អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កង​កម្លាំង​អ៊ីរ៉ាក់ ​បើកសមរភូមិ​​ដណ្តើម​​ភាគ​ខាង​លិច​​ម៉ូស៊ូល ពីដៃ​ក្រុម​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃ​អាទិត្យ ​ទី​១៩​ កុម្ភៈ​នេះ ​ លោក​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ ​បាន​ប្រកាស​ពី​ការ​ចាប់ផ្តើម ​បើក​សមរភូមិ​ វាយ​ដណ្តើម​យក​ភាគ​ខាង​លិច ​នៃ​ទីក្រុង​ម៉ូស៊ូល ​ពីដៃ​ពួក​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម។ សូម​បញ្ជាក់​ថា ​ ផ្នែក​ខាង​កើត​ក្រុង​ម៉ូស៊ូល ​ត្រូវ​បាន​ដណ្តើម​បាន​មក​វិញ ​កាល​ពី​ថ្ងៃទី​១៨​ មករា។ បន្ទាប់​ពី​បាន​បង្អង់​ចាំអស់​រយៈ​ពេល​១ខែ ​ដើម្បី​រៀបចំ​យុទ្ធសាស្ត្រ​ប្រយុទ្ធ​ កង​កម្លាំង​អ៊ីរ៉ាក់ ​ដោយ​មាន​ជំនួយ​ពី​កងទ័ព​សម្ព័ន្ធមិត្ត​ផង​នោះ ​អាច​ចាប់ផ្តើម​សមរភូមិ ​ចាប់​ពី​ថ្ងៃ​នេះ​ទៅ។ តែ​យ៉ាងណាក៏​ដោយ ​មន្ត្រី​កងទ័ព​សម្ព័ន្ធមិត្ត​បាន​ទទួល​ស្គាល់​ថា ​សមរភូមិ​ភាគ​ខាងលិច​ម៉ូស៊ូល ​គឺជា​សមរភូមិ​ដ៏គ្រោះថ្នាក់ ​និង​លំបាក​បំផុត។

កងកម្លាំង​អន្តរាគមន៍រហ័សរបស់​អ៊ីរ៉ាក់ បាញ់​គ្រាប់​​សំដៅ​​ចូល​​ភាគខាង​លិច​ម៉ូស៊ូល​ ពី​ទិស​​ខាងត្បូង ថ្ងៃ​ទី​​១៩ កុម្ភៈ ២០១៧
កងកម្លាំង​អន្តរាគមន៍រហ័សរបស់​អ៊ីរ៉ាក់ បាញ់​គ្រាប់​​សំដៅ​​ចូល​​ភាគខាង​លិច​ម៉ូស៊ូល​ ពី​ទិស​​ខាងត្បូង ថ្ងៃ​ទី​​១៩ កុម្ភៈ ២០១៧ REUTERS/Zohra Bensemra
ផ្សាយពាណិជ្ជកម្ម

សមាសភាព​នៃ​កងកម្លាំង​អ៊ីរ៉ាក់៖

កង​កម្លាំង​ដែល​នៅ​ខាង​រដ្ឋាភិបាល​អ៊ីរ៉ាក់ ​ មិនមែន​មាន​តែ​មួយ​ក្រុម​ទេ ​ តែ​មាន​ច្រើន​ក្រុម។ យើង​អាច​បែង​ចែក​ជា​បីផ្នែក ​ ទីមួយ ​គឺ​កងកម្លាំង​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​អ៊ីរ៉ាក់ ​ដោយ​ផ្ទាល់ ​ទីពីរ​គឺ​កងម្លាំង ​ដែល​កើត​ចេញ​ពី​ចលនា​មហាជន ​និង​ទីបី ​គឺ​កង​កម្លាំង​ដែល​បញ្ជូន​ទៅ​ពី​បរទេស។

កង​កម្លាំង​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​អ៊ីរ៉ាក់ ​គឺ​មាន​កងទ័ព​អ៊ីរ៉ាក់ ​ផ្ទាល់​តែម្តង។ កងទ័ព​អ៊ីរ៉ាក់​នេះ ​កាល​ពី​សមរភូមិ​ឆ្នាំ​២០១៥ ​នៅ​ម៉ូស៊ូល ​បាន​រ​ងការ​រិះគន់​ច្រើន​ណាស់ ​ដោយសារ​តែ​មាន​ការ​ខ្វះខាត​ច្រើន ​ ទាំង​សម្ភារៈ ​ទាំង​សមត្ថភាព ​និង​ទាំង​យុទ្ធសាស្ត្រ​ប្រយុទ្ធ។ ក៏​ប៉ុន្តែ​ជាងមួយ​ឆ្នាំ​មក​នេះ ​ កងទ័ព​អ៊ីរ៉ាក់ ​ បាន​ទទួល​ការ​ហ្វឹកហាត់​ច្រើន ​ ពី​អ្នក​ជំនាញ​ការ​របស់​កង​ទ័ព​អាមេរិក។

ក្រៅ​ពី​កងទ័ព​អ៊ីរ៉ាក់ ​នៅមាន​កង​កម្លាំង​ពិសេស​ពីរ​ទៀត ​ គឺ​កង​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម ​ និង​កង​កម្លាំង​អន្តរាគមន៍​រហ័ស។ ក្រុម​កម្លាំង​ប្រឆាំង​ភេរវកម្ម​ ត្រូវ​គេ​ទទួល​ស្គាល់ថា​​មាន​សមត្ថភាព​ខ្ពស់ ​ ជាក់​ស្តែង ​ដោយ​យោង​ទៅ​លើ​លទ្ធផល​ជោគជ័យ​ កាល​ពី​មួយ​ខែ​មុន​នេះ​​ ក្នុង​ពេល​វាយ​ដណ្តើម​ភាគ​ខាងកើត​ម៉ូស៊ូល។ តាម​ការ​គ្រោងទុក ​ ក្រុម​នេះ ​នឹង​ត្រូវ​ចូល​ទៅ​ភាគ​ខាង​លិច​ម៉ូស៊ូល ​ក្នុង​ដំណាក់កាល​ទីពីរ។ ចំណែក​កង​អន្តរាគម​រហ័ស​វិញ ​គឺ​មាន​តួនាទី​ដណ្តើម​យក​ទីតាំង​យុទ្ធសាស្ត្រ​ធំៗ ​ដូច​ជា​ព្រលាន​យន្តហោះ​ម៉ូស៊ូល​ជាដើម ​ ដែល​បច្ចុប្បន្ន​នេះ ​ស្ថិត​ក្នុង​ដៃ​ក្រុម​ជីហាត​នៅឡើយ។

ចំណែក​កង​កម្លាំង​មហាជន​វិញ ​ គឺ​មាន​ក្រុម​មួយ​ឈ្មោះថា​ ក្រុម​Hachd Al Chaabi  ​ដែល​ជា​ចលនា​អ្នក​ស្ម័គ្រ​ចិត្ត​សុទ្ធសាធ។​ ក្រុមនេះ ​ជា​ការ​រួបរួម​គ្នា ​ សុទ្ធ​តែ​ជា​ប្រជាជន​អ៊ីរ៉ាក់ ​កាន់​សាសន​អ៊ីស្លាម ​និកាយ​ឈីអ៊ីត​ ហើយ​ដែល ​បាន​ទទួល​ការ​ទំនុកបំរុង​ ទាំង​សម្ភារៈ ​និង​ថវិកា​ ដោយ​ផ្ទាល់​ពី​កងទ័ព​អ៊ីរ៉ង់។

កន្លងមក ​កងទ័ព​សម្ព័ន្ធ​មិត្រ​របស់​អាមេរិក ​មិន​សូវ​ជា​ចង់​រាប់​កង​កម្លាំង​មហាជន​នេះ​ទេ ​ ដោយសារ​តែក្រុម​នេះ​ ​មាន​អ៊ីរ៉ង់​ជាអ្នក​នៅ​ពីក្រោយ។ ក៏ប៉ុន្តែ ​ ដោយ​សង្កេត​ឃើញ​ពី​ភាព​ក្លាហាន ​ និង​សមត្ថភាព​របស់​ក្រុមនេះ​ នៅ​ព្រឹក​ថ្ងៃទី​១៩កុម្ភៈ ​លោក ​Stephen Townsend ​មេទ័ព​អាមេរិក​ ប្រចាំការ​នៅ​អ៊ីរ៉ាក់ ​បាន​សរសើរ ​ក្រុម​ Hachd Al Chaabi  ​នេះ ​ព្រោះ​ដោយសារ​ក្រុម​នេះ ​ជា​ក្រុម​ស្ម័គ្រចិត្ត​នៅ​ជួរ​មុខ​គេ​បង្អស់។ ក៏​ប៉ុន្តែ​កន្លង​មក ​ ក្រុម​នេះ​ក៏​ត្រូវ​រង​ការ​រិះគន់​ដែរ​ ដោយសារ​តែ​បាន​ប្រើ​អំពើ​ហឹង្សា​ព្រៃ​ផ្សៃ​ជ្រុលហួស​ហេតុ​ ទៅលើ​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម។

ចំពោះ​ កង​កម្លាំង​សម្ព័ន្ធ​មិត្ត​វិញ ​ ជា​ផ្លូវការ​គឺ​មាន​ប្រទេស​ទាំង​អស់​៦០​ប្រទេស​ចូលរួម​ ដែល​សរុប​ទាហាន​រាប់ពាន់​នាក់ ​ ក៏​ប៉ុន្តែ​ជាង​ពាក់​កណ្តាល ​គឺ​សុទ្ធ​តែ​ជា​ទាហាន​អាមេរិក។ កងទ័ព​សម្ព័ន្ធមិត្ត​ ដែល​ដឹកនាំ​ដោយ​អាមេរិក​នេះ ​ មិនមែន​ធ្វើ​ប្រតិបត្តិការ​តែ​នៅ​ម៉ូស៊ូល​ទេ​ តែ​វាយ​ប្រហារ​តាម​រយៈ​ការ​ទម្លាក់​គ្រាប់បែក​ ទៅលើ​ទី​តាំង​បន្ទាយ​របស់​ពួក​ជីហាត ​ទូទាំង​អ៊ីរ៉ាក់។ តួនាទី​របស់​កងទ័ព​នេះ​ មួយ​ទៀត​ ​គឺ​បាន​ហ្វឹកហាត់​ បណ្តុះបណ្តាល​កងកម្លាំង​ពិសេស​របស់​អ៊ីរ៉ាក់​ ប្រមាណ​ជា​៦៥០០០​នាក់។

ក្រៅ​ពីកង​កម្លាំង​ចម្រុះ​ទាំងនេះ ​ក៏​នៅ​មាន​កង​កម្លាំង​គួក​ និង​កងទ័ព​ពិសេស​ដែល​បញ្ជូន​មក​ដោយ​រដ្ឋាភិបាល​តួកគី ​ ​នៅ​ភាគ​ខាង​ជើង​អ៊ីរ៉ាក់ ​ ដើម្បី​វាយ​ប្រយុទ្ធ​ជាមួយ​ក្រុម​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។ តែ​យ៉ាងណា ​គេ​នៅ​មិន​ទាន់​ប្រាកដ​ថា ​ក្រុម​ទាំង​ពីរ​នេះ ​ នឹង​ចូល​រួម​ក្នុង​សមរភូមិ​ម៉ូស៊ូល ​ រឺទេ។
 

កងទ័ព​អ៊ីរ៉ាក់ ​កំពុង​សំដៅ​​ទៅ​ម៉ូស៊ូល​ខាងលិច ដោយចូល​ពី​ទិស​ខាង​ត្បូង
កងទ័ព​អ៊ីរ៉ាក់ ​កំពុង​សំដៅ​​ទៅ​ម៉ូស៊ូល​ខាងលិច ដោយចូល​ពី​ទិស​ខាង​ត្បូង REUTERS/Khalid al Mousily

ភាគ​ខាងលិច​ម៉ូស៊ូល​ ជា​សមរភូមិ​គ្រោះថ្នាក់​បំផុត

លោក​មេ​បញ្ជាការ​ Stephen Townsend ​បាន​និយាយ​ថា ​ សមរភូមិ​ខាង​លិច​ម៉ូស៊ូល ​គឺ​ជា​សមរភូមិ​លំបាក​ និង​គ្រោះថ្នាក់​បំផុត ​ មិន​ថា​សម្រាប់​កងទ័ព​អ៊ីរ៉ាក់ ​ រឺ​កងទ័ព​ណា​ទាំងអស់។ មាន​កត្តា​ពីរ​ ដែល​នាំឲ្យ​សមរភូមិ​នេះ ​ជា​សមរភូមិ​គ្រោះថ្នាក់។ ទីមួយ ​ គឺ​កត្តា​ភូមិសាស្ត្រ។ ខុស​ពី​ភាគ​ខាង​កើត ​ ភាគ​ខាង​លិច​ម៉ូស៊ូល ​ជា​ទីក្រុង​បូរាណ ​ដែល​មាន​អាគារ​ចាស់ៗ ​និង​ផ្លូវ​តូចៗ​ខ្វាត់ខ្វែង។ ច្រក​ផ្លូវ​តូចៗ ​ មិន​អាច​ឲ្យ​កងទ័ព​អ៊ីរ៉ាក់ ​ បើក​រថក្រោះ​ចូល​ទៅ​បាន​ទេ។ ដូច្នេះ​មាន​ន័យ​ថា ​ ការ​ប្រយុទ្ធ​សឹងតែ​ទាំងស្រុង​ គឺ​ត្រូវ​ធ្វើ​ឡើង​ដោយ​ថ្មើរ​ជើង ​ ម្តងមួយ​ដំណាក់ ​ទៅមួយ​ដំណាក់។

កត្តា​ទីពីរ ​គឺ​កត្តា​មនុស្ស។ នៅ​ម៉ូស៊ូល​ ភាគ​ខាងលិច ​នៅមាន​ប្រជាជន​ស៊ីវីល​រស់នៅ​ច្រើន​ណាស់។ យុទ្ធសាស្ត្រ​របស់​ក្រុម​ជីហាត ​គឺ​ប្រើ​ប្រជាជន​សាមញ្ញ ​ជា​ខែល ​ ហើយ​បន្លំ​ខ្លួន ​លាយឡំ​ជាមួយ​ប្រជាជន។ នេះ​ហើយ​ដែល​ជា​ការ​លំបាក​របស់​កងទ័ព​អ៊ីរ៉ាក់ ​ ព្រោះ​មិន​ដឹង​អ្នក​ណា ​ជា​ពួក​ជីហាត ​អ្នកណា​ជា​ប្រជាជន​ស្លូតត្រង់​ទេ។ ដូច្នេះ​ សកម្មភាព​ធ្វើ​ភេរវកម្ម​ ដាក់​បង្កៃ​គ្រាប់បែក ​ ដើម្បី​សម្លាប់​កងទ័ព​អ៊ីរ៉ាក់ ​ប្រាកដ​ជា​កើត​មាន។ មួយវិញ​ទៀត ​ក្រុម​ជីហាត​នេះ ​ប្រើប្រាស់ ​សាលារៀន ​ មន្ទីរ​ពេទ្យ ​និង​វិហារ​ម៉ូស្កេ ​ជា​កន្លែង​លាក់​ខ្លួន ​ និង​លាក់​អាវុធ​របស់​ពួកវា។ ដូច្នេះ ​កង​កម្លាំង​អ៊ីរ៉ាក់​ ត្រូវតែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ​ដើម្បី​ចៀសវៀង ​មិន​ឲ្យ​ប៉ះ​ពាល់ ​ដល់​អាយុ​ជីវិត​របស់​ប្រជាជន​ស្លូតត្រង់។

ប្រជាជន​ស្លូតត្រង់ ​៧សែន ​នៅ​ម៉ូស៊ូល​ភាគ​ខាងលិច

បញ្ហា​នេះ​ជា​បញ្ហា​ចំបង ​ ព្រោះ​បើ​សិន​ជា​អ្នក​រងគ្រោះ​ច្រើន ​ដែល​ជា​ប្រជាជន​សាមញ្ញ ​គឺ​ពិត​ជា​រង​ការ​រិះគន់​មិន​ខាន​ទេ។ ​នៅខាង​លិច​ម៉ូស៊ូល ​បច្ចុប្បន្ន​នេះ ​ មាន​ប្រជាជន​រស់នៅ​ប្រមាណ​ជា​៧សែន​នាក់។ ចំនួន​នេះ​ច្រើន​ណាស់ ​បើ​ប្រៀបធៀប​ទៅ​នឹង​ទំហំ​របស់​ទីក្រុង​នេះ។

កាល​ពី​ថ្ងៃ​សោរ៍​ម្សិលមិញ​នេះ ​ ក្រសួង​ការពារ​ជាតិ​អ៊ីរ៉ាក់ ​បាន​ប្រកាស​ថា ​កងទ័ព​អាកាស ​បាន​ទំលាក់​ខិតបណ្ណ ​ពីលើ​ក្រុង​ម៉ូស៊ូល​ខាងលិច ​ ដើម្បី​ប្រាប់​ដំណឹង​ពីការ​បើក​សមរភូមិ ​ទៅកាន់​ប្រជាជន​ស្លូតត្រង់ ​ ឲ្យ​ត្រៀម​ខ្លួន។ ខាង​ក្រសួង​បញ្ជាក់​ថា ​ ក្នុង​ខិតបណ្ឌនេះ​ គេ​មាន​សរសេរ​ប្រាប់​ទៅ​ប្រជាជន​ ឲ្យត្រូវ​ធ្វើ​យ៉ាង​ណា ​នៅ​ពេល​កងទ័ព​អ៊ីរ៉ាក់ ​ចូល​ទៅ​ដល់ ​ ដើម្បី​ចៀសវៀង​កុំ​ឲ្យ​មាន​ការ​យល់​ច្រឡំ​ថា​ ​ថា​​ជា​ជន​ជីហាត។ បន្ទាប់​មកទៀត ​គឺ​ត្រូវ​ប្រមូល​ផ្តុំគ្នា ​ដើម្បី​ចាកចេញ​ពី​សមរភូមិ។

បើតាម​គ្រោងទុក ​ កងទ័ព​អ៊ីរ៉ាក់ ​មាន​គម្រោង​ឡោមព័ទ្ធ​ភាគ​ខាងលិច ​ជាមុន​សិន ​ រួច​ វាយ​សម្រុក​បន្តិច​ម្តងៗ។ ដូច្នេះ ​គ្រោះ​ថ្នាក់​ស្លាប់​ប្រជាជន​សាមញ្ញ ​ គឺ​ជា​រឿង​ដែល​មិន​អាច​ចៀស​បាន​ទេ។ យ៉ាងណា​មិញ ​ លោកស្រី​ប្រធាន​ការិយល័យ​មនុស្សធម៌ ​នៃ​អង្គការ​សហប្រជាជាតិ ​ បាន​សម្តែង​ការ​ព្រួយ​បារម្ភ ​ ​ជា​ខ្លាំង​ ហើយ​បាន​សំណូមពរ ​ឲ្យ​ទុក​សង្កាត់​ទីក្រុង​បូរាណ​ដែល​នៅ​កណ្តាល​ម៉ូស៊ូល​ខាងលិច ​ជា​តំបន់​គ្មាន​​ការប្រយុទ្ធ ​ ដើម្បី​រក្សា​អាយុ​ជីវិត​ប្រជាជន​សាមញ្ញ ​ហើយ​ឲ្យ​ជន​ជីហាត ​ប្រគល់​ខ្លួន​ចេញ​ម្តង​មួយ។ តែ​យ៉ាងណា ​ធ្វើ​យ៉ាងនេះ ​ ​វា​ចំណាយ​ពេល​យូរ ​ ហើយ​អាច​បង្ក​គ្រោះថ្នាក់ ​ ដល់​កង​កម្លាំង​អ៊ីរ៉ាក់ ​ វិញ​ក៏​ថា​បាន​ដែរ។ មួយវិញទៀត ​សមរភូមិ ​អាច​ចំណាយ​ពេល​ច្រើន​សប្តាហ៍​ទៀត ​ ដូច្នេះ​ បើ​សិន​កង​កម្លាំង​អ៊ីរ៉ាក់ ​ហ៊ុំព័ទ្ធ​ភាគ​ខាង​លិច​ម៉ូស៊ូល​យូរ ​ គឺ​មាន​ន័យ​ប្រជាជន​សាមញ្ញ ​ទាំង​៧សែន​នាក់ ​ក៏​អាច​នឹង​ជួប​គ្រោះ​ទូរភិក្ខ​កាន់តែ​ធ្ងន់ធ្ងរ​ ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ