អានតួអត្ថបទ
កម្ពុជា

ជន​រង​គ្រោះ​ដោ​យ​ទឹក​ជំនន់ បាន​ត្រលប់​ទៅ​ផ្ទះ​វិញ​បណ្តើរៗ​​ ខណៈអ្នក​ស្លាប់កើនដល់ ១៦៨នាក់

ពេលនេះ គឺពេល​ដែល​ទឹក​ជំនន់បាន​ចាប់​ផ្តើម​ស្រក​ទៅវិ​ញ ប្រជាពលរដ្ឋ​ដែលបាន​ភៀស​ខ្លួន​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព​ភាគ​ច្រើន​ បាន​ត្រលប់​ទៅ​កាន់​លំនៅស្ថាន​វិញ​ហើយ។ សាលារៀន​ខ្លះ ដែល​បាន​បិទ​ទ្វារ ក្នុង​ពេល​ចូល​បវេសនកាល​ថ្មី ក៏​ចាប់​ផ្តើម​បើក​ដំណើរ​ការ​វិញ​ដែរ។ នេះ​ជា​សញ្ញា​បញ្ជាក់​ថា ប្រទេស​កម្ពុជាចាប់​ផ្តើម​ចាក​ចេញ​ពី​គ្រោះ​ទឹក​ជំនន់​ ក្នុង​ឆ្នាំ ២០១៣​នេះ​ហើយ ប៉ុន្តែ ផល​វិបាក​របស់​វា​នៅ​មាន​សភាព​ធ្ងន់ធ្ងរ។

ទិដ្ឋភាព​ទឹកជំនន់​​កម្ពុជា
ទិដ្ឋភាព​ទឹកជំនន់​​កម្ពុជា RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ប្រជាជន​រងគ្រោះ​ដោយ​ទឹក​ជំនន់ ហើយ​ដែលត្រូវបាន​ជម្លៀស​ចេញ​ទៅ​កាន់ទីទួល​សុវត្ថិភាព ប្រមាណជា ៨០ភាគរយ ​បាន​ត្រលប់​ទៅកាន់​លំនៅ​ស្ថាន​ពួកគេវិញ​ហើយ បន្ទាប់ពី​ទឹក​ជំនន់​បាន​ស្រក​ជាបណ្តើរៗ នៅ​ក្នុង​សប្តាហ៍នេះ។ នេះបើ​តាម​ លោក ញឹម វណ្ណដា អនុ​ប្រធាន​ទី១ នៃ​គណៈកម្មាការជាតិ​គ្រប់​គ្រង​គ្រោះមហន្ត​រាយ ដែល​បាន​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ នៅ​ព្រឹក​ថ្ងៃពុធនេះ។ លោក ញឹម​ វណ្ណដា បាន​និយាយ​​ថា ក្រោយ​ពី​ប្រជាជន​បាន​ត្រលប់​ទៅផ្ទះ​វិញ ពួកគេ​ក៏​នាំគ្នាប្រញាប់​ប្រញាល់ធ្វើ​ស្រែ​វស្សា មុន​ពេល​ទឹក​ស្រក​។

ទោះជា​បញ្ហា​ទឹក​ជំនន់​បាន​ចេញ​ផុត​ពី​កម្ពុជា ប៉ុន្តែ​ លោក ញឹម​ វណ្ណដា បានឲ្យ​ដឹង​ថា ការ​ផ្តល់​ជំនួយ​ដល់​ជន​រងគ្រោះ នៅ​តែបន្ត​ធ្វើ។ ជាក់​ស្តែង​ នៅ​ព្រឹក​ថ្ងៃ​ពុធនេះ ជប៉ុន​​បាន​ផ្តល់​ជំនួយ​ដល់​ជន​រង​គ្រោះ​ទូទាំងប្រទេស​កម្ពុជា សរុប​ជាទឹក​ប្រាក់​ប្រមាណជា ៣២ម៉ឺន​ដុល្លារ​​អាមេរិក។ ​កាលពី​ពេល​កន្លងទៅ ក៏​មាន​បណ្តាប្រទេសជិត​ខាង​កម្ពុជា ផ្តល់​ជំនួយ​ជា​បន្ត​បន្ទាប់ដែរ។

មក​ដល់​ពេលនេះ ក៏​មាន​សាលារៀន​ប្រមាណជា ៨០​ភាគ​រយ​ដែរ ដែល​បើក​ឲ្យ​សិស្ស​ចូលរៀន​វិញ។ ប៉ុន្តែ ​ចំពោះ​សាលា​នៅ​ខេត្ត​បន្ទាយ​មានជ័យ បាត់ដំបង និង​សាលា​នៅ​ក្រោម​ផ្លូវជាតិ​លេខ៥ គឺ​នៅ​មិន​ទាន់​អាចឲ្យ​សិស្ស​ចូលរៀន​បាន​ទេ ដោយសារ​តំបន់​ទាំងនេះ​រង​ការ​ខូចខាត​ធ្ងន់​ធ្ងរ ហើយ​​ក្រសួង​អប់រំ​ត្រូវ​ចាត់​ការ​សំអាត​ឲ្យ​បាន​ស្អាត​ល្អ​សិន។ នេះ​បើ​តាម​លោក ញឹម វណ្ណដា។

គួរបញ្ជាក់ថា ទឹក​ជំនន់​ឆ្នាំ ២០១៣នេះ បានសម្លាប់​មនុស្ស ១៦៨​នាក់ និង​ប៉ះពាល់​ដល់​ប្រជាជន​ជាង ២លាននាក់ ហើយ​ប៉ះពាល់ដល់ដំណាំស្រូវជាង ៣០ម៉ឺនហិកតា។ តាម​លោក​ ញឹម វណ្ណដា បើគិត​ត្រឹម​តែ​ទឹក​ជំនន់​ក្នុង​ខេត្ត​បន្ទាយមាន​ជ័យ និង​ខេត្ត​បាត់ដំបង គឺ​ខាត​បង់​ថវិកា​អស់​ប្រមាណ​ជា ៥០០លានដុល្លារ​​អាមេរិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ