អ៊ីស្រាអែល-ប៉ាឡេស្ទីន៖ រងើកភ្លើងសង្រ្គាមចាស់ ឆាបឆេះជាថ្មី ដោយខ្យល់លោកត្រាំ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៣២
ក្រោយពីរដ្ឋាភិបាលអាមេរិក ដឹកនាំដោយលោកដូណាល់ ត្រាំ បានសម្រេចទទួលស្គាល់ក្រុងហ្សេរុយសាឡឹម ជារដ្ឋធានី របស់អ៊ីស្រាអែល កាលពីថ្ងៃពុធ ទី៦ធ្នូកន្លងមកនេះ សហគមអន្តរជាតិ បានថ្កោលទោសយ៉ាងខ្លាំង ទៅលើការសម្រេចនេះ ដែលគេចាត់ទុកថា មិនខុសពីយកសាំង ទៅជះលើភ្លើង ហើយការនេះ នឹងធ្វើឲ្យកិច្ចប្រឹងប្រែងស្វែងរកសន្តិភាពរវាង អ៊ីស្រាអែល ប៉ាឡេស្ទីន រលាយយសាបសូន្យ។ អ៊ីស្រាអែល ប៉ាឡេស្ទីន បានប្រឈមមុខដាក់គ្នា សាជាថ្មី ជាមួយនឹងអំពើហិង្សា កុបកម្ម ការបះបោរ ព្រមទាំងមានការបាញ់ផ្លោងគ្រាប់រ៉ូកែត និងការទំលាក់គ្រាប់បែក ទៀតផង។
ហិង្សា ចលាចល បះបោរ ការបាញ់ផ្លោងគ្រាប់រ៉ូកែត និងការទំលាក់គ្រាប់បែក…
សេចក្តីសម្រេចរបស់លោកដូណាល់ ត្រាំ ប្រមុខរដ្ឋាភិបាលអាមេរិកបានធ្វើឲ្យតំបន់ដើមបូព៌ាទាំងមូល រញ្ជួយ ជាពិសេស គឺនៅប៉ាឡេស្ទីនតែម្តង។ ថ្នាក់ដឹកនាំនយោបាយ ចលនាតស៊ូប្រដាប់អវុធ ឬប្រជាជនប៉ាឡេស្ទីនទូទៅ បានចាត់ទុកថា ការសម្រេចរបស់លោកដូណាល់ ត្រាំ នេះ មិនខុសពីអំពើអយុត្តិធម៌ ហើយលំអៀងយ៉ាងច្បាស់នឹងភ្នែក។
អំពើកុបកម្ម ការបះបោរហិង្សា បានផ្ទុះឡើងតាំងតែពីថ្ងៃពុធម្លេះ ហើយពីមួយថ្ងៃទៅមួយថ្ងៃ ចលនាបះបោរ របស់យុវជនប៉ាឡេស្ទីន និងក្រុមកងប្រដាប់អាវុធហាម៉ាសនៅតំបន់ហ្កាហ្សា បានរីកកាន់តែធំ។ កាលពីថ្ងៃសុក្រម្សិលមិញ ដែលមេដឹកនាំនយោបាយប៉ាឡេស្ទីនបានយកជាទិវាចងកំហឹងនោះ ក្រុមបាតុករប៉ាឡេស្ទីននៅតំបន់ស៊ីហ្សកដានី រាប់ពាន់នាក់ បានប្រឈមមុខនឹងនគរបាល និងទាហានអ៊ីស្រាអែល។ ឆ្លើយតបនឹងការយកដុំថ្មគុបរបស់បាតុករប៉ាឡេស្ទីន ទាហានអ៊ីស្រាអែល បានបាញ់កាំភ្លើងដើម្បីបំបែកបាតុករ ដែលបានបណ្តាលឲ្យមានមនុស្សស្លាប់២នាក់ នឹងរបួសរាប់សិបនាក់។
កាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត គឺនៅតំបន់ហ្កាហ្សា។ ក្រុមហាម៉ាសប៉ាឡេស្ទីន បានបាញ់គ្រាប់រ៉ូកែត ជាច្រើនគ្រាប់សំដៅទៅដីអ៊ីស្រាអែល តែគ្រាប់ខ្លះ ត្រូវបានអ៊ីស្រាអែលស្ទាក់បាន ហើយធ្លាក់ក្នុងដីប៉ាឡេស្ទីន។ តែបើតាមដំណឹង គឺមិនមានមនុស្សរងគ្រោះទេ។ ក៏ប៉ុន្តែអ៊ីស្រាអែល បានប្រើយន្តហោះចម្បាំង ហោះមកទំលាក់គ្រាប់បែក ជាច្រើនកន្លែង នៅហ្កាហ្សា នៅព្រឹកព្រហាមថ្ងៃសៅរ៍នេះ។ មេដឹកនាំរបស់ក្រុមហាម៉ាសម្នាក់ បានឲ្យដឹងថា មានក្រុមសកម្មជនហាម៉ាស យ៉ាងហោច២នាក់ បានស្លាប់ និងរបួសជិត២០នាក់ទៀត ដោយសារគ្រាប់បែករបស់អ៊ីស្រាអែលនេះ។ ទាហានអ៊ីស្រាអែល បានអះអាងថា គេបានទំលាក់គ្រាប់បែកទៅលើ ជំរំ និងកន្លែងស្តុកអាវុធ របស់ក្រុមអាម៉ាស ដែលជាក្រុមភេរវកម្ម។
នៅថ្ងៃសោរ៍នេះអំពើកុបកម្មចលាចល កំពុងកើតមានបន្តទៀត ជាអាថទិ៍នៅទីក្រុងបេត្លេហិម ក្នុងតំបន់ស៊ីហ្សកដានី ដែលស្ថិតក្រោមការកាន់កាប់ របស់អ៊ីស្រាអែល។ ក្រុមចលនាតស៊ូប៉ាឡេស្ទីន ជាច្រើនក្រុមមិនថាក្រុមហាម៉ាស ឬក្រុមហ្វាតាស សុទ្ធតែបានអំពាវនាវ ឲ្យមានចលនាបះបោរ ងើបតតាំង នឹងអ៊ីស្រាអែល។
អាមេរិកលំអៀង ធ្វើឲ្យប៉ាឡេស្ទីនលែងទុកចិត្ត
គ្រប់គ្នាសួរថា តើរដ្ឋាភិបាលលោកដូណាល់ ត្រាំ គិតឃើញយ៉ាងដូចម្តេចបានជាធ្វើរឿងនេះឡើង? វាមិនត្រឹមតែមិនបានផលទេ តែផ្ទុយទៅវិញគឺវាបានបំផ្លាញ អ្វីៗដែលគេខំកសាងមកទាំងអស់។ អ្នកវិភាគស្ថានការណ៍ខ្លះ បានលើកឡើងថា លោកដូណាល់ ត្រាំ មិនមែនគ្រាន់តែជាមនុស្ស គ្មានចំណេះដឹងលើកិច្ចការនយោបាយអន្តរជាតិប៉ុណ្ណោះទេ តែលោកដូណាល់ ត្រាំ នេះ គឺជាមនុស្សដែលកំពុងតែ បង្កគ្រោះថ្នាក់បំផុត ដល់ពិភពលោកយើងទាំងមូល ដោយសារតែការសម្រេចចិត្ត ដោយគ្មានគិតមុខគិតក្រោយរបៀបនេះ។
នៅក្នុងអង្គប្រជុំ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ បារាំង អង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី ស៊ុយអែត ជាដើម បានរួមគ្នា ប្រកាសថ្កោលទោស ថា ការសមេ្រចចិត្តរបស់លោកដូណាល់ ត្រាំនេះ មិនមានខ្លឹមសារជំរុញឲ្យមានសន្តិភាពទេ ហើយមិនត្រឹមតែប៉ុណ្ណោះ គឺវាផ្ទុយស្រលះ ពីខ្លឹមសាររួមនៃសេចក្តីសម្រេចចិត្ត របស់អង្គការសហប្រជាជាតិទៀតផង។
ក៏ប៉ុន្តែលោកស្រី Nikki Haley ប្រមុខការទូតអាមេរិក ប្រចាំអង្គការសហប្រជាជាតិ បានច្រានចោលការចោទប្រកាន់ទាំងស្រុង ហើយបានអះអាងថា រដ្ឋាភិបាលអាមេរិក បានទទួលស្គាល់ក្រុងហ្សេរុយសាឡឹមជារបស់អ៊ីស្រាអែលមែន តែមិនបានប្រកាសទទួលស្គាល់ព្រំដែន ខណ្ឌចែកក្រុងហ្សេរូសាឡឹមទេ។ មានន័យថា បញ្ហាហ្សេរុយសាឡឹមខាងកើត ដែលប៉ាឡេស្ទីនទាមទារ គឺនៅតែអាចយកមកចរចា ហើយអាមេរិក នឹងនៅតែមានតួនាទីជាអាជ្ញាកណ្តាលដដែល។
ក៏ប៉ុន្តែសម្រាប់ថ្នាក់ដឹកនាំនយោបាយប៉ាឡេស្ទីន គឺគេមិនអាចទទួលយកបានទេ។ ការដែលអាមេរិកទទួលស្គាល់ហ្សេរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែលនាពេលនេះ គឺវាបញ្ជាក់ច្បាស់ទៅហើយ ថាអាមេរិក លំអៀងទៅរកអ៊ីស្រាអែល ដូច្នេះការចរចាស្តីអំពីហ្សេរុយសាឡឹម ខាងកើតដែលអ៊ីស្រាអែល បានទន្ទ្រានយកនៅឆ្នាំ៦៧នោះ គឺគ្មានន័យអ្វីទៀតឡើយ។
ថ្ងៃសុក្រម្សិលមិញនេះ លោកដូណាល់ ត្រាំ បានប្រកាសថានឹងបញ្ជូនលោក Mike Pence អនុប្រធានាធិបតីអាមេរិក ឲ្យទៅតំបន់ដើមបូព៌ា ដើម្បីសម្របសម្រួល។ ក៏ប៉ុន្តែ នៅថ្ងៃសៅរ៍នេះ ប្រមុខសាសនាអ៊ីស្លាម ឈ្មោះ Al-Azhar នៅទីក្រុងគែរប្រទេសអេហ្ស៊ីប បានបដិសេធ មិនទទួលជួបលោក Mike Pence ទេ។ ដូចគ្នាដែរ មន្ត្រីធំម្នាក់ របស់ចលនាហ្វាតាសប៉ាឡេស្ទីន បានអះអាងថា លោក Mike Pence មិនបាច់មកជាន់ដីប៉ាឡេស្ទីនទេ ព្រោះគ្មាននរណាស្វាគមន៍ឡើយ។
ប្រធានាធិបតីតួកគី ចេញមុខប្រមូលប្រទេសអ៊ីស្លាម
ដោយឡែក គេសង្កេត ឃើញថា លោក អ៊ែរដូហ្កាន់ ប្រធានាធិបតីតួកគី កំពុងតែស្វះស្វែង ចេញមុខ ដើម្បីប្រមូលផ្តុំប្រទេសអ៊ីស្លាមទាំងអស់ ឲ្យរួមគ្នាប្រឆាំងនឹងការសម្រេច របស់លោកដូណាល់ ត្រាំ ទាក់ទិននឹងបញ្ហាក្រុងហ្សេរូសាឡឹមនេះ។តាមការគ្រោងទុក ថ្ងៃពុធ សប្តាហ៍ក្រោយ លោកប្រធានាធិបតីតួកគី នឹងដឹកនាំការប្រជុំធំមួយ នៅក្រុងអ៊ីស្តង់ប៊ូល ក្នុងក្របខណ្ឌ អង្គការសហប្រតិបត្តិការអ៊ីស្លាម ដែលមានប្រទេសសមាជិក៥៧ប្រទេស។ ការចេញមុខចេញមាត់របស់លោក អ៊ែរដូហ្កាន់នេះ ត្រូវបានគេមើលឃើញថា ជាការកេងចំណេញ ចង់ដើរតួជាមេដឹកនាំប្រទេសអ៊ីស្លាមទាំងអស់។
បើតាមការវិភាគទូទៅ ការប្រមែរប្រមូលកំលាំងនេះ វាមានផលវិជ្ជមានតិចណាស់ ដើម្បីដោះស្រាយបញ្ហាក្រុងហ្សេរូសាឡឹម។ ព្រោះ អី ព្រោះថា ប្រទេសអ៊ីស្លាមទាំងអស់ មានគោលជំហរមិនស្របគ្នាទេ។ គេមិនទាំងដឹងថា មានប្រទេសប៉ុន្មាន នឹងមកចូលរួមប្រជុំផងទេ។ ដូចយើងដឹងហើយ ថា ក្រុមប្រទេសអ៊ីស្លាមទាំងអស់ជាទូទៅ គឺចែកបក្សជាពីរក្រុម ម្ខាងគឺក្រុមឈីអ៊ីត ដែលមានអ៊ីរ៉ង់នាំមុខ និងម្ខាងទៀត ជាក្រុមស៊ុនីត ដែលមានអារ៉ាប៊ីសាអូឌីត ជាអ្នកបោះមេ។ ដូច្នេះ បើមេទៅខាងណា កូនចៅទៅខាងនោះហើយ។
ក្នុងបញ្ហាប៉ាឡេស្ទីននេះ គឺមានទេអ៊ីរ៉ង់ទេ ដែលមោះមុតការពារប៉ាឡេស្ទីនជាងគេ ហើយបានជួយទំនុកបំរុងក្រុមហាម៉ាស ព្រោះអ៊ីរ៉ង់ចាត់ទុកអ៊ីស្រាអែលជាសត្រូវ។ ដោយឡែកកន្លងមក អារ៉ាប៊ីសាអូឌីត ធ្លាប់គាំទ្រជួយប៉ាឡេស្ទីនដែលជាប្រទេសអ៊ីស្លាមដូចគ្នាមែន ក៏ប៉ុន្តែមួយរយៈចុងក្រោយនេះ អារ៉ាប៊ីសាអូឌីត ផ្តល់សារៈសំខាន់ ទៅបញ្ហាអ៊ីរ៉ង់ជាង។ ក្នុងក្រសែភ្នែកអារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ជាសត្រូវធំបំផុតរបស់គេ។ រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ដឹកនាំដោយ ព្រះអង្គម្ចាស់ Mohamed Ben Salman គឺស្និតនឹងអាមេរិកជាទីបំផុត ហើយក៏កំពុងតែងាកទៅគាំទ្រអ៊ីស្រាអែលដែរ ព្រោះពួកគេទាំង៣ មានសត្រូវរួមគ្នា តែមួយ គឺ អ៊ីរ៉ង់។
យ៉ាងណាមិញ កាលពីសប្តាហ៍មុននេះ កាសែត New York Times បានចុះផ្សាយថា ព្រះអង្គម្ចាស់ Mohamed Ben Salman បានទាំងហៅលោក ប្រមុខដឹកនាំប៉ាឡេស្ទីន ទៅបញ្ចុះបញ្ចូល ថាឈប់ទាមទារយកក្រុងហ្សេរុយសាឡឹមខាងកើតទៀតទៅ។ ហើយត្រូវទទួលយក ការតាំងរដ្ឋធានីនៅក្រុង Abus Dis ជំនួសវិញ។ ដូច្នេះ គេគ្មានសង្ឃឹមទេ ថាប្រទេសអ៊ីស្លាមតូចតាចផ្សេងទៀត អាចមានលទ្ធភាព ធ្វើអ្វីបាន ក្នុងបញ្ហានេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ