អានតួអត្ថបទ
កម្ពុជា-អាស៊ាន-អាមេរិក

បក្សប្រឆាំង​ទាមទារ​អោយ​លោក​អូបាម៉ា​ជួយ​លើកកម្ពស់​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា

គណបក្សប្រឆាំង​ទាមទារ​អោយលោក​អូបាម៉ា ជួយលើកកម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិមនុស្សទាំង​នៅក្នុងតំបន់ ​និង​នៅ​កម្ពុជា។ ការ​លើក​កម្ពស់លទ្ធិ​​ប្រជាធិបតេយ្យ​និង​ការ​គោរព​សិទ្ធិមនុស្ស​នៅកម្ពុជា​ត្រូវ​បាន​រដ្ឋាភិបាល​និង​គណបក្ស​ប្រឆាំង​មើលឃើញ​ខុសគ្នា។

លោក​បារ៉ាក់ អូបាម៉ា ដែល​ទើប​នឹង​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អាណត្តិ​ទី២ នឹង​មក​ប្រជុំ​អាស៊ាន​នៅ​ភ្នំពេញ
លោក​បារ៉ាក់ អូបាម៉ា ដែល​ទើប​នឹង​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អាណត្តិ​ទី២ នឹង​មក​ប្រជុំ​អាស៊ាន​នៅ​ភ្នំពេញ REUTERS/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

លោក យឹម សុវណ្ណ តំណាងរាស្ត្រ​និ​ង​ជា​អ្នកនាំពាក្យ​គណបក្ស​សមរង្ស៊ី បាន​ថ្លែង​ប្រាប់​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា គណបក្ស​របស់​លោក​នៅតែ​ទទូច​សូម​អោយ​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ជួយ​ជំរុញ​អោយ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​គោរព​គោលការណ៍​ប្រជាធិបតេយ្យ ធានា​អោយ​មាន​ការ​បោះឆ្នោត​​ដោយ​សេរី និង​យុត្តិធម៌។ ម្យ៉ាងវិញទៀត លោក យឹម សុវណ្ណ ​ទទូច​សុំ​អោយ​លោក អូបាម៉ា ធ្វើ​​អន្តរាគមន៍ ​អោយ​លោក​ប្រធាន សម រង្ស៊ី​ អាច​ចូល​រួម​ការបោះ​ឆ្នោតជាតិ​​ នៅឆ្នាំ​២០១៣​ខាង​មុខ​នេះ។

ស្ថាន​ទូត​សហរដ្ឋអាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ បាន​ជូន​ដំណឹង​អំពី​ការមកដល់​របស់​មន្ត្រី​ជាន់ខ្ពស់​អាមេរិក៣នាក់ ​នៅលើទឹកដី​នៃប្រទេសកម្ពុជា​ នៅ​សប្តាហ៍​ខាងមុខនេះ។ លោក​ប្រធានាធិបតី បារ៉ា​ក់ អូ​បា​ម៉ា អមដំណើរ​ដោយ​រដ្ឋមន្ត្រី​ការ​បរទេស លោកស្រី ហ៊ី​ឡា​រី​ គ្លីនតុន នឹង​មកដល់​កម្ពុជា​នៅ​ថ្ងៃទី១៩ វិច្ឆិកា ​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​រវាង​អាស៊ាន និង​សហរដ្ឋអាមេរិក និង​កិច្ចប្រជុំ​អាស៊ី​បូព៌ា ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី១៩ និង​ទី២០ ខែ​វិច្ឆិកា នៅ​ទីក្រុង​ភ្នំពេញ។

លោក យឹម សុវណ្ណ បាន​បន្ត​ទៀត​ថា គណបក្ស​របស់​លោក​បាន​ទទូច​សូម​អោយ​លោក អូបាម៉ា ធ្វើ​អន្តរាគមន៍​ជា​បន្ត​បន្ទាប់​មក​ហើយ​ ចាប់​តាំង​ពី​លោក​ជាប់​ឆ្នោត​សា​ជា​ថ្មី​ម្តង​ទៀត​នោះ។ ប៉ុន្តែ​ នៅពេលនេះ​ លោក អូបាម៉ា នឹងត្រូវ​មក​ប្រទេស​កម្ពុជា​តែ​ម្តង។ ដូច្នេះ គណបក្ស​របស់​លោក​នឹង​ទទូច​អោយ​​ប្រធានាធិបតី​ដ៏​មាន​អំណាច​ក្នុង​ពិភពលោក​រូប​នេះ​​ជួយ​ធ្វើ​អន្តរាគមន៍​បន្ថែម​ទៀត។

លោក សឺន ស៊ូប៊ែរ៍ មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​សិទ្ធិមនុស្ស​បាន​អំពាវនាវ​អោយ​លោក​ អូបាម៉ា ជួយ​លើក​កម្ពស់​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​តំបន់​អាស៊ាន​ទាំង​មូល ​ជាពិសេស​ នៅ​ក្នុង​ប្រទេស​កម្ពុជា។

ការ​គោរព​សិទ្ធិ​មនុស្ស ដំណើរការ​ប្រជាធិបតេយ្យ និង​ដំណើរ​នីតិរដ្ឋ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​រដ្ឋាភិបាល​ ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​តាំង​ពី​ច្រើន​ឆ្នាំមកហើយនោះ​ វាយ​តម្លៃ​ថា មាន​ដំណើរ​ការ​វិវឌ្ឍន៍​​ប្រសើរ​ជាង​មុន។ ប៉ុន្តែ​សម្រាប់​អ្នករិះគន់​វិញ ពួកគេ​បាន​ចោទ​ប្រកាន់​ថា ដំណើរ​ការ​ប្រជាធិបតេយ្យ សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ ការ​គោរព​សិទ្ធិមនុស្ស​ត្រូវ​បាន​ដើរ​ថយ​ក្រោយ​ទៅ​វិញ។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោកនៅអាស៊ី មាន​តែ​ក្នុង​ប្រទេស​ភូមា​មួយ​គត់​ដែល​លោក អូបាម៉ា​ មាន​គម្រោង​ជួប​ប្រធាន​បក្ស​ប្រឆាំង​ លោកស្រី អ៊ុង សានសូជី។ សម្រាប់​នៅ​ក្នុង​ប្រទេស​ថៃ​ និង​ប្រទេស​កម្ពុជា​វិញ លោក អូប៉ាមា មិន​មាន​គម្រោង​ជួប​មេបក្ស​ប្រឆាំង​ឡើយ។

លោក អូបាម៉ា នឹង​ទទួល​ស្វាគមន៍​ដោយ​មេដឹកនាំ​កំពូល​អាស៊ាន​និង​អាស៊ី​បូព៌ា​ជាច្រើន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នៅថ្ងៃទី​១៩​និង​ទី​២០​ខែវិច្ឆិកាខាងមុខនេះ។ ប៉ុន្តែ​ ពាក្យ​បណ្តឹង​ជា​ច្រើន​របស់​អង្គការសង្គមស៊ីវិល​និង​គណបក្ស​ប្រឆាំង​ក៏​កំពុង​រង់ចាំ​ទទួល​ស្វាគមន៍​លោក​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ