អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អេស្បូឡាលីបង់​ចង់​បន្ត​ស្ថិត​ក្នុង​ប្រទេស​ស៊ីរី​រហូត​ដល់​ទទួល​បាន​ជ័យជំនះ​លើ​ពួក​ជីហាត

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជួន​ចំ​ពេល​ដែល​ដំណើរ​កិច្ចចរចា​ស្វែង​រក​សន្តិភាព​ឲ្យ​ប្រទេស​ស៊ីរី​ឈាន​ចូល​ដល់​សប្តាហ៍​ទី២ នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស មេ​ចលនា​អេស្បូអេឡាលីបង់​ហាសាន ណាស្រ្តាឡា​បាន​ចេញ​មុខ​ប្រកាស​ជា​ផ្លូវការ​នា​ថ្ងៃ​ទី២១ មីនា​ថា យុទ្ធជន​ប្រដាប់អាវុធ​អេស្បូឡា​នឹង​បន្ត​ស្ថិត​ក្នុង​ទឹកដី​ស៊ីរី​រហូត​ដល់​ទទួល​បាន​ជ័យជំនះ​ទាំងស្រុង​លើ​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម និង​ពួកជីហាត​នៃ​ចលនា​រណសិរ្យ​អាល់ ណូស្រា​ដែល​ជា​សាខា​ភេរវនិយម​អាល់កៃដា។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា យុទ្ធជន​អេស្បូឡា​បាន​ជួយ​គាំទ្រ​កម្លាំង​របស់​រដ្ឋាភិបាល​ស៊ីរី​ប្រឆាំង​នឹង​ក្រុម​បះបោរ។ តើ​ជំហរ​របស់​ចលនា​អេស្បូឡា​ពេល​នេះ​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​ចរចា​រវាង​ភាគី​ជម្លោះ​ផ្ទៃក្នុង​ស៊ីរី​នៅ​ក្នុង​ប្រទេស​ស្វ៊ីស​ពេល​នេះ​ដែរ ឬ​ទេ?។

មេ​ចលនា Hezbollah លីបង់ Hassan Nasrallah
មេ​ចលនា Hezbollah លីបង់ Hassan Nasrallah AFP PHOTO / ANWAR AMRO
ផ្សាយពាណិជ្ជកម្ម

« យើង​បាន​ទៅ​ស៊ីរី​ដើម្បី​ជួយ​ប្រទេស​មួយ​នេះ​កុំ​ឲ្យ​ធ្លាក់​ក្នុង​កណ្តាប់ដៃ​អង្គការ​រដ្ឋអ៊ីស្លាម និង​ចលនា​រណសិរ្យ​អាល់ណូស្រា។ ដរាប​ណា​យើង​មាន​តួនាទី​ជា​អ្នក​ទទួល​ខុសត្រូវ​នៅ​ទីនោះ យើង​នឹង​បន្ត​ស្ថិត​នៅ​ទីនោះ » នេះ​ជា​ការ​ថ្លែង​របស់​ប្រមុខ​ចលនា​អេស្បូឡាលីបង់​ហាសាន ណាស្រាឡា។ ការ​ថ្លែង​របស់​មេ​ចលនា​អេស្បូឡាលីបង់​ពេល​នេះ​មិនមែន​ជា​រឿង​ចៃដន្យ​ឡើយ មិន​ចៃដន្យ​ព្រោះ​ទី១ វា​បាន​កើត​មាន​ឡើង​នៅ​មួយ​សប្តាហ៍​បន្ទាប់​ពី​ប្រទេស​រុស្ស៊ី​បាន​ប្រកាស​ដក​កម្លាំងទ័ព និង​គ្រឿង​សព្វាវុធ​មួយ​ភាគ​របស់​ខ្លួន​ចេញ​ពី​ទឹកដី​ស៊ីរី ទី២ វា​បាន​កើត​មាន​ឡើង​ចំ​ពេល​ដែល​កិច្ចចរចា​ស្វែង​រក​សន្តិភាព​ឲ្យ​ស៊ីរី​កំពុង​បន្ត​ធ្វើ​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស និង​ទី៣ ចលនា​អេស្បូឡានិកាយ​ឈីអ៊ីត​និយម​អ៊ីរ៉ង់​មួយ​នេះ​ចង់​ឆ្លើយ​តប​នឹង​ពាក្យ​ចចាមអារ៉ាម​ដែល​ថា ពួក​គេ​ក៏​បាន​ដក​កម្លាំងទ័ព​ចេញ​ពី​ទឹកដី​ស៊ីរី​ដូច​រុស្ស៊ី​អ៊ីចឹង​ដែរ។

នៅ​ក្នុង​ន័យ​នេះ និង​ដើម្បី​រំងាប់​ពាក្យ​ចចាមអារ៉ាម​ខាង​លើ មេ​ចលនា​អេស្បូឡាលីបង់​ហាសាន ណាស្រ្តាឡា​បាន​បញ្ជាក់​ច្បាស់ៗ​ថា ទោះ​បី​ជា​រុស្ស៊ី​ដក​ទ័ព ឬ​មិន​ដក​ទ័ព​ពី​ស៊ីរី ទោះ​បី​ជា​អ៊ីរ៉ង់​ដក​ទ័ព ឬ​បន្ត​ស្ថិត​នៅ​ស៊ីរី អេស្បូឡា​មិន​ឈឺ​ក្បាល​ឡើយ ហើយ​អេស្បូឡា និង​ពលរដ្ឋ​ស៊ីរី​ជា​មនុស្ស​តែ​មួយ​ដែល​គ្មាន​នរណា​អាច​បំបែក​បាន​ទេ។ គួរ​រម្លឹក​ជូន​ថា​សព្វថ្ងៃ​នេះ ក្រុម​យុទ្ធជន​ប្រដាប់អាវុធ​អេស្បូឡាលីបង់​កំពុង​ចូលប្រឡូក​នៅ​ក្នុង​សមរភូមិ​ចំនួន​ពីរ​នៅ​បរទេស គឺ​នៅ​ក្នុង​ប្រទេស​ស៊ីរី និង​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។ នៅ​ស៊ីរី​ក៏​ដូច​ជា​នៅ​អ៊ីរ៉ាក់​ត្រូវ​បាន​ចលនា​និកាយឈីអ៊ីត​មួយ​នេះ​លើក​យក​ហេតុផល​ថា ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ពួកជីហាត​នៃ​អង្គការ​រដ្ឋអ៊ីស្លាម និង​ពួក​ជីហាត​នៃ​រណសិរ្យ​អាល់ ណូស្រា។

តាំង​ពី​ឆ្នាំ ២០១៣ មក ចលនា​អេស្បូឡាលីបង់​បាន​បញ្ជូន​កម្លាំងប្រដាប់​អាវុធ​របស់​ខ្លួន​ជា​ច្រើន​ពាន់​នាក់​ទៅ​កាន់​ប្រទេស​ស៊ីរី ក្រោម​ហេតុផល​ការពារ​ស៊ីរី​កុំ​ឲ្យ​ធ្លាក់​ក្នុង​កណ្តាប់ដៃ​អង្គការ​រដ្ឋអ៊ីស្លាម និង​រណសិរ្យ​អាល់ ណូស្រា។ មេ​ចលនា​អេស្បូឡា​បាន​បញ្ជាក់​ជា​ថ្មី​ថា បើ​ស៊ីរី​ធ្លាក់​ក្នុង​កណ្តាប់ដៃ​អង្គការ​រដ្ឋអ៊ីស្លាម ឬ​រណសិរ្យ​អាល់ ណូស្រា គឺ​ជា​រឿង​មួយ​គ្រោះថ្នាក់​ខ្លាំង​ណាស់​សម្រាប់​ប្រទេស​លីបង់។ ជា​ការ​ពិត ស៊ីរី និង​អ៊ីរ៉ាក់​ពិត​ជា​កំពុង​ទទួល​រង​ការ​គំរាមកំហែង​យ៉ាង​ខ្លាំង​ពី​សំណាក់​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម និង​រណសិរ្យ​អាល់ ណូស្រា។ ទន្ទឹម​គ្នា​នេះ កំណើន​ឥទ្ធិពល​របស់​អង្គការ​រដ្ឋអ៊ីស្លាម និង​រណសិរ្យ​អាល់ ណូស្រា​ក៏​ជា​ក្តី​បារម្ភ​ខ្លាំង​របស់​ពិភពលោក​ដែរ។

វា​ជា​រឿង​ល្អ​ណាស់​ដែល​មេចលនា​អេស្បូឡា​បាន​ចេញ​មុខ​ប្តេជ្ញា​ចិត្ត​ជា​ថ្មី​ក្នុង​យុទ្ធនាការ​វាយ​កម្ទេច​អង្គការ​រដ្ឋអ៊ីស្លាម និង​រណសិរ្យ​អាល់ ណូស្រា​ឲ្យ​ដល់​ឫសគល់​នៅ​ក្នុង​ប្រទេស​ស៊ីរី ព្រោះ​នេះ ក៏​ជា​អ្វី​ដែល​សហគមន៍​អន្តរជាតិ​ចង់​បាន​ដែរ។ តែ​បញ្ហា​ដែល​កំពុង​បន្ត​ចោទ​ឡើង​នៅ​ត្រង់​ថា ចលនា​អេស្បូឡា​បាន​ទៅ​ចូលរួម​ជាមួយ​កម្លំាង​ទ័ព​របស់​រដ្ឋាភិបាល​ស៊ីរី​ក្នុង​ការ​វាយកម្ទេច​ក្រុមប្រឆាំង​ស៊ីរី​ដែល​កំពុង​ទទួល​ស្គាល់​ដោយ​សហគមន៍​អន្តរជាតិ។ គឺ​ទង្វើ​របស់​ចលនា​និកាយឈីអ៊ីត​មាន​ទំនោរ​រក​អ៊ីរ៉ង់ រួម​ជាមួយ​អន្តរាគមន៍​របស់​ទ័ពអាកាស​រុស្ស៊ី​កន្លង​មក​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​កម្លាំង​របស់​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ​និកាយ​ឈីអ៊ីត​មាន​ប្រៀប​ជាង​កម្លាំង​ក្រុមប្រឆាំង។

កម្លាំង​រដ្ឋាភិបាល​ស៊ីរី​មាន​ប្រៀប​ជាង​កម្លាំង​ក្រុមប្រឆាំង​នៅ​លើ​សមរភូមិ​ពេល​នេះ​បាន​កើត​មាន​ឡើង ចំ​ពេល​ដែល​កិច្ចចរចា​ស្វែង​រក​សន្តិភាព​ឲ្យ​ស៊ីរី​រៀបចំ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​បាន​ឈាន​ចូល​ដល់​សប្តាហ៍​ទី២។ នៅ​ក្នុង​កិច្ចចរចា​ក្នុង​សប្តាហ៍​ទី១ រុស្ស៊ី​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់ផ្អើល​ដោយ​ប្រកាស​ពី​ការ​ដក​កម្លាំងទ័ព និង​សព្វាវុធ​ពិសេស​យន្តហោះ​ចម្បាំង​មួយ​ចំនួន​ចេញ​ពី​ទឹកដី​ស៊ីរី។ ទង្វើ​របស់​ក្រុង​មូស្គូ​កាល​ណោះ​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ចាត់​ទុក​ជា​កាយវិការ​វិជ្ជមាន​មួយ​ដែល​អាច​ជួយ​ផ្តល់​សន្ទុះ​នៅ​ក្នុង​កិច្ចចរចា​រវាង​ភាគី​ជម្លោះ​ផ្ទៃក្នុង​ស៊ីរី។ តែ​ផ្ទុយ​ពី​រុស្ស៊ី ចលនា​អេស្បូឡាលីបង់​បាន​ប្រកាស​បន្ត​រក្សា​កម្លាំង​របស់​ខ្លួន​នៅ​ស៊ីរី​រហូត​ដល់​កម្ចាត់​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម និង​រណសិរ្យ​អាល់ណូស្រា​បាន​ទាំង​ស្រុង។

មក​ដល់​ត្រង់​ចំណុច​នេះ​នាំ​ឲ្យ​មាន​សំណួរ​ចោទ​ឡើង​ថា តើ​ជំហរ​របស់​ចលនាអេស្បូឡា លីបង់​​ពេល​នេះ​នឹង​មិន​ចូល​ទៅ​បង្ក​ឲ្យ​មាន​បរិយាកាស​តានតឹង អាប់អួរ​នៅ​ក្នុង​កិច្ចចរចា​ទេ ឬ​យ៉ាង​ណា?

ក្រុម​អ្នកវិភាគ​បាន​យល់​ឃើញ​ថា តិច ឬ​ច្រើន​គឺ​មាន តែ​វា​មិន​រហូត​ដល់​បំផ្លាញ​កិច្ចចរចា​នោះ​ទេ។ ការ​ហ៊ាន​អះអាង​យ៉ាង​ដូច​នេះ​មក​ពី​គេ​យល់​ថា តាំង​ពី​ស៊ីរី​បាន​ធ្លាក់​ក្នុង​វិបត្តិ​ជាង ៥ឆ្នាំ​កន្លង​ទៅ​មក ប្រទេស​ក្នុង​តំបន់​ដើមបូព៌ា​មួយ​បាន និង​កំពុង​បន្ត​ក្លាយ​ជា​សមរភូមិ​នៃ​ការ​ដណ្តើម​ឥទ្ធិពល​គ្នា​រវាង​ក្រុមនិកាយ​ស៊ុយនីត​ដែល​មាន​អារ៉ាប៊ីសាអូឌីត​នៅ​ពី​ក្រោយ និង​ក្រុម​និកាយ​ឈីអ៊ីត​ដែល​មាន​អ៊ីរ៉ង់​ជា​មេក្លោង​ជួយ​គាំទ្រ​ដោយ​ក្រុមឈីអ៊ីត​អេស្បូឡាលីបង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ