អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ីរ៉ង់៖ ទណ្ឌកម្ម​អាមេរិក​ចូល​ជាធរមាន ខណៈ​អឺរ៉ុប​ព្យាយាម​ការពារ​ក្រុម​ហ៊ុន​ខ្លួន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃទី៧សីហានេះ ទណ្ឌកម្មសេដ្ឋកិច្ច ដែលលោកដូណាល់ ត្រាំ បានសន្យាថានឹងអនុវត្ត ដើម្បីវាយបំបាក់អ៊ីរ៉ង់នោះ បានចូលជាធរមានហើយ។​ ទណ្ឌកម្ម ដែលសំដៅដាក់ពិន័យ ទៅលើក្រុមហ៊ុន និង​ប្រទេសទាំងអស់ ដែលរកស៊ីជាមួយអ៊ីរ៉ង់ ឬទិញទំនិញពីអ៊ីរ៉ង់។ សហភាពអឺរ៉ុប ដែលព្យាយាមមានៈ បន្តអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរ អ៊ីរ៉ង់នោះ ទើបតែចេញច្បាប់មួយ ដើម្បីជួយការពារក្រុមហ៊ុនខ្លួន ដែលរងសំពាធទណ្ឌកម្ម របស់សហរដ្ឋអាមេរិក។ លោកដូណាល់ ត្រាំ បានប្រកាសថា បើអ៊ីរ៉ង់ចង់វិលចូលទីផ្សារសកលវិញ អ៊ីរ៉ង់​ត្រូវតែចរចា ដើម្បីបិទបញ្ចប់ គ្រប់សកម្មភាពបង្កអស្ថិរភាពទាំងអស់ក្នុងតំបន់។ តើនឹងមានអ្វីកើតឡើងបន្តទៀត ? តើអ្វីខ្លះ ជាផលវិបាក នៃទណ្ឌកម្មសេដ្ឋកិច្ច របស់អាមេរិកនេះ?

លោកដូណាល់ ត្រាំ និយាយទៅកាន់​អ្នក​កាសែត ក្រោយ​ប្រកាស​​ដាក់​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​។ ថ្ងៃទី​៨ ​ខែឧសភា ២០១៨
លោកដូណាល់ ត្រាំ និយាយទៅកាន់​អ្នក​កាសែត ក្រោយ​ប្រកាស​​ដាក់​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​។ ថ្ងៃទី​៨ ​ខែឧសភា ២០១៨ REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

ទណ្ឌកម្មលើ ចរន្តប្រាក់ដុល្លារ វត្ថុធាតុដើមអ៊ីរ៉ង់ និងវិស័យយានយន្ត

ទណ្ឌកម្មសេដ្ឋកិច្ច ដែលចូលជាធរមានចាប់ពីថ្ងៃនេះ គឺមានផ្តោតជាអាថទិ៍ លើវិស័យ ទិញដូរនិងផ្ទេរចរន្តសាច់ប្រាក់ដុល្លារ ទៅក្នុងសេដ្ឋកិច្ចអ៊ីរ៉ង់។ មានន័យថា ចាប់ពីពេលនេះទៅ រាល់កិច្ចសន្យាទិញលក់ ឬការផ្ទេរប្រាក់ ទាំងអស់ដែលទាក់ទងជាមួយអ៊ីរ៉ង់ គឺមិនអាចប្រើប្រាក់ដុល្លារបានទេ។

បន្ទាប់ទៀត ទណ្ឌកម្មនេះ គឺសំដៅហាមឃាត់ រាល់សកម្មភាពពាណិជ្ជកម្ម ដែលទាក់ទងនឹងវត្ថុធាតុដើម របស់អ៊ីរ៉ង់។ រ៉ែធនធានធម្មជាតិ ដូចជារ៉ែម៉ាស រ៉ែកម្រជាច្រើនប្រភេទទៀត ព្រមទាំងធ្យូងថ្មផងនោះ គឺក្រុមហ៊ុនទាំងអស់មិនអាចទិញពីអ៊ីរ៉ង់បានទេ។ ដូចគ្នាដែរ សម្ភារៈគ្រឿងបន្លាស់ យានយន្ត និងយន្តហោះអាកាសចរណ៍ស៊ីវីលគ្រប់ប្រភេទ គឺមិនអាចលក់ទៅឲ្យអ៊ីរ៉ង់ ឬទិញពីអ៊ីរ៉ង់បានទេ។ បើក្រុមហ៊ុនណា នៅតែចចេស នឹងរងទណ្ឌកម្មហិរញ្ញវត្ថុ ពីសំណាក់អាមេរិក។

ទាំងនេះ គឺជាទណ្ឌកម្មដំណាក់កាលទី១។ បន្ទាប់មកទៀត ចាប់ពីថ្ងៃទី៥ខែវិច្ឆិកា នឹងមានទណ្ឌកម្មដំណាក់កាលទី២ ដែលដំណាក់កាលទី២នេះ នឹងកាន់តែធ្ងន់ធ្ងរ ព្រោះវាសំដៅដោយចំពោះ ទៅលើវិស័យនាំចេញប្រេងកាត និងឧស្ម័នធម្មជាតិរបស់អ៊ីរ៉ង់។ វិស័យទាំង២នេះ ជាពិសេសប្រេងកាត គឺជាច្រកដង្ហើម​សេដ្ឋកិច្ចដ៏សំខាន់បំផុត របស់អ៊ីរ៉ង់។ សេដ្ឋកិច្ចអ៊ីរ៉ង់ ដែលកាន់តែរួមចង្អៀង អតិផរណាខ្ពស់កប់ពពក អត្រាអ្នកអត់ការងារធ្វើកើនឡើងកាន់តែខ្លាំង ទំនិញឡើងថ្លៃគ្រប់មុខ ខណៈដែលប្រជាជនពុំមានចំណូលគ្រប់គ្រាន់។ ហេតុដូច្នេះហើយ បានជាមានបាតុកម្មទូទាំងប្រទេស ប្រមាណជាង១សប្តាហ៍មកនេះ។

អឺរ៉ុបព្យាយាមការពារក្រុមហ៊ុនខ្លួន ទាំងអស់សង្ឃឹម

សហភាពអឺរ៉ុប ដែលមានបារាំង និងអាល្លឺម៉ង់ ជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់នោះ នៅតែបន្តព្យាយាមគោរពកិច្ចព្រមព្រៀងនេះ ជានិច្ច បើទោះ​បី​គ្មាន​វត្តមានរបស់សហរដ្ឋអាមេរិកក៏ដោយ។ បន្តអនុវត្តកិច្ចព្រមព្រៀង គឺមានន័យថា បន្ត​សហការ​រកស៊ីជាមួយអ៊ីរ៉ង់។ ហេតុដូច្នេះហើយ បានជាសហភាពអឺរ៉ុប បានរិះរកវិធី ដើម្បីការពារក្រុមហ៊ុនខ្លួនណា ដែលចង់បន្តរកស៊ីនៅអ៊ីរ៉ង់។

ច្បាប់ដែលអឺរ៉ុប បានដាក់អនុវត្ត នៅថ្ងៃទី៧សីហានេះ គឺជាច្បាប់ចាស់ ដែលធ្លាប់ត្រូវតាក់តែង​ កាលពីឆ្នាំ១៩៩៦ ដោយគេយកមកកែសម្រួលខ្លះ។ ច្បាប់ចាស់នេះ ត្រូវបានរៀបចំធ្វើ ដើម្បីប្រឆាំងនឹងទណ្ឌកម្មរបស់អាមេរិកដែលបានដាក់ទៅលើគុយបា និងលីប៊ី កាលពីជំនាន់នោះ។ តែច្បាប់នេះ មិនដែលត្រូវបានយកមកអនុវត្តទេ ព្រោះថា អាមេរិកនិងសហភាពអឺរ៉ុប បានស្រុះស្រួលគ្នា ដើម្បីបញ្ចៀស​សង្រ្គាមពាណិជ្ជកម្ម និងការប្តឹងប្តល់។

តែពេលនេះ វាខុសគ្នា។ យោងតាមខ្លឹមសារច្បាប់នេះ គោលការណ៍នៃការអនុវត្តទណ្ឌកម្មសេដកិច្ច របស់អាមេរិក ដែលលើស ហួសពីដែនអធិបតេយ្យ ទឹកដីរបស់អាមេរិកនេះ គឺជារឿងមួយខុសច្បាប់។ ធ្វើដូចនេះ គឺមានន័យហាក់ដូចជា ក្រុមហ៊ុនអន្តរជាតិទាំងអស់ ត្រូវស្ថិតនៅក្រោមច្បាប់របស់អាមេរិក តែមួយប៉ុណ្ណោះ។

អញ្ចឹង ដើម្បីការពារ និងជំរុញ កុំឲ្យក្រុមហ៊ុនអឺរ៉ុបខ្លាចទណ្ឌកម្មអាមេរិក អឺរ៉ុបបានកំណត់​៣ផ្នែក។ ផ្នែកទីមួយ គឺក្រុមហ៊ុនអឺរ៉ុបទាំងអស់ មិនអាចត្រូវស្ថិតក្រោមគំនៀបច្បាប់អាមេរិក​​ទេ បើសិនជាក្រុមហ៊ុនមានសកម្មភាព​​រកស៊ី នៅក្រៅទឹកដីអាមេរិក។ តែបើក្រុមហ៊ុន​ទាំង​នោះ នៅតែចចេស ខំធ្វើតាមការទាមទាររបស់អាមេរិកគ្រប់កាលៈទេសៈនោះ គឺក្រុមហ៊ុន​ទាំងនោះ នឹងរងពិន័យពីសំណាក់ ប្រទេសសមាជិកអឺរ៉ុបវិញ។

ផ្នែកទី២ គឺ ច្បាប់នេះបានកំណត់ ជាការប៉ះប៉ូវសំណងខូចខាត ដែលចៅក្រមជាអ្នកកំណត់ ​ជូនចំពោះក្រុមហ៊ុនណា ដែលបានរងទណ្ឌកម្មហិរញ្ញវត្ថុរបស់អាមេរិក។ ហើយផ្នែក​ទី៣​ចុងក្រោយ គឺទោសពិន័យ ឬ​ទណ្ឌកម្ម ដែលសម្រេចដោយតុលាការបរទេស​ណា ​ដោយផ្អែកលើទណ្ឌកម្មសេដ្ឋកិច្ចអាមេរិកនេះ គឺមិនមានប្រសិទ្ធិភាព ហើយត្រូវចាត់ទុក​ជា​មោឃៈ នៅលើទឹកដីអឺរ៉ុប។

តែសួរថា តើវិធានការរបស់អឺរ៉ុបទាំងនេះ អាចមានប្រសិទ្ធិភាពកំរិតណា? ទីផ្សារអាមេរិកធំណាស់ ហើយបណ្តាញហិរញ្ញវត្ថុអន្តរជាតិ ដែលក្រុមហ៊ុនទាំងអស់រំពឹង គឺជាបណ្តាញ​ហិរញ្ញវត្ថុ​អាមេរិក។ សួរថាតើក្រុមហ៊ុនអឺរ៉ុបណា ដែលចិត្តសឿង ហ៊ានល្បងកម្លាំងជាមួយអាមេរិក? ក្រុមហ៊ុនធំៗ មួយចំនួន ដូចជាក្រុមហ៊ុន Total ជាដើម បានសម្រេចដកខ្លួន ចេញពីអ៊ីរ៉ង់រួចហើយ ដែលនេះមានន័យថា Total មិនជឿថាច្បាប់ការពាររបស់អឺរ៉ុបនេះ អាចជួយទប់បានទេ។ យ៉ាងណាមិញ លោក Jean-Claude Juncker ប្រធានគណកម្មការអឺរ៉ុប បានទទួលស្គាល់ខ្លួនឯងថា មធ្យោបាយការពារមាន តែមានកំរិតតិចណាស់​ដូច្នេះត្រូវតែប្រយ័ត្ន។

“ចង់ចរចា ត្រូវដកកាំបិតចេញសិន”

លោកដូណាល់ ត្រាំ ប្រកាសកាលពីថ្ងៃចន្ទទី ៦សីហាថា បើអ៊ីរ៉ង់​មិនចង់ស្គាល់ថ្នាំខ្លាំង ដោយសារទណ្ឌកម្មសេដ្ឋកិច្ចទាំងនេះទេ គឺអឺរ៉ង់ត្រូវតែចរចា។ ចរចានោះគឺ ចរចាមិនមែន ត្រឹមតែរឿងនុយក្លេអ៊ែរទេ គឺគ្រប់រឿងទាំងអស់ ដែលអាមេរិកចាត់ទុកថាជាសកម្មភាពបង្កអសិ្ថរភាពតំបន់។ សកម្មភាពទាំងនោះ បូករួមទាំងកម្មវិធីផលិតកាំច្រួចបាលីស្ទីក អន្តរាគមកងទ័ពអ៊ីរ៉ង់ដែលជួយរដ្ឋាភិបាលបាឆា អាល់អាសាដ នៅស៊ីរី ការឃុបឃិតជួយក្រុមហ៊ូទី នៅយេមែន ជំនួយយោធាជួយក្រុមហេសបូឡាលីបង់ និងក្រុមហាម៉ាសប៉ាឡេស្ទីនជាដើម។

សម្រាប់មេដឹកនាំអ៊ីរ៉ង់ ពេលនេះហាក់ដូចជាមិនបានបង្ហាញជំហរចុះញ៉ម ព្រមចរចាទេ។ លោកហាសាន់ រ៉ូហានី បានថ្លែងនៅថ្ងៃនេះថា៖ មនុស្សម្នាក់បានយកកាំបិតចាក់អ្នកឯង ហើយស្រែកថាតោះ មកដោះស្រាយនិយាយចរចាគ្នា ទាំងដែលដៃនៅកាត់កាំបិតជាប់ មិនព្រមដកកាំបិតចេញ។ លោកប្រមុខរដ្ឋាភិបាល​អ៊ីរ៉ង់ លើកឡើងបន្ថែមថា៖ ដរាបណាអាមេរិក មិនអាចបង្ហាញ ថាខ្លួនមានកិត្តិយស សមឲ្យគេផ្តល់ក្តីទុកចិត្តបានទេនោះ អ៊ីរ៉ង់មិនអាចចាញ់បោក ព្រមចរចាបានជាដាច់ខាត

លោកហាសាន់ រ៉ូហានី អះអាងថា៖ រឿងលោកត្រាំប្រកាសចង់ជួបលោក ដើម្បីចរចានោះ គឺជារឿងបោកប្រាស់ ដើម្បីទាក់ទាញសម្លេងឆ្នោត ផ្ទៃក្នុងអាមេរិកតែប៉ុណ្ណោះ។ ការពិត លោកដូណាល់ ត្រាំ គ្មានចិត្តចង់ចរចាជាមួយអ៊ីរ៉ង់ ដោយស្មោះត្រង់នោះទេ។ អ្វីដែលលោកដូណាល់ ត្រាំ ចង់បានគឺ ប្រើទណ្ឌកម្មសេដ្ឋកិច្ចនេះ ដើម្បីបង្កជាអស្ថិរភាពនៅអ៊ីរ៉ង់ បំបាក់បំបែកផ្ទៃក្នុងអ៊ីរ៉ង់ ធ្វើឲ្យប្រជាជនអ៊ីរ៉ង់តវ៉ាបះបោរប្រឆាំងរដ្ឋាភិបាលតែប៉ុណ្ណោះ

“បើអ៊ីរ៉ង់មិនអាចលក់ប្រេងបាន អ្នកផ្សេងក៏​មិនអាច”

លោកអាយ៉ាតូឡា អាលីខាមណី បានមានប្រតិកម្មតប នឹងអាមេរិកវិញ ដោយបាននិយាយគំរាមថា បើអ៊ីរ៉ង់ មិនអាចនាំប្រេងចេញទៅលក់ នោះប្រទេសផ្សេងក្នុងតំបន់ ក៏មិនអាចបញ្ចូនប្រេងទៅលក់បានដែរ។ សម្តីនេះ គឺមានន័យថា អ៊ីរ៉ង់ អាចនឹង​ធ្វើប្រតិបត្តិការ បិទខ្ទប់ច្រកសមុទ្រ Ormuz ដែលជាច្រកចេញចូលឈូងសមុទ្រពែក្ស ហើយដែលជាច្រកដឹកប្រេងចេញ របស់ប្រទេសតំបន់អារ៉ាប់ សឹងតែទាំងអស់។

យ៉ាងណាមិញ លោកRobert McNally អ្នកវិភាគនៅCNBC បានលើកឡើងដែរថា អ៊ីរ៉ង់នាំប្រេងចេញ មួយថ្ងៃប្រមាណ​២លាន​៥សែន​ធុងបារីល ក្នុងមួយថ្ងៃ។ តែបើមានបញ្ហាអីនៅច្រកសមុទ្រ Ormuz គឺមានន័យថាប្រេងចំនួន១៩លានធុងបារីល របស់ប្រទេសអារ៉ាប់ផ្សេងទៀត ដែលនឹងមិនអាចនាំចេញទៅលក់បាន។ ដោយសារតែភាពមិនប្រាកដប្រជានេះហើយ បានជា​តម្លៃប្រេងឆៅ បានឡើងស្រឺតៗ ប៉ុន្មានថ្ងៃចុងក្រោយនេះ។

សំណួរសួរថា អ៊ីរ៉ង់ ចិត្តសឿង ហ៊ានបង្កបញ្ហា រារាំងការធ្វើចរាចរណ៍ ក្នុងឈូងសមុទ្រ​ពែក្ស​ដែរ​ឬទេ? កុំភ្លេចថា ក្នុងករណីប៉ះទង្គិចណាមួយ ជាមួយទាហានអាមេរិក ដែលប្រចាំការនៅទីនោះ រឿងរ៉ាវនេះ និងកាន់តែរីកធំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ