អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អាមេរិក និង​អារ៉ាប៊ីសាអូឌីត​កំពុង​ឈឺក្បាល​នឹង​ស្ថានការណ៍​នយោបាយ​ស្រពិចស្រពិល​នៅ​យេម៉ែន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រទេស​យេម៉ែន​កំពុង​ផុង​ខ្លួន​ចូល​ក្នុង​វិបត្តិនយោបាយ​កាន់​តែ​ជ្រៅ​ទៅៗ។ តំាង​ពី​ថ្ងៃទី២២ មករា​មក​ម្ល៉េះ​ដែល​ប្រទេស​អារ៉ាប់​មួយ​នេះ​គ្មាន​ប្រធានាធិបតី គ្មាន​នាយករដ្ឋមន្រ្តី និង​នៅ​ពេល​នេះ គ្មាន​ទំាង​សភា​ទៀត។ អ្នក​ដែល​កំពុង​សោយរាជ្យ​សព្វថ្ងៃ​នេះ គឺ​ក្រុមប្រដាប់​អាវុធ​ហ៊ូទី្ស​របស់​មេកើយ​អាប់ដែល ម៉ាលិក អាល់ហ៊ូទី។ គឺ​ជា​ព្រឹត្តិការណ៍​មួយ​ដែល​កំពុង​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​ព្រួយបារម្ភ​ជា​ពន់ពេក ពិសេស​គឺ​អាមេរិក និង​អារ៉ាប៊ីសាអូឌីត​តែ​ម្តង។ អ្នក​ដែល​កំពុង​ខ្វាយខ្វល់​ជាង​គេ គឺ​អាមេរិក ព្រោះ​ពិត​មែន​តែ​ក្រុម​ហ៊ូទីស្ស​បាន​ចេញ​មុខ​ប្រឆំាង​នឹង​ពួក​អាល់កៃដា​ក្នុង​ស្រុក​ក៏​ដោយ ក៏​ពួក​នេះ​បាន​ចេញ​មុខ​ប្រឆំាង​នឹង​សហរដ្ឋអាមេរិក​ពេញ​មុខ​ដែរ។ តើ​នយោបាយ​ការទូត​​អាមេរិក​នៅ​យេម៉ែន​មិន​មែន​កំពុង​ទទួល​បរាជ័យ​ផ្ទួន​គ្នា​ក្នុង​ពេល​តែ​មួយ​ទេ ឬ​យ៉ាង​ណា?

ក្រុម​ប្រដាប់អាវុធ​ហ៊ូទី្ស​ក្នុង​ប្រទេស​យេម៉ែន
ក្រុម​ប្រដាប់អាវុធ​ហ៊ូទី្ស​ក្នុង​ប្រទេស​យេម៉ែន Reuters
ផ្សាយពាណិជ្ជកម្ម

វា​ពិត​ជា​រឿង​មួយ​ដែល​សម្ព័ន្ធមិត្ត​អាមេរិក និង​អារ៉ាប៊ីសាអូឌីត​មិន​អាច​មើល​រំលង​បាន​ទេ​ចំពោះ​ព្រឹតិ្តកាណ៍​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​ប្រទេស​យេម៉ែន​ពេល​នេះ។ មិន​អាច​មើល​រំលង​បាន ព្រោះ​ការ​ឡើង​កាន់​អំណាច​របស់​ក្រុម​ប្រដាប់​អាវុធ​ហ៊ូទីស្ស​នៅ​យេម៉ែន​ជា​សក្ខីកម្ម​មួយ​ដែល​បញ្ជាក់​ច្បាស់​ពី​បរាជ័យ​របស់​នយោបាយ​ការទូត​អាមេរិក​នៅ​ក្នុង​ប្រទេស​យេម៉ែន និង​ជោគជ័យ​របស់​ប្រទេស​អ៊ីរ៉ង់​ចំពោះ​ក្រុម​ហ៊ូទី្ស។ ជា​ការ​ពិត ស្ថានការណ៍​នៅ​ក្នុង​ទីក្រុង​សាណា​សព្វថ្ងៃ​កំពុង​បន្ត​ស្រពិចស្រពិល តែ​អ្វី​ដែល​ច្បាស់​ក្រឡែត​មិន​អាច​ប្រកែក​បាន​នៅ​ពេល​នេះ គឺ​ការ​ដែល​ក្រុមប្រដាប់អាវុធ​ហ៊ូទី្ស​កំពុង​ក្តោបក្តាប់​អំណាច ដោយ​បាន​បង្ខំ​ឲ្យ​ប្រធានាធិបតី​ហាឌី និង​នាយករដ្ឋមន្រ្តី​ចុះ​ចេញ​ពី​តំណែង ព្រម​ទំាង​រំលាយ​សភា​ចោល​ទៀត។ គួរ​ជម្រាប​ជូន​ថា ក្នុង​រយៈពេល ២ឆ្នំា​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​ទីក្រុង​សាណា​បាន​គំាទ្រ​ជា​ចំហ​ចំពោះ​ប្រតិបត្តិការ​​វាយប្រហារ​របស់​យន្តហោះ Drones អាមេរិក​ប្រឆំាង​នឹង​ចលនា Aqpa ដែល​ជា​សាខា​របស់​ពួក​អាល់កៃដា​នៅ​យេម៉ែន។

តែ​ចង់​មិន​ចង់​នៅ​ពេល​នេះ តួអង្គ​នយោបាយ​សំខាន់​នៅ​យេម៉ែន​មិនមែន​លោក​ប្រធានាធិបតី​ធ្លាក់​ពី​អំណាច​ហាឌី​ទៀត​ឡើយ តែ​គឺ​ពួក​ហ៊ូទី្ស​ដែល​ជា​ក្រុម​ឈីអ៊ីត​ចេញ​មុខ​ប្រឆំាង​នឹង​អាមេរិក និង​ដែល​មាន​ទំនោរ​រក​ប្រទេស​អ៊ីរ៉ង់។ មាន​អាយុ ៣៣ឆ្នំា លោក​អាប់ដែល ម៉ាលិក អាល់ហ៊ូទីស្ស មេកើយ​របស់​ចលនា​ហ៊ូទី្ស​បាន​ចេញ​មុខ​ប្រកាស​ក្តែង​កាល​ពី​ថ្ងៃទី២០ មករា​កន្លង​ទៅ ដោយ​សន្យា​បំបាត់អំពើ​ពុករលួយ និង​ការ​បះបោរ។ គួរ​រម្លឹក​ជូន​ថា កំណើន​ឥទ្ធិពល​របស់​ចលនា​ហ៊ូទី្ស​នៅ​ក្នុង​ឆាកនយោបាយ​យេម៉ែន​ក៏​ដោយសារ​តែ​មាន​ប្រទេស​អ៊ីរ៉ង់​ជួយ​គំាទ្រ​ទំាង​អាវុធ លុយកាក់ និង​គំនិតយោបល់​តំាង​ពី​មុន​ឆ្នំា ២០១១ ទៅ​ទៀត។ តែ​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ​ថា ក្រោម​ភ្នែក ច្រមុះ​របស់​ទីក្រុង​តេហេរ៉ង់ ពួក​ហ៊ូទី្ស​នេះ​មិនមែន​​ជា​កូនអុក ឬ​មួយ​ជា​ដៃគូ​របស់​ខ្លួន​ដូច​ពួក​ហេស្បូឡា​នៅ​ក្នុង​ប្រទេស​លីបង់​ទេ ពោល​គ្រាន់​ជា​កម្លំាង​ឯករាជ្យ​ផ្ទៃក្នុង​មួយ​នៅ​យេម៉ែន​ប៉ុណ្ណោះ។

ទោះ​ជា​យ៉ាង​នេះ​ក្តី ជោគជ័យ​របស់​ចលនា​ហ៊ូទី្ស​នៅ​យេម៉ែន​ពេល​នេះ​ក៏​បាន​ធ្វើ​ឲ្យ​អ៊ីរ៉ង់​ញញឹម​បិទមាត់​មិន​ជិត​ដែរ ព្រោះ​សម្រាប់​ទីក្រុង​តេហេរ៉ង់ វា​ជា​ការ​វាយ​មួយ​ពំនូង​យ៉ាង​ដំណំ​ទៅ​លើ​សម្ព័ន្ធមិត្ត​អាមេរិក អារ៉ាប៊ីសាអូឌីត។ ជា​ការ​ពិត អាមេរិក និង​អារ៉ាប៊ីសាអូឌីត​បាន​ចំណាយ​លុយ​យ៉ាង​ច្រើន​សម្បើម​ដើម្បី​កំចាត់​ចលនា Aqpa នៅ​យេម៉ែន​ឲ្យ​ដល់​ឫស​គល់។ គ្រាន់​តែ​អារ៉ាប៊ីសាអូឌីត​តែ​ម្នាក់​ឯង​បាន​ចំណាយ​លុយ​ស់​ជាង ៤ ០០០លានដុល្លារ​ដើម្បី​ជួយ​គំាទ្រ​លោក​ប្រធានាធិបតី​យេម៉ែន​ធ្លាក់​ពី​អំណាច​ហាឌី​នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆំាង​នឹង​ចលនា Aqpa ដែល​ជា​សត្រូវ​គ្រោះថ្នាក់​ខ្លំាង​ស្ថិត​ក្បែរ​ខ្លួន។ តែ​គេ​ត្រូវ​ហ៊ាន​និយាយ​ថា បន្ទាប់​ពី​បាន​ឡើង​ឥទ្ធិពល​ខ្លំាង​តំាង​ពី​ឆ្នំា ២០០៩ និង​ព្រឹត្តការណ៍​វាយប្រហារ​ថ្មីៗ​លើ​ទីស្នាក់ការ​ទស្សនាវដ្តី​ត្លុកកំប្លែង​បារំាង Charlie Hebdo ក្នុង​ទីក្រុង​ប៉ារីស​មក Aqpa បាន​ក្លាយ​ជា​សាខា​អាល់កែដា​ដ៏​គ្រោះថ្នាក់​បំផុត​ក្នុង​លោក។

យេម៉ែន​ជា​ប្រទេស​អារ៉ាប់​ក្រីក្រ និង​ស្គាល់​អស្ថិរភាព​នយោបាយ​ពុះកញ្ជ្រោល​ខ្លំាង​នៅ​ក្នុង​តំបន់ តែ​យេម៉ែន​ជា​ប្រទេស​ច្រក​ថាមពល​ពិភពលោក និង​ភូមិសាស្រ្តនយោបាយ​មិន​អាច​ខ្វះ​បាន​ទេ។ ក្រៅ​ពី​បាន​ផ្តល់​លុយកាក់​ឲ្យ​លោក​ប្រធានាធិបតី​ធា្លក់​ពី​អំណាច​ហាឌី​សម្រាប់​ប្រយុទ្ធ​ទប់ទល់​នឹង​ពួក​អាល់កៃដា​ក្នុង​តំបន់ រដ្ឋាភិបាល​ប្រទេស​អារ៉ាប៊ីសាអូឌីត​ក៏​ធ្លាប់​បាន​ប្រើ​នយោបាយ​មួយ​ដើម្បី​ជម្រុញ​ឲ្យ​ពួក​កុលសម្ព័ន្ធ​ស៊ុយនីត​ដូច​ខ្លួន​ចេញ​មុខ​ត តំាង​នឹង​ពួក​ឈីអ៊ីត​ហ៊ូទីស្ស។ កាល​ពី​ឆ្នំា ១៩៩៤ អារ៉ាប៊ីសាអូឌីត​ធ្លាប់​បាន​ផ្តល់​អាវុធ​ទៅ​ឲ្យ​ក្រុម​ឧទ្ទាម​នៅ​ប៉ែកខាងត្បូង។ តែ​ចាប់​ពី​អំណេះ​ត​ទៅ ទីក្រុង​រីយ៉ាដ​ហាក់​ដូច​ជា​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​បត់បែន​ទៅ​តាម​ស្ថានការណ៍​ប្រែប្រួល​នៅ​ក្នុង​ប្រទេស​យេម៉ែន​សព្វ​ថ្ងៃ​នេះ​ទេ។

សម្រាប់​រដ្ឋបាល​អាមេរិក​របស់​លោក​អូបាម៉ា លោក​ប្រធានាធិបតី​យេម៉ែន​ធ្លាក់​ពី​អំណាច​ហាឌី គឺ​ជា​សិស្ស​គំរូ​ក្នុង​តំបន់។ តែ​បរាជ័យ​របស់​សិស្សគំរូ​រូប​នោះ​បាន​ធ្វើ​ឲ្យ​គេ​នឹក​ឃើញ​ឡើង​វិញ​នូវ​ព្រឹត្តិការណ៍​ជូរចត់​មួយ​ចំនួន​ដែល​អាមេរិក​បាន​ប្រឈម​នៅ​ក្នុង​ពិភពអ៊ីស្លាម។ កាល​ពី​ថ្ងៃទី២០ មករា​កន្លង​ទៅ លោក​អូបាម៉ា​បាន​គូស​បញ្ជាក់​ថា អាមេរិក​ត្រូវ​ការ​យុទ្ធសាស្រ្ត​ដ៏​ប្រសើរ​មួយ​ដើម្បី​ប្រយុទ្ធប្រឆំាង​នឹង​ភេរវនិយម​ដោយ​ព្យាយាម​ធ្វើ​យ៉ាង​ណា មិន​ឲ្យ​អាមេរិក​ផុងខ្លួន​សារ​ជា​ថ្មី​ទៅ​ក្នុង​ស្ថានការណ៍​ដូច​នៅ​អ៊ីរ៉ាក់​ទេ។ លោក​អូបាម៉ា​ពិត​ជា​យល់​មិន​ខុស​ទេ​ថា ការ​បញ្ជូន​ទាហាន​អាមេរិក​ឲ្យ​ចូល​ទៅ​អន្តរាគមន៍​នៅ​ក្នុង​ប្រទេស​មួយ​ដែល​កំពុង​គ្របដណ្តប់​ដោយ​សង្រ្គាមស៊ីវិល គឺ​ជា​កំហុស​ឆ្គង​មួយ​ធ្ងន់​ណាស់។ តែ​អ្វី​ដែល​លោក​អូបាម៉ា​នឹក​ស្មាន​មិន​ដល់​នោះ​គឺ​ថា ទោះបី​ជា​មាន​ការ​ជួយ​គំាទ្រ​ពី​អាមេរិក​ប៉ុន​ហ្នឹង​ហើយ យេម៉ែន​នៅ​តែ​ចៀស​មិន​រួច​ពី​ការ​ធ្លាក់​ក្នុង​កណ្តាប់ដៃ​ចលនា​ប្រដាប់អាវុធ​ហ៊ូទី្ស​ដដែល។

តើ​ព្រឹត្តិការណ៍​នៅ​យេម៉ែន​ពេល​នេះ មិនមែន​ជា​មេរៀន​មួយ​ដែល​អាមេរិក​ត្រូវ​គិតគូរ​ឡើង​វិញ​ពី​នយោបាយ​ការទូត​របស់​ខ្លួន​ទេ ឬ​យ៉ាងណា?៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ