អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

រដ្ឋាភិបាល​ស៊ីរី​សម្រុក​យក​ជ័យ​​នៅ​អាឡិប ដោយ​មិន​ខ្វល់​ពី​ជីវិតជនស៊ីវិល​ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កងទ័ព​រដ្ឋាភិបាល​ស៊ីរី របស់​លោក បាស្ហារ អាល់ អាសាដ បាន​កំពុង​តែ​បោះជំហាន​ទៅ​ក្តោប​ក្តាប់​ទាំង​ស្រុង​​ក្រុង​អាឡិបហើយ បន្ទាប់​ពី​បាន​បើក​យុទ្ធនាការ​វាយលុក​អស់​រយៈ​ពេល​ជាង​មួយ​ខែ និង​បន្ទាប់​ពី​ភាគ​ខាង​កើត​ក្រុង​នេះ​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​ពួក​ឧទ្ទាម​អស់ពេល​ជាង​បួន​ឆ្នាំ។ ពួក​ឧទ្ទាម​ និងពួក​​បះបោរប្រឆាំង បាន​តស៊ូ​ប្រយុទ្ធ​រហូត​ដល់​នាទី​ចុងក្រោយ​ ប៉ុន្តែ​​ប្រឈម​មុខ​នឹង​អំណាច​គ្រាប់​កាំភ្លើង​របស់កងទ័ព​​រដ្ឋាភិបាលនិង​សម្ព័ន្ធមិត្ត​រុស្ស៊ី ពួក​គេ​ទំនង​ជា​គ្មាន​ជម្រើស​អ្វី​ឡើយ ! សមរភូមិ​​អាឡិប​ ទំនង​ជា​នឹង​ត្រូវ​ចប់​​នៅ​ក្នុង​ពេល​ឆាប់ៗ ប៉ុន្តែ​គឺ​ប្រជាពលរដ្ឋ​ស៊ីវិល​ជា​អ្នក​រងគ្រោះ​ខ្លាំង។ លោក អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន​ទាញ​សញ្ញា​អាសន្​ន​នៅ​ពេល​បាន​ទទួល​ដំណឹង​ថា​មាន​ការ​កាប់​សម្លាប់មនុស្ស​ដោយ​គ្មាន​រើស​មុខ។ សម្តេច​ប៉ាប​ក៏​លែង​នៅ​ស្ងៀម ព្រះ​អង្គ​បាន​សរសេរ​លិខិត​ទៅ​ជូន​ប្រធានាធិបតី​ស៊ីរី​ដោយ​ផ្ទាល់​តែម្តង។

អ្នក​​គាំទ្រ​ប្រធានាធិបតី​ Bachar el-Assad អបអរ​ការ​ដណ្តើម​គ្រប់គ្រងស្ទើរ​ទាំងស្រុុង​ក្រុង​អាឡិប
អ្នក​​គាំទ្រ​ប្រធានាធិបតី​ Bachar el-Assad អបអរ​ការ​ដណ្តើម​គ្រប់គ្រងស្ទើរ​ទាំងស្រុុង​ក្រុង​អាឡិប REUTERS/Omar Sanadiki
ផ្សាយពាណិជ្ជកម្ម

អាឡិប ទីក្រុង​សេដ្ឋកិច្ច​ដ៏​ធំ​ជាង​គេ​របស់​ស៊ីរី ដែល​បាន​ធ្លាក់​ក្នុងភ្លើង​សង្គ្រាម និង​ពុះ​ច្រៀក​ជា​ពីរ ម្ខាង​គ្រប់គ្រង​ដោយ​កងកម្លាំង​រដ្ឋាភិបាល និង​ម្ខាង​ទៀត ដោយ​ក្រុមឧទ្ទាម​ប្រឆាំង “កងទ័ព​សេរី​រំដោះ​ស៊ីរី” និង​កា្លយ​ជា​សមរភូមិ​ក៏​ក្តៅ​គគុក តាំង​ពី​ខែ​កក្កដា ២០១២​មក​ កំពុង​ឈាន​ដល់​ទី​បញ្ចប់​ហើយ !

ទូរទស្សន៍​រដ្ឋ​បាន​បង្ហាញ​​រូបភាព​កងកម្លាំង​រដ្ឋាភិបាល​ចូល​គ្រប់គ្រង​សង្កាត់​ដោយ​បោះបង់​ដោយ​​ពួក​ឧទ្ទាម​ ពោល​គឺ​គ្រប់គ្រង​បានដល់​ទៅ​៩០%។ រដ្ឋាភិបាល​ស៊ីរី បានប្រកាស​ថា យុទ្ធនាការ​រំដោះ​ក្រុ​ងអាឡិប បាន​ឈាន​ចូល​ដំណាក់​កាល​ចុងក្រោយ​។ ពួក​ឧទ្ទាម​នៅ​មាន​លាក់​ខ្លួន​ក្នុង​ចំណែក​ដី​ប្រមាណ​ជា​៣​គីឡូម៉ែត្រ​ការ៉េ​ទៀត​ប៉ុណ្ណោះ នេះ​បើ​តាម​​​សេចក្តី​ថ្លែងការណ៍​រុស្ស៊ី។

គិត​មក​ទល់​ពេល​នេះ បើ​រាប់​ទាំង​ក្រុង​អាឡិប​មួយទៀត​ផង របប​ក្រុង​ដាម៉ាស បាន​ដណ្តើម​គ្រប់គ្រង​មក​វិញ នូវ​ក្រុង​ធំៗ​របស់​ប្រទេស​។ ទាំង​នេះ​ក៏​ដោយ​សារ​មាន​ជំនួយ​ពី​រុស្ស៊ី។ រុស្ស៊ី ដែល​បាន​ចូល​ធ្វើ​អន្តរាគមន៍​ផ្លូវអាកាស​នៅ​ស៊ីរី តាំង​ពី​ឆ្នាំ​២០១៥​មក បាន​បើក​យុទ្ធនាការ​យ៉ាង​សន្ធាប់​ខ្លាំង​ នារយៈ​ពេល​១​ខែ​ចុងក្រោយ​ដើម្បី​​យក​ជ័យ​ជំនះ​ផ្តាច់ព្រ័ត្រ​នៅ​អាឡិប។

ទាហាន​របស់​រដ្ឋាភិបាល​លោក​ Bachar el-Assad ចុះ​តាម​ដងផ្លូវ​ក្រុង​អាឡិប
ទាហាន​របស់​រដ្ឋាភិបាល​លោក​ Bachar el-Assad ចុះ​តាម​ដងផ្លូវ​ក្រុង​អាឡិប REUTERS/Omar Sanadiki

ជ័យជំនះលើ​ផ្ទៃ​នៃ​ភាព​ព្រៃផ្សៃ ​កាប់​សម្លាប់​ជនស៊ីវិល ?!

ខ្លះ​បាន​ស្រែក​ថា មាន​​កាប់សម្លាប់​ដោយ​បិទទ្វារនៅ​ក្រុង​អាឡិប ! ​ទង្វើ​សង្គ្រប់​យក​ជ័យ លើ​សង្កាត់​​ភាគ​ខាង​កើតក្រុង​អាឡិប កំពុង​រេ​ទៅ​ជា​ការ​សង​សឹក កាប់​សម្លាប់ ជួន​ដោយ​ប្រើ​កាំបិត​ផង បន្ថែម​ពី​លើ​ការ​គ្រាប់​កាំភ្លើង។ ប្រជាជន​ស៊ីវិល​ប្រមាណ​១សែន​នាក់​ ដែល​រស់​នៅ​ក្នុង​ទីនោះ ត្រដរស្រែក​​​ដង្ហើយ​​អន្តរាគមន៍​ពី​សហគមន៍​​អន្តរជាតិ​ ទាំង​អស់​សង្ឃឹម។ សកម្មជន​បក្ស​ប្រឆាំង​នៅ​ក្រុង​អាឡិប​ម្នាក់ ដែល​​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​ពិសេស​របស់​វិទ្យុ​យើង​ អាច​​ទាក់ទងបាន​​ កាលពី​ប៉ុន្មាន​ម៉ោង​មុន​នេះ បាន​ទទូច​សុំ​អន្តរាគមន៍​​អន្តរជាតិ ព្រោះ​ជា​ដង្ហើម​ចុងក្រោយហើយ។

“កងកម្លាំង​យោធា​នៃ​របប​អាសាដ កំពុង​តែ​បាញ់​សម្លាប់​ជនស៊ីវិល​ ជា​ស្ត្រី ជា​កុមារ នៅក្នុង​សង្កាត់​ ហ្វែរឌូ នៃ​ក្រុង​អាឡិប។ ជនស៊ីវិល កំពុង​ជាប់កុន ៖ រង​ការ​​ទម្លាក់គ្រាប់​បែក​​ពីលើ​​អាកាស​ផង និង​​រង​ការ​បាញ់​ប្រហារ​ពី​សំណាក់ទាហាន​​ឆ្មក់​ផង។ ពួកគេ​កំពុង​តែ​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍ ! ឱ្យ​តែ​ឃើញ​មាន​ចលនា ពួក​វា​បាញ់​គ្មាន​ប្រណី និង​មើលរើស​មុខ​ឡើយ មិន​ថា​មនុស្សធំ ឬ​ក្មេង​តូច​ទេ។ យន្តហោះ​រុស្ស៊ី ស៊ីរី ហោះ​គ្មាន​ដាច់​លើ​ក្បាលពួក​​យើង។ មាន​សាកសព​ នៅ​គ្រប់​កន្លែង​តាម​ដង​ផ្លូវ។ មាន​គ្រួសារ​ជា​ច្រើន​នាក់​ផ្សេង​ទៀត កំពុង​ជាប់​កុន​ក្នុង​គំនរ​បាក់បែក។ គ្រាប់​បែកទម្លាក់​ផង គ្រាប់​ផ្លោង​ផង ចប់​ហើយតំបន់​កាន់កាប់​ដោយ​អ្នក​ប្រឆាំង។

ការ​ដង្ហើយ​សុំ​ជំនួយ​​ក៏​មាន​កាន់​តែ​ច្រើន​ឡើងៗ នៅ​តាម​ប្រព័ន្ធ​សង្គម ​ខ្លះ​មាន​បង្ហោះ​រូបភាព រូបវីដេអូ​ឧក្រិដ្ឋផង និង​សុទ្ធ​បាន​និយាយ​ ថា​នេះ​ជាឱកាស​ចុងក្រោយ​ដែល​ខ្ញុំ​និយាយ​ទៅ​កាន់​អ្នក។

សម្តេច​ប៉ាប​សរសេរសំបុត្រ​​ទៅ​ប្រធានាធិបតី​ស៊ីរី
 

ជនស៊ីវិលក្នុង​សង្កាត់​គ្រប់គ្រង​ដោយ​ពួក​ឧទ្ទាម​រត់​ភៀស​ខ្លួូន​ពី​វាយប្រហារ​របស់កងទ័ព​រដ្ឋាភិបាល​ស៊ីរី
ជនស៊ីវិលក្នុង​សង្កាត់​គ្រប់គ្រង​ដោយ​ពួក​ឧទ្ទាម​រត់​ភៀស​ខ្លួូន​ពី​វាយប្រហារ​របស់កងទ័ព​រដ្ឋាភិបាល​ស៊ីរី REUTERS/Abdalrhman Ismail

នៅ​ពេល​បាន​ឮ​ដំនឹង​នេះ គ្រប់គ្នា​សុទ្ធ​តែ​តក់ស្លុត ! លោក អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បានគីមូន បាន​ទាញ​សញ្ញាអាសន្ន​ និង​សម្តែង​ការ​ខ្វល់ខ្វាយ​យ៉ាង​ខ្លាំង​នៅ​ចំពោះ​ដំណឹង​នេះ​ប៉ុន្តែបាន​គូស​បញ្ជាក់​ថា អង្គការ​សហប្រជាជាតិ​មិន​អាច​ផ្ទៀងផ្ទាត់​ព័ត៌មាន​នេះ ដោយ​លក្ខណៈឯករាជ្យ​បាន​នៅ​ឡើយ។ លោក​បាន​ស្នើ​សុំ​ឱ្យ​តំណាង​ពិសេសអង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ស៊ីរី ត្រួតពិនិត្យ​ឱ្យ​ស៊ីជម្រៅ និង​អំពាវនាវ​ជា​ថ្មី​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ការពារ​ជនស៊ីវិល។ ឧត្តមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ បាន​លើក​ឡើង​ដែរ​ថា​មាន​សញ្ញា​នៃការ​ធ្វើ​ឃាត​មនុស្ស​ពី​សំណាក់​ពួក​គាំទ្រ​របប​ក្រុង​ដាម៉ាស។

ចំណែក​លោក ប្រធានាធិបតី​បារាំង ហ្វ្រង់ស័រ ​​ហូឡង់វិញ​បាន​អះអាង​ថា

“យើងដឹង​ហើយ​ថា​ការ​ទម្លាក់​គ្រាប់​បែក​ឥតដាច់ បង្កើត​ឱ្យ​​មាន​ក្តី​​ឱ្យ​រន្ធត់ និង​ជា​ពិសេស​អារម្មណ៍​ចង់​ធ្វើ​បដិវត្តនៅ​ចំពោះ​មុខ​អំពើ​កាប់​សម្លាប់​លើ​ជនស៊ីវិល !  មន្ទីរ​ពេទ្យ​ សាលា​រៀន​ត្រូវ​បំផ្លាញ ហើយ​ថ្ងៃ​នេះ ជនស៊ីវិល​បានក្លាយ​ជាចំណាប់​ខ្មាំង។ មិន​តែប៉ុណ្ណោះ អ្វី​ដែល​គួរ​ឱ្យ​បារម្ភ​ខ្លាំង​ទៀត គឺ​អាច​នឹង​មាន​ការ​កាប់សម្លាប់ នៅពេល​ជនស៊ីវិល​នោះ​ចង់​រត់​គេច​ខ្លួន។ ដូច្នេះ​កាតព្វកិច្ច​ដំបូង​របស់​យើង គឺ​មនុស្សធម៌ ! បារាំង​និង​សហគមន៍​អន្តរជាតិ កំពុង​ផ្តុំ​កម្លាំង​គ្នា​ដើម្បី​ធ្វើ​យ៉ាង​ណា បើក​ច្រក​មនុស្សធម៌​ ជួយ​ជម្លៀស​ប្រជាជន និង​ផ្តល់​ស្បៀង​ដល់​អ្នក​នៅក្នុង​ក្រុង​អាឡិប។”

ហើយ​ជា​លើក​ទីមួយ គិត​ចាប់​តាំង​ពី​សង្គ្រាម​នៅ​ស៊ីរី​បាន​ផ្ទុះ​ឡើង សម្តេច​ប៉ាប បាន​ដាច់ចិត្ត​សរសេរ​លិខិត​មួយ​ទៅ​ឱ្យ​ប្រធានាធិបតី​ស៊ីរី លោក បាស្ហារ អាល់ អាសាដ ដោយ​ផ្ទាល​តែ​ម្តង។ យើង​មិន​បាន​ដឹង​អំពី​ខ្លឹម​សារ​ពិត​​ក្នុង​សំបុត្រ​នោះ​ទេ ប៉ុន្តែ​បុរី​វ៉ាទីកង់​បាន​អះអាង​ មាន​ឃ្លា​ដែល​សម្តេច​ប៉ាប ហ្វ្រង់ស័រ សុំ​ឱ្យ​លោក បាស្ហារ អាល់ អាសាដ និង​សហគមន៍​ អន្តរជាតិ បិទ​បញ្ចប់​អំពើ​ហិង្សា​ និង​រក​ដំណោះស្រាយ​បញ្ចប់​ការ​ស្អប់​ខ្ពើម​គ្នា​​នៅ​ស៊ីរីដោយ​សន្តិវិធី​។

សម្តេច​ប៉ាប​បាន​ថ្កោលទោស​គ្រប់​ទម្រង់​នៃ​ភេរវកម្ម និង​បាន​បង្ខំ​ឱ្យ​លោក​អាសាដ ប្រកាន់​ឱ្យ​ខ្ជាប់​​ច្បាប់​មនុស្សធម៌​អន្តរជាតិ ការ​ពារ​​ជនស៊ីវិល​ និង​អនុញ្ញាត​ឱ្យ​ជនស៊ីវិល​បាន​ទទួល​ជំនួយមនុស្សធម៌។ នេះ​បើ​តាមការ​បញ្ជាក់​បន្ថែម​របស់​ឯកអគ្គរាជទូត​​វ៉ាទីកង់​ ប្រចាំក្រុង​ដាម៉ាស។ សម្តេច​ប៉ាប ហ្វ្រង់ស័រ ធ្លាប់​បាន​ធ្វើ​ការ​អំពាវនាវ​ជា​ញយ​ដង​​មក​ហើយ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ។ ព្រះអង្គ​បាន​សម្តែង​ភាព​ស្និទ្ធស្នាល​ជាមួយ​ពលរដ្ឋ​ស៊ីរី ដោយ​បង្កើត​ឱ្យ​មាន​តំណាង​ប្រមុខ​សង្ឃ​កាតូលិក​នៅ​ក្រុង​ដាម៉ាសផង​កាលពី​ខែ​មុន៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ