អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អ្នកវិនិយោគ​បារាំង​លេបទឹកមាត់ សំលឹង​ឃើញ ទីផ្សារ​អ៊ីរ៉ង់

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពី​ថ្ងៃ​ពុធ ប្រមុខ​ការបរទេស​បារាំង លោក​ឡូរ៉ង់ ហ្វាប៊ីយូស បាន​ប្រកាស​ថា លោក​នឹង​ធ្វើដំណើរ​ទៅ​ប្រទេស​អ៊ីរ៉ង់ ទៅតាម​ការអញ្ជើញ​របស់​រដ្ឋមន្រ្តីការបរទេស​អ៊ីរ៉ង់។ រដ្ឋមន្រ្តី​ការបរទេស​បារាំង ជា​មន្រ្តី​ជាន់ខ្ពស់​របស់​ប្រទេស​លោកខាងលិច ដំបូងគេ ដែល​បាន​ប្រកាស ត្រលប់​ទៅ​ដាក់​ជើង​ជាន់​ទឹកដី​អ៊ីរ៉ង់។ ការប្រកាស​នេះ ធ្វើឡើង នៅ​តែ​មួយ​ថ្ងៃ​ក្រោយ ប្រទេស​មហាអំណាច ទាំង ៦ និង​អ៊ីរ៉ង់ បាន​រកឃើញ កិច្ចព្រមព្រៀង​ប្រវត្តិសាស្រ្ត​ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ អាច​និយាយ​បាន​ថា ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ការបរទេស​បារាំង នៅ​អ៊ីរ៉ង់ ធ្វើឡើង​ដើម្បី​ជួយ ត្រួសត្រាយ​ផ្លូវ​ឲ្យ​ក្រុមហ៊ុន​បារាំង ដែល​សំលឹង​ឃើញ​ សក្តានុពល​ទីផ្សារ​អ៊ីរ៉ង់។ 

ទង់ជាតិ​អ៊ីរ៉ង់​បក់​រវិច​នៅ​ក្បែរ​រោងចក្រ​ចម្រាញ់​ប្រេង​ ដែល​ស្ថិតនៅភាគខាងត្បូងទីក្រុង​តេហេរ៉ង់​
ទង់ជាតិ​អ៊ីរ៉ង់​បក់​រវិច​នៅ​ក្បែរ​រោងចក្រ​ចម្រាញ់​ប្រេង​ ដែល​ស្ថិតនៅភាគខាងត្បូងទីក្រុង​តេហេរ៉ង់​ ©Reuters
ផ្សាយពាណិជ្ជកម្ម

មាន​ប្រជាជន ៨០​លាន​នាក់ អ៊ីរ៉ង់​ជា​ទីផ្សារ​ដ៏​មាន​សក្តានុពល ដែល​ក្រុមហ៊ុន អ្នកវិនិយោគ​បារាំង​កំពុង​សំលឹង​ចង់​បាន។ ក្រុមហ៊ុន​បារាំង​បាន​ត្រៀមខ្លួន ចង់​ទៅ​បោះទុន​វិនិយោគ​នៅ​អ៊ីរ៉ង់ តាំងពី​ឆ្នាំ ២០១៣ ឆ្នាំ ដែល​ការចរចា ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ ចាប់ផ្តើម​ជះពន្លឺ។ កិច្ច​ព្រមព្រៀង​ជា​ប្រវត្តិសាស្រ្ត ស្តីពី​នុយក្លេអ៊ែរ ដែល​ប្រទេស​មហាអំណាច​ទាំង ៦ និង​អ៊ីរ៉ង់ បាន​សម្រេច​រកឃើញ កាលពី​ថ្ងៃ​អង្គារ រឹត​តែ​ធ្វើ​ក្រុមហ៊ុន​បារាំង មាន​សង្ឃឹម​ជឿជាក់ ត្រលប់​ទៅ​បោះទុន​វិនិយោគ នៅ​អ៊ីរ៉ង់។

 
អ៊ីរ៉ង់​មិនមែន​ជា​ទីផ្សារ​ថ្មី​ស្រឡាង​សម្រាប់​អ្នកវិនិយោគ​បារាំងទេ។ ក្រុមហ៊ុន​បារាំង ជំនាញ​ខាង​ថាមពល និង​ដឹកជញ្ជូន​ធ្លាប់​មាន​វត្តមាន ម្តងហើយ នៅ​អ៊ីរ៉ង់ មុន​នឹង​ត្រូវ បង្ខំចិត្ត ដកខ្លួន​ចេញមក ដោយសារ​តែ​ទណ្ឌកម្ម​សេដ្ឋកិច្ច របស់​សហភាព​អឺរ៉ុប ដែល​មាន​បារាំង​ជា​សមាជិក។

ចូល​ជា​ធរមាន នៅ​ឆ្នាំ ២០០៧ ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​សហភាព​អឺរ៉ុប​ទៅ​អ៊ីរ៉ង់ ចាប់ផ្តើម​ដំបូង​ជាមួយ​នឹង​ការហាម​ក្រុមហ៊ុន​អឺរ៉ុប មិន​ឲ្យ​ធ្វើ​ជំនួញ ពាណិជ្ជកម្ម​បច្ចេកវិទ្យា​ដែល​ទាក់ទង​នឹង​អាវុធ ឬ​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់។ ក្រោយមក ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​សហភាព​អឺរ៉ុប​ត្រូវ​បាន​ពង្រីក គ្របដណ្តប់​ទៅលើ​វិស័យ ជួញដូរ ហិរញ្ញវត្ថុ ពាណិជ្ជកម្ម​លោហធាតុ​មាន​តម្លៃ ការដឹកជញ្ជូន និង​ប្រេងកាត។

គឺ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដំណាក់កាល​ទីពីរ របស់​អឺរ៉ុប​ដែល​ប៉ះពាល់​ដល់​មុខជំនួញ ប្រយោជន៍​របស់​បារាំង។ ក្រុមហ៊ុន​ផលិត​រថយន្ត និង​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​របស់​បារាំង​ដូចជា​តូតាល់​ជាដើម ត្រូវបិទ​ទ្វារ ផ្អាក​មុខជំនួញ​របស់ខ្លួន នៅ​ទីក្រុង​តេអេរ៉ង់។ ជា​លទ្ធផល ការដោះដូរ​ពាណិជ្ជកម្ម​រវាង​បារាំង និង​អ៊ីរ៉ង់​បានធ្លាក់ចុះ ពី​កំពូល សឹង​ដល់​បាត ពី ៤ពាន់​លាន​អឺរ៉ូ នៅ​ឆ្នាំ ២០០៤ មក​នៅ​ត្រឹម តែ ៥០០​លាន​អឺរ៉ូ នៅ​ឆ្នាំ ២០១៣។ ជារួម បារាំង​នៅ​តែ​អាច​នាំចូល​ផលិតផល​កសិចំណីអាហារ សំលៀកបំពាក់​ពី​អ៊ីរ៉ង់ និង​នាំចូលទៅ​អ៊ីរ៉ង់​វិញ នូវ​ថ្នាំ សម្ភារៈ​ពេទ្យ ឧស្សាហកម្ម ឬ​គ្រឿង​សម្រាប់​ដំឡើង​រថយន្ត ក្នុង​ស្រុក​អ៊ីរ៉ង់។ នេះ បើតាម​របាយការណ៍​របស់​ព្រឹទ្ធសភា​បារាំង។

នៅក្រោយ កិច្ច​ព្រមព្រៀង នុយក្លេអ៊ែរ អ៊ីរ៉ង់ ក្រុមហ៊ុន​បារាំង​ជាច្រើន មិន​លាក់ទេ ពី​គម្រោង​របស់ខ្លួន ដើម្បី​រត់ទៅ​ស្វែង​ប្រយោជន៍ នៅទីផ្សារ​អ៊ីរ៉ង់។ ប៉ុន្តែ វានឹង​មិន​ងាយស្រួល​ដូចមុន ទេ នោះ​បើទោះបី​ជា​បារាំង​ធ្លាប់​មាន​ប្រវត្តិ​ជាប់​ទាក់ទង​ដ៏​យូរ​អង្វែង​ជាមួយ​អ៊ីរ៉ង់​ក្តី។ ក្រុមហ៊ុន​បារាំង ខាងផ្នែក ថាមពល និង​ដឹកជញ្ជូន ត្រូវ​ពើប​ប្រទះ​នឹង​គូប្រជែង ដ៏​ស្វិតស្វាញ​ដូចជា​ចិន និង​កូរ៉េខាងត្បូង​ជាដើម។ តាម​របាយការណ៍​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ក្រុមហ៊ុន​របស់​ចិន និង​កូរ៉េខាងត្បូង កំពុង​ក្លាយ​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ធំជាងគេ នៅ​អ៊ីរ៉ង់។ បារាំង​វិញ​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី ៧ គឺ​នៅ​ក្រោយ អាល្លឺម៉ង់ និង​អ៊ីតាលី​ទៅទៀត។

ប្រធាន​ក្រុមហ៊ុន​ផលិត​រថយន្ត​បារាំង PSA​ទទួល​ស្គាល់​ថា ក្រុមហ៊ុន​នឹង​ជួប​ការលំបាក​ជាងមុន បើសិន​ជា​ត្រូវ​ត្រលប់​ទៅ​វិនិយោគ​នៅ អ៊ីរ៉ង់។ នោះគឺថា ប្រជាជន​អ៊ីរ៉ង់ ដែល​នៅ​ជាប់​អនុស្សាវរីយ៍ ល្វីងជូរចត់ នៅ​មិនភ្លេច​ទេ ក្រុមហ៊ុន​បារាំង បាន​បោះបង់​ចោល​ពួកគេ នៅក្នុង​គ្រាលំបាក មួយ ដោយសារ​តែ​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​អន្តរជាតិ​ទៅលើ​អ៊ីរ៉ង់។

ដើម្បី អាច​ត្រលប់​ទៅ​បោះទុន​វិនិយោគ នៅ អ៊ីរ៉ង់ អ្នកវិនិយោគ​បារាំង​ត្រូវ​តែ​កសាង​ទំនុកចិត្ត​ឡើងវិញ ក្នុង​ចំណោម​ប្រជាជន​អ៊ីរ៉ង់។ តូតាល់​ដែល​ជា​ក្រុមហ៊ុន​បារាំង​ចុងក្រោយ ដែល​ចាកចេញ​ពី​អ៊ីរ៉ង់ នៅ​ឆ្នាំ ២០០៨ សង្ឃឹមថា ប្រវត្តិ​ធ្វើជំនួញ ក្នុង​ទឹកដី​អ៊ីរ៉ង់ នឹង​ជួយ​សម្រួល​ឲ្យ​តូតាល់​អាច​ទៅ​ឈរជើង​ឡើងវិញ នៅអ៊ីរ៉ង់។ សម្រាប់​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​តូតាល់ អ៊ីរ៉ង់ ដែល​ជា​ប្រទេស​សំបូរ​ឧស្ម័ន ធំ​ទី២ ក្នុងពិភពលោក និង​ជាប់ចំណាត់ថ្នាក់ លេខ​៣​ខាង​សំបូរ​ប្រេង បាន​ជួប​វិបត្តិ មិនអាច​ផលិត នាំចេញ​ប្រេង ទៅ​បរទេស ដោយសារ​តែ​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​អាមេរិក និង​សហភាព​អឺរ៉ុប។ ការផលិតប្រេង​របស់អ៊ីរ៉ង់ បាន​ថយចុះ ពាក់កណ្តាល ពី ៤លាន​ធុង ក្នុងមួយថ្ងៃ នៅឆ្នាំ ២០០៨ មកនៅ​ត្រឹម ២លាន ៨សែន​ធុង នៅ​ឆ្នាំ ២០១៤។ យោង​តាម​រដ្ឋមន្រ្តី​ក្រសួង​ប្រេង​អ៊ីរ៉ង់ អ៊ីរ៉ង់ គ្រោង​នឹង​បង្កើន​ការផលិត​ប្រេង បន្ថែម ១លានធុង​ទៀត ក្នុង​មួយថ្ងៃៗ នៅក្រោយ​ការដកទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​សហគមន៍​អន្តរជាតិ។ ដើម្បី​អាច​ធ្វើ​ដូច្នេះ​បាន អ៊ីរ៉ង់​ត្រូវការ​ជំនួយ​បច្ចេកទេស និង​ការវិនិយោគ​របស់​ក្រុមហ៊ុន​បរទេស។ នោះ​ហើយ​ជា​ឱកាស​ទន្ទឹង​ចង់​បាន​ប្រយោជន៍ ​របស់​ក្រុមហ៊ុន​បារាំង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ