អានតួអត្ថបទ
ចិន​-សេដ្ឋកិច្ច​

ធនាគារ​ពិភពលោក​អំពាវនាវ​ឲ្យប្រទេសចិន​កែទម្រង់​សេដ្ឋកិច្ច​របស់ខ្លួន​

« ប្រទេសចិន​នឹង​ត្រូវ​​ធ្វើការ​ប្តូរប្រែ​គំរូ​សេដ្ឋកិច្ច​របស់​ខ្លួន ​"​ ​នេះ​ជាការ​អំពាវនាវ​របស់​ធនាគារ​ពិភពលោក​ដែល​ទីក្រុង​ប៉េកាំង​បាន​ ផ្សព្វផ្សាយ​ឲ្យដឹង​កាលពី​ម្សិលមិញ។​ ធនាគារ​ពិភពលោក​បាន​ប្រមើលថា​ ​ អត្រា ​កំណើន​សេដ្ឋកិច្ច​ចិន​ដែលមាន​ប្រមាណ​១០%​ក្នុង១ឆ្នាំៗ​នារយៈកាល​៣០ឆ្នាំ​ កន្លងទៅ ​ ​នឹងត្រូវ​ធ្លាក់​ស្រុត​មកនៅ​ត្រឹម​៥ឬ៦%​ប៉ុណ្ណោះ​ក្នុង១ឆ្នាំៗ​ សម្រាប់​រយៈពេល​២០ឆ្នាំ​ខាងមុខនេះ។

លោក​ Robert Zoellick ប្រធានធនាគារ​ពិភពលោក
លោក​ Robert Zoellick ប្រធានធនាគារ​ពិភពលោក © REUTERS
ផ្សាយពាណិជ្ជកម្ម

ប្រទេសចិន​ដែលបាន​ស្គាល់​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ដ៏​ខ្លាំង​អស្ចារ្យ​ពុំដែល​មាន​នៅក្នុង​ប្រវត្តិសាស្ត្រ​ ​ ពោលគឺ​មាន​អត្រា​ប្រមាណ​១០%​ក្នុង១ឆ្នាំៗ​នារយៈកាល​៣០ឆ្នាំ​កន្លងទៅ ​ ​ឥឡូវនេះ​បាន​ឈាន​ដល់​ដំណាក់ការ​មួយថ្មី​ដែលជា​ដំណាក់ការ​នៃ​ប្រទេស​ដែល​សេដ្ឋកិច្ច​មាន​លក្ខណៈ​ពេញវ័យ​។​ ដូច្នេះ​អត្រា​នៃ​កំណើន​សេដ្ឋកិច្ច​ក៏​ត្រូវ​ធ្លាក់​ស្រុត​​ចុះ​ ​ លែងមាន​លក្ខណៈ​ជា​អត្រា​កំណើន​សេដ្ឋកិច្ច​នៃ​ប្រទេស​ក្មេងខ្ចី​កំពុង​ស្ទុះ​អភិវឌ្ឍន៍​ទៀតហើយ។

 
“សេដ្ខកិច្ច​ចិន​ចាំបាច់​ត្រូវតែ​ធ្វើការ​កែទម្រង់​ឲ្យបាន​ស៊ីជម្រៅ​ដើម្បី​អនុលោម​តាម​ស្ថានភាព​ថ្មី​របស់ខ្លួន”។​ នេះ​ជាការ​អំពាវនាវ​របស់​ធនាគារ​ពិភពលោក​ដែល​ទីក្រុង​ប៉េកាំង​បាន​ផ្សាយឲ្យដឹង​កាលពី​ថ្ងៃចន្ទ​ទី២៧​កុម្ភៈ​ឆ្នាំ២០១២​ម្សិលមិញ។

គួរកត់​សម្គាល់ថា​ ​ ជាមួយ​នឹង​ល្បឿន​ដ៏​លឿន​អស្ចារ្យ​នៃ​អត្រា​កំណើន​សេដ្ឋកិច្ច​ចិន​ដែលមាន​ប្រមាណ​១០%​ក្នុង១ឆ្នាំៗ​ នារយៈពេល​៣០ឆ្នាំ​កន្លងទៅ​ ​ ប្រទេសចិន​បាន​​ប្រែក្លាយ​ទៅជា​មហាអំណាច​សេដ្ឋកិច្ច​ទីពីរ​ពិភពលោក​ឋិតនៅ​ពីក្រោយ​សហរដ្ឋ​អាមេរិក​។​ ក៏ប៉ុន្តែ​សេណារីយោ​នេះ​បាន​ឈានដល់​វគ្គចុងក្រោយ​របស់​ខ្លួន។​ បើយោងតាម​ការសិក្សា​របស់​ធនាគារ​ពិភពលោក​ដែល​បានផ្សាយ​ឲ្យដឹង​នៅពេល​ថ្មីៗនេះ​ ​ នៅ​រយៈពេល​២០ឆ្នាំ​ខាងមុខនេះ​ ​ អត្រា​កំណើន​សេដ្ឋកិច្ច​ចិន​នឹង​ត្រូវ​ធ្លាក់​មកនៅ​ត្រឹម​៥ឬ៦%​ក្នុង១ឆ្នាំៗ​ ​ ពោលគឺ​ត្រូវ​ធ្លាក់ស្រុត​បាត់បង់​អស់​ប្រមាណ​ជា​ពាក់កណ្តាល។

គំរូ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ចិន​បច្ចុប្បន្ន​ដែល​ផ្អែកលើ​ការ​ធ្វើ​វិនិយោគ​សម្រាប់​នាំទំនិញ​ចេញ​ទៅលក់​ក្រៅប្រទេស​ ​ ត្រូវតែ​សើរើ​មើល​ឡើងវិញ​នូវ​ “អាទិភាព”​របស់ខ្លួន​ ​ ហើយនិងត្រូវ​បិទ​បញ្ចប់​សម័យ​អន្តរកាល​របស់ខ្លួន​ដើម្បី​ឈាន​ទៅរក​ “​សេដ្ឋកិច្ច​ទីផ្សារ”​ដ៏​ពេញលេញ។​ ឯកសារ​សិក្សា​របស់​ធនាគារ​ពិភពលោក​នេះ​បាន​ទទួល​ការគាំទ្រ​ពីសំណាក់​លោក​អនុប្រធានាធិបតី​ចិន​ Xi jinping ​និង​លោក​ឧបនាយក​រដ្ឋមន្ត្រី​ Li Keqiang ​ដែលគេ​មើលឃើញថា​ ​ នឹងត្រូវ​ក្លាយ​ទៅជា​មេដឹកនាំ​កំពូល​នៃ​ប្រទេស​ចិន​នៅ​ឆ្នាំ២០១៣​ខាងមុខនេះ។

ក្រៅពីនេះ ធនាគារ​ពិភពលោក​បាន​ស្នើ​ឲ្យ​ប្រទេសចិន​ធ្វើការកែ​ទម្រង់​ ​ ធ្វើយ៉ាងណា​ឲ្យ​សហគ្រាស​ខ្នាតតូច​និង​មធ្យម​មាន​លទ្ធភាព​គ្រប់គ្រាន់​នឹង​ទទួលបាន​ឥណទាន​ ​ ហើយនិង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ធនាគារ​ចិន​ឋិតនៅ​ក្រោម​ការគ្រប់គ្រង​នៃ​វិធានច្បាប់​ទីផ្សារ​។ ធនាគារ​ពិភពលោក​ក៏បាន​អំពាវនាវ​ផងទៀត​ឲ្យ​អាជ្ញាធរចិន​ធ្វើ​សេរីកម្ម​ទៅលើ​ការកំណត់​អត្រា​ការប្រាក់។ នៅមាន​អនុសាសន៍​ជាច្រើន​ទៀត​របស់​ធនាគារ​ពិភពលោក​ ​ មាន​ដូចជា៖
-​ ការពង្រឹង​ក្នុងវិស័យ​ស្រាវជ្រាវ​ច្នៃប្រឌិត​។
-​ ការពង្រឹង​ប្រព័ន្ធ​ការពារ​សង្គម។
-​ ការពង្រឹង​ប្រព័ន្ធ​ការពារ​បរិស្ថាន។
-​ ការធានា​និង​ការពារ​សិទ្ធិ​ដីធ្លី​របស់​ប្រជា​កសិករចិន។

ទី១-​   « សំណុំរឿង​ប្រាក់បំណុល​ពិសពុល »​ដែល​មាន​នៅក្នុង​ប្រព័ន្ធ​ធនាគារចិន​ ​ ដែលអាច​ក្លាយទៅជា​ការគំរាម​មួយ​ដ៏​គួរឲ្យ​បារម្ភ​។​ ដោយហេតុថា​ ​ សមូហភាព​តំបន់​ចិន​មាន​ជាប់​ជំពាក់​បំណុល​ដែលមាន​បរិមាណ​ដ៏​សែនច្រើន​ពេកក្រៃ។
ទី២-​ បញ្ហា​ទិញលក់​កេងយក​ចំណេញ​ក្នុង​វិស័យ​អចលនទ្រព្យ​ចិន​ដែល​បង្ក​បង្កើត​ចេញជា​ bulle immobilière ​ឬ​ខ្យល់បំប៉ោង​អចលនទ្រព្យ​ក៏​ជា​ការគំរាម​មួយ​ដ៏គួរឲ្យ​បារម្ភ​យ៉ាងខ្លាំងដែរ។
ទី៣-​ បញ្ហា​ធ្វើការ​ដំឡើង​ថ្លៃ​ប្រាក់យ័ន​ដែល​ជាការ​ចៀស​ពុំផុត។

សូមបញ្ជាក់ថា​ ​ នៅក្នុង​របាយការណ៍​របស់​ធនាគារ​ពិភពលោក​ក៏​បាន​ទាមទារ​ផងទៀត​ ​ ឲ្យ​អាជ្ញាធរ​ចិន​សើរើ​មើល​ឡើងវិញ​ពី​តួនាទី​របស់​ « សហគ្រាស​រដ្ឋចិន »​​ ​ ព្រមទាំង​ឲ្យ​លើកចេញ​នូវ​សម្ពាធ​តឹងរ៉ឹង​ដែល​ទីក្រុងប៉េ​កាំង​បាន​ដាក់​ទៅលើ​សហគ្រាស​បរទេស​ក្នុង​វិស័យ​សំខាន់ៗ​ដូចជា​ ​ វិស័យ​រថយន្ត​ ​ ថាមពល​ ​ ហិរញ្ញវត្ថុ​  ​ និង​វិស័យ​ទូរគមនាគមន៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ