អានតួអត្ថបទ
កម្ពុជា

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ឆ្លើយឆ្លង​លើកដំបូង​មក​លោកជា មុនី​

គឺជា​លើក​ដំបូង​ហើយ​ ដែល​លោក ស ខេង​ ឧបនាយករដ្ឋមន្ត្រី ​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​បាន​ឆ្លើយ ​តប​នឹង​លិខិត​របស់​លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​។ ​នោះ​គឺ​លោក ស ខេង ​បាន​ស្នើ​ឲ្យ​លោក​ជា​មុនី​ ជួយ​ចលនា​អប់រំ ​ណែនាំ​ដល់​កម្មករ ដែល​ធ្វើ​បាតុកម្ម សូម​ចៀសវាង​ការប្រើ​អំពើហិង្សា​ឬ​ក៏​បិទ​ផ្លូវ នៅពេល​តវ៉ា​។​ លោក​ជា​មុនី បាន​សរសេរ​លិខិត​គាំទ្រ​បទបញ្ជា​របស់​លោក ស ខេង ដែល​បាន​ហាម​មិនឲ្យ​កម្លាំងប្រដាប់អាវុ​ធ ប្រើ​អំពើហិង្សា​លើក​ម្មករ​តវ៉ា។

លោក ជា មុនី ប្រធាន​​សហជីព​​សេរី​កម្មករ​
លោក ជា មុនី ប្រធាន​​សហជីព​​សេរី​កម្មករ​ © ស៊ីវ​ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១២ ដែល​បាន​បញ្ជូន​ទៅ​ដល់​សហជីព​សេរី​កម្មករ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ លោក ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​បាន​អរគុណ​លោក​ជា​មុនី​ ដែល​បាន​សរសេរ​លិខិត ​ដើម្បី​សម្តែង​នូវ​ការគាំទ្រ ​និង​អបអរសាទរ​ចំពោះ​អនុសាសន៍​របស់​លោក​រដ្ឋមន្ត្រី​ ដែល​បាន​ណែនាំ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ និង​កងកម្លាំង​នគរបាលជាតិ ​ត្រូវ​ចៀសវាង​ដាច់ខាត​ការប្រើ​ប្រាស់​កាំភ្លើង​ និង​អំពើ​ហិង្សា ​ក្នុង​ការទប់ស្កាត់​បាតុកម្ម ​កូដកម្ម​ ឬ​ការតវ៉ា​នានា ​របស់​កម្មករ​ និង​ប្រជាពលរដ្ឋ។

 
ក្នុង​លិខិត ​លោក ស ខេង ​បាន​លើកឡើង​ថា ​បទបញ្ជា​ខាងលើនេះ ជាគោល​ការណ៍​ដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា ​ដែល​មាន​លោក ហ៊ុន​សែន ​ជា​ប្រមុខ​។ ​ជាមួយគ្នា​នោះ លោក​ស​ខេង​បាន​ស្នើ​លោក​ជា​មុនី ​ក្នុងនាម​ជា​ប្រធាន​សហជីព​សេរី​កម្មករ ​សូម​ជួយ​ចលនា ​អប់រំ​ណែនាំ ដល់​កម្មករ​កម្មការិនី​យើង​ដែល​ធ្វើ​បាតុកម្ម​ កូដកម្ម​ ឬ​តវ៉ា​នានា ​សូម​ជៀសវាង​ការប្រើ​អំពើហិង្សា​នានា​ ដូចជា​កាន់ដំបង​ គប់​ដប​សាំង ​គប់​ដុំ​ថ្ម ​ឬ​ដុំឥដ្ឋ​...​។​ល​។ ​មក​លើ​សមត្ថកិច្ច ​ឬ​វាយ​បំផ្លាញ​រោងចក្រ ឬ​បិទ​ផ្លូវ​មិន​ឲ្យ​សាធារណជន​ធ្វើ​ចរាចរណ៍​..."​។

លោក ស ខេង​ បាន​គូស​បញ្ជាក់​ថា ការតវ៉ា ​ត្រូវធ្វើ​ដោយ​សន្តិវិធី តាមរយៈ​ការចរចា​ដោះស្រាយ​ជាមួយ​អ្នកពាក់ព័ន្ធ និង​ត្រូវ​ធានាថា ការធ្វើ​បាតុកម្ម ឬ​កូដកម្ម ត្រូវ​អនុវត្ត​ឲ្យបាន​ហ្មឹង​ម៉ាត់ តាម​ច្បាប់​ស្តីពី​ការធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​។

នៅ​ថ្ងៃ​ពុធ​នេះ លោក​ជា​មុនី បាន​ទទួលយក​ការ​ពឹងពាក់​របស់លោក​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ដែល​បាន​ធ្វើលិខិត​ឆ្លើយតប​ជា​លើកដំបូង​។ លោក​ជា​មុនី សន្យាថា លោក​នឹង​អប់រំ​កម្មករ កុំឲ្យ​ប្រើ​អំពើហិង្សា នៅពេល​តវ៉ា​។ ក៏​ប៉ុន្តែ​តាម​លោក​ជា​មុនី អំពើហិង្សា កើតឡើង​ដោយសារតែ​ភាគី​ថៅកែ​រោងចក្រ និង​ប៉ូលិស រំលោភ​លើ​កម្មករ ដែល​ជា​អ្នកទន់ខ្សោយ​។ លោក​ជា​មុនី ស្នើ​ឲ្យមាន​ការគោរព​តាមបទប​ញ្ជា​របស់​លោក​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ហើយ​ភាគី​ថៅកែ​រោងចក្រ ក៏​ត្រូវ​ដោះស្រាយ​ការទាមទារ​របស់​កម្ម​ករ​ភ្លាមៗ​ផងដែរ​។

នៅ​រយៈពេល​ចុងក្រោយ​នេះ លោក​ជា​មុនី ​បានបង្ហាញ​ភាពស្និទ្ធស្នាល​នឹង​រដ្ឋាភិបាល​។ កាលពី​ចុងឆ្នាំ​២០១១ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អនុញ្ញាត​ឲ្យមាន​កា​ររៀប​ចំ​សាងសង់​រូប​សំណាក​លោក​ជា​វិជ្ជា ​អតីត​ប្រធាន​សហជីព​កម្មករ ​និង​ជា​បងប្រុស​របស់​លោក​ជា​មុនី ​ដែល​ត្រូវបាន​គេ​បាញ់​សម្លាប់​ កាលពី​ខែ​មករា​ឆ្នាំ​២០០៤៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ