អានតួអត្ថបទ
កម្ពុជា

ទឹក​ជំនន់​បុក​ចូល​ក្នុង​ពន្ធនាគារ​ខេត្ត​បន្ទាយ​មាន​ជ័យ​ អ្នក​ទោស​រាប់​រយ​នា​ក់​ត្រូវ​ជម្លៀស​ចេញ​

ក្រោយពី​បាន​វាយប្រហារ​ផ្ទះ​ប្រជាជន សាលារៀន មន្ទីរពេទ្យ និង វត្ត​អារាម ទឹកជំនន់​ក៏បាន​វាយប្រហារ​ទៅលើ​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​ផងដែរ។ ជញ្ជាំង​ពន្ធនាគារ​ត្រូវបាន​ទម្លាយ​ដោយ​ទឹកជំនន់ និង បាន​បង្ខំ​ឲ្យ​សមត្ថកិច្ច​ជម្លៀស​អ្នកជាប់ឃុំឃាំង​ប្រមាណ ១០០០ ទៅកាន់​ខេត្តបាត់ដំបង និង សៀមរាប។

អ្នកជាប់ពន្ធនាគារ​ក្នុងប្រទេស​កម្ពុជា
អ្នកជាប់ពន្ធនាគារ​ក្នុងប្រទេស​កម្ពុជា ©សុវណ្ណារា
ផ្សាយពាណិជ្ជកម្ម

អ្នកទោស​ប្រមាណ ១០០០ នាក់​ត្រូវបាន​ជម្លៀស​ចេញពី​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១០ តុលា នេះ បន្ទាប់​ទឹកជំនន់​បាន​បំបាក់​ជញ្ជាំង​ពន្ធនាគារ​ខេត្ត​នៅ​ម៉ោង ១ និង ១០នាទី​រសៀល។ នេះ​បើតាម លោក ស៊ុំ ចាន់​គារ មន្ត្រី​សម្របសម្រួល នៃ​សមាគម​សិទ្ធិមនុស្ស អាដហុក ប្រចាំខេត្ត​បន្ទាយមានជ័យ។

មន្ត្រី​សម្របសម្រួល នៃ​សមាគម​សិទ្ធិមនុស្ស អាដហុក ប្រចាំខេត្ត​បន្ទាយមានជ័យ​នេះ​ដដែល បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា អ្នកទោស​ទាំងអស់​ត្រូវ​បាន​អាជ្ញា​ជម្លៀស​ទៅកាន់​ខេត្តបាត់ដំបង​ចំនួន ៥០០នាក់ និង ខេត្តសៀមរាប​ចំនួន ៤៤២ នាក់។

គួរ​បញ្ជាក់ថា ទឹកជំនន់​ដែលមាន​កម្ពស់​ចន្លោះ​ពី ១ ម៉ែត្រ​កន្លះ និង ១ម៉ែត្រ ៧០ បាន​លិច​ចូលទៅក្នុង​បន្ទប់​ពន្ធនាគារ ដែល​កម្ពស់​ទឹក​នេះ​ធ្វើ​ឲ្យ​លិច​ត្រឹម​ក្លៀក និង​ត្រឹម​ករ​បស់​អ្នកជាប់ឃុំឃាំង​ទាំងឡាយ។ មិនតែប៉ុណ្ណោះ​ឯកសារ​មួយចំនួន​របស់​ប្រធាន​ពន្ធនាគារ​ក៏ត្រូវ​បាន​ទទឹក​ផងដែរ។

លោក សាត់ សា​ឌី ស្នងការ​ខេត្តសៀមរាប​បានបញ្ជាក់​ថា ការជម្លៀស​ជន​ជាប់​ឃុំឃាំង​ពី​ខេត្តបន្ទាយមានជ័យ​មក​កាន់​ខេត្តសៀមរាប ពិត​ជាមាន​ប្រាកដ​មែន។ ចំណែក លោកស្រី ម៉ៅ យិន អ្នកសម្របសម្រួល​អង្គ​ការ​សិទ្ធិមនុស្ស​អាដហុក ប្រចាំខេត្ត​សៀមរាប ក៏បាន​បញ្ជាក់ដែរថា ក្រុមការងារ​លោកស្រី នឹង​ចុះទៅ​សួរសុខទុក្ខ អ្នក​ជាប់ពន្ធនាគារ​នៅ​ខេត្តសៀមរាប​ទាំងអស់​នៅ​ថ្ងៃ​សុក្រ។

យ៉ាងណាក៏ដោយ លោក ស៊ុំ សុខ​គារ បាន​បន្តថា មកដល់​ម៉ោង ៥ និង ៣០នាទី​ល្ងាច​នេះ ការជម្លៀស​អ្នក​ជាប់ពន្ធនាគារ​នៅ​ខេត្តបន្ទាយមានជ័យ​នៅ​មិនទាន់​បញ្ចប់​នៅឡើយ​ទេ។ ភាពយឺតយ៉ាវ​នេះ​គឺ ដោយសារតែ​មន្ត្រី​ពន្ធនាគារ​ត្រូវ​ហៅ​ឈ្មោះ​អ្នកជាប់ឃុំឃាំង​ឲ្យ​ចេញមកក្រៅ​ម្នាក់ម្ដង។ លោក​បាន​រិះគន់ថា មន្ត្រី​ពន្ធនាគារ​មិនបាន​យកចិត្តទុកដាក់​ចំពោះ​អ្នកទោស​ទាំងឡាយ​ក្នុងពេល​មាន​ទឹកជំនន់​ធំ​បែបនេះ ដោយ​មន្ត្រី​ពន្ធនាគារ​ទាំងនោះ​សំអាងថា​ទឹកជំនន់​រាល់​ឆ្នាំ​មិនបាន​ប៉ះពាល់​ធ្ងន់ធ្ងរ​ទេ។

យ៉ាងណាក៏ដោយ មុន​ពេលដែល​ទឹកជំនន់​បំបាក់​ជញ្ជាំង​ពន្ធនាគារ មន្ត្រី​ពន្ធនាគារ​កំពុងតែ​បូ​ប​ទឹក​នៅក្នុង​បរិវេណ​ពន្ធនាគារ​ចេញទៅ​ក្រៅ​ដែរ តែ​មិនអាច​ជួយសង្គ្រោះ​សភាពការណ៍​បានទេ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ