អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អ្វី​ទៅ​ជា​ស្ថានភាព​សេដ្ឋកិច្ច​អ៊ីរ៉ង់ ក្រោយ​ពី​បាន​រួច​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ​ចំនួន ១ឆ្នាំ​?

ចុះផ្សាយ​នៅ​ថ្ងៃ៖

១៦ មករា ២០១៦-១៦ មករា ២០១៧ មួយ​ឆ្នាំ​គត់​ដែល​សហគមន៍​អន្តរជាតិ​បាន​លើក​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​មួយ​ភាគ​ចេញ​ពី​អ៊ីរ៉ង់។ កាដូ​នេះ​ជា​លទ្ធផល​បាន​មក​ពី​កិច្ចព្រមព្រៀង​នុយក្លែអ៊ែរ​ដែល​អ៊ីរ៉ង់​បាន​ចុះ​ហត្ថលេខា​ជាមួយ​បស្ចិមលោក​កាល​ពី​រដូវក្តៅ​ឆ្នាំ ២០១៥ និង​បាន​ចូល​ជា​ធរមាន​ក្នុង​ថ្ងៃទី១៦ មករា ឆ្នាំ ២០១៦។ លោក​ប្រធានាធិបតី​អ៊ីរ៉ង់​ហាសាន រ៉ូហានី​ដែល​ជា​អ្នកកណ្តាលនិយម​បាន​ឆក់​ឱកាស​ដ៏​ល្អ​នេះ​ដើម្បី​ស្រោចស្រង់​សុខភាព​សេដ្ឋកិច្ច​របស់​ប្រទេស​ឡើង​វិញ។ តែ​គេ​សង្កេត​ឃើញ​ថា ស្ថានភាព​សេដ្ឋកិច្ច​អ៊ីរ៉ង់​ហាក់​មិន​សូវ​ស្ទុះ​ឡើង​ដូច​ការ​រំពឹង​ទុក​ទេ។ តើ​នេះ​មក​ពី​មូលហេតុ​អ្វី​ទៅ?

លោក Hassan Rohani ប្រធានាធិបតី​អ៊ីរ៉ង់
លោក Hassan Rohani ប្រធានាធិបតី​អ៊ីរ៉ង់ REUTERS/Lucas Jackson
ផ្សាយពាណិជ្ជកម្ម

ពេញ​១ឆ្នាំ​គត់​ដែល​អ៊ីរ៉ង់​បាន​រួច​ផុត​ពី​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ និង​ពេញ​១ឆ្នាំ​គត់​ដែល​អ៊ីរ៉ង់​បាន​ព្យាយាម​ស្រោចស្រង់​សា្ថនភាព​សេដ្ឋកិច្ច​ដុនដាប​របស់​ខ្លួន។ ជា​ទូទៅ​គេ​សង្កេត​ឃើញ​ថា ការ​អនុវត្តន៍​នយោបាយ​សេដ្ឋកិច្ច​របស់​លោក​ប្រធានាធិបតី​ហាសាន រ៉ូហានី​ក្នុង​រយៈពេល ១ឆ្នាំ​កន្លង​ទៅ​ទទួល​បាន​លទ្ធផល​វិជ្ជមាន​តិចតួច​ជាង​ការ​រំពឹង​ទុក។ តួលេខ​បណ្តោះអាសន្ន​ផ្តល់​ដោយ​រដ្ឋាភិបាល​អ៊ីរ៉ង់​ឲ្យ​ដឹង​ថា អត្រា​កំណើន​សេដ្ឋកិច្ច​នៅ​ឆមាសទី១ ដើម​ឆ្នាំ ២០១៦ មាន​កម្រិត ៧,៤%។ តែ​ស្ថាប័ន​អន្តរជាតិ​មួយ​ចំនួន​មាន​ការ​ប្រយ័ត្នប្រយែង​ខ្លាំង​ចំពោះ​តួលេខ​នេះ។ ធនាគារពិភពលោក​បាន​ប្រមើលមើល​ថា អ៊ីរ៉ង់​អាច​មាន​កំណើន​សេដ្ឋកិច្ច​ត្រឹម​កម្រិត ៤,៦% ក្នុង​ឆ្នាំ ២០១៦ និង​អាច​ឡើង​ដល់​កម្រិត ៥,២% នៅ​ឆ្នាំ ២០១៧ នេះ។

ក្នុង​នាម​ជា​ប្រទេស​ជង្រុកប្រេងឆៅ​លំដាប់ទី៤ និង​ជង្រុកឧស្ម័ន​ទី២ ក្នុង​លោក កំណើន​សេដ្ឋកិច្ច​អ៊ីរ៉ង់​មួយ​ចំណែក​ធំ​ទទួល​បាន​ពី​ការ​បូមប្រេងឆៅ និង​បូម​ឧស្ម័ន​លក់។ អ៊ីរ៉ង់​បាន​ឆក់​ឱកាស​ពី​ការ​រួច​ផុត​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ​ដើម្បី​បង្កើន​ទ្វេដង​នូវ​អាជីវកម្ម​ប្រេងឆៅ​របស់​ខ្លួន​ក្នុង​ឆ្នាំ ២០១៦។ នា​ដំណាច់​ខែ​វិច្ឆិកា ឆ្នាំ ២០១៦ កន្លង​ទៅ ពោល​ចំ​ពេល​ដែល​អង្គការ​នៃ​ក្រុម​ប្រទេស​នាំ​ប្រេង​ចេញ​ហៅកាត់​ថា OPEP បាន​យល់​ព្រម​កាត់​បន្ថយ​បរិមាណ​បូម​ដើម្បី​លើក​តម្លៃប្រេង​ក្នុង​លោក អ៊ីរ៉ង់​ត្រូវ​បាន OPEP អនុញ្ញាត​ឲ្យ​បូមបន្ថែម​ដល់​កម្រិត​មួយ​ដែល​អ៊ីរ៉ង់​ធ្លាប់​មាន​នៅ​មុន​ពេល​ទទួល​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ។

គេ​អាច​និយាយ​បាន​ថា អ៊ីរ៉ង់ និង​ប្រទេស​ជង្រុកប្រេងឆៅ​ផ្សេង​ទៀត​ទទួល​បាន​អំណោយទាន​ពី​ធម្មជាតិ​ដែល​ប្រទេស​មួយ​ចំនួន​ក្នុង​លោក​គ្មាន​ទេ។ តែ​ដើម្បី​អាច​ស្រូប​យក​អំណោយ​ធម្មជាតិ​មួយ​នេះ​ក្នុង​កម្រិត​អតិបរមា​បាន អ៊ីរ៉ង់​ត្រូវ​ការ​ចាំ​បាច់​នូវ​វិនិយោគបរទេស។ តាំង​ពី​អ៊ីរ៉ង់​បាន​រួច​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ​មក អ៊ីរ៉ង់​ដែល​មាន​ពលរដ្ឋ​ចំនួន ៨០លាននាក់​បាន​ក្លាយ​ជា​ទីផ្សារ​ដ៏​មាន​សក្តានុពល​ដែល​ក្រុម​អ្នក​វិនិយោគ​បររទេស​​ដណ្តើម​គ្នា​ដាក់​ទុន​រកស៊ី។ បេក្ខជន​មាន​ច្រើន តែ​កន្លែង​មាន​កំណត់​ដែល​តម្រូវ​ឲ្យ​មាន​ការ​ប្រជែង​គ្នា និង​ការ​សម្រេចចិត្ត​ចុង​ក្រោយ​របស់​រដ្ឋាភិបាល​អ៊ីរ៉ង់។

ថ្មីៗ​នេះ រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ជ្រើស​យក​ក្រុមហ៊ុន​បរទេស​គ្រាក់ៗ​នៅ​អឺរ៉ុប និង​នៅ​អាស៊ី​ចំនួន ២៩ក្រុមហ៊ុន​ឲ្យ​ចូលរួម​ដេញ​ថ្លៃ​យក​ទីផ្សារ​អាជីវកម្ម​ប្រេងឆៅ និង​ឧស្ម័ន​អ៊ីរ៉ង់។ ពិតណាស់ អ៊ីរ៉ង់​មិន​ខ្វះ​ធនធាន​ធម្មជាតិ​ទេ ពលរដ្ឋ​អ៊ីរ៉ង់​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​អ្នក​មាន​សមត្ថភាព និង​ទទួល​បាន​ការ​អប់រំ​ល្អ ហើយ​រដ្ឋាភិបាល​សព្វថ្ងៃ​ក៏​មាន​ឆន្ទៈ​ដើម្បី​ស្តារ​សេដ្ឋកិច្ច​របស់​ប្រទេស​ឡើង​វិញ​ដែរ។ តែ​ឧបសគ្គ​នៅ​ចំពោះ​មុខ គឺ​កង្វះលុយកាក់ និង​បច្ចេកវិទ្យា​ទំនើប​ដែល​អ៊ីរ៉ង់​មាន​ការ​យឺតយ៉ាវ​ខ្លាំង​ណាស់​បើ​ធៀប​នឹង​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់។ នៅ​ត្រង់​ចំណុច​នេះ លោក​ហាសាន រ៉ូហានី​ពិត​ជា​យល់​មិន​ច្រឡំ​ទេ​ថា តម្រូវការ​អ្នកវិនិយោគ​បរទេស​ជា​រឿង​បន្ទាន់​មិន​អាច​ខ្វះ​បាន​ឡើយ។

លោក​រ៉ូហានី​ធ្លាប់​បាន​ប្រាប់​ឲ្យ​ដឹង​ថា អ៊ីរ៉ង់​ត្រូវ​ការ​ទុន​វិនិយោគបរទេស​ពី ៣០ ០០០លាន​ទៅ ៥០ ០០០លានដុល្លារ​សម្រាប់ ៥ឆ្នាំ​ខាង​មុខ ហើយ​ជាមួយ​នឹង​កម្រិត​ទុនវិនិយោគ​បរទេស​នេះ អ៊ីរ៉ង់​អាច​នឹង​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ក្នុង​រង្វង់ ៨%។ គួរ​បញ្ជាក់​ជូន​ថា ក្រៅ​ពី​វិស័យ​ប្រេងឆៅ និង​ឧស្ម័ន អ៊ីរ៉ង់​ក៏​ត្រូវ​ការ​អ្នក​វិនិយោគបរទេស​សម្រាប់​ធ្វើ​ការ​អភិវឌ្ឍន៍​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ទូទៅ​ដែរ ពិសេស​មធ្យោបាយ​ដឹកជញ្ជូន។ តែ​សំណួរ​ដែល​ចោទ​ពេល​នេះ​គឺ​ថា បើ​អ៊ីរ៉ង់​មាន​សក្តានុពល​សេដ្ឋកិច្ច​ធំធេង​របៀប​នេះ ចុះ​ហេតុអ្វី​បាន​ជា​ក្រោយ​រួច​ពី​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​បាន ១ឆ្នាំ​ទៅ​ហើយ បែរ​ជា​សេដ្ឋកិច្ច​អ៊ីរ៉ង់​មាន​ដំណើរ​យឺតៗ​យ៉ាង​ដូច​នេះ?។

មែនទែន​ទៅ អ្វីៗ​វា​មិនមែន​អាស្រ័យ​តែ​លើ​អំណោយផល និង​ឆន្ទៈ​របស់​ប្រទេស​អ៊ីរ៉ង់​តែ​មួយ​គត់​ឯ​ណា តែ​វា​អាស្រ័យ​ផង​ដែរ​លើ​កត្តា​ពី​ខាង​ក្រៅ ពិសេស​ក្រុម​អ្នកវិនិយោគ​បរទេស​ដែល​ចង់​ទៅ​បោះទុន​រក​ស៊ី​នៅ​អ៊ីរ៉ង់​នោះ​ឯង។ រហូត​ដល់​ពេល​នេះ ធនាគារ​បរទេស​ធំៗ​ហាក់​បន្ត​រារែក​អាល់អែក​មិន​ចង់​បញ្ចេញ​លុយ​ឲ្យ​ក្រុមហ៊ុន​បរទេស​ទៅ​រកស៊ី​នៅ​អ៊ីរ៉ង់​ដោយ​បារម្ភ​ខ្លាច​ប្រឈម​នឹង​ហានិភ័យ​ផ្លូវច្បាប់​ពី​សហរដ្ឋអាមេរិក​ដូច​ករណី​ធនាគារ​បារាំង BNP Parisbas និង​ធនាគារ​អាល្លឺម៉ង់ Deutsche Bank ក្នុង​ឆ្នាំ ២០១៤ និង ២០១៥។ ចូរ​កុំ​ភ្លេច​ថា អាមេរិក​បាន​លើក​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​ចេញ​អ៊ីរ៉ង់​ក្នុង​រឿង​នុយក្លេអ៊ែរ​មែន តែ​អាមេរិក​បន្ត​ដាក់​ទ័ណ្ឌកម្ម​លើ​អ៊ីរ៉ង់​ក្នុង​បញ្ហា​រំលោភ​សិទ្ធិមនុស្ស និង​ទង្វើ​គាំទ្រ​ភេរវនិយម​នៅ​តំបន់​ដើមបូព៌ា។

ក្តីបារម្ភ​របស់​ក្រុមអ្នកវិនិយោគ​បរទេស​នឹង​រឹត​តែ​មាន​​ខ្លាំង​ថែម​ទៀត​ក្នុង​ពេល​ដែល​អាមេរិក​ត្រៀម​ទទួល​ប្រធានាធិបតី​ថ្មី​លោក​ដូណាល់ ត្រាំ​នៅ​ថ្ងៃ​ទី២០ មករា​ខាង​មុខ។ លោក​ត្រាំ​ដែល​ធ្លាប់​បាន​សន្យា​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដោយ​ថា នឹង​ហែក​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​ចោល បើ​លោក​ជាប់ឆ្នោត។ គឺ​ពាក្យសម្តី​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​ក្រុមអ្នក​វិនិយោគ​បរទេស​កាន់​តែ​ប្រយ័ត្នប្រយែង​ខ្លាំង ដោយ​មិន​ទាន់​ហ៊ាន​ប្រថុយប្រថាន ឬ​មួយ​ក៏​ថា រកស៊ី​លឹបលៗ។ពេញ​មួយ​ឆ្នាំ​គ្មាន​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច រដ្ឋាភិបាល​សម្រេច​បាន​គោលដៅ​ត្រឹម​តែ ១០% នៃ​វិនិយោគបរទេស​ក្នុង​ស្រុក។

ដូច្នេះ​ឃើញ​ថា នៅ​មាន​ផ្លូវវែង​ឆ្ងាយ និង​កិច្ចការ​ជា​ច្រើន​ទៀត​ដែល​លោក​ប្រធានាធិបតី​ហាសាន រ៉ូហានី​ត្រូវ​ដើរ និង​ត្រូវ​ប្រឹងប្រែង​បំពេញ​ដើម្បី​អាច​សម្រេច​បាន​គោលដៅ​របស់​ខ្លួន។ បើ​ពុំ​នោះ​សោត​ទេ អនាគត​នយោបាយ​របស់​លោក​នឹង​អាច​ជួប​ហានិភ័យ​នា​ការ​បោះឆ្នោត​ប្រធានាធិបតី​ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃទី១៧ ឧសភា​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ