អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ចំណាប់ខ្មាំង​ជប៉ុន៖ ​ក្រុមជីហាត​កំពុងតែ​ធ្វើឲ្យ​បក្សសម្ព័ន្ធ​អាមេរិក​ប្រឈម​នឹង​ភាព​ប្រេះឆា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​ទើប​នឹង​បាន​ចេញផ្សាយ​ខ្សែវីដេអូ​មួយ​ទៀត កាល​ពីល្ងាច​ថ្ងៃ​អង្គារ​ម្សិលមិញ ដោយ​គំរាម​សម្លាប់​ចំណាប់​ខ្មាំង​ជប៉ុន ក្នុងរយៈពេល ២៤ម៉ោង បើ​សិន​ជា​​គេ​មិនដោះលែង​អ្នក​ទោស​ជីហាត​ម្នាក់ ដែល​កំពុង​ជាប់ឃុំ​នៅក្នុង​ប្រទេស​ហ្សកដានី។ ការទាមទារ​នេះ​កំពុងតែ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​​ហ្សកដានី​ត្រូវ​រងសម្ពាធ​គ្រប់​ទិស។ វា​ក៏​អាច​នឹង​បង្ក​ឲ្យ​មាន​ភាព​ប្រេះឆា​នៅ​ក្នុង​ចំណោម​ប្រទេស​សម្ព័ន្ធមិត្ត​ប្រឆាំង​នឹង​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​ផងដែរ។

ភេរវជន Sajida al-Rishawi ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ប្រទេស​ហ្សកដានី ហើយ​ដែល​ក្រុម​ជីហាត​ទាមទារ​ឲ្យដោះលែង​ជា​ថ្នូរ​នឹង​ចំណាប់​ខ្មាំង​ជប៉ុន
ភេរវជន Sajida al-Rishawi ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ប្រទេស​ហ្សកដានី ហើយ​ដែល​ក្រុម​ជីហាត​ទាមទារ​ឲ្យដោះលែង​ជា​ថ្នូរ​នឹង​ចំណាប់​ខ្មាំង​ជប៉ុន REUTERS/Majed Jaber
ផ្សាយពាណិជ្ជកម្ម

 

អ្នកទោស​ដែល​ក្រុម​ជីហាត​ទាមទារ​ឲ្យ​ដោះលែង​​ជា​ថ្នូរ​នឹង​ចំណាប់​ខ្មាំង​ជប៉ុន គឺ​ជា​ស្រ្តី​ជនជាតិ​អ៊ីរ៉ាក់ ឈ្មោះថា សាជីដា អាល់​រីស្ហាវី (Sajida al-Rishawi) ដែល​ធ្លាប់​បាន​ចូលរួម​ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​​​នៅ​ក្នុង​ប្រទេស​ហ្សកដានី កាល​ពី​ឆ្នាំ​២០០៥។ ការ​វាយប្រហារ​ភេរវកម្ម​ ដែល​កាលណោះ​​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ជិត ៦០នាក់ ត្រូវ​បាន​ប្រជាជន​ហ្សកដានី​ជាច្រើន​ចាត់ទុក​ថា​ជា​ហេតុការណ៍ ១១កញ្ញា សម្រាប់​ពូកគេ។

ដូច្នេះ ការទាមទារ​ឲ្យ​ដោះលែង អាល់ រីស្ហាវី គឺ​ជា​សម្ពាធ​នយោបាយ​ដ៏​ធ្ងន់មួយ សម្រាប់​រដ្ឋាភិបាល​ហ្សកដានី ហើយ​ជា​យុទ្ធសាស្រ្ត​មួយ​របស់​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម ដើម្បី​ផ្សព្វផ្សាយ​ឃោសនា​លើក​តម្កើង​កេរ្តិ៍​ឈ្មោះ​ ទាក់ទាញ​ឲ្យ​គេ​ចាប់អារម្មណ៍។

រដ្ឋាភិបាល​ហ្សកដានី​ត្រូវ​រង​នូវ​សម្ពាធ​ដ៏ធ្ងន់​ចំនួន​ពីរ គឺ​សម្ពាធ​ពី​ក្រៅប្រទេស និង​សម្ពាធ​នៃ​នយោបាយ​ក្នុងស្រុក។

គួរបញ្ជាក់ថា នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា ហ្សកដានី​ស្ថិត​ក្នុង​ចំណោម​​​ប្រទេស​ជាមិត្ត​ដ៏ល្អ​របស់​ជប៉ុន។ ហ្សកដានី គឺ​ជា​ប្រទេស​មួយ​នៅ​ក្នុង​​​ដំណើរ​ទស្សនកិច្ច​ជុំវិញ​តំបន់​មជ្ឈិមបូព៌ា​របស់​លោក​ស្ហ៊ីនហ្សូ អាបេ ​កាលពី​ពេល​ថ្មីៗ​នេះ ដោយ​នៅ​ពេលនោះ លោក​នាយករដ្ឋមន្រ្តី​ជប៉ុន​បាន​ប្រកាស​អំពី​ការ​ផ្តល់​កម្ចី​រហូតដល់​ទៅ ១០០លាន​ដុល្លារ​ដល់​ហ្សកដានី។ ដូច្នេះ នៅ​ពេល​ដែល​ជប៉ុន​ជួប​នឹង​បញ្ហា ហើយ​ទទូច​សុំ​ជំនួយ​ពី​ហ្សកដានី​វិញ វា​គឺ​ជា​សម្ពាធ​ដ៏​ធ្ងន់មួយ​ សម្រាប់​រដ្ឋាភិបាល​ហ្សកដានី។

នៅ​ក្នុង​ស្រុក​វិញ ការដោះលែង​ភេរវជន អាល់​រីស្ហាវី ដែល​ជាប់ពាក់ព័ន្ធ​នឹង​ការ​វាយប្រហារ​ភេរវកម្ម​ដ៏ធំ​មិន​ធ្លាប់មាន​នៅ​ហ្សកដានី អាច​​នឹង​ធ្វើ​ឲ្យ​ប្រជាជន​ហ្សកដានី​ខឹងសម្បារ។ ​ប្រជាជន​នឹង​កាន់តែ​ខឹង​ខ្លាំង​ទៅទៀត ប្រសិនបើ​ការ​ដោះលែង​ភេរវជន​នេះ​ត្រូវ​ធ្វើឡើង ដើម្បី​​ជួយ​រំដោះ​ចំណាប់​ខ្មាំង​របស់​ជប៉ុន ក្នុងពេល​ដែល​​ហ្សកដានី​មាន​អ្នកបើក​យន្តហោះ​ចម្បាំង​ហ្សកដានី​ម្នាក់​កំពុង​ជាប់​ក្នុងដៃ​ពួក​ជីហាត ហើយ​មិនត្រូវ​បាន​រដ្ឋាភិបាល​ហ្សកដានី​ស្វះស្វែង​រកការ​ដោះលែង។

នៅ​រសៀល​ថ្ងៃ​ពុធ ទូរទស្សន៍​ក្នុងស្រុក​ហ្សកដានី​បាន​ផ្សាយ​ឲ្យដឹង​ថា រដ្ឋាភិបាល​ហ្សកដានី​បាន​ប្រកាស​យល់ព្រម​ដោះលែង​ភេរវជន​អាល់រីស្ហាវី ប្រសិនបើ​ក្រុម​ជីហាត​សុខចិត្ត​ដោះលែង​អ្នក​បើកបរយន្តហោះ​ហ្សកដានី​ឲ្យ​មាន​សេរីភាព។ គេ​នៅមិនទាន់​ឮ​ពី​ចម្លើយ​តប​របស់​ក្រុម​ជីហាត​នៅឡើយទេ។

ក៏ប៉ុន្តែ ការសុខចិត្ត​ដោះលែង​អ្នក​ទោស​ទៅតាម​ការទាមទារ​របស់​ក្រុម​ជីហាត​ អាច​នឹង​ធ្វើ​ឲ្យ​ហ្សកដានី​ និង​ជប៉ុន​ ត្រូវ​ប្រឈមមុខ​នឹង​ភាព​ប្រេះឆា​ជាមួយ​សហរដ្ឋ​អាមេរិក ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​ធំបំផុត។ ប្រទេស​ទាំង៣នេះ ក៏​សុទ្ធតែ​ស្ថិត​នៅ​ក្នុង​បក្ស​សម្ព័ន្ធ​ប្រឆាំង​នឹង​ក្រុម​ជីហាត​ជាមួយគ្នា​ផងដែរ។

តាំងពីដើម​មក អាមេរិក​តែងតែ​ប្រកាន់​ជំហរ​ប្រឆាំង​ដាច់ខាត​នឹង​​ការ​បង់លុយ ឬ​ដោះលែង​អ្នកទោស​​ជា​ថ្នូរ​នឹង​ចំណាប់ខ្មាំង​ក្នុងដៃ​ក្រុម​ភេរវជន។ អាមេរិក​ខ្លួនឯង​ផ្ទាល់​ក៏​ធ្លាប់​ប្រឈមមុខ​នឹង​វិបត្តិ​ចំណាប់​ខ្មាំង​ជាមួយ​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​នេះ​ដែរ កាល​ពី​ពេល​ថ្មីៗ​នេះ ដោយ​​ក្រុម​ជីហាត​បាន​ទាមទារ​​ពី​អាមេរិក​ឲ្យ​បង់លុយ និង​​​ដោះលែង​អ្នកទោស ដើម្បី​ជា​ថ្នូរ​នឹង​ការដោះលែង​ចំណាប់ខ្មាំង។ ក៏ប៉ុន្តែ អាមេរិក​បដិសេធ​ ហើយ​ពលរដ្ឋ​អាមេរិក​ ៣នាក់​ត្រូវ​ក្រុម​ជីហាត​សម្លាប់​ដោយ​កាត់ក្បាល។

កាលពីថ្ងៃ​ចន្ទ នៅ​ក្រោយ​ពេល​មាន​វិបត្តិ​ចំណាប់​ខ្មាំង​ជប៉ុន​ មន្រ្តី​ជាន់ខ្ពស់​នៃ​ក្រសួង​ការបរទេស​អាមេរិក​បាន​ធ្វើការ​បញ្ជាក់​សាជាថ្មី​ម្តងទៀត អំពី​ជំហរ​របស់​អាមេរិក ដោយ​ទាមទារ​មិន​ឲ្យ​មាន​ការ​ធ្វើ​​សម្បទាន​អ្វី​ទាំងអស់​ជាមួយ​ក្រុម​ភេរវជន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ