អានតួអត្ថបទ
ស្វ៊ីស-ស៊ីរី

អ.ស.ប.៖ប្រជាជន​គួដ​នៅ​ស៊ីរី​ត្រូវ​តែ​មាន​យោបល់​ស្តីពី​អនាគត​នយោបាយ​ស៊ីរី

លោក​ស្តាហ្វាន មីស្ទូរ៉ា ប្រេសិតពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សំណុំរឿង​ស៊ីរី​បាន​យល់​ឃើញ​ថា ប្រជាជន​គួដ​រស់​នៅ​ស៊ីរី​ត្រូវ​តែ​បញ្ចេញ​យោបល់​របស់​ខ្លួន​ទាក់ទង​នឹង​អនាគត​នយោបាយ​ស៊ីរី និង​ដំណើរការ​កសាង​ប្រទេស​ស៊ីរី​ឡើង​វិញ។ លោក​មីស្ទូរ៉ា​បាន​ថ្លែង​យ៉ាង​ដូច​នេះ​នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​កាសែត​ស្វ៊ីស​ឈ្មោះ Le Temps នា​ថ្ងៃ​សៅរ៍ ទី១២ មីនា។

លោក​ស្តាហ្វាន មីស្ទូរ៉ា ប្រេសិតពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សំណុំរឿង​ស៊ីរី
លោក​ស្តាហ្វាន មីស្ទូរ៉ា ប្រេសិតពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សំណុំរឿង​ស៊ីរី REUTERS/Pierre Albouy
ផ្សាយពាណិជ្ជកម្ម

ការ​ថ្លែង​របស់​លោក​ប្រេសិតពិសេស​អង្គការ​សហប្រជាជាតិ​ស្តាហ្វាន មីស្ទូរ៉ា​បាន​ធ្វើ​ឡើង មួយ​ថ្ងៃ​មុន​ការ​បើក​កិច្ចចរចា​ស្វែង​រក​សន្តិភាព​ឲ្យ​ស៊ីរី​ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃ​ចន្ទ ទី១៤ មីនា​ដើម​សប្តាហ៍​ក្រោយ។ កិច្ចចរចា​ដែល​នឹង​ចូល​រួម​ដោយ​ភាគី​ជម្លោះ​ផ្ទៃក្នុង​នៅ​ស៊ីរី តែ​គ្មាន​វត្តមាន​អ្នកតំណាង​ប្រជាជន​គួដ​រស់ក្នុង​ទឹកដី​ស៊ីរី​ទេ។ នៅ​ក្នុង​បទសម្ភាសន៍​ជា​មួយ​កាសែត​ស្វ៊ីស​ឈ្មោះ Le Temps លោក​មីស្ទូរ៉ា​បាន​ទទួល​ស្គាល់​ថា ប្រជាជន​គួដស៊ីរី​ជា​តួអង្គ​មួយ​យ៉ាង​សំខាន់​នៅ​ស៊ីរី​ដែល​គេ​ត្រូវ​ស្វែង​រក​រូបមន្ត​កណ្តាល​មួយ​ដើម្បី​អាច​ឲ្យ​ពួក​គេ​មាន​សិទ្ធិ​បញ្ចេញ​មតិ​យោបល់​នៅ​ក្នុង​ដំណើរការ​កសាង​ប្រទេស​ស៊ីរី​ឡើង​វិញ។

ប្រតិកម្ម​របស់​ប្រេសិតពិសេស​សហប្រជាជាតិ​រូប​នេះ​បាន​ធ្លាក់​មក បន្ទាប់​ពី​លោក​ប្រមុខ​ការទូត​រុស្ស៊ី​ស៊ែរហ្កី ឡាវឺរ៉ូស​បាន​ស្នើ​កាល​ពី​ថ្ងៃ​សុក្រ ទី១១ មីនា​ឲ្យ​លោក​មីស្ទូរ៉ា​ដាក់​បញ្ចូល​អ្នកតំណាង​ប្រជាជន​គួដស៊ីរី​នៅ​ក្នុង​កិច្ចចរចា​ស្វែង​រក​សន្តិភាព​ឲ្យ​ស៊ីរី​នៅ​សប្តាហ៍​ក្រោយ។ លោក​ឡាវឺរ៉ូស​បាន​យល់​ឃើញ​ថា ការ​មិន​ដាក់​ភាគី​គួដស៊ីរី​ទៅ​ក្នុង​កិច្ចចរចា គឺ​ជា​សញ្ញា​ទន់ខ្សោយ​របស់​សហគមន៍​អន្តរជាតិ។ គួរ​ជម្រាប​ជូន​ថា ប្រជាជន​គួដ​នៅ​ស៊ីរី​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​រុស្ស៊ី និង​អាមេរិក​កំពុង​កាន់កាប់​ទឹកដី​ស៊ីរី​ជាង ១០% ដែល​មាន ៣ភាគ៤ ស្ថិត​ក្បែរ​ព្រំដែន​នឹង​ប្រទេស​តួកគី។

លោក​មីស្ទូរ៉ា​បាន​បញ្ជាក់​ជា​ថ្មី​ថា នៅ​ក្នុង​គម្រោង​កិច្ចចរចា​វគ្គទី២ នៅ​សប្តាហ៍​ក្រោយ លោក​បាន​អញ្ជើញ​ភាគី​ដដែល​ដូច​នៅ​ក្នុង​វគ្គទី១ នា​ខែ​កុម្ភៈ​កន្លង​ទៅ ពោល​មិន​មាន​អ្នកតំណាង​ពួក​គួដ​ស៊ីរី​ទេ។ ទាក់ទង​នឹង​គម្រោង​រៀបចំ​បោះឆ្នោត​សភា​នៅ​ខែ​មេសា​របស់​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ​ត្រូវ​បាន​លោក​មីស្ទូរ៉ា​អះអាង​ថា នឹង​គ្មាន​តម្លៃ​អ្វី​ទាំង​អស់ និង​ថា មាន​តែ​ការ​បោះឆ្នោត​សម្រេច​ដោយ​ក្រុមប្រឹក្សាសន្តិសុខ និង​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ​តែ​មួយ​គត់​ដែល​មាន​តម្លៃ​ពិតប្រាកដ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ