ប៉ាឡេស្ទីន៖តើចលនាហាម៉ាស់ និងហ្វាតាអាចនឹងផ្សះផ្សាគ្នាបានដែរ ឬទេ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៤៤
នៅថ្ងៃអង្គារ ទី៣ តុលានេះ រដ្ឋាភិបាលប៉ាឡេស្ទីនដឹកនាំដោយលោកនាយករដ្ឋមន្រ្តីរ៉ាមី ហាំដាឡាបើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅក្នុងតំបន់ហ្កាហ្សា។ នេះជាលើកទី១ គិតតាំងពីជាង ២ឆ្នាំកន្លងទៅដែលរដ្ឋាភិបាលស្របច្បាប់ប៉ាឡេស្ទីនមួយនេះបានត្រឡប់ទៅកាន់តំបន់ដែលគ្រប់គ្រងដោយចលនាប៉ាឡេស្ទីនហាម៉ាស់។ វត្តមានជាថ្មីរបស់រដ្ឋាភិបាលប៉ាឡេស្ទីនក្នុងទឹកដីហ្កាហ្សាពេលនេះជានិមិត្តរូបនៃដំណើរស្វែងរកការផ្សះផ្សារវាងចលនាប៉ាឡេស្ទីនហាម៉ាស់ និងហ្វាតា។ តែផ្លូវដែលត្រូវដើរនៅវែងឆ្ងាយ ព្រោះមានសំណុំរឿងស្មុគស្មាញជាច្រើនដែលភាគីទាំងពីរត្រូវបន្តជជែកគ្នា។
គេអាចប្រដូចចលនាហាម៉ាស់ និងចលនាហ្វាតាទៅនឹងបក្សនយោបាយប៉ាឡេស្ទីនពីរដែលមានគោលជំហរ និងកម្មវត្ថុនយោបាយមិនដូចគ្នាទេ ពិសេសនៅក្នុងកិច្ចចរចាស្វែងរកសន្តិភាពជាមួយប្រទេសអ៊ីស្រាអែល។ គឺចាប់តាំងពីឆ្នាំ ២០០៧ ដែលភាពប្រទូស្ត្រាយខ្លាំងបានកើតមានឡើងរវាងចលនាប៉ាឡេស្ទីនទាំងពីរដោយចលនាហាម៉ាស់បានបណ្តេញចលនាហ្វាតាចេញពីដែនដីហ្កាហ្សា។ គឺនៅពេលនោះហើយដែលដែនដីប៉ាឡេស្ទីនត្រូវបានពុះជាពីរចំណែក នៅម្ខាង គឺតំបន់ហ្កាហ្សាគ្រប់គ្រងដោយពួកហាម៉ាស់ និងនៅម្ខាងទៀត គឺតំបន់ស៊ីយ៉កដានីគ្រប់គ្រងដោយពួកហ្វាតារបស់លោកប្រធានរដ្ឋអំណាចប៉ាឡេស្ទីនម៉ាមូដ អាបាស់។
អ្វីជាការកត់សម្គាល់ ហ្វាតាជាចលនាប៉ាឡេស្ទីនកណ្តាលនិយមស្របច្បាប់ទទួលស្គាល់ដោយសហគមន៍អន្តរជាតិ និងដែលអ៊ីស្រាអែលចាត់ទុកជាដៃគូចរចាសន្តិភាព។ ចំណែកហាម៉ាស់ជាចលនាប្រដាប់អាវុធប៉ាឡេស្ទីននិយមជ្រុលដែលប្រកាន់ជំហរដាច់ខាត និងមិនទទួលស្គាល់ដែនដីអ៊ីស្រាអែល ព្រមទាំងត្រូវបានប្រទេសបស្ចិមលោកមួយចំនួន ដូចយ៉ាងអាមេរិកចាត់ទុកជាចលនាភេរវនិយម។ តែជារឿយៗ ចលនាប៉ាឡេស្ទីនទំាងពីរនេះតែងតែព្យាយាមចរចាដើម្បីអាចបង្កើតឲ្យបាននូវឯកភាពជាតិមួយ។ គេត្រូវរង់ចាំដល់ខែមេសាឆ្នាំ ២០១៤ ទើបគូវិវាទទំាងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្សះផ្សាដែលឈានបង្កើតបាននូវរដ្ឋាភិបាលឯកភាពជាតិមួយដោយតាំងទីស្នាក់ការក្នុងតំបន់ហ្កាហ្សា និងយល់ព្រមឲ្យលោករ៉ាមី ហាំដាឡាធ្វើជានាយករដ្ឋមន្រ្តី។
តែបញ្ហានៅត្រង់ថា ចលនាហាម៉ាស់មិនដែលប្រគល់ដែនដីហ្កាហ្សាទៅឲ្យរដ្ឋាភិបាលឯកភាពជាតិគ្រប់គ្រងទេ ហើយថែមទាំងបានរារាំងរដ្ឋមន្រ្តីមិនឲ្យចូលកន្លែងធ្វើការ និងឡោមព័ទ្ធទីស្នាក់ការរដ្ឋាភិបាលទៀត។ ទីបំផុតក្នុងថ្ងៃទី២០ មេសា ឆ្នាំ ២០១៥ រដ្ឋាភិបាលឯកភាពជាតិបានភៀសខ្លួនចេញពីដែនដីហ្កាហ្សាដោយទុកឲ្យចលនាហាម៉ាស់បន្តសោយរាជ្យតែម្នាក់ឯង ហើយសង្រ្គាមពាក្យសំដីរវាងចលនាប៉ាឡេស្ទីនទាំងពីរក៏បានផ្ទុះជាថ្មីយ៉ាងផុសផុល។
វិបត្តិសេដ្ឋកិច្ច និងគំនាបពីអេហ្ស៊ីបបានធ្វើឲ្យហាម៉ាស់បន្ទន់ជំហរ
ជាង ២ឆ្នាំក្រោយមក រដ្ឋាភិបាលឯកភាពជាតិប៉ាឡេស្ទីនដឹកនាំដោយលោករ៉ាមី ហាំដាឡាដដែលនេះត្រូវបានអនុញ្ញាតឲ្យចូលទៅកាន់តំបន់ហ្កាហ្សាជាថ្មី និងបើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តីក្នុងថ្ងៃអង្គារ ទី៣ តុលា។ គឺចលនាហាម៉ាស់ជាអ្នកផ្តួចផ្តើមគំនិត ឬមួយក៏ថាជាហុចដៃមុនគេដោយយល់ព្រមរំលាយចោលជាឯកតោភាគីនូវគណៈកម្មាធិការរដ្ឋាបាលរបស់ខ្លួនដែលបានបង្កើតឡើងក្នុងខែមីនាដើម្បីចាត់ចែងកិច្ចការនៅក្នុងដែនដីដែលខ្លួនគ្រប់គ្រង។ បន្ទាប់មក ចលនាប្រដាប់អាវុធជ្រុលនិយមប៉ាឡេស្ទីនមួយនេះក៏យល់ព្រមចូលអង្គុយចរចាជាមួយចលនាហ្វាតាក្នុងគោលដៅផ្សះផ្សាជាតិ និងរៀបចំការបោះឆ្នោតខាងមុខ។
អ្នកនាំពាក្យរបស់ចលនាហាម៉ាស់បានបញ្ជាក់ច្បាស់ៗថា ចាប់ពីពេលនេះតទៅ ចលនាហាម៉ាស់បានសុខចិត្តប្រគល់ដែនដីហ្កាហ្សាទៅឲ្យរដ្ឋាភិបាលឯកភាពគ្រប់គ្រង និងបានអំពាវនាវមន្រ្តីគ្រប់ជាន់ថ្នាក់ទាំងអស់នៅក្នុងតំបន់ហ្កាហ្សាឲ្យជួយសម្រួលនៅក្នុងដំណើរការផ្ទេរអំណាចនេះ។ បើគេមើលមួយភ្លែតទៅឃើញថា ទង្វើរបស់ចលនាហាម៉ាស់របៀបនេះជាការភ្ញាក់រលឹកមួយ និងជាឆន្ទៈនយោបាយក្នុងគោលដៅបង្រួបបង្រួមជាតិប៉ាឡេស្ទីនតែមួយ។ តែបើគេពិនិត្យមើលឲ្យបានស៊ីជម្រៅបន្តិចទៅឃើញថា មានហេតុផលសំខាន់ចំនួនពីរដែលបានធ្វើឲ្យចលនាហាម៉ាស់បន្ទន់ឥរិយាបទពេលនេះ ទី១ វិបត្តិមនុស្សធម៌នៅតំបន់ហ្កាហ្សាដែលចលនាហាម៉ាស់គ្មានសមត្ថភាពដោះស្រាយ និងទី២ គំនាបពីប្រទេសអេហ្ស៊ីប។
គួរជម្រាបជូនថា តំបន់ហ្កាហ្សាដែលមានប្រជាជនប៉ាឡេស្ទីន២ភាគ៣ រស់នៅកំពុងជួបនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរដាក់គំនាបដោយរដ្ឋអំណាចកណ្តាលប៉ាឡេស្ទីននៅតំបន់ស៊ីយ៉កដានីរបស់លោកប្រធានរដ្ឋអំណាចម៉ាមូដ អាបាស់។ អត្រាអ្នកអត់ការងារនៅតំបន់ហ្កាហ្សាមានជិត ៥០% ហើយតាំងពីខែមេសាមក ប្រជាជនក្នុងតំបន់ហ្កាហ្សាមានភ្លើងអគ្គិសនី និងទឹកប្រើប្រាស់តែ ៣ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ។ ប្រឈមនឹងវិបត្តិនេះ ចលនាហាម៉ាសក៏បានបង្ខំចិត្តងាករកដៃគូថ្មី ពិសេសប្រទេសអេហ្ស៊ីបក្បែរខាងដែលកំពុងត្រួតត្រាព្រំដែនប៉ែកខាងត្បូងហ្កាហ្សា។ តែអេហ្ស៊ីបក៏ជាដៃគូមិនអាចខ្វះបានរបស់លោកប្រធានរដ្ឋអំណាចប៉ាឡេស្ទីនម៉ាមូដ អាបាស់ដែរ។ ដូចសម្រាប់អេហ្ស៊ីប នេះជាឱកាសដ៏កម្រមួយដើម្បីជំរុញចលនាប៉ាឡេស្ទីនទាំងពីរឲ្យធ្វើសម្បទានឲ្យគ្នាទៅវិញ ទៅមកនៅពេលនេះ។
ផ្លូវដែលចលនាហាម៉ាស់ និងចលនាហ្វាតាត្រូវដើរនៅវែងឆ្ងាយ
មានផលប្រយោជន៍សំខាន់ពីរដែលចលនាប៉ាឡេស្ទីនត្រូវតែរួបរួមគ្នា ទី១ គឺប្រយោជន៍ជាតិ ព្រោះថា ការបង្រួបបង្រួមគ្នារវាងប្រជាជាតិតែមួយ រស់លើដែនដីតែមួយជារឿងចាំបាច់មិនអាចខ្វះបាន និងប្រយោជន៍សំខាន់ទី២ គឺការជជែកជាមួយអ្នកផ្សេង ព្រោះថា បើរវាងគ្នាឯងនិយាយមិនត្រូវគ្នា និងមិនអាចចុះសម្រុងគ្នាផង តើធ្វើម៉េចនឹងមានទឹកមាត់ប្រៃទៅនិយាយជាមួយអ្នកផ្សេងដើម្បីអាចឲ្យគេជឿទុកចិត្តបាន?។ សូមជម្រាបជូនថាសព្វថ្ងៃនេះ ប៉ាឡេស្ទីនកំពុងបន្តមានជម្លោះយ៉ាងប្រទាញប្រទង់ទល់នឹងអ៊ីស្រាអែលអស់ជាច្រើនទសវត្ស និងនៅមិនទាន់មានទឹកដីផ្លូវការទទួលស្គាល់ដោយអង្គការសហប្រជាជាតិទេ។
ដូច្នេះ ការបង្រួបបង្រួមរវាងចលនាហាម៉ាស់ និងហ្វាតាជារឿងចំាបាច់ដែលត្រូវធ្វើដំបូងគេ។ តែមកទល់ពេលនេះ នៅមានការងារស្មុគស្មាញជាច្រើនដែលចលនាប៉ាឡេស្ទីនទាំងពីរត្រូវដោះស្រាយ រួមមាន ជោគវាសនារបស់មន្រ្តីហាម៉ាស់នៅតំបន់ហ្កាហ្សា បញ្ហាសន្តិសុខ ជម្រើសថ្ងៃរៀបចំបោះឆ្នោតប្រធានរដ្ឋអំណាច និងបោះឆ្នោតសភា ឬមួយក៏ការបញ្ចូលចលនាហាម៉ាស់ទៅក្នុងរចនាសម្ព័ន្ធអង្គការរំដោះប៉ាឡេស្ទីន OLP តែមួយដូចចលនាហ្វាតាជាដើម។ កន្លងមក ចលនាហាម៉ាស់ចង់ចូលក្នុងរចនាសម្ព័ន្ធ OLP តែនិយាយមិនត្រូវគ្នាជាមួយចលនាហ្វាតក្នុងការបែងចែកចំនួនអសនៈ។
យ៉ាងណាក៏ដោយលើកនេះ ក្តីសង្ឃឹមមានច្រើនដែលចលនាប៉ាឡេស្ទីនទាំងពីរអាចនឹងនិយាយចុះសម្រុងគ្នាក្នុងការបង្រួបបង្រួមជាតិពិតប្រាកដ ព្រោះថាទី១ ភាគីហាម៉ាស់ហាក់មានការភ្ញាក់រលឹកដឹងខ្លួនពីផលវិបាករបស់ប្រជាជនប៉ាឡេស្ទីនរស់ក្នុងតំបន់ដែលខ្លួនកាន់កាប់ និងទី២ ការវិវត្តន៍នៃបរិបទពិភពលោក ពិសេសអាមេរិក និងអ៊ីស្រាអែលដែលហាក់មិនជំទាស់ទៀតឡើយនូវការផ្សះផ្សារវាងចលនាហ្វាតា និងចលនាហាម៉ាស់ដែលខ្លួនធ្លាប់ចាត់ទុកជាចលនាភេរវនិយម។ ដូច្នេះពិតជាឱកាសមួយល្អសម្រាប់ចលនាប៉ាឡេស្ទីនទាំងពីរដើម្បីសម្រេចបានគោលដៅរបស់ប្រជាជន គឺការបង្កើតឲ្យបាននូវរដ្ឋប៉ាឡេស្ទីនមួយស្របច្បាប់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ