណាតែ​មានការ​អនុញ្ញាត​ពិសេស​ពី​អាជ្ញាធរចិន​ជាមុនសិន។

គួរកត់​សម្គាល់ថា​ ​ ប្រទេសចិន​បាន​ក្លាយជា​ប្រទេស​មួយដ៏​សំខាន់​ក្នុង​ចំណោម​ប្រទេស​សំខាន់ៗ​ទាំងប្រាំ​ដែលបាន​ទិញ​សញ្ញាប័ណ្ណ​របស់​រដ្ឋជប៉ុន​។​ ដូច្នេះ​ទីក្រុង​ប៉េកាំង​ត្រូវតែ​ផ្តល់​ការអនុញ្ញាត​ឲ្យ​ប្រទេស​ជប៉ុន​ ​ ដើម្បី​រក្សា​ឲ្យមាន​បដិការភាព​រវាង​ប្រទេស​ទាំងពីរ។
 ដូច្នេះ​ កិច្ចព្រមព្រៀង​ចិន-ជប៉ុន​នៅ​ចុងខែធ្នូ​កន្លងទៅ​គឺមាន​គោលបំណង​យក​ប្រាក់យេន​ជប៉ុន​និង​ប្រាក់យ័នចិន​មកប្រើ​ក្នុង​ការ​ដោះដូរ​ពាណិជ្ជកម្ម​និង​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ​ ​ ដោយ​ចៀសវាង​ប្រើ​ប្រាក់​ដុល្លារ​អាមេរិក​ដែល​បច្ចុប្បន្ន​នេះ​តំណាង​ដល់ទៅ​៦០%​នៃ​ការដោះដូរ​រវាង​ចិន​និងជប៉ុន។

សូមបញ្ជាក់ថា​ ​ ការយក​ប្រាក់យេន​ជប៉ុន​និង​ប្រាក់យ័នចិន​មកប្រើ​ក្នុង​ការ​ដោះដូរ​ពាណិជ្ជកម្ម​អាច​ធ្វើឲ្យ​សហគ្រាស​នៃ​ប្រទេស​ទាំងពីរ​កាត់​បន្ថយ​សោហ៊ុយ​របស់ខ្លួន​ ​ ហើយនិង​បន្ថយ​ការខូចខាត​នៅ​គ្រាដែល​រូបិយប័ណ្ណ​អាមេរិក​ជួបនឹង​ការ​មុជងើប​ម្តងៗ។​ ដូច្នេះ​ ​ ទាំងទីក្រុង​ប៉េកាំង​ ទាំងទីក្រុង​តូក្យូ​មើលឃើញ​ថា ​ កិច្ចព្រមព្រៀង​ចិន-ជប៉ុន​នេះ​នឹង​នាំមក​ឲ្យ​នូវ​ស្ថិរភាព​ហិរញ្ញវត្ថុ​ដល់​តំបន់​អាស៊ី​ទាំងមូល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ