អានតួអត្ថបទ

បារាំង​ ៖ សហជីព​មាន​សិទ្ធិ​ធ្វើ​​​បាតុកម្ម តែ​មិន​អាចដង្ហែ​ក្បួន​

តើអាជ្ញាធរ​​បារាំង​ត្រូវ​ធ្វើ​យ៉ាងណារវាង​ការ​គោរព​សិទ្ធិ​ធ្វើ​បាតុកម្ម និង​បញ្ហា​សន្តិសុខ ?! នៅ​ថ្ងៃ​នេះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បារាំង​បាន​សរសេរ​លិខិត​មួយ​ទៅ​ឱ្យ​សហជីព ដែល​គ្រោង​នឹងធ្វើ​បាតុកម្ម​ប្រឆាំង​ច្បាប់​ការងារ​ជា​ថ្មី​ទៀត នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ២៣ មិថុនា​ មិន​ហាមឃាត់​បាតុកម្ម​ឡើយ តែ​ស្នើ​ត្រឹម​មាន​​ទម្រង់​ជា​ការ​ប្រមូល​ផ្តុំ​គ្នានៅ​​មួយ​កន្លែង​ នៅ​ក្រុង​ប៉ារីស។ ប៉ុន្តែ​តំណាង​សហជីព​មិន​យល់​ព្រម​ ដោយ​ចាត់​ទុក​ជា​ការ​រំលោភ​សិទ្ធ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ។

បាតុកម្ម​ប្រឆាំង​ច្បាប់​ការងារ​ របស់​ក្រុម​សហជីព នៅ​ទីក្រុង​ប៉ារីស ថ្ងៃទី ១៤ មិថុនា ២០១៦​
បាតុកម្ម​ប្រឆាំង​ច្បាប់​ការងារ​ របស់​ក្រុម​សហជីព នៅ​ទីក្រុង​ប៉ារីស ថ្ងៃទី ១៤ មិថុនា ២០១៦​ RFI/Altin Lazaj
ផ្សាយពាណិជ្ជកម្ម

បើ​យោល​ទៅ​តាម​​ស្ថានភាព​សន្តិសុខជាតិ​ ប្រទេស​ស្ថិត​ក្នុង​ភាព​អាសន្ន​ គួរ​តែពុំ​មាន​ការ​ដើរ​ដង្ហែ​ក្បួន​បាតុកម្ម ក្នុង​រដ្ឋធានី។ អាជ្ញាធរ​បាន​ស្នើ​ឱ្យ​មាន​ការ​ប្រមូល​ផ្តុំ​គ្នា​នៅ​មួយ​កន្លែង​ និង​បាន​ព្រលយ​ពាក្យ​បែប​គំរាម​ ហាមឃាត់​មិន​ឱ្យ​មាន​បាតុកម្ម​ផ្សេង​ទៀត​រៀប​ចំ​ឡើយ។ សម្រាប់​រដ្ឋាភិបាល​ បារាំង​​កំពុង​ស្ថិត​ក្រោម​ការគំរាម​កំហែង​ភេរវកម្ម​ផង និង​មាន​ភារៈ​​​ការពារ​សុវត្ថិភាព​សន្តិសុខ​ការ​ប្រកួត​កីឡា​បាល់​ទាត់​អឺរ៉ុប​ អឺរ៉ូ-២០១៦​ផង ដែល​ត្រូវ​ការ​ប្រើ​កម្លាំង​សន្តិសុខ​ច្រើន​ស្រាប់​ទៅ​ហើយ មិន​មែន​ជា​ពេលវេលា​​ត្រូវ​បន្ថែម​បន្ទុកទៅ​ការពារ​ទប់​ស្កាត់​អំពើ​ហិង្សា​រាលដាល​ពី​បាតុកម្ម​ទេ។

កាលពី​ថ្ងៃអង្គារ​​ទី ១៤​ មិថុនា​ ក្រុម​សហជីព​បាន​រៀប​ចំ​បង្ហែ​ក្បួន​បាតុកម្ម​ឆ្លង​កាត់​ពេញ​ទីក្រុង​ប៉ារីស ដែល​រាល​ដាល​ទៅ​ជា​អំពើ​ហិង្សា​បំផ្លិច​បំផ្លាញ​វត្ថុ​ឯកជន​និង​សាធារណៈ​ រួម​មាន​ទាំង​មន្ទីរ​ពេទ្យ​កុមារ​មួយផង ពី​សំណាក់​ក្រុម​ឆ្លៀត​ឱកាស និង​បាតុករ​ជា​សមាជិក​សហជីព​ផង (នេះ​បើ​តាម​ប្រភព​ប៉ូលិស)​។​ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បារាំង​​បាន​អំពាវនាវ​ឱ្យ​​សហជីព ទទួល​យក​សំណើ​របស់​រដ្ឋាភិបាល ក្នុង​នាម​​ជា​អ្នក​​មាន​ទំនួល​ខុស​ត្រូវ ​យល់​និង​ស្គាល់​កាលៈទេសៈ​របស់​ប្រទេស​ជាតិ។

ប៉ុន្តែ​ សហជីព​បារាំង ដែល​គ្រោង​នឹង​ធ្វើ​បាតុកម្ម​​ ​ប្រឆាំង​នឹង​ច្បាប់​ការងារជា​ថ្មី​ នៅ​ថ្ងៃព្រហស្បតិ៍ និង​ថ្ងៃទី ២៨​ មិថុនា​ខាង​មុខ ថាបាតុកម្ម​​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។ សំណើ​របស់​រដ្ឋាភិបាល​គ្រាន់​តែ​ជា​​ទម្រង់​មួយ​នៃ​កា​ររំលោភ​ច្បាប់​​ជា​មូលដ្ឋាល​គ្រឹះ​ និងបាន​​ស្នើ​បក​ទៅ​រដ្ឋាភិបាល​វិញ​ សុំ​ធ្វើ​បាតុកម្ម​និង​ដោយ​មាន​ការ​​ធានា​សន្តិសុខ​សម្រាប់​ពលរដ្ឋ​គ្រប់​រូប។

សូម​បញ្ជាក់​តាំង​ពី​ជា​ច្រើន​ខែ​ថ្ងៃ​មក​ហើយ ដែល​ក្រុម​សហជីព​បារាំង​​បាន​ដឹកនាំ​ធ្វើ​បាតុកម្ម​ ប្រឆាំង​នឹង​កំណែទម្រង់​ច្បាប់​ការ​ងារ​ថ្មី។ ស្ទើរ​រាល់លើក​​ ទោះ​ក្នុង​ទម្រង់​ជា​ការ​ដើរ​ដង្ហែក្បួន ឬ​ប្រមូល​ផ្តុំ​នៅ​មួយ​កន្លែង​ ជា​ញឹកញយ​តែង​ផ្ទុះ​​អំពើ​ហិង្សា​ ដែល​តម្រូវ​ឱ្យ​មាន​អន្តរាគមន៍​ពី​កង​កម្លាំង​សន្តិសុខ​ នគរ​បាល​និង​ទាហាន​ផង។ ប្រធានាធិបតី​ និង​នាយក​រដ្ឋមន្ត្រី​បារាំង បាន​គំរាម​ថា​នឹងអាច​ដាក់​បម្រាម​ហាមឃាត់​រាល់​បាតុកម្ម​ណា​ដែលនាំ​ដល់​អំពើ​ហិង្សា។ ការ​ស្ទង់​មតិ​ ក៏​បង្ហាញ​ថា​ពលរដ្ឋ​បារាំង​ភាគ​ច្រើន (៧១%) ​ចង់​ឃើញ​​មាន​ការ​ហាមឃាត់​បាតុកម្ម​​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ