អានតួអត្ថបទ
បារាំង

ប៉ូលិស​​បារាំង​​ធ្វើ​​​បាតុកម្ម​​ ច្រើនថ្ងៃ​ជាប់គ្នា​ ​​តវ៉ា​នឹង​​​​លក្ខខណ្ឌ​ការងារ​

យប់ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ កងកម្លាំង​​​ប៉ូលិសនៅ​​​​បារាំងបាន​បន្ត​ ​​ធ្វើ​បាតុកម្ម​តវ៉ា​នឹង​លក្ខខណ្ឌ​​ការងារ​របស់​ពួកគេ នៅ​តាមទីក្រុង​ជាច្រើន ក្នុង​ប្រទេស។ ​បាតុកម្ម​ទាំងនេះ ធ្វើឡើង បន្ទាប់​ពី​មានហេតុការណ៍​វាយប្រហារ​​​​​ ទៅលើ​​រថយន្ត​​​ប៉ូលិស​មួយគ្រឿង កាលពី​ដើមខែ ​ធ្វើអោយ​​កងកម្លាំង​ប៉ូលិស​២នាក់ ​​រងរបួសធ្ងន់ធ្ងរ។ 

ក្រុម​ប៉ូលិស​​​នៅ​ខែត្រ​Marseille ភាគខាងត្បូង​បារាំង ធ្វើបាតុកម្ម យប់ថ្ងៃ២០​តុលា ២០១៦។
ក្រុម​ប៉ូលិស​​​នៅ​ខែត្រ​Marseille ភាគខាងត្បូង​បារាំង ធ្វើបាតុកម្ម យប់ថ្ងៃ២០​តុលា ២០១៦។ Reuters
ផ្សាយពាណិជ្ជកម្ម

យប់ថ្ងៃព្រហស្បតិ៍​ម្សិលមិញ ជា​យប់ទី៤ នៃ​បាតុកម្ម​របស់​កងកម្លាំង​ប៉ូលិសបារាំង។ នៅ​ទីលានTrocadéro ជិត​អគារ​ទេសចរ Tour Eiffel ​ប៉ូលិស​ជិត​៥០០នាក់​បានជួបជុំគ្នា តវ៉ា​ក្នុង​ភាព​ស្ងប់ស្ងៀម។ ពួកគេ​បាន​​​លើកបដា​ បង្ហាញ​កំហឹង​​​ពួកគេ និង​ទាមទារ​អោយ​រដ្ឋមន្ត្រី​មហាផ្ទៃ និង​អគ្គនាយក​នគរបាល​​​ជាតិ​ ​​​ចុះពី​តំណែង។ ប៉ូលិស​ខ្លះ ​បាន​សំដែង​ការគាំទ្រ​ដល់​អ្នករួមការងារ​ខ្លួន ដែល​រងរបួស ​ក្នុងពេល​បំពេញការងារកន្លងមក។

ប៉ូលិស​សន្ធឹកសន្ធាប់​រាប់រយ​នាក់​ផ្សេងទៀត ​នៅតំបន់​ជាយក្រុង​ប៉ារីស និង​នៅ​​តាមខែត្រ​ធំៗ ដូចជា​ Toulouse រឺក៏​Bordeaux ក៏​បាន​ចេញតវ៉ាដូចគ្នា​ដែរ។ នៅ​ខែត្រ​Lyon​ ភាគកណ្តាល មាន​ប៉ូលិស​តវ៉ា​ដល់ទៅ​ជាង​៨០០នាក់។ ​បាតុកម្ម​ប៉ូលិស​បារាំង​ធ្វើឡើង បន្ទាប់ពី​មានហេតុការណ៍​វាយប្រហារ​​​​​ ទៅលើ​​រថយន្ត​​​ប៉ូលិស​មួយគ្រឿង កាលពីថ្ងៃ៨តុលា ​ដើមខែ ​ធ្វើអោយ​​កងកម្លាំង​ប៉ូលិស​២នាក់ ​​រងរបួសធ្ងន់ធ្ងរ។ ប៉ូលិស​ម្នាក់​កំពុង​ស្ថិត​ក្នុង​មន្ទិរ​ពេទ្យ​នៅឡើយ។ ​

ដើម្បី​​​​​​បន្ធូរ​កំហឹង​ប៉ូលិស​ ​ប្រធានាធិបតី​បារាំង ហូឡង់ ​បាន​សន្យា​ជួប​សហជីព​ប៉ូលិស នៅ​ដើមសប្តាហ៍​ក្រោយនេះ។ នាយករដ្ឋមន្ត្រី ម៉ានុយអែល វ៉ាល់ វិញ ​​​បាន​​ស្នើ​អោយ​ប៉ូលិស​បន្ត​ចរចា​ជាមួយ​រដ្ឋាភិបាល។ រដ្ឋមន្ត្រី​មហាផ្ទៃ​បាន​សន្យា​ឆ្លើយតប​សំណូមពរ​ប៉ូលិស។ រដ្ឋមន្ត្រី​យុត្តិធម៌​ ​ក៏​បាន​សន្យា​​ដាក់ទោស​ជនល្មើស​ដែល​បង្ក​ហិង្សា​លើ​ប៉ូលិស​ អោយទទួលទោស​​ធ្ងន់ជាងមុនដែរ។

​សកម្មជន​សំខាន់ៗ ​មកពី​បក្ស​ប្រឆាំង របស់​អតីត​ប្រធានាធិបតី​សាកូហ្ស៊ី មានទាំង​លោក​សាកូហ្ស៊ី​ផងដែរ បាន​នាំគ្នា​បន្ទោស​​​រដ្ឋាភិបាល​លោក​ហូឡង់ ថា​ទាល់តែ​ជិត​ផុត​​អាណត្តិ​ដឹកនាំ ទើប​​បាន​​ចង់ដោះស្រាយ​បញ្ហា​ប៉ូលិស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ