អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ក្រោយ​ការ​លើក​ទ័ណ្ឌកម្ម អ៊ីរ៉ង់​បាន​ក្លាយ​ជា​ទីផ្សារ​ដែល​អន្តរជាតិ​កំពុង​​ដណ្តើម​គ្នា

ចុះផ្សាយ​នៅ​ថ្ងៃ៖

តាំង​ពី​កិច្ចព្រមព្រៀង​ស្តីពី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​បាន​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​សៅរ៍ ទី១៦ មករា​មក សហគមន៍​អន្តរជាតិ និង​ប្រទេស​លោកខាង​លិច​ក៏​បាន​ផ្តើម​លើក​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​ជា​បណ្តើរៗ​ចេញ​ពី​អ៊ីរ៉ង់​ដែរ។ ទន្ទឹម​នឹង​ការ​លើក​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច សហគមន៍​អន្តរជាតិ​ក៏​នឹង​ចាប់​ផ្តើម​ពិនិត្យមើល​ឡើង​វិញ​ដែរ​នៅ​ក្នុង​ទំនាក់ទំនង​ការទូត​ជា​មួយ​អ៊ីរ៉ង់។ ឃើញ​ថា​ចាប់​ពី​ពេល​នេះ​ត​ទៅ អ៊ីរ៉ង់​បាន​ក្លាយ​ពី​ប្រទេស​ដែល​គេ​មិន​សូវ​និយាយ​រក​ទៅ​ជា​ប្រទេស​ដែល​គ្រប់គ្នា​កំពុង​តាម​ចៃចង់ ពិសេស​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច។

លោក Hassan Rohani ប្រធានាធិបតី​អ៊ីរ៉ង់
លោក Hassan Rohani ប្រធានាធិបតី​អ៊ីរ៉ង់ REUTERS/President.ir/Handout
ផ្សាយពាណិជ្ជកម្ម

នៅ​មិន​ទាន់​ក្លាយ​ពី​រាត្រី​ទឹកខ្មេះ​ទៅ​ជា​រាត្រី​ទឹកឃ្មុំ​នៅ​ឡើយ​ទេ តែ​ជា​រាត្រី​នៃ​ការ​ផ្តើម​ចែចង់​គ្នា​ឡើង​វិញ បន្ទាប់​ពី​បាន​បែរ​ខ្នង​ដាក់​គ្នា​អស់​ជា​ច្រើន​ឆ្នាំ​​រវាង​អ៊ីរ៉ង់ និង​សហគមន៍​អន្តរជាតិ និយាយ​ជា​រួម និង​ជាមួយ​បណ្តា​ប្រទេស​លោកខាង​លិច​មួយ​ចំនួន និយាយ​ដោយ​ឡែក។ គួរ​ជម្រាប​ជូន​ថា​តាម​ពិត​ទៅ កិច្ចព្រមព្រៀង​ស្តីពី​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ត្រូវ​បាន​ចុះ​ហត្ថលេខា​តាំង​ពី​ថ្ងៃទី១៤ កក្កដា ឆ្នាំ ២០១៥​មក​ម្ល៉េះ តែ​គឺ​ទើប​ដាក់​ឲ្យ​ចូល​ជា​ធរមាន​នា​ថ្ងៃទី១៦ មករា​ថ្មីៗ​កន្លង​ទៅ​ទេ។ តាំង​ពី​ក្រោយ​ថ្ងៃ​ចូល​ជា​ធរមាន​មក សហគមន៍​អន្តរជាតិ​ទូទៅ និង​ប្រទេស​បស្ចិមលោក​ភាគច្រើន​បាន​បញ្ចេញ​ប្រតិកម្ម​អបអរសាទរ។ តែ​សម្រាប់​ប្រទេស​សត្រូវ​ស៊ូពូជ​នឹង​អ៊ីរ៉ង់​ខ្លះ មាន​អ៊ីស្រាអែល​នាំ​មុខ មិន​បាន​ត្រេកត្រអាល​នឹង​ដំណឹង​ថ្មី​នេះ​សោះ​ឡើយ។

ជោគជ័យ​ការទូត​របស់​សហគមន៍​អន្តរជាតិ​ក្នុង​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ពិត​ជា​រឿង​មួយ​មិន​អាច​ប្រកែក​បាន​ទេ តែ​អ្វី​ដែល​ក្រុមអ្នកវិនិយោគ​បរទេស​កំពុង​ហៀរ​ទឹកមាត់ និង​សម្លឹង​មើល​ដោយ​មិន​ប៉ប្រិចភ្នែក​នោះ គឺ​សក្តានុពល​សេដ្ឋកិច្ច​របស់​អ៊ីរ៉ង់។ ចូរ​កុំ​ភ្លេច​ថា អ៊ីរ៉ង់​ជា​ប្រទេស​ដែល​មាន​ចំនួន​ប្រជាជន​ច្រើន​ជាង​គេ​នៅ​ក្នុង​តំបន់ ពោល​មាន​ដល់​ទៅ ៨០លាននាក់។ ទន្ទឹម​គ្នា​នេះ ប្រជាជន​អ៊ីរ៉ង់​ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ពលរដ្ឋ​ដែល​ទទួល​បាន​ការ​អប់រំ​ល្អ​ណាស់។ តែ​គួរ​ឲ្យ​ស្តាយ ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ​អស់​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ​បាន​ធ្វើ​ឲ្យ​សាធារណរដ្ឋ​អ៊ីស្លាម​មួយ​នេះ​មាន​ស្ថានភាព​សេដ្ឋកិច្ច​យ៉ាង​ត្រដាបត្រដួស។

អ៊ីរ៉ង់​មិន​ខ្វះ​ធនធាន​ធម្មជាតិ​ទេ ព្រោះ​ជា​ប្រទេស​ជ្រងុក​ប្រេងឆៅ​ទី៤ និង​ជង្រុក​ឧស្ម័ន​ទី២ ក្នុង​លោក ប្រជាជន​អ៊ីរ៉ង់​មាន​សមត្ថភាព និង​ទទួល​បាន​ការ​អប់រំ​ល្អ ហើយ​រដ្ឋាភិបាល​សព្វថ្ងៃ​ក៏​មាន​ឆន្ទៈ​ដើម្បី​ស្តារ​សេដ្ឋកិច្ច​របស់​ប្រទេស​ឡើង​វិញ​ដែរ តែ​អ្វី​ដែល​ខ្វះ​នៅ​ពេល​នេះ គឺ​លទ្ធភាព និយាយ​ឲ្យ​ស្រួល​យល់ គឺ​លុយកាក់ និង​បច្ចេកវិទ្យា​សម័យ​ថ្មី​ដែល​អ៊ីរ៉ង់​មាន​ការ​យឺតយ៉ាវ​ខ្លាំង​ណាស់ បើ​ធៀប​នឹង​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់។ នៅ​ត្រង់​ចំណុច​នេះ លោក​ប្រធានាធិបតី​អ៊ីរ៉ង់​ហាសាន រ៉ូហានី​ពិត​ជា​យល់​មិន​ច្រឡំ​ទេ​ថា តម្រូវការ​នៅ​ចំពោះ​មុខ និង​ជា​បន្ទាន់​របស់​អ៊ីរ៉ង់​ពេល​នេះ គឺ​ក្រុម​អ្នកវិនិយោគ​បរទេស។

លោក​រ៉ូហានី​បាន​ថ្លែង​ថា នៅ​ក្នុង​រយៈពេល ៥ឆ្នាំ​ខាង​មុខ អ៊ីរ៉ង់​ត្រូវ​ការ​ទុន​វិនិយោគបរទេស​ពី ៣០ ០០០លាន​ទៅ ៥០ ០០០លានដុល្លារ។ ជាមួយ​នឹង​ទុនវិនិយោគ​បរទេស​កម្រិត​នេះ អ៊ីរ៉ង់​អាច​នឹង​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ក្នុង​រង្វង់ ៨% ទល់​នឹង ០% ដែល​អ៊ីរ៉ង់​កំពុង​មាន​សព្វថ្ងៃ។ ក្រៅ​ពី​វិនិយោគ​បរទេស លោក​ប្រធានាធិបតី​អ៊ីរ៉ង់​ក៏​បាន​ប្រាប់​ឲ្យ​ដឹង​នូវ​អនាគត​អាទិភាព​របស់​អ៊ីរ៉ង់​ផ្សេង​ទៀត រួម​មាន ការ​អភិវឌ្ឍន៍​នៅ​លើ​វិស័យ​នាំ​ចេញ​ក្រៅ​ពី​ផលិតផល​ប្រេងឆៅ និង​ការ​ប្រើប្រាស់​ថវិកា​ឲ្យ​ចំ​ទិសដៅ។

គួរ​ជម្រាប​ជូន​ថា សេដ្ឋកិច្ច​របស់​អ៊ីរ៉ង់​ជា​សេដ្ឋកិច្ច​ចម្រុះ​ដែល​មិន​បាន​ពឹងផ្អែក​តែ​លើ​ចំណូល​បាន​មក​ពី​ការ​លក់​ប្រេងឆៅ​មួយ​មុខ​ទេ តែ​ក៏​បាន​មក​ពី​ការ​អភិវឌ្ឍន៍​នៅ​លើ​វិស័យ​ចម្រុះ​មួយ​ចំនួន​ទៀត​ដែរ ពិសេស​វិស័យ​កសិកម្ម និង​វិស័យ​ឧស្សាហកម្ម​រថយន្ត។ ដូច្នេះ​ឃើញ​ថា ការ​ធ្លាក់​ថ្លៃ​តម្លៃប្រេងឆៅ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​សព្វថ្ងៃ​នឹង​មិន​សូវ​ជះ​ឥទ្ធិពល​អាក្រក់​ដល់​អ៊ីរ៉ង់​ប៉ុន្មាន​ទេ។ ផ្ទុយ​ទៅ​វិញ វា​អាច​នឹង​ធ្វើ​ឲ្យ​អ៊ីរ៉ង់​ស្តារ​ភាព​យឺតយ៉ាវ​របស់​ខ្លួន​បាន​ឆាប់​រហ័ស​ធៀប​នឹង​ប្រទេស​ផ្សេង​ក្នុង​តំបន់​ដែល​ពឹង​តែ​លើ​ចំណូល​បាន​ពី​ការ​បូម​ប្រេង​លក់ ដូច​យ៉ាង​អារ៉ាប៊ីសាអូឌីត។

តម្រូវការ​របស់​អ៊ីរ៉ង់​គឺ​ធំធេង​ណាស់​ដើម្បី​ស្តារ​វិស័យ​សេដ្ឋកិច្ច និង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន​ឡើង​វិញ មាន​ទាំង​សម្ភារៈ និង​ចំណេះដឹង។ ក៏​ប៉ុន្តែ​នៅ​ចំពោះ​មុខ វិស័យ​ប្រេង​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​វិស័យ​ដែល​ត្រូវ​អភិវឌ្ឍន៍​បន្ថែម​ជា​បន្ទាន់ តាម​រយៈ​ការ​ដំឡើង​ផលិតកម្ម​ប្រេង​ដោយ​បង្កើន​ការ​បូមបន្ថែម។ អ៊ីរ៉ង់​ជា​ប្រទេស​ដែល​មាន​សក្តានុពល​សេដ្ឋកិច្ច​ដែល​គេ​មិន​អាច​មើល​រំលង​បាន​ទេ តែ​គេ​ក៏​ត្រូវ​ហ៊ាន​និយាយ​ថា អ្នក​ដែល​ចង់​ដណ្តើម​យក​សក្តានុពល​សេដ្ឋកិច្ច​របស់​អ៊ីរ៉ង់​ក៏​មាន​ច្រើន​ដែរ។ អាមេរិក បារាំង រុស្ស៊ី ចិន អ៊ីតាលី អាល្លឺម៉ង់ និង​មាន​ប្រទេស​ជា​ច្រើន​ទៀត រួម​ទាំង​ជា​អតីត​សត្រូវ​របស់​អ៊ីរ៉ង់​ផង​បាន និង​កំពុង​បន្ត​បញ្ចេញ​មន្តស្នេហ៍​តាម​ចែចង់​អ៊ីរ៉ង់។

ដូច្នេះ​អ៊ីរ៉ង់​ពិត​ជា​មាន​ជម្រើស​ច្រើន​ដែល​ខ្លួន​អាច​ជ្រើសរើស​បាន​ដោយ​ផ្អែក​ទៅ​តាម​តម្រូវ​ការ​ជាក់​ស្តែង​របស់​ខ្លួន។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី និង​អ្វី​ដែល​ប្រទេស​ចង់​រក​ស៊ី​ជាមួយ​អ៊ីរ៉ង់​មិន​ត្រូវ​ភ្លេច​នោះ​គឺ​ថា ឡានក្រោយ​អាច​នឹង​ចង្អៀត​ជាង​ឡាន​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ