អានតួអត្ថបទ
កម្ពុជា

ពន្ធនាគារ​ខេត្ត​បន្ទាយ​មាន​ជ័យ​កំពុង​ត្រូវ​បាន​សំអាត​ដើម្បី​បញ្ជួន​អ្នក​ទោស​មក​វិញ​

បន្ទាប់​ពី​ត្រូវ​ជំនន់​ទម្លាយ​ជញ្ជាំង​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ អ្នក​ទោស​ទាំង​អស់​ត្រូវ​បាន​ជម្លៀស​ទៅ​កា​ន់ខេត្ត​បាត់​ដំបង និង​សៀមរាប​កាល​ពី​ថ្ងៃទី ១០ តុលា ឆ្នាំ២០១៣ កន្លង​ទៅ។ មក​ដល់​ថ្ងៃ​ច​ន្ទ ទី២៨ តុលា នេះ អ្នកទោស​ទាំង​នោះ​មិន​ទាន់​ត្រូវ​បាន​គេ​បញ្ជូន​មក​វិញ​នៅ​ឡើយ​ទេ ប៉ុន្តែ​លោក ហ៊ីម សុផល ប្រធាន​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​ បាន​ប្រាប់​វិទ្យុ​បារាំង​ឲ្យ​ដឹង​ថា ក្រុម​ការងារ​ពន្ធនាគារ និង​​អ្នក​ទោស​កម្រិត​ស្រាល​មួយចំនួន​កំពុង​តែ​ជួសជុល​ និង​សំអាត​ពន្ធនាគារ។

ទិដ្ឋភាពអ្នកជាប់ពន្ធនាគារ​នៅកម្ពុជា
ទិដ្ឋភាពអ្នកជាប់ពន្ធនាគារ​នៅកម្ពុជា ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

ក្រុមការងារ​ពន្ធនា​គារ និង​អ្នក​ទោស​កម្រិត​ស្រាល​ប្រមាណ​៥០​នាក់ កំពុង​តែ​ជួស​ជុល និង សំអាតពន្ធនាគារ​ខេត្ត​បន្ទាយ​មាន​ជ័យ​ឡើង​វិញ បន្ទាប់​ពី​ទឹក​ជំនន់​កម្ពស់​ជាង​១ម៉ែត្រ បាន​បុក​បំបាក់​ជញ្ជាំង​ពន្ធនាគារ​អស់​ប្រមាណ​៣០ ម៉ែត្រ​ កាល​ពី​ពាក់​កណ្ដាល​ខែតុលា។ នេះ​បើ​តាម​លោក ហ៊ីម សុផល ប្រធានពន្ធនាគារ​ខេត្ត​បន្ទាយ​មាន​ជ័យ។

ប្រធានពន្ធនាគារ​ខេត្ត​រូប​នេះ បាន​បញ្ជាក់​ថា ការ​បោស​សម្អាត​ និង​ជួស​ជុល​ជញ្ជាំង​ឡើង​វិញ​នេះ គឺ​ជា​ការត្រៀម​លក្ខណៈ​សម្រាប់​បញ្ជូន​អ្នក​ទោស​ ដែល​ត្រូវ​ជម្លៀស​ទៅ​ខេត្ត​បាត់ដំបង និង សៀមរាប​ទាំង​អស់​ត្រលប់មក​វិញ។ គួរ​រម្លឹក​ថា អ្នកទោស​ដែល​ត្រូវ​បាន​ជម្លៀស​ទាំង​អស់​មាន​សរុប ៨៤២​នាក់ ក្នុង​នោះ ៥០០នាក់​បានជម្លៀស​ទៅ​ខេត្ត​សៀមរាប និង ៣៤២នាក់​ទៅ​បាត់ដំបង។ ក្នុង​ចំណោម​អ្នកទោស​សរុប មាន​ស្ត្រី​១២៤ នាក់។

យ៉ាង​ណា​ក៏ដោយ លោក ហ៊ីម សុផល មិនទាន់​អាច​បញ្ជាក់​ពី​ពេល​វេលា​ដែល​អ្នក​ទោស​ទាំង​អស់​នោះ​ត្រូវបញ្ជូន​មក​វិញ​ទេ ពី​ព្រោះ​សំរាម​នៅ​ក្នុង​បរិវេណ​ពន្ធនាគារ​​មាន​ចំនួន​ច្រើន។

សូម​បញ្ជាក់​ថា ក្រុម​អ្នក​សំអាត​ពន្ធនាគារ​នេះ ភាគ​ច្រើន​ជា​អ្នក​ទោស​កម្រិត​ស្រាល ដែល​ត្រូវ​បំពេញ​ការ​ងារបញ្ចេញ​ពលកម្ម។ ហើយ​មូល​ហេតុ​ដែល​គេ​ជ្រើស​រើស​យក​ក្រុម​អ្នក​ទោស​កម្រិត​ស្រាល​នេះ ពី​ព្រោះ​ក្នុង​ការសំអាត​នេះ មាន​ការ​ចេញ​ទៅ​ក្រៅ​របង​យក​សំរាម​ចាក់​ចោល​ញឹក​ញាប់។​ ការ​ចេញ​ក្រៅ​របង​ញឹក​ញាប់ ជាហេតុ​ដែល​ធ្វើ​អោយ​មន្ត្រី​ពន្ធនាគារ​មិន​អាច​ប្រើ​ប្រាស់​អ្នក​ទោស​កម្រិត​ធ្ងន់​បាន។ នេះ​បើ​តាម​សម្ដី​របស់​លោក ហ៊ីម សុផល​ដដែល។

គួរ​រម្លឹក​ថា​ មក​ដល់​ពេល​នេះ ​ក្រុម​អ្នក​ទោស​ខេត្ត​បន្ទាយ​មានជ័យ​ទាំង​អស់ ត្រូវ​បាន​ជម្លៀស​ទៅ​ខេត្ត​បាត់ដំបង និង​សៀមរាប​ អស់​រយៈ​ពេល​ជាង​កន្លះ​ខែ​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ