អានតួអត្ថបទ
អាមេរិក-អារ៉ាប៊ី សាអូឌីត

លោក​ចន ឃេរី​ទៅ​អារ៉ាប៊ី សាអូឌីត ដើម្បី​ធានា​​សម្ព័ន្ធមិត្ត​អារ៉ាប់ ដែល​បារម្ភ​ពី​ការខិត​​ជិតគ្នា រវាង​អាមេរិក និង​អ៊ីរ៉ង់

លោក​ប្រមុខ​ការបរទេស​អាមេរិក ចន ឃេរី​បាន​ធ្វើដំណើរ ទៅ​ប្រទេស​អារ៉ាប៊ី សាអូឌីត នៅថ្ងៃ​ព្រហស្បតិ៍ ទី ៥​មីនា។ ក្នុង​កិច្ចប្រជុំ​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​របស់​បណ្តាប្រទេស​អារ៉ាប់ នៅ​សមុទ្រ ពែរ្ស៍ លោក​ចន ឃេរី ត្រូវ​គេ​រំពឹង​ថា នឹង​បកស្រាយ​ប្រាប់​សម្ព័ន្ធមិត្ត​អារ៉ាប់ ពី​ជំហរ​របស់​អាមេរិក ចំពោះ​ប្រទេស​អ៊ីរ៉ង់។ អ៊ីរ៉ង់ ដែល​ដឹកនាំមុខ​ដោយ​ក្រុម​កាន់​និកាយ​សាសនា​ស្ហ៊ីអ៊ីត ជា​គូប្រជែង​យ៉ាង​សំខាន់​របស់​ប្រទេស​អារ៉ាប់ ជាពិសេស អារ៉ាប៊ី សាអូឌីត ដែល​សំបូរ​ដោយ​ក្រុមអ្នកកាន់​សាសនា​ស៊ុននីត។  

លោក​ចន ឃេរី​ជួប​ជាមួយ​សមភាគី​អារ៉ាប៊ី សាអូឌីត នៅថ្ងៃ​ទី​៥ មីនា។ សម្រាប់​សម្ព័ន្ធមិត្ត​អារ៉ាប់ កិច្ចព្រមព្រៀង​ស្តីពី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ជា​រឿង​សំខាន់​ បើទោះបី​ជា​គេ​បារម្ភ​ពី​ការដំឡើង​ឥទ្ធិពល​របស់​អ៊ីរ៉ង់​នៅក្នុង​តំបន់។
លោក​ចន ឃេរី​ជួប​ជាមួយ​សមភាគី​អារ៉ាប៊ី សាអូឌីត នៅថ្ងៃ​ទី​៥ មីនា។ សម្រាប់​សម្ព័ន្ធមិត្ត​អារ៉ាប់ កិច្ចព្រមព្រៀង​ស្តីពី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ជា​រឿង​សំខាន់​ បើទោះបី​ជា​គេ​បារម្ភ​ពី​ការដំឡើង​ឥទ្ធិពល​របស់​អ៊ីរ៉ង់​នៅក្នុង​តំបន់។ ©REUTERS/Evan Vucci
ផ្សាយពាណិជ្ជកម្ម

គ្រាន់តែ​ចប់​កិច្ចប្រជុំ​បី​ថ្ងៃ ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ ជាមួយ​ប្រមុខ​ការបរទេស​អ៊ីរ៉ង់ រដ្ឋមន្រ្តី​ការបរទេស​អាមេរិក លោក​ចន ឃេរី បាន​ចេញ​ដំណើរ​ភ្លាម ទៅ​ប្រទេស​អារ៉ាប៊ី សាអូឌីត។ នៅថ្ងៃ​ព្រហស្បតិ៍​នេះ លោក​ចន ឃេរី ត្រូវ​ជួប​ប្រជុំ​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​របស់​ប្រទេស​អារ៉ាប់​ទាំង​៦ នៃ​ឈូងសមុទ្រ​ពែរ្ស៍ នៅ​មូលដ្ឋាន​ទ័ព​អាកាស ក្នុង​ទីក្រុង​រីយ៉ាត។

 
នៅ​អារ៉ាប៊ី សាអូឌីត កិច្ចប្រជុំ​ស្តីពី​ការប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាតនៃ​អង្គការ​រដ្ឋអ៊ីស្លាម នៅ​ស៊ីរី និង​នៅ អ៊ីរ៉ាក់  ឬ​វិបត្តិនយោបាយ​នៅ ​យេម៉ែន ជា​ប្រធានបទ​ដែល​លោក​ចនឃេរី ត្រូវ​លើក​និយាយ​ជាមួយ​ប្រទេស​សម្ព័ន្ធមិត្ត​អារ៉ាប់។ ប៉ុន្តែ ជាមួយ​គ្នានោះ គេ​មើលឃើញថា ការណ៍​ដែល​លោក​ចន ឃេរី​ប្រញាប់​ធ្វើ​ដំណើរ​ទៅ​អារ៉ាប៊ី សាអូឌីត នៅក្រោយ​ចប់​កិច្ចប្រជុំ​ជាមួយ​រដ្ឋមន្រ្តីការបរទេស​អ៊ីរ៉ង់ ក៏ព្រោះតែ​លោក​ចន ឃេរី​ចង់​និយាយ​ធានា ផ្តល់​ទំនុក​ចិត្ត​ដល់​ប្រទេស​​អារ៉ាប់ សម្ព័ន្ធមិត្ត។

ថ្មីៗ​នេះ សម្ព័ន្ធ​មិត្ត​ជាច្រើន​របស់​អាមេរិក នៅក្នុង​តំបន់​ដើមបូព៌ា មិនថា អ៊ីស្រាអែល ឬ​ប្រទេស​អារ៉ាប់ ដែល​ជា​គូប្រជែង​របស់​អ៊ីរ៉ង់ នៅក្នុង​តំបន់ ចាប់​បារម្ភ​ ក្រែង​អាមេរិក​ប្តូរ​ជំហរ ចំពោះ​ប្រទេស​អ៊ីរ៉ង់ បន្ទាប់​ពី​ប្រទេស​ទាំងពីរ​បង្កើន​ការចរចា​ដើម្បី​រក​កិច្ចព្រមព្រៀង មួយ​ស្តី​ពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ឲ្យ​បាន​មុន​ដាច់​ខែ​មីនានេះ។ សម្ព័ន្ធមិត្ត​របស់​អាមេរិក​ខ្លាចថា កិច្ចព្រមព្រៀង​ណាមួយ ស្តីពី​កម្មវិធីនុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ នឹង​ធ្វើ​ឲ្យ​អាមេរិក​ត្រូវរ៉ូវ​គ្នា​ឡើងវិញ ជាមួយ​អ៊ីរ៉ង់។

មុន​នឹង​ចាកចេញ​ពី ប្រទេស​ស្វ៊ីស នៅ​ថ្ងៃ​ពុធ លោក​ចន ឃេរី​បាន​និយាយ​ថា លោក​យល់​ពី​ជំហរ​របស់​ប្រទេស​នានា​ទៅលើ​ប្រទេស​អ៊ីរ៉ង់។ អាមេរិក​ក៏​មាន​ជំហរ​មួយ​ច្បាស់លាស់ ចំពោះ​អ៊ីរ៉ង់ ​ប៉ុន្តែ ដំបូង​គេ​ត្រូវ​ដោះស្រាយ​ធ្វើយ៉ាងណា​កុំ​ឲ្យ​ប្រទេស​អ៊ីរ៉ង់​អាច​មាន​អាវុធ​នុយក្លេអ៊ែរ​ជា​មុន​សិន។ តាមគម្រោង បើសិន​អ៊ីរ៉ង់ និង​ក្រុមប្រទេស​មហាអំណាច​អាច​រក​ឃើញ​កិច្ចព្រមព្រៀង​ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ នោះ​អ៊ីរ៉ង់​នឹង​អាច​ទទួល​បាន​ការដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​អាមេរិក អឺរ៉ុប និង​អង្គការ​សហប្រជាជាតិ។ ជាថ្នូរមកវិញ អ៊ីរ៉ង់​ត្រូវ​យល់ព្រម​ឈប់​ចម្រើន​ធាតុ​អ៊ុយរ៉ានីញ៉ូម ក្នុង​កម្រិត​ខ្ពស់ ដែល​អាច​ឲ្យ​គេ​យក​ទៅ​ផលិត​ជាអាវុធ​នុយក្លេអ៊ែរ​បាន។​

Mari Harf អ្នកនាំពាក្យ​របស់​ក្រសួង​ការបរទេស​អាមេរិក បាន​និយាយ​ធានា​​ដែរ​ថា អាមេរិក​ធ្វើការ​ចរចា​ជាមួយ​អ៊ីរ៉ង់ ​ដើម្បី​រក​ឲ្យ​ឃើញ​កិច្ចព្រមព្រៀង ស្តី​ពី​កម្មវិធីនុយក្លេអ៊ែរ អ៊ីរ៉ង់ ប៉ុន្តែ មិន​មែន ក្នុង​គោលដៅ​ចង់​ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​អ៊ីរ៉ង់​នោះទេ។ អាមេរិក និងអ៊ីរ៉ង់​បានផ្តាច់​ទំនាក់ទំនង​ការទូត​នឹង​គ្នា តាំង​ពី​ឆ្នាំ ១៩៨០ បន្ទាប់​ពី​អ៊ីរ៉ង់​ជួប​បដិវត្តន៍​​អ៊ីស្លាម និង​ក្រោយ​ការចាប់​មន្រ្តីទូត​អាមេរិក​ធ្វើ​ជា​ចំណាប់ខ្មាំង នៅ​ឆ្នាំ ១៩៧៩។ អាមេរិក​នៅតែ​ចាត់ទុក​អ៊ីរ៉ង់​ក្នុង​បញ្ជី​ប្រទេស​ភេរវនិយម ដែល​បាន​គាំទ្រ​របប​ផ្តាច់ការ​របស់​ប្រធានាធិបតី​ស៊ីរី។ ប៉ុន្តែ កន្លងមក អាមេរិក ធ្លាប់​បាន​លើកឡើង ពី​លទ្ធភាព​​សើរើ​ឡើងវិញ នូវ​ការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច ក្នុង​ករណី​អ៊ីរ៉ង់​យល់ព្រម​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​យោធា ដើម្បី ផលិត​អាវុធ​បរិមាណូ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ