អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន-អាមេរិក

លោកចូ បៃដិន គំរាម​​ឈប់ផ្គត់ផ្គត់អាវុធ ប្រសិនបើអ៊ីស្រាអែល​​បើក​ប្រតិបត្តិការ​ចូល​ទីក្រុងរ៉ាហ្វា

ជាលើកទីមួយ លោក​ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បាន​និយាយដាក់លក្ខខណ្ឌច្បាស់ៗទៅលើអ៊ីស្រាអែល ថាប្រសិន​បើ​កងទ័ព​អ៊ីស្រាអែល នៅតែមានះ បើកប្រតិបត្តិការសំរុកចូល​ទៅទីក្រុងរ៉ាហ្វាភាគខាងត្បូង​ហ្កាហ្សា នោះសហរដ្ឋអាមេរិក នឹងឈប់ផ្គត់ផ្គង់​អាវុធ​។ ជា​ប្រតិបត្តិការ​​យោធា​ដែល​​បង្ក​​ឲ្យ​​មាន​ការព្រួយ​បារម្ភ​ជាខ្លាំង ព្រោះតំបន់រ៉ាហ្វា កកកុញដោយ​ប្រជាជនប៉ាឡេស្ទីន១លាន៤សែននាក់​។ យ៉ាងណាក៏ដោយ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី​៩ឧសភានេះ កងទ័ពអ៊ីស្រាអែល បានចាប់ផ្តើមបាញ់​ប្លោងគ្រាប់ទៅកាន់ក្រុងរ៉ាហ្វា ដោយអះអាងថាដើម្បី​កំទេច​ក្រុមភេរវកម្ម​ហាម៉ាសរាប់ពាន់នាក់​​ ដែល​លាក់ខ្លួននៅទីនោះ។

លោក ចូ បៃដិន និង​លោក​នេតាន់យ៉ាហ៊ូ ជួប​និយាយគ្នានៅ​ទីក្រុង​ទែលអាវីវ ថ្ងៃទី១៨តុលា២០២៣ ប៉ុន្មានថ្ងៃ​ក្រោយ​ក្រុមភេរវកម្ម​ហាម៉ាស បើកប្រតិបត្តិការវាយប្រហារសម្លាប់ប្រជាជនអ៊ីស្រាអែល ប្រមាណ​១២០០នាក់។
លោក ចូ បៃដិន និង​លោក​នេតាន់យ៉ាហ៊ូ ជួប​និយាយគ្នានៅ​ទីក្រុង​ទែលអាវីវ ថ្ងៃទី១៨តុលា២០២៣ ប៉ុន្មានថ្ងៃ​ក្រោយ​ក្រុមភេរវកម្ម​ហាម៉ាស បើកប្រតិបត្តិការវាយប្រហារសម្លាប់ប្រជាជនអ៊ីស្រាអែល ប្រមាណ​១២០០នាក់។ AP - Miriam Alster
ផ្សាយពាណិជ្ជកម្ម

នៅក្នុងបទសម្ភាសន៍​មួយលើបណ្តាញ​ទូរទស្សន៍CNN ផ្សាយ​កាលពីល្ងាចថ្ងៃទី​៨ឧសភា លោកចូ បៃដិន បាន​លើកឡើងថា “ប្រសិនបើទាហានអ៊ីស្រាអែល សំរុកចូល​ទៅរ៉ាហ្វា ខ្ញុំនឹង​មិន​ឈប់បញ្ជូន​អាវុធទៅ​ឲ្យ​អ៊ីស្រាអែលតទៅទៀត​។ ជាអាវុធដែលតាមធម្មតា គេយកទៅប្រើ​ដើម្បីបើកប្រតិបត្តិការនៅតាមទីក្រុង​”។ លោក​ចូ បៃដិន បាន​លើកបន្ថែមថា អាវុធដែលអាមេរិក​នឹងឈប់បញ្ជូនទៅឲ្យ​អ៊ីស្រាអែល គឺមានជាអាទិ៍ គ្រាប់បែកធន់ធំ។

ភ្លាមៗ​ក្រោយ​ការប្រកាសគំរាមដាក់លក្ខខណ្ឌចំៗ ពីសំណាក់​លោក​ចូ បៃដិន​នេះ អគ្គរដ្ឋទូត​អ៊ីស្រាអែលប្រចាំនៅអង្គការសហប្រជាជាតិ បាន​ថ្លែងតាមវិទ្យុជាតិអ៊ីស្រាអែល​ថា “ការប្រកាសរបស់​លោក​ចូ បៃដិននេះ​​ ជាការប្រកាស​ដែលពិបាក​នឹងស្តាប់ ហើយ​គួរឲ្យខកចិត្តខ្លាំងណាស់ ព្រោះថាតាំងតែពីដំបូង លោកប្រធានាធិបតី​បៃដិន គឺជាអ្នកគាំទ្រយើងជានិច្ច​​”។ មន្ត្រីទូត​អ៊ីស្រាអែលរូបនេះ​​​ បន្តថា ការដាក់សំពាធមកលើអ៊ីស្រាអែលពីសំណាក់សម្ព័ន្ធមិត្ត គឺវានឹងអនុញ្ញាតឲ្យសត្រូវ​របស់អ៊ីស្រាអែលយកទៅបកស្រាយ ហើយ​និងផ្តល់ក្តីសង្ឃឹម​ឲ្យ​ពួកគេ​។

លោក​​អគ្គរដ្ឋទូត​អ៊ីស្រាអែលប្រចាំនៅអង្គការសហប្រជាជាតិ បានចោទសួរថា បើអ៊ីស្រាអែលត្រូវគេហាមឃាត់មិនឲ្យចូលទៅរ៉ាហ្វា ជាទីដែល​ពួកភេរវកម្ម​ហាម៉ាសរាប់ពាន់នាក់សំងំលាក់ខ្លួន​ ហើយជាទី​ដែល​ចំណាប់ខ្មាំង​កំពុងតែស្ថិតនៅ​ តើ​កម្ម​វត្ថុកំទេចក្រុមហាម៉ាសទាំងស្រុង នឹងអាចសម្រេច​បានដែរឬទេ? លោក​បានអះអាងថា ទោះជាយ៉ាងណាក៏ដោយ ទីបំផុត​អ៊ីស្រាអែលនឹងសម្រេចចិត្តធ្វើអ្វីមួយដែលអ៊ីស្រាអែលគិត​ថាចាំបាច់ ដើម្បីការពារសន្តិសុខ របស់ប្រជាជនអ៊ីស្រាអែល​។

សូមបញ្ជាក់ថា អស់រយៈពេលច្រើនថ្ងៃមកហើយ ដែល​លោក​នេតាន់យ៉ាហ៊ូ បានប្រកាសថានឹងបើក​ប្រតិបត្តិការកងទ័ពថ្មើរជើង សំរុកចូលទៅ​ក្នុងទីក្រុងរ៉ាហ្វា ភាគខាងត្បូងហ្កាហ្សា ដើម្បី​សម្រេចកម្មវត្ថុ​ កំទេចក្រុមហាម៉ាស​ឲ្យ​វិនាសទាំងស្រុង និងរំដោះចំណាប់ខ្មាំងមកវិញ​។ តែយ៉ាងណា មានការព្រួយបារម្ភជាខ្លាំង ថា​ប្រតិបត្តិការនេះនឹងក្លាយជា​ការបង្ហូរឈាមស្លាប់ប្រជាជនស៊ីវីល ព្រោះថា​ទីក្រុងនេះកកកុញទៅដោយជនភៀសខ្លួន​ប៉ាឡេស្ទីនប្រមាណ​១លាន​៤សែននាក់​។

ដើម្បីបង្ហាញការជំទាស់ទៅនឹងផែនការរបស់​លោកនេតាន់យ៉ាហ៊ូនេះ រដ្ឋបាល​លោកចូ បៃដិន បានសម្រេច​ផ្អាក​ការបញ្ជូន​គ្រាប់បែក​ខ្នាតធំទំងន់៩០០គីឡូក្រាម​ចំនួន​១៨០០គ្រាប់ និងគ្រាប់បែក​ទំងន់​២២០គីឡូក្រាមចំនួន​១៧០០គ្រាប់ កាលពីសប្តាហ៍​កន្លងទៅ។ នេះបើផ្អែកតាម​ការលើកឡើងរបស់​មន្ត្រីជាន់ខ្ពស់ម្នាក់​នៃរដ្ឋាភិបាលអាមេរិក​។

តែយ៉ាងណាក៏ដោយ ការដាក់សំពាធពីសំណាក់វ៉ាស៊ីន​តោននេះ ហាក់មិនបានធ្វើ​ឲ្យ​លោកនេតាន់យ៉ាហ៊ូ​រាថយឡើយ​។ យោងតាមអ្នកយកព័ត៌មាន​AFP កងទ័ពអ៊ីស្រាអែលបានបាញ់ប្លោងគ្រាប់​ជាច្រើន ចូលទៅរ៉ាហ្វា​ ក្នុងវេលាយប់ថ្ងៃពុធឈានចូលថ្ងៃព្រហស្បតិ៍​ទី​៩ឧសភា ខណៈរថក្រោះ​ជាច្រើនគ្រឿងកំពុង​សំរុកចូលទៅ។ កងទ័ពអ៊ីស្រាអែល​អះអាងថា ជាប្រតិបត្តិការ​វាយកំទេចទីតាំង របស់​ក្រុមភេរវកម្ម​ហាម៉ាសនៅក្នុងទីក្រុងរ៉ាហ្វា។ កងទ័ពអ៊ីស្រាអែល​អះអាងទៀតថា ​ច្រក​កេរ៉េមស្ហាឡុមដែលត្រូវអាជ្ញាធរអ៊ីស្រាអែល​បើក​ឲ្យ​រថយន្តដឹកស្បៀងចូល ត្រូវបាន​ក្រុមហាម៉ាស​​បាញ់ប្លោងគ្រាប់​រ៉ូកែត​សំដៅមកលើ​ កាលពីថ្ងៃពុធ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ