អ៊ីស្រាអែលព្រមបើកច្រកKerem Shalomឡើងវិញ បន្ទាប់ពីអាមេរិកសម្រេចផ្អាកបញ្ជូនគ្រាប់បែកឲ្យ
ថ្ងៃពុធទី៨ឧសភា អាជ្ញាធរអ៊ីស្រាអែលបានសម្រេចបើកច្រក កេរ៉េម ស្ហាឡុម (Kerem Shalom) ឡើងវិញ ដើម្បីអនុញ្ញាតឲ្យមានការបញ្ជូនស្បៀងជំនួយមនុស្សធម៌ ចូលទៅកាន់តំបន់ហ្កាហ្សា។ ការសម្រេចរបស់អាជ្ញាធរអ៊ីស្រាអែលនេះ គឺត្រូវបានធ្វើឡើងស្របពេលដែលមន្ត្រីជាន់ខ្ពស់ម្នាក់របស់សហរដ្ឋអាមេរិក បានឲ្យដឹងថារដ្ឋបាលលោកចូ បៃដិន បានសម្រេចផ្អាកការបញ្ជូនគ្រាប់បែកធន់ធំទៅឲ្យអ៊ីស្រាអែល ដើម្បីបង្ហាញការជំទាស់របស់អាមេរិក ទៅនឹងផែនការសំរុកចូលទីក្រុងរ៉ាហ្វារបស់កងទ័ពអ៊ីស្រាអែល។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៣:៣១
បន្ទាប់ពីបានបិទអស់រយៈពេល៤ថ្ងៃ អាជ្ញាធរអ៊ីស្រាអែលបានសម្រេចបើកច្រក Kerem Shalom ឡើងវិញ ដើម្បីអនុញ្ញាតឲ្យមានរថយន្តដឹកជំនួយស្បៀងមនុស្សធម៌ ចូលទៅកាន់តំបន់ហ្កាហ្សា។ ជាវិធានការ ដែលអាចជាការឆ្លើយតប ទៅនឹងការដាក់សំពាធពីសំណាក់សហរដ្ឋអាមេរិក ដែលបង្ហាញការជំទាស់រិះគន់កាន់តែខ្លាំង មកលើប្រតិបត្តិការយោធារបស់អ៊ីស្រាអែល។
សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃអង្គារទី៧ឧសភា មន្ត្រីជាន់ខ្ពស់ម្នាក់នៃរដ្ឋាភិបាលអាមេរិក ដោយសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ឲ្យដឹងថា រដ្ឋបាលលោកចូ បៃដិន បានសម្រេចផ្អាកការបញ្ជូនគ្រាប់បែកធន់ធំទៅឲ្យអ៊ីស្រាអែល ក្នុងនោះគឺមានគ្រាប់បែកទំងន់៩០០គីឡូក្រាម ចំនួន១៨០០គ្រាប់ និងគ្រាប់បែកទំងន់២២០គីឡូក្រាម ចំនួន១៧០០រាប់។
វ៉ាស៊ីងតោន បានប្រាប់ទៅភាគីអ៊ីស្រាអែលច្បាស់ៗ ថាសហរដ្ឋអាមេរិកប្រឆាំងដាច់ខាត ចំពោះផែនការដែលកងទ័ពអ៊ីស្រាអែលចង់សំរុកចូលទៅទីក្រុងរ៉ាហ្វាភាគខាងត្បូងហ្កាហ្សា ដរាបណាគ្មានការរៀបចំឲ្យបានច្បាស់និងគួរឲ្យទុកចិត្ត ដើម្បីការពារអាយុជីវិតប្រជាជនស៊ីវីលដែលកកកុញនៅទីនោះដល់ទៅជាង១លាននាក់។ លោកចូ បៃដិន បានទូរស័ព្ទទៅនិយាយប្រាប់លោកណេតាន់យ៉ាហ៊ូ កាលពីថ្ងៃចន្ទទី៦ឧសភាជាថ្មីម្តងទៀត ដើម្បីបញ្ជាក់គោលជំហរនេះ។
ប្រភពពីមន្ត្រីអាមេរិកខាងលើ បានឲ្យដឹងបន្ថែមថា ភាគីអាមេរិកសង្កេតឃើញថា ភាគីអ៊ីស្រាអែលមានចេតនារក្សាជំហរខ្លួនសំរុកចូលទៅទីក្រុងរ៉ាហ្វា ទើបអាមេរិកសម្រេចចិត្តរកផ្លូវផ្សេង ដើម្បីបង្ហាញការមិនគាំទ្រ តួយ៉ាងដូចជាទាក់ទិននឹងគ្រាប់បែកធន់ធ្ងន់របស់អាមេរិក ដែលអ៊ីស្រាអែលអាចយកទៅប្រើប្រាស់ក្នុងប្រតិបត្តិការនេះ។ បន្ថែមពីនេះ ក្រសួងការបរទេសអាមេរិក ក៏កំពុងតែពិចារណាដែរ ទៅលើការផ្អាកការផ្គត់ផ្គង់គ្រាប់បែកបញ្ជាវាយចំគោលដៅ ឈ្មោះថា JDAM។
គួរកត់សំគាល់ថា កាលពីថ្ងៃអង្គារ កងទ័ពអ៊ីស្រាអែលបានបញ្ជូនរថក្រោះជាច្រើនគ្រឿង ចូលទៅទីក្បែរទីក្រុងរ៉ាហ្វា ដើម្បីបម្រុងត្រៀមនឹងបើកប្រតិបត្តិការធំ តាមសម្លាប់ក្រុមហាម៉ាស ព្រមទាំងរំដោះចំណាប់ខ្មាំង។ កងទ័ពអ៊ីស្រាអែលក៏បានចូលទៅបិទច្រកព្រំដែនទាំង២ គឺច្រករ៉ាហ្វា និងច្រកកេរ៉េមស្ហាឡុម។ ប្រតិបត្តិការយោធាទ្រង់ទ្រាយធំនៅតំបន់នេះ បានបង្កឲ្យមានការព្រួយបារម្ភជាខ្លាំង ដល់អាយុជីវិតជនស៊ីវីលប៉ាឡេស្ទីន ប្រមាណ ១លាន៤សែននាក់ ដែលរស់នៅកកកុញ ក្នុងលក្ខខណ្ឌដ៏សែនលំបាក។
ដោយឡែក ការចរចានៅទីក្រុងគែរឯនោះវិញ បានបង្ហាញលទ្ធផលវិជ្ជាមានច្រើន បន្ទាប់ពីក្រុមហាម៉ាសបានប្រកាសទទួលយកលក្ខខណ្ឌមួយចំនួន។ ផ្អែកតាមមេធំទី២របស់ក្រុមហាម៉ាស Khalil al-Hayya ផែនការនេះមាន៣ដំណាក់កាល ដែលកាលនីមួយៗមានរយៈពេល៤២ថ្ងៃ គឺមាន ការដកទ័ពអ៊ីស្រាអែលចេញពីហ្កាហ្សា ការធានាសុវត្ថិភាពឲ្យជនភៀសខ្លួនត្រលប់ទៅទីរស់នៅរៀងខ្លួន និងការដោះដូរចំណាប់ខ្មាំងទល់និងអ្នកទោសប៉ាឡេស្ទីន ដើម្បីឈានទៅមាន “បទឈប់បាញ់ជាអចិន្ត្រៃយ៍”។
បណ្តាញទូរទស្សន៍អេហ្ស៊ីប Al-Qahera News បានផ្សាយថាភាគីទាំងអស់បន្តចរចាគ្នាទៀតនៅថ្ងៃពុធនេះ លើផែនការដែលមាន៣ដំណាក់កាល។ លោក John Kirby ទីប្រឹក្សាសន្តិសុខជាតិអាមេរិកបានលើកឡើងថា ភាគីអ៊ីស្រាអែលនិងហាម៉ាស ត្រូវតែប្រមូលការតាំងចិត្តដើម្បីឈានទៅបំពេញឲ្យបាននូវចំណុចខ្វះចន្លោះចុងក្រោយ ដែលនៅមិនទាន់ត្រូវរ៉ូវគ្នា ដើម្បី ឈានទៅសម្រេចឲ្យបានកិច្ចព្រមព្រៀងនេះក្នុងពេលដ៏ឆាប់បំផុត។ យ៉ាងណាក៏ដោយ លោកណេតាន់យ៉ាហ៊ូ បានបញ្ជាក់ថាលោកបានប្រាប់ទៅក្រុមចរចាភាគីអ៊ីស្រាអែល ថាត្រូវតែម៉ឺងម៉ាត់បំផុត ទាក់ទិននឹងលក្ខខណ្ឌដោះលែងចំណាប់ខ្មាំងទាំងអស់ និងការធានាសន្តិសុខរបស់អ៊ីស្រាអែល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ