តើនឹងមានអ្វីកើតឡើង បន្ទាប់ពីតំបន់រ៉ាខា ត្រូវរំដោះបានពីដៃក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:៤០
ជាង៣ឆ្នាំ បន្ទាប់ពីក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម បានកាន់កាប់តំបន់រ៉ាខា នៃប្រទេសស៊ីរី ហើយបានយកទីក្រុងនេះ ជាទីតាំងធំបំផុតរបស់ខ្លួន ទីបំផុតទៅ ទីក្រុងនេះ ត្រូវបានរំដោះមកវិញទាំងស្រុងហើយ កាលពីដើមសប្តាហ៍នេះ។ ជាមួយនឹងការបាត់បង់ទីតាំងដ៏ធំរបស់ខ្លួននេះ ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម កំពុងតែចុះថយ នឹងឈានទៅបាត់បង់ដែនដីកាន់កាប់ទាំងស្រុង នៅស៊ីរី និងនៅអ៊ីរ៉ាក់។ តែយ៉ាងណា វាសនាតំបន់រ៉ាខា កំពុងស្ថិតក្នុងភាពស្រពេចស្រពិល ដោយសារ សហរដ្ឋអាមេរិក ដែលជាអ្នកទំនុកបំរុងកងកម្លាំងប្រជាធិបតេយ្យស៊ីរី ក្នុងការរំដោះតំបន់រ៉ាខា អាចដកខ្លួនចេញគ្រប់ពេលវេលា ទុកឲ្យក្រុមនេះ ប្រឈមមុខនឹងរដ្ឋាភិបាលស៊ីរី តែម្នាក់ឯង។
ជ័យជំនះដ៏ធំ របស់អាមេរិក និងកងកម្លាំងប្រជាធិបតេយ្យស៊ីរី
ក្រុងរ៉ាខា ដែលជាសំបុកធំបំផុតរបស់ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម នៅស៊ីរី ត្រូវបានរំដោះមកវិញ ទាំងស្រុង កាលពីថ្ងៃទី ១៧ ខែតុលានេះ។ ក្រុមកម្លាំង ដែលបានប្រយុទ្ធឈ្នះ ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម នៅរ៉ាខា គឺកងកម្លាំងប្រជាធិបតេយ្យស៊ីរី (FDS)។ ក្រុមនេះ គឺជាទូទៅ គេចាត់ទុកថាជាក្រុមឧទ្ទាមប្រឆាំងនឹងរដ្ឋាភិបាលបាឆា អាល់អាសាដ ដូចនឹងក្រុមកងកម្លាំងសេរីរំដោះស៊ីរីដែរ។ កន្លងមកច្រើនឆ្នាំមកនេះ គឺក្រុមប្រជាធិបតេយ្យស៊ីរីនេះហើយ ដែលបានខិតខំប្រយុទ្ធតតាំង ជាមួយនឹងក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម នៅភាគខាងជើងស៊ីរី។
កងកម្លាំងប្រជាធិបតេយ្យស៊ីរីនេះ មានភាគច្រើនគឺជាទាហានមកពីសហគមន៍ជនជាតិកួដ និងមួយចំនួន គឺក្រុមអារ៉ាប់ដែលស្និទនឹងកងទ័ពសេរីស៊ីរី និងចលនាមហាជន មកពីក្រុមអ្នកកាន់សាសនាគ្រិស្តស៊ីរីផងដែរ។ កងកម្លាំងប្រជាធិបតេយ្យស៊ីរីនេះ គឺជាសម្ព័ន្ធមិត្តរបស់កងទ័ពអាមេរិក ក្នុងយុទ្ធនាការ កំទេចក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម។ ដូច្នេះ ជ័យជំនះ រំដោះបានក្រុងរ៉ាខា ពីក្រុមជីហាត កាលពីថ្ងៃទី ១៧ តុលានេះ គឺជាជោគជ័យ របស់កងកម្លាំងប្រជាធិបតេយ្យស៊ីរី ដោយមានជំនួយយ៉ាងសកម្ម ពីកងទ័ពអាកាសរបស់អាមេរិក។
អាមេរិកអាចដកថយ ទុកឲ្យក្រុមប្រជាធិបតេយ្យស៊ីរី ទន់ខ្សោយ
ក្រុមជនជាតិកួដ ដែលកាន់កាប់តំបន់ខាងជើងស៊ីរីនេះ ធ្លាប់ប្រកាសថានឹងបង្កើតតំបន់ស្វយ័តដាច់ដោយឡែកមួយ។ តើក្នុងន័យនេះ មានន័យថា ទីក្រុងរ៉ាខា អាចនឹងត្រូវក្រុមនេះ ចាត់បញ្ចូលទៅជាក្នុងតំបន់ស្វយ័តកួដស៊ីរី ដែរឬទេ?
ត្រង់នេះហើយ ដែលជាភាពមិនទាន់ប្រាកដប្រជា នៃអនាគតរបស់តំបន់រ៉ាខា។ ទីក្រុងនេះរំដោះបានមកវិញមែន តែពេលនេះ ពុំមានអាជ្ញាធរគ្រប់គ្រង ពិតប្រាកដទេ។ កងកម្លាំងប្រជាធិបតេយ្យស៊ីរី និងក្រុមកួដ នេះ គឺមានតែកម្លាំងអាវុធ និងដោយមានជំនួយពីសហរដ្ឋអាមេរិកផងទេ តែពួកគេពុំមានកម្លាំងគ្រប់គ្រាន់ ក្នុងការគ្រប់គ្រងរដ្ឋបាល នៅទីក្រុងរ៉ាខាទាំងមូលបានទេ ហើយក៏គ្មានលទ្ធភាពកសាងទីក្រុងនេះឡើងវិញដែរ។
ជាងនេះទៅទៀត សហរដ្ឋអាមេរិក អាចនឹងដោះដៃចោលក្រុមប្រជាធិបតេយ្យស៊ីរីនេះ ក្នុងពេលដ៏ឆាប់ខាងមុខ។ លោក Fabrice Balanche អ្នកវិភាគនៅសកលវិទ្យាល័យ Stanford បានលើកឡើងថា កម្មវត្ថុរបស់អាមេរិក គឺកំទេចក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម នៅស៊ីរី និងនៅអ៊ីរ៉ាក់។ អ្វីផ្សេងទៀត មិនមែនជាអាទិភាពរបស់រដ្ឋាភិបាលលោកដូណាល់ ត្រាំឡើយ។ ពេលនេះ ក្រុងរ៉ាខា រំដោះពីដៃក្រុមជីហាតមកវិញហើយ ដូច្នេះ អាមេរិក លែងមានហេតុផលអ្វី ត្រូវនៅពីក្រោយជួយក្រុមកួដ ឬកងកម្លាំងប្រជាធិបតេយ្យស៊ីរី ទៀតឡើយ។
ក្រុមកួដ អាចបង្ខំចិត្ត ខិតទៅជិតរដ្ឋាភិបាលស៊ីរី
បើលែងមានអាមេរិកនៅពីក្រោយ កងកម្លាំងប្រជាធិបតេយ្យស៊ីរី នឹងទន់ខ្សោយគ្មានបង្អែក មិនអាចតតាំង នឹងរដ្ឋាភិបាលស៊ីរី ដែលមានរុស្ស៊ីផង មានអ៊ីរ៉ង់ផង និងតួកគីផងនៅពីក្រោយ នោះទេ។ យ៉ាងណាមិញ លោក Aron Stein អ្នកជំនាញនយោបាយដើមបូព៌ា បានលើកឡើងថា ក្រុមកួដ ដែលដណ្តើមបានក្រុងរ៉ាខា នាពេលនេះ នឹងគ្មានជំរើសអ្វី ក្រៅតែពីខិតទៅជិត ចាប់ដៃជាមួយរដ្ឋាភិបាលស៊ីរីទេ។
ដូចគ្នាដែរ លោក Bassam Abou Abdallah អ្នកវិភាគស្និទនឹងរបប បាឆា អាល់អាសាដ បានលើកឡើងថា គេកំពុងចាប់ផ្តើមពិចារណា បើកការចរចា រវាងរដ្ឋាភិបាលស៊ីរី និង កងកម្លាំងប្រជាធិបតេយ្យស៊ីរី ដើម្បីសម្រួលការប្រគល់តំបន់រ៉ាខា មកឲ្យស្ថិតក្នុងអំណាចនយោបាយ របស់រដ្ឋាភិបាលស៊ីរី។ បើទោះបីតំបន់រ៉ាខានេះ មិនមែនជាតំបន់យុទ្ធសាស្ត្រ អាទិភាពធំរបស់រដ្ឋាភិបាលស៊ីរីមែន តែរដ្ឋាភិបាលនេះ មិនអាចអនុញ្ញាត ឲ្យមានការពុះច្រៀកទឹកដីស៊ីរី ជាពីរជាបីទេ។
រដ្ឋាភិបាលលោកដូណាល់ ត្រាំ ខ្វះយុទ្ធសាស្ត្ររយៈពេលវែង?
ជាការពិត បច្ចុប្បន្ននេះ មូលហេតុធំបំផុត និងតែមួយគត់ នៃអន្តរាគមរបស់អាមេរិក នៅតំបន់នេះ គឺដើម្បីបោសសំអាត បំបែកសំបុកក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម។ ដូច្នេះចាប់ពីពេលនេះ អាមេរិក លែងមានហេតុផលអ្វី ដែលត្រូវនៅទៀតហើយ។
ត្រង់ចំណុចនេះហើយ ដែលអ្នកវិភាគមួយចំនួន បានរិះគន់រដ្ឋាភិបាលលោកដូណាល់ ត្រាំ ថា ខ្វះយុទ្ធសាស្ត្ររយៈពេលវែង ដែលប្រមើរមើលឲ្យបានឆ្ងាយ ក្រោយយកជ័យជំនះ ពីក្រុមជីហាត។ លោក Jim Jeffrey អតីតមន្ត្រីទូតអាមេរិក ម្នាក់ បានលើកឡើងថា រដ្ឋាភិបាលលោកដូណាល់ ត្រាំងុបងល់ តែនឹងក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាមពេក ភ្លេចគិតពីបញ្ហាផ្សេងទៀត ដែលកំពុងចោទឡើងនៅតំបន់ស៊ីរី អ៊ីរ៉ាក់នេះ។ ត្រង់ចំណុចនេះ គឺ លោកដូណាល់ ត្រាំ បានដើរក្រោយ រុស្ស៊ី តួកគី និងអ៊ីរ៉ង់មួយជំហានធំ។
ជាក់ស្តែង បញ្ហាដែលកំពុងចោទឡើង និងអាចបង្ករអស្ថិរភាពថ្មីមួយទៀត សម្រាប់តំបន់នេះ គឺបញ្ហាអធិបតេយ្យភាព របស់ដែនដីកួដឌីស្ថាននេះតែម្តង។ ក្រុមកួដនៅអ៊ីរ៉ាក់ កំពុងតែប្រយុទ្ធទាមទារ អធិបតេយ្យភាព។ បញ្ហានេះ សហរដ្ឋអាមេរិក កំពុងតែឈរមើល ទាំងមិនដឹងធ្វើអ្វីបាន ព្រោះហារទៅវាស្លាក់ ខ្ជាក់ទៅវាស្លែង។
តាំងពីដើមមក អាមេរិក បានជួយទំនុកបំរុងក្រុមកួដ ដើម្បីផ្តួលរំលំរបប សាដាមហ៊ូសេន ហើយក្រោយមក ដើម្បីប្រយុទ្ធនឹងក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម។ តែស្របពេលជាមួយគ្នានោះ អាមេរិក ក៏បានជួយបំពាក់បំប៉ន កងទ័ពអ៊ីរ៉ាក់ដែរ។ ឥឡូវ កងទ័ពអ៊ីរ៉ាក់ កំពុងប្រយុទ្ធជាមួយក្រុមកួដ ដើម្បីដណ្តើម តំបន់គៀរគូក ។ សម្រាប់ពេលនេះ រដ្ឋាភិបាលលោកត្រាំ ត្រូវរួញខ្លួន មិនកាន់ជើងអ្នកណាទាំងអស់។ តែការប្រកាន់ជំហរនៅកណ្តាលនេះ គឺវាដូចហុចដងដាវ ទៅឲ្យរដ្ឋាភិបាលអ៊ីរ៉ាក់ ព្រោះថារដ្ឋាភិបាលនេះ នឹងទទួលជំនួយពីកងទ័ពឈីអ៊ីតអ៊ីរ៉ង់ ដើម្បីប្រយុទ្ធជាមួយក្រុមកួដ។
នៅដើមបូព៌ា អាមេរិក មានសត្រូវជុំទិស គឺរុស្ស៊ីផង តួកគីផង អ៊ីរ៉ង់ផង ដូច្នេះ ក្រុមទាំងបីនេះ នឹងធ្វើគ្រប់យ៉ាង ដើម្បីកំចាយឥទ្ធិពលរបស់អាមេរិក មិនឲ្យទៅរំខាននៅក្បែរផ្ទះរបស់គេទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ