អានតួអត្ថបទ
អូទ្រីស-អ៊ីរ៉ង់-នុយក្លេអ៊ែរ

នុយក្លេអ៊ែរអ៊ីរ៉ង់៖​តើ​ថ្ងៃ​នេះ ជា​ថ្ងៃ​ដែល​សេដ្ឋកិច្ច​អ៊ីរ៉ង់​ចាប់​ផ្តើម​ពី​ចំណុច​សូន្យ​ឬ?

នៅ​ថ្ងៃ​សៅរ៍ ទី១៦ មករា​នេះ ក្រុម​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​រួម​ប្រជុំ​គ្នា​ក្នុង​ទីក្រុង​វីយែន ប្រទេស​អូទ្រីស។ គោលដៅ​នៃ​កិច្ចប្រជុំ គឺ​ពិនិត្យ និង​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​កិច្ចព្រមព្រៀង​ដែល​សហគមន៍​អន្តរជាតិ និង​ភាគី​អ៊ីរ៉ង់​បាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃទី១៤ កក្កដា ឆ្នាំ ២០១៥។ តែ​ដើម្បី​អាច​ឈាន​ដល់​ដំណាក់កាល​ចុង​ក្រោយ​នេះ ទីភ្នាក់ងារ​ថាមពល​បរិមាណូ​អន្តរជាតិ​ហៅ​កាត់​ថា AIEA ត្រូវ​តែ​បញ្ជាក់​ថា តើ​អ៊ីរ៉ង់​ពិត​ជា​បាន​គោរព​តាម​ពាក្យសន្យា​របស់​ខ្លួន​មែន ឬ​អត់។

លោក​ប្រមុខ​ការទូត​អាមេរិក John Kerry (ឆ្វេង) និង​សមភាគី​អ៊ីរ៉ង់​លោក Mohammad Javad Zarif
លោក​ប្រមុខ​ការទូត​អាមេរិក John Kerry (ឆ្វេង) និង​សមភាគី​អ៊ីរ៉ង់​លោក Mohammad Javad Zarif Reuters
ផ្សាយពាណិជ្ជកម្ម

ភាគី​ដែល​ពាក់ព័ន្ធ​នឹង​កិច្ចប្រជុំ​ថ្ងៃ​នេះ​រួម​មាន អាមេរិក​តំណាង​ដោយ​លោក​ប្រមុខ​ការទូត​ចន ឃ៊ែរី អ៊ីរ៉ង់​តំណាង​ដោយ​លោក​រដ្ឋមន្រ្តី​ការបរទេស​ម៉ូហាម៉ាដ ហ្សាវ៉ា ហ្សារីស្វ និង​សហភាពអឺរ៉ុប​តំណាង​ដោយ​លោកស្រី​ប្រមុខ​ការទូត​ហ្វេដេរីកា ម៉ូហេរីនី។ តែ​មុន​នឹង​មាន​ជំនួប​រួម​ជា​លក្ខណៈ​ត្រីភាគី​អាមេរិក អ៊ីរ៉ង់ អឺរ៉ុប គេ​សង្កេត​ឃើញ​មាន​ជំនួប​ជា​លក្ខណៈ​ទ្វេភាគី​អាមេរិក អ៊ីរ៉ង់ និង​អ៊ីរ៉ង់ សហភាព​អ៊ឺរ៉ុប។ កម្មវត្ថុ​នៃ​ជំនួប​ត្រីភាគី​ថ្ងៃ​នេះ​មិនមែន​និយាយ​ពី​ការ​ស្វែង​រក​ដំណោះស្រាយ​រឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ទេ តែ​ពិនិត្យ​មើល​ពី​កិច្ចការ​ដែល​អ៊ីរ៉ង់​បាន​ធ្វើ​នា​ពេល​កន្លង​មក ពិសេស​ចង់​ដឹង​ថា តើ​អ៊ីរ៉ង់​មាន​បាន​គោរព​ពាក្យ​សន្យា​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចព្រមព្រៀង​ដែល​ខ្លួន​បាន​ចុះ​ហត្ថលេខា​ជាមួយ​សហគមន៍​អន្តរជាតិ​កាល​ពី​ថ្ងៃទី ១៤ កក្កដា ឆ្នាំ ២០១៥ ឬ​អត់។

តែ​ដើម្បី​អាច​ផ្ទៀងផ្ទាត់​លើ​ចំណុច​ទាំង​អស់​នោះ​បាន គេ​ត្រូវ​ការ​របាយការណ៍​របស់​ទីភ្នាក់ងារ​ថាមពល​បរិមាណូ​អន្តរជាតិ​ហៅកាត់​ថា AIEA។ AIEA ត្រូវ​តែ​បញ្ជាក់​ថា តើ​អ៊ីរ៉ង់​មាន​បាន​កាត់​បន្ថយ​ចំនួន​ម៉ាស៊ីន​ចម្រើន​ធាតុ​អ៊ុយរ៉ាញ៉ូម និង​បាន​បញ្ជូន​បរិមាណ​សារធាតុ​អ៊ុយរ៉ាញ៉ូម​ចម្រើន​ធាតុ​រួច​ហើយ​ទាំង​អស់​ទៅ​បរទេស​ហើយ ឬ​នៅ?។ គេ​អាច​និយាយ​បាន​ថា សេចក្តី​សន្និដ្ឋាន​របស់ AIEA គឺ​ជា​រឿង​ស្លាប់ រស់​សម្រាប់​អ៊ីរ៉ង់​នៅ​ថ្ងៃ​នេះ ព្រោះ​ថា បើ AIEA ឲ្យ​ភ្លើង​ខៀវ​ថា អ៊ីរ៉ង់​ពិត​ជា​គោរព​បាន ១០០% នូវ​ពាក្យ​សន្យា​របស់​ខ្លួន​មែន នោះ​សហគមន៍​អន្តរជាតិ​អាច​ផ្តើម​លើក​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​ចេញ​ពី​អ៊ីរ៉ង់។ ផ្ទុយ​ទៅ​វិញ បើ AIEA ចេញ​ភ្លើង​ក្រហម អ៊ីរ៉ង់​នឹង​បន្ត​ជាប់​ខ្នោះ​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​ជា​បន្ត​ទៀត។

ខ្នោះ​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​ប្រទេស​ជង្រុកប្រេង​ទី៤ ក្នុង​លោក​បាន​ជាប់​តាំង​ពី​ជាង ១៣ឆ្នាំ​មក​ហើយ។ តែ​យ៉ាង​ណា​ក៏​ដោយ លោក​ប្រមុខ​ការទូត​អ៊ីរ៉ង់​ហ្សារីស្វ​មិន​បារម្ភ​ទេ និង​ថ្លែង​ដោយ​មាន​សុទិដ្ឋិនិយម​ថា ថ្ងៃ​នេះ ជា​ថ្ងៃ​វេលា​ល្អ​សម្រាប់​ប្រជាជន​អ៊ីរ៉ង់ ព្រោះ​ជា​ថ្ងៃ​ដែល​អ៊ីរ៉ង់​រួច​ផុត​ពី​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ