អានតួអត្ថបទ
ចិន

សម័យប្រជុំ​ប្រចាំឆ្នាំ​សភា​ចិន​ចាប់បើក​ដោយ​ផ្តោត​លើ​បញ្ហា​សេដ្ឋកិច្ច​និង​សង្គម

កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​នៃ​សភា​ប្រជាជន​ចិន​បាន​ចាប់​បើកធ្វើ នៅ​ថ្ងៃ​ចន្ទ​នេះ សម្រាប់​រយៈពេល ១០ថ្ងៃ។ នៅ​ក្នុង​សុន្ទរកថា​បើក​កិច្ចប្រជុំ​នេះ លោក​នាយករដ្ឋមន្រ្តី វេន ជៀប៉ាវ បាន​ផ្តោត​ជា​សំខាន់​លើ​អត្រា​កំណើន​សេដ្ឋកិច្ច និង​អត្រា​អតិផរណា សម្រាប់​ឆ្នាំ​២០១២ ព្រមទាំង​ជម្លោះដីធ្លី ដែល​ជា​បញ្ហា​ដ៏​ក្តៅគគុក​នៅ​ចិន។

លោក​ហ៊ូ ជិនតាវ (ឆ្វេង) និង​លោក​វេន ជៀប៉ាវ ក្នុង​ពេល​បើក​សម័យ​ប្រជុំ​សភា​ប្រចាំឆ្នាំ
លោក​ហ៊ូ ជិនតាវ (ឆ្វេង) និង​លោក​វេន ជៀប៉ាវ ក្នុង​ពេល​បើក​សម័យ​ប្រជុំ​សភា​ប្រចាំឆ្នាំ REUTERS/Jason Lee
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សុន្ទរកថា​ចំពោះមុខ​គណៈប្រតិភូ​ប្រមាណ ៣០០០នាក់ នៅ​ក្នុង​ការបើក​កិច្ចប្រជុំ​សភា​ប្រចាំឆ្នាំ នៅ​​ព្រឹកថ្ងៃ​ចន្ទ​នេះ លោក​ វេន ជៀប៉ាវ បាន​កំណត់​គោលដៅ​​កំណើន​សេដ្ឋកិច្ច សម្រាប់​ឆ្នាំ​២០១២​នេះ ត្រឹម ៧,៥% ពោលគឺ តិច​ជាង​អត្រា​កំណើន កាលពី​ឆ្នាំ​២០១១ ដែល​មាន ៨%។ អត្រា​អតិផរណា​វិញ ក៏​នឹង​ត្រូវ​កាត់បន្ថយ​​ឲ្យ​មកនៅ​ត្រឹម ៤% ដែរ នៅ​ឆ្នាំ​២០១២ ធៀប​នឹង​ឆ្នាំ​២០១១ ដែល​មាន​រហូតដល់ ៥,៤%។

ការកើនឡើង​នៃ​តម្លៃ​ទំនិញ​ទូទៅ ជាពិសេស ទំនិញ ដែល​ជា​តម្រូវការ​ចាំបាច់​ប្រចាំថ្ងៃ​របស់​ប្រជាជន កំពុង​តែ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ចិន​ព្រួយបារម្ភ​ខ្លាច​កើតមាន​ការ​បះបោរ​តវ៉ា ពី​សំណាក់​ប្រជាជន។ ជម្លោះ​ដីធ្លី ក៏​ជា​កង្វល់​ដ៏​ធំ​មួយ​ដែរ។ នៅ​ក្នុង​ពេល​ដែល​តម្លៃ​ដី និង​ផ្ទះ កំពុង​តែ​ត្រូវប៉ាន់ អាជ្ញាធរ​ដែនដី​ចិន​​បាន​ឃុបឃិត​ជាមួយ​ឈ្មួញ យក​ដីប្រជាជន​ ដើម្បី​សង់​អគារ​លក់​ ដែល​ជា​ហេតុ​នាំ​ឲ្យ​​ប្រជាជន​ម្ចាស់ដី​នាំគ្នា​ងើប​ឡើង​​តវ៉ា​ប្រឆាំង​ឥតលស់​ពេល​។

នៅ​ក្នុង​សុន្ទរកថា​ថ្ងៃ​ចន្ទ​នេះ លោក​ វេន ជៀប៉ាវ​ បាន​សង្កត់ធ្ងន់ថា សិទ្ធិ​របស់ប្រជាជន​លើ​ដីធ្លី ដែល​ពួក​គេ​កំពុង​កាន់កាប់ មិន​អាច​អ្នកណា​រំលោភ​បាន​ជា​ដាច់ខាត។ ក៏ប៉ុន្តែ នេះ​ទំនង​ជា​បណ្តាំ​នយោបាយ​សម្រាប់​មេដឹកនាំ​ជំនាន់​ក្រោយ ជាជាង​នយោបាយ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន ពីព្រោះ​ថា នេះ​គឺ​ជា​ឆ្នាំ​ចុងក្រោយ ដែល​លោក​វេន ជៀប៉ាវ កាន់តំណែង​ជា​នាយក​រដ្ឋមន្រ្តី។

ការផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ ដែល​គណបក្ស​កុម្មុយនិស្ត​ចិន​តែងតែ​រៀបចំ​ធ្វើ​នៅរៀងរាល់​១០ឆ្នាំម្តង នឹង​ត្រូវ​ចាប់ផ្តើម​នៅ​ខែ​តុលា ខាងមុខ។ មេដឹកនាំ​បក្ស រាប់ចាប់តាំង​ពី​សមាជិក​គណៈមជ្ឈិម រហូតដល់​អគ្គលេខាបក្ស នឹង​ត្រូវ​ផ្លាស់ប្តូរថ្មី​។ បន្ទាប់​ពី​ផ្លាស់ប្តូរ​មេដឹកនាំ​បក្ស ថ្នាក់ដឹកនាំ​រដ្ឋ​ក៏​នឹង​ត្រូវ​ផ្លាស់ប្តូរ​ដែរ នៅ​ខែ​មីនា ឆ្នាំ​២០១៣។

លោក​ស៊្ហី ជីនពីង (Xi Jinping) ដែល​បច្ចុប្បន្ន​ជា​អនុប្រធានាធិបតី​ ត្រូវ​គេមើលឃើញ​ថា​ជា​អ្នក​​ត្រូវ​ឡើង​មក​កាន់​តំណែង​ជា​​អគ្គលេខា​បក្ស​ និង​ជា​ប្រធានាធិបតី ជំនួស​លោក​ហ៊ូ ជិនតាវ។ ចំណែក​ឯ​តំណែង​នាយករដ្ឋមន្រ្តី​វិញ ទំនង​ជា​នឹង​ត្រូវ​ផ្ទេរ​ទៅ​ឲ្យ​លោកលី ខឺឈាំង (Li Keqiang) ដែល​បច្ចុប្បន្ន​ជា​ឧបនាយករដ្ឋមន្រ្តី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ