អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វិបត្តិស៊ីរី៖ បារាំង​ចេញមុខ​រក​ដំណោះស្រាយ ខណៈ​ដែល​អាមេរិក​និង​រុស្ស៊ី​លែង​និយាយ​គ្នា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពីរ​សប្តាហ៍​ចុងក្រោយ​នេះ ​វិបត្តិ​ស៊ីរី​បាន​ដុត​រោល​កំដៅ​កាន់តែ​ខ្លាំង​នៅ​លើ​ឆាក​អន្តរជាតិ ​ រវាង​ប្រទេស​មហា​អំណាច​ធំៗ​ទាំងពីរ​ សហរដ្ឋ​អាមេរិក​ និង​រុស្ស៊ី ​ដែល​ម្នាក់ៗ​កំពុងតែ​ធ្វើ​អន្តរាគមន៍​យោធា​នៅ​ស៊ីរី។ សហរដ្ឋ​អាមេរិក ​និង​រុស្ស៊ី ​បាន​បែរ​ខ្នង​ដាក់​គ្នា​ជា​ផ្លូវការ ​ បន្ទាប់​ពី​ការ​ចរចា​រក​ដំណោះស្រាយ​សន្តិភាព​ស៊ីរី ​បាន​បរាជ័យ​ម្តង​ជា​ពីរ​ដង។ រុស្ស៊ី​ដែល​បាន​ព្រមព្រៀង​គ្នា​ទំលាក់​អាវុធ​បណ្តោះអាសន្ន ​ បែរ​ជា​រឹត​តែ​បញ្ជូន​កម្លាំង ​បន្ថែម​អាវុធ​ទំនើបៗ​ទៅ​កាន់​ស៊ីរី ​ហើយ​បាន​បន្ត​ទំលាក់​គ្រាប់​បែក​ ឥត​លស់ថ្ងៃ​នៅ​តំបន់​អាឡិប។ ថ្ងៃ​ព្រហស្បតិ៍​ទី​ ៦​តុលា​នេះ ​លោក​រដ្ឋមន្ត្រី​ការបរទេស​បារាំង​កំពុង​ធ្វើ​ដំណើរ​ទៅ​មូស្គូ ​ដើម្បី​និយាយ​បញ្ហានេះ​ជាមួយ​ថ្នាក់ដឹក​នាំ​រុស្ស៊ី។

លោកពូទីន និង លោកអូបាម៉ា
លោកពូទីន និង លោកអូបាម៉ា © Kevin Lamarque / Reuters/REUTERS
ផ្សាយពាណិជ្ជកម្ម

សង្រ្គាម​ត្រជាក់​កើត​មាន​ជាថ្មី?

ពាក្យ​សង្រ្គាម​ត្រជាក់​ថ្មី​ ត្រូវ​បាន​អ្នក​សារព័ត៌មាន​ក៏​ដូច​ជា​អ្នក​វិភាគ​ទូទៅ​លើក​យក​មក​និយាយ​ជារឿយៗ ​ទៅហើយ​ មួយ​រយៈពេល​ចុង​ក្រោយ​នេះ។ អ្នក​ខ្លះ​ដល់​ទៅ​ហ៊ាន​និយាយ​ដល់​ថា ​សង្រ្គាម​លោក​លើក​ទី៣ ​នឹង​ចាប់​ផ្តើម​ទៀត​ផង។ តែ​យ៉ាងណា ​គ្រប់គ្នា​មិន​ត្រូវ​និយាយ​ដើម្បី​គ្រាន់តែ​ធ្វើ​ឲ្យ​មនុស្ស​ផ្អើល​ទេ ​ ​តែ​យើង​គួរ​ស្វែង​យល់​អំពី​ចំណុច ​ ក៏ដូច​ជា​ធាតុផ្សំ​នី​មួយៗ ​ដែល​ឈាន​មក​ដល់​ជម្លោះ​បច្ចុប្បន្ន​នេះ។ ជា​ការ​ពិត ​ គិត​មកត្រឹម​ពេល​នេះ ​ម៉ោង​នេះ​ រុស្ស៊ី​ និង​អាមេរិក​ លែង​មើលមុខ​គ្នា​ចំទៀត​ហើយ ​ក្នុង​សំណុំរឿង​ស៊ីរី

 
តាំង​ពីដើម​មក​យើង​ដឹង​ហើយ​ថា ​ក្នុង​សំណុំរឿង​ស៊ីរី ​រុស្ស៊ី​និង​សហរដ្ឋ​អាមេរិក ​ខ្វែង​គំនិត​គ្នា​រហូត។ រុស៊្សី​គាំទ្រ​ខាង​រដ្ឋាភិបាល​បាឆ្ហា ​អាល់អាសាដ ​ បាន​ចូល​ធ្វើ​អន្តរាគមន៍​ដើម្បី​ការពារ​រដ្ឋាភិបាល​នេះ។ ចំណែក​សហរដ្ឋ​អាមេរិក ​និងប្រទេស​លោក​ខាងលិច ​ ដែល​មិន​ពេញចិត្ត​បាឆ្ហា​ អាល់​អាសាដ ​ដែល​ជា​ប្រធានាធិបតី​ផ្តាច់ការ ​ បាន​ចូល​ធ្វើ​អន្តរាគមន៍ ​ជួយ​ខាង​ក្រុម​ឧទ្ទាម​បះបោរ​ និង​កងទ័ព​សេរី​រំដោះ​ស៊ីរី។ អស់​រយៈ​ពេល​ជាច្រើន​ខែ​មក​ហើយ ​ដែល​រុស្ស៊ី ​និង​សហរដ្ឋ​អាមេរិក​ ព្យាយាម​សាកល្បង​និយាយ​គ្នា ​ដើម្បី​រក​ដំណោះស្រាយ​នយោបាយ​ឲ្យ​ស៊ីរី។ ការ​ទម្លាក់​អាវុធ​ផ្អាក​ឈប់បាញ់​បណ្តោះអាសន្ន ​បាន​ចុះ​ហត្ថលេខា​ជាច្រើន​លើក​មក​ហើយ ​ចុងក្រោយ​គឺ​នៅថ្ងៃ​ទី៩ ​ខែ​កញ្ញា ​ឆ្នាំ​នេះ ​តែ​ផ្ទុយ​ទៅវិញ ​រុស្ស៊ី​បន្ត​ទំលាក់​គ្រាប់​បែក​ធ្វើ​ព្រងើយ។

អ្វី​ដែល​គេ​សង្កេត​ឃើញ ​គឺថា ​លោក​ចន ឃែរី ​ប្រមុខ​ការទូត​អាមេរិក ​ ហាក់​បាក់​កំលាំងចិត្ត ​ហើយ​លែង​ចង់​និយាយ​គ្នា​ជាមួយ​រុស្ស៊ី​ទៀត​ហើយ។ នេះក៏​ដោយសារ​តែ ​ ខាង​រុស្ស៊ី​ប្រកែក​រហូត ​ទោះ​អ្នកណា​សំណូមពរ​អ្វី​ ដាក់​ផែនការ​រក​ដំណោះស្រាយ​អ្វី​ ក៏​រុស្ស៊ី​មិន​ស្តាប់​ដែរ ​ គឺ​ដឹង​តែ​ធ្វើ​យ៉ាងណា​ បន្ត​ទំលាក់​គ្រាប់បែក ​ដើម្បី​ដណ្តើម​យក​ក្រុង​អាឡិប​ឲ្យ​បាន។ លោក​ចន ឃែរី ​បាន​និយាយ​ថា ​រុស្ស៊ី​មានះ​ចង់​ឈ្នះ​ណាស់​ ទោះ​ស្លាប់​មនុស្ស​ប៉ុន្មាន​អ្នក​ក៏​ដោយ។

សម្រាប់​អាមេរិក ​គឺ​មាន​ន័យ​ថា ​រុស្ស៊ី​មិន​ញញើត​អាមេរិក​ សូម្បី​តែ​បន្តិច។ ហើយ​វា​មិនមែន​មាន​តែ​បញ្ហា​ស៊ីរី​មួយទេ ​ តែ​បញ្ហា​នេះ ​វា​បាន​រាល​ដាល​ទៅ​ដល់​បញ្ហា​ផ្សេងទៀត ​រវាង​រុស្ស៊ី​និង​អាមេរិក។ តួយ៉ាង​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ រុស្ស៊ី​បាន​ចាប់​ផ្តើម​សើររើ ​កិច្ច​ព្រមព្រៀង​ពីរ​ធំៗ​ជាមួយ​អាមេរិក។ តួយ៉ាង ​ថ្ងៃ​ទី​៣​តុលា ​ រុស្ស៊ី​បាន​ព្យួរ​កិច្ច​ព្រមព្រៀង​ ស្តីពី​ការ​ចំរាញ់​ធាតុ​ព្លុយតូនីញ៉ូម ​ហើយ​ក្រោយ​មក​នៅ​ថ្ងៃ​ម្សិលមិញ​នេះ ​រុស្ស៊ី​បាន​ព្យួរ​កិច្ច​ព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​ក្នុង​ការ​ស្រាវជ្រាវ​ផ្នែក​ថាមពល​នុយក្លេអ៊ែរ។ ក្រសួង​ការបរទេស​រុស្ស៊ី​បាន​បញ្ជាក់​ថា ​គេ​លែង​ទុកចិត្ត​អាមេរិក​ទៀត​ហើយ។ មហា​អំណាច​នុយក្លេអ៊ែរ​ទាំងពីរ​ កំពុង​ចែក​បក្ស​គ្នា ​ ដូច​កាល​ពី​ជំនាន់​សង្រ្គាម​ត្រជាក់​អញ្ចឹង។ តែ​អ្វី​គួរ​ឲ្យ​ព្រួយ​បារម្ភ​នោះ ​គឺ​ថា​អំណាច​នុយក្លេអ៊ែរ​របស់​រុស្ស៊ី​បច្ចុប្បន្ន​នេះ ​ ខ្លាំង​លើល​ជំនាន់​សូវៀត​ច្រើន​ដង​ណាស់។

បញ្ហា​ស៊ីរី​ វា​បាន​មក​បន្ថែម​ពី​លើ​បញ្ហា​ផ្សេងទៀត ​ ដែល​ជា​ដំបៅ​ជំលោះ​មាន​ស្រាប់​ រវាង​អាមេរិក ​និង​រុស្ស៊ី។ ជាក់ស្តែង ​បញ្ហា​អ៊ុយក្រែន ​តំបន់​គ្រីម៉េ ​ បញ្ហា​សន្តិសុខ​តំបន់​អឺរ៉ុប​ខាង​កើត​រវាង​អូតង់ ​និង​រុស្ស៊ី ​ជាដើម។ ដូច្នេះ ​ម្នាក់ៗកាន់តែ​ក្តៅ​ស្លឹក​ត្រចៀក​រៀងៗ​ខ្លួន។ យ៉ាងណា​មិញ​ តាម​ព័ត៌មាន​លេចឮ ​គឺ​សហរដ្ឋ​អាមេរិក ​កំពុង​ត្រៀម​អនុវត្ត​ផែនការ​ទីពីរ ​ ព្រោះ​មើល​ទៅ​ការ​ចរចា​ជាមួយ​រុស្ស៊ី​វា​បាន​ក្លាយ​ជា​ផេះ​ទៅហើយ។ ផែនការ​ទីពីរ​នេះ ​បើតាម​ការ​ស្មាន ​ គឺគ្មាន​អ្វី​ក្រៅ​ពី​ប្រើ​កម្លាំង​ទាហាន​ ទប់​ទៅ​លើ​រុស្ស៊ី​វិញ​នោះ​ទេ។

រុស្ស៊ីបន្ថែម​ទ័ព​ និង​សព្វាវុធ​ទំនើប ​ដើម្បី​ត្រៀម​តដៃ ​បើ​អាមេរិក​សម្រេច​ចូល​ប្រកួត៖

នាវា la frégate Admiral Grigorovich ​របស់​រុស្ស៊ី​ ​ចេញ​​ដំណើរ​​ពី​​​កំពង់ផែ​Sébastopol​ មក​ដល់​​​សមុទ្រ​​មេឌីទែរ៉ាណេ​
នាវា la frégate Admiral Grigorovich ​របស់​រុស្ស៊ី​ ​ចេញ​​ដំណើរ​​ពី​​​កំពង់ផែ​Sébastopol​ មក​ដល់​​​សមុទ្រ​​មេឌីទែរ៉ាណេ​ wikipedia commons

ជាការពិត​មែន​ រុស្ស៊ី​បន្ថែម​កម្លាំង​ច្រើន​ណាស់ ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។ កាល​ពី​ថ្ងៃ​ពុធ​ ទី​៥​តុលា​ នាវា​ចម្បាំង​មួយ​គ្រឿង​របស់​រុស្ស៊ី​ឈ្មោះ ​Amiral Grigorovitch ទើបតែ​បាន​បើក​ឆ្លង​កាត់​ច្រក​សមុទ្រ​ផូស្វ័រ ​សំដៅ​ទៅ​មូលដ្ឋាន​ទ័ព​រុស្ស៊ី​នៅ​តំបន់​Tartousនៅ​ស៊ីរី។ នាវា​នេះ​អាច​មាន​ផ្ទុក​មីស៊ីល​អាកាស​២៤​គ្រាប់។ បន្ថែម​ពី​នេះ ​ មាន​នាវា​តូចៗ​ផ្សេងទៀត ​ដែល​កំពុង​ធ្វើ​ដំណើរ​ទៅមក​ រវាង​មូលដ្ឋាន​ទ័ព​នៅ​ស៊ីរី ​និង​កំពង់ផែ​សេបាស្ត្រូប៉ូល ​នៅ​គ្រីមេ ​ដើម្បី​ដឹក​ជញ្ជូន​អាវុធ​បន្ថែម។ ក្រៅពី​នេះ​ទៀត ​រុស្ស៊ី​បាន​ប្រកាស​ទៀត​ថា ​ ក្នុង​ខែ​នេះ ​ នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​មួយគ្រឿង​របស់​រុស្ស៊ី ​ឈ្មោះ​Kuznetzov នឹង​បើក​សំដៅ​ទៅធ្វើ​ប្រតិបត្តិការ​នៅ​ក្បែរ​ស៊ីរី។ ពោល​គឺ​ រុស្ស៊ី​កំពុង​បញ្ចេញ​អាវុធ​ មីស៊ីល ​នាវា​ចម្បាំង ​ដ៏​ទំនើបៗ​បំផុត​របស់​ខ្លួន។

ដោយឡែក​ បើតាម​ការ​ផ្សាយ​របស់​បណ្តាញ​ព័ត៌មាន​រុស្ស៊ី​ និង​ស៊ីរី​ បាន​ឲ្យដឹង​ថា​រុស្ស៊ី​បាន​បញ្ជូន​កម្លាំង​ទាហ៊ាន​ស្ម័គ្រចិត្ត​ជាច្រើន​នាក់ ​ដើម្បី​ទៅ​សមរភូមិ​ផ្ទាល់​ ជួយ​ខាង​កងទ័ព​រដ្ឋាភិបាល​ស៊ីរី។ តែ​ព័ត៌មាន​នេះ ​ នៅ​មិនទាន់​មាន​ការ​អះអាង​ជា​ផ្លូវការ​ថា​ពិត​រឺ​ក៏​អត់​ទេ។

យ៉ាងណា​ក៏ដោយ ​ព័ត៌មាន​សំងាត់​ស្តីពី​ផែនការ​ត្រៀម​ជើងព្រួល​របស់​រុស្ស៊ី ​ដើម្បី​ទប់ទៅ​នឹង​ការ​ប្រើ​កំលាំង​របស់​អាមេរិក​នេះ ​ត្រូវ​បាន​បញ្ចេញ​ឲ្យ​ដឹង​ដោយ​មនុស្ស​សំខាន់​ម្នាក់​ ក្នុង​ជួរ​កងទ័ព​រុស្ស៊ី។ ដូច្នេះ​យើង​អាច​សន្និដ្ឋាន​បាន​ថា​ ការ​បញ្ជូន​គ្រឿង​សព្វាវុធ ​និង​កម្លាំង​បន្ថែម​នេះ ​គឺ​ជា​ផ្នែក​មួយ​នៃ​ផែនការ​ត្រៀម​តដៃ​ជាមួយ​អាមេរិក។

បារាំង​ព្យាយាម​ចេញមុខ​ដោះស្រាយ​បញ្ហា៖
ថ្ងៃ​ព្រហស្បតិ៍​ទី​ ៦ តុលា ​ លោក​ ហ្សង់ម៉ាក អេរ៉ូ ​រដ្ឋមន្ត្រី​ការបរទេស​បារាំង​បាន​អញ្ជើញ​ទៅ​ទីក្រុង​មូស្គូ ​ដើម្បី​ជួប​និយាយ​ដោយ​ផ្ទាល់​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី។ ច្រើនខែ​មក​ហើយ ​ដែល​អាមេរិក​ព្យាយាម​ចរចា​ជាមួយ​រុស្ស៊ី ​តែនៅ​តែមិន​បាន​ផល​ រុស្ស៊ី​នៅ​តែ​រឹង​ទទឹង។​ តើ​សួរ​ថា ​បារាំង​មាន​ទំងន់​ប៉ុន្មាន​ទៅ​ក្នុង​ពេល​នេះ​ ដើម្បី​ធ្វើ​ឲ្យ​រុស្ស៊ី​ប្តូរ​ចិត្ត? យើង​មិនមែន​មើលងាយ​បារាំង​ទេ ​ តែ​កាលៈទេសៈ​នេះ ​គឺ​អ្នក​វិភាគ​គ្រប់គ្នា ​យល់ថា​ បារាំង​មិន​អាច​ទៅ​ជួយ​ធ្វើ​ឲ្យ​រុស្ស៊ី ​ត្រជាក់​ចិត្ត​បាន​ទេ។ រុស្ស៊ី​កំពុង​តែ​ដើរ​ជិត​ដល់ ​ផែន​ការ​ចុង​ក្រោយ​របស់​ខ្លួន​ទៅ​ហើយ ​ ពោល​គឺ​ដណ្តើម​យក​តំបន់​អាឡិប​ឲ្យ​បាន​ដើម្បី​ប្រគល់​ទៅ​ឲ្យ​រដ្ឋាភិបាល​បាឆ្ហា អាល់អាសាដ។ បើ​អាឡិប​ធ្លាក់​ទៅ​ក្នុង​ដៃ​រដ្ឋា​ភិបាល​បាឆ្ហា​វិញ ​គឺមាន​ន័យ​ថា​ក្រុម​ឧទ្ទាម​ស៊ីរី ​នឹង​ចាញ់​ហើយ។

យ៉ាង​ណាក៏​ដោយ​ យើង​អាច​ស្វាគមន៍ ​និង​អបអរ​ស្ងើច​សរសើរ ​ដល់​ភាព​ក្លាហាន​របស់​បារាំង​ ដែល​ហ៊ាន​ចេញ​មុខ​ដោះស្រាយ​បញ្ហា។ កម្មវត្ថុ​ចំបង​របស់​បារាំង​គឺ ​សង្រ្គោះ​ប្រជាជន​ស៊ីរី​ ជា​ពិសេស​ប្រជាជន​តំបន់​អាឡិប។ ក្នុង​កម្មវត្ថុ​នេះ​ហើយ ​ទើប​បារាំង​មាន​គម្រោង​ដាក់​ស្នើ​ផែនការ​របស់ខ្លួន​ ទៅ​ក្រុម​ប្រឹក្សា​សន្តិសុខ ​ឲ្យ​សម្រេច​នៅ​ចុង​សប្តាហ៍​នេះ។ ផែនការ​របស់​បារាំង​នេះ ​គឺ​ជា​ចំបង​៖ ដាក់​អាវុធ​បណ្តោះអាសន្ន​ទាំង​អស់​គ្នា ​បញ្ជូន​ស្បៀងទៅ​ជួយ​ប្រជាជន​​ ហាម​ឃាត់​រាល់​ការ​ហោះកាត់​ដោយ​យន្តហោះ​ទាហាន ​ហើយ​ចូលតុ​ចរចា​ឡើង​វិញ។

រុស្ស៊ី ​កំពុង​ចូលរួម​ធ្វើ​ឧក្រិដ្ឋកម្ម​សង្រ្គាម​ជាមួយ​រដ្ឋាភិបាល​ស៊ីរី៖

លោក Jean Marc Ayrault នៅក្នុង​បន្ទប់ផ្សាយ​របស់វិទ្យុ​បារាំង​អន្តរជាតិ​RFI
លោក Jean Marc Ayrault នៅក្នុង​បន្ទប់ផ្សាយ​របស់វិទ្យុ​បារាំង​អន្តរជាតិ​RFI

កាលពី​យប់​ថ្ងៃ​ពុធ ​ មុន​ពេល​ចេញ​ដំណើរ​ទៅ​មូស្គូ ​ លោក ហ្សង់ម៉ាកអេរ៉ូ ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បារាំង ​បានមាន​ប្រសាសន៍​តាម​ទូរទស្សន៍​ថា ​លោក​ទៅ​និយាយ​ជាមួយ​រុស្ស៊ី ​គឺ​និយាយ​ពី​ការពិត​ជាក់ស្តែង​ មិនមែន​ទៅ​ថ្នាក់ថ្នម​លោមចិត្ត​រុស្ស៊ី​ទេ។ លោក​បន្ថែម​ថា ​រុស្ស៊ី​កំពុង​ធ្វើ​ទង្វើរ​អមនុស្សធម៌ ​មិន​គប្បី ​ យ៉ាង​អាម្មាស ​ដែល​បារាំង​មិនអាច​ទទួល​យក​បាន​ទេ។ បើ​រុស្ស៊ី​ចូលដៃ​ធ្វើ​អំពើ​ឧក្រិដ្ឋ ​រុស្ស៊ី​ត្រូវ​ត្រៀមខ្លួន​ទទួល​ខុសត្រូវ​ចំពោះ​មុខច្បាប់​ទៅ​ថ្ងៃមុខ។ គាត់​បន្ថែម​ទៀត​ថា ​បើ​រុស្ស៊ី​មិន​ឈប់​ពេល​នេះ​ទេ ​ ​គឺ​រុស្ស៊ី​នឹង​បង្ខំ​ឲ្យ​បារាំង​ជ្រើសរើស​យក​ជម្រើស​ប្រើ​កំលាំង​ ព្រោះ​បារាំង​មាន​តួនាទី​ជួរមុខ ​ក្នុង​ការ​ជួយ​ប្រជាជន​ស៊ីរី។

យ៉ាងណាមិញ ​លោក​បាន គីមូន​វិញ ​ បាន​មាន​ប្រសាសន៍​ដែរ​ថា​ ទង្វើរ​ដែរ​រុស្ស៊ី​និង​កងទ័ព​បាឆ្ហា អាល់អាសាដ​កំពុង​ធ្វើ​នៅ​តំបន់​អាឡិប ​គឺ​មិន​ខុស​ពី​អំពើ​ឧក្រិដ្ឋកម្ម​សង្រ្គាម​ទេ។ សំដី​នេះ​គឺ​លោក​បាន គីមូន ​បាន​សំដៅ​ទៅដល់​ការ​ទំលាក់​គ្រាប់បែក​ផ្ទួនៗ ​ទៅលើ​មន្ទីរពេទ្យ​ពីរ​នៅ​អាឡិប ​ ព្រម​ទាំង​ការ​បិទ​ខ្ទប់​ព័ត្រប្រជាជន​ប្រមាណ​ជា​ជិត​៣សែន​នាក់​នៅ​ទីនោះ ​ទៅ​ណា​មិន​រួច​ គ្មាន​ស្បៀង​អាហារ។ នេះ​យើង​នៅ​មិន​រាប់​ពី​ការ​ដែល​រុស្ស៊ី​បាន​ទំលាក់​គ្រាប់​​ កំទេច​ រថយន្ត​ដឹក​ស្បៀង​មនុស្សធម៌​ផង។

បន្ទាប់​ពី​មូស្គូ ​លោក ហ្សង់ម៉ាក អេរ៉ូ ​និង​ទៅ​ក្រុង​ញូយ៉ក ​ដើម្បី​ជួប​លោក​ចន ឃែរី​ទៀត។ យ៉ាងណាក៏​ដោយ ​ចុង​សប្តាហ៍​នេះ​ បើ​សិន​រុស្ស៊ី​បោះឆ្នោត​វេតូ ​ប្រឆាំង​នឹង​សំណើ​របស់​បារាំង ​គឺ​យើង​នឹង​អាច​ដឹង​ពី​គោល​ជំហរ​ពិត​ប្រាកដ​របស់​អាមេរិក ​ និង​បារាំង ​ថា​ត្រូវ​ប្រើ​កម្លាំង​រឺ​មិន​ប្រើ​ជាមួយ​រុស្ស៊ី។ តែ​យើង​កំភ្លេច​ថា ​អាណត្តិ​លោក​អូបាម៉ា ​នៅ​សល់​តែ​ជាង​មួយខែ​ទៀត​ប៉ុណ្ណោះ។ រុស្ស៊ី​ដឹង​ពី​ចំណុច​នេះ ​ទើប​ព្យាយាម​ឆក់​ឱកាស​នេះ ​ដើម្បី​សង្គ្រប់​លើ​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ