អានតួអត្ថបទ
កម្ពុជា-អាស៊ាន-អឺរ៉ុប

អ្នកវិនិយោគ​បារាំង​នឹង​ចូលរួម​កិច្ច​ប្រជុំកំពូល​សេដ្ឋកិច្ច​អាស៊ាន-អឺរ៉ុប

អ្នកវិ​និយោគ​បារាំង​ចំនួន​២៥​នាក់​មកពី​២០​​ក្រុមហ៊ុន​នឹង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​សេដ្ឋកិច្ច​អាស៊ាន-​អឺរ៉ុប​នៅ​ថ្ងៃ​ស្អែក។ អាស៊ាន​បាន​និង​កំពុង​ក្លាយ​ទៅជា​ទីផ្សារ​សេដ្ឋកិច្ច​ដ៏​មាន​សក្តានុពល​របស់​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ពិភពលោក។

វិមានសន្តិភាព ឬ​ទីស្តីការគណៈរដ្ឋមន្ត្រី
វិមានសន្តិភាព ឬ​ទីស្តីការគណៈរដ្ឋមន្ត្រី ©ចាន់ណា
ផ្សាយពាណិជ្ជកម្ម

អ្នកវិនិយោគ​បារាំង​ចំនួន​២៥​នាក់​មក​ពី​សហគ្រាស​បារាំង​ចំនួន​២០​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​សៅរ៍​នេះ ហើយ​ពួកគេ​នឹង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​សេដ្ឋកិច្ច​អាស៊ាន​-អឺរ៉ុប​នៅ​ថ្ងៃ​ស្អែក​នៅ​ទីក្រុង​ភ្នំពេញ។ នៅ​ក្នុងកិច្ច​ប្រជុំ​កំពូល​សេដ្ឋកិច្ច​អាស៊ាន-អឺរ៉ុប​ អ្នកវិនិយោគបារាំងនឹង​ជជែក​គ្នា​អំពី​ចក្ខុវិស័យ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​ទំនាក់​ទំនង​សេដ្ឋកិច្ច​នៃ​តំបន់​ទាំង​ពីរ​គឺ​តំបន់​អាស៊ាន​និង​តំបន់​អឺរ៉ូ។ ឯកអគ្គរដ្ឋ​ទូត​បារាំង​ប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​ថា អាស៊ាន​គឺ​ជា​តំបន់​សេដ្ឋកិច្ច​មួយ​ប្រកប​ដោយ​ថាមពល​ខ្លាំងក្លា។ ការ​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​អាស៊ាន​និង​អឺរ៉ុប​មាន​ទំហំ​ធំធេង។

សេចក្តី​ថ្លែងការណ៍​របស់​ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា អ្នក​ជំនួញ​ជនជាតិ​បារាំង​ដែល​កំពុង​មាន​វត្តមាន​នៅ​កម្ពុជា​នឹង​ចែក​រំលែក​បទ​ពិសោធន៍​និង​ចំណេះដឹង​ដែល​ខ្លួន​មាន​ទៅ​កាន់​កិច្ច​ប្រជុំ​កំពូល​​សេដ្ឋកិច្ច​អាស៊ាន-​អឺរ៉ុប។ មិនត្រឹមតែ​ប៉ុណ្ណោះ អ្នក​ជំនួញ​បារាំង​អាច​លើក​ឡើង​ផង​ដែរ​ពី​គម្រោង​វិនិយោគ​ថ្មីៗ​នៅ​ក្នុង​ប្រទេស​ក្រីក្រ​កម្ពុជា​នា​ពេល​អនាគត។
សេចក្តី​ថ្លែងការណ៍​ដដែល​បាន​គូស​បញ្ជាក់​ថា កាល​ពី​ឆ្នាំ​២០១១​កន្លង​មក ការ​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​បារាំង​មាន​ទំហំ​ទឹកប្រាក់​ជាង​២០០​លាន​អឺរ៉ូ។ ប្រទេស​បារាំង​គឺ​ជា​ប្រទេស​នាំចូល​អង្ករ​ពី​ប្រទេស​កម្ពុជា​ច្រើន​ជាង​គេ​ក្នុង​ចំណោម​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប។ ប្រទេស​បារាំង​បាន​នាំ​ចេញ​ទំនិញ​មួយ​ចំនួន​មក​ក្នុង​ប្រទេស​កម្ពុជា​វិញ​ក្នុង​នោះ​មាន៖​ផលិតផល​ឳសថ ផលិតផល​កសិ-ចំណី​អាហារ​និង​ផលិត​ផល​សម្អាង។

កាល​ពីឆ្នាំ​២០១០​កន្លងមក ប្រទេស​បារាំង​បាន​បោះទុន​វិនិយោគ​ជាង​១០០​លាន​អឺរ៉ូ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​វិស័យ​សំណង់​ អចលនទ្រព្យ​និង​ប្រេងឥន្ធនៈ។ ​នាពេលបច្ចុប្បន្ន​នេះ ក្រុមហ៊ុន​បារាំង​ចំនួន​៥០​កំពុង​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ជិត​៥០០០​នាក់។
សូមបញ្ជាក់ថា វត្តមាន​របស់​ក្រុមហ៊ុន​បារាំង​នៅ​លើ​ទឹកដី​ប្រទេស​កម្ពុជា​នៅ​ពេល​នេះ​គឺ​បាន​ធ្វើ​ឡើង​ស្របពេល​ដែល​​ប្រធានាធិបតី​នៃ​ប្រទេសចិន​ប្រជាមានិត​កំពុង​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ។ ការ​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេសចិន​មាន​ទំហំ​ទឹកប្រាក់​ជាង​២០០០​លានដុល្លារ​អាមេរិក​កាល​ពី​ឆ្នាំ​២០១១​កន្លងមក។ ក្រៅ​ពី​ប្រទេស​ចិន​និង​ប្រទេស​បារាំង អ្នកវិ​និយោគ​អាមេរិក​និង​ជប៉ុន​បាន​និង​កំពុង​សម្លឹង​មើល​ទីផ្សារ​កម្ពុជា​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ