អានតួអត្ថបទ
យេម៉ែន​

យុទ្ធនាការ​យោធា​យេម៉ែន​កំចាត់បាន​មេដឹកនាំ​អាល់កៃដា​ដើមកំណើត​ឆេឆេនី​ម្នាក់​

យោងតាម​​ក្រសួងការពារ​ជាតិ​ប្រទេស​យេម៉ែន​​ ​ នៅថ្ងៃ​សៅរ៍​នេះ​​ មេដឹកនាំ​អាល់កៃដា​​ដើម​កំណើត​​ឆេ​ឆេនី​​ម្នាក់​ ត្រូវ​បាន​សម្លាប់​​​​​ក្នុង​យុទ្ធនាការ​របស់​យោធា​យេម៉ែន​ប្រឆាំង​ក្រុមភេរវជននៅ​​ខេត្ត​អាប៊ីយ៉ាន ភាគ​ខាងត្បូង​ប្រទេស។ ​មុននេះ​ ក្រសួងការពារ​ជាតិ​យេម៉ែន​​ក៏បាន​ប្រកាស​ពី​ការស្លាប់​របស់​​មេដឹកនាំ​ភេរវជន​បរទេស​​មួយរូប​ផងដែរ។

ទាហាន​យេម៉ែន​នៅ​ជិត​រថយក្រោះ​ នៅ​ក្រុងសាណា ថ្ងៃសៅរ៍ ​​៣ឧសភានេះ។
ទាហាន​យេម៉ែន​នៅ​ជិត​រថយក្រោះ​ នៅ​ក្រុងសាណា ថ្ងៃសៅរ៍ ​​៣ឧសភានេះ។ REUTERS/ Mohamed al-Sayaghi
ផ្សាយពាណិជ្ជកម្ម

យុទ្ធនាការ​យោធា​​​កំចាត់​ក្រុមភេរវជន​ ​ នៅប្រទេស​យេម៉ែន សប្តាហ៍​នេះ បាន​នាំទៅ​ដល់​ការ​កំចាត់​មេដឹកនាំ​ក្រុមអាល់កៃដា ដើមកំណើត​ឆេឆេនី​ម្នាក់ នៅថ្ងៃ​សៅរ៍នេះ ក្នុង​តំបន់​ម៉ាអាចាឡា​ ក្នុង​ខេត្ត​អាប៊ីយ៉ាន ភាគ​ខាងត្បូង​ប្រទេស។ ​មេដឹកនាំ​អាល់កៃដា​រូប​នេះ ឈ្មោះថា អាប៊ូ អ៊ីស្លាម ​ជា​មេក្រុម​ភេរវជន​​​បរទេស​ទី២​ នៅ​ឧបទ្វីប​អារ៉ាប់ ដែល​យោធា​បាន​កំចាត់។ ក្រសួងការពារ​ជាតិ​យេម៉ែន​បាន​ប្រកាស​ពីការស្លាប់​របស់​មេដឹកនាំភេរវជន​​​បរទេស​ម្នាក់ទៀត មានដើមកំណើត​​មកពី​អ៊ូបេគីស្ថាន កាលពីថ្ងៃ​អង្គារ កន្លងទៅ ពេលដែល​អាជ្ញាធរ​បាន​ចាប់ផ្តើម​យុទ្ធនាការ​​ប្រឆាំង​​ក្រុមភេរវជន នៅ​ខេត្ត​អាប៊ីយ៉ាន និង​ខេត្ត​ឆាប់វ៉ា នៅ​ជាប់​នោះ។ 

យោងតាម​សាក្សី​ជាច្រើន នៅថ្ងៃ​សៅរ៍​នេះ អម​ដោយ​យន្តហោះ​ជាច្រើន​គ្រឿង ​កងទ័ព​បាន​​ពង្រីក​យុទ្ធនាការ​ខ្លួន នៅខេត្ត​អាប៊ីយ៉ាន ​ធ្វើអោយ​ប្រជាជន​រាប់រយនាក់ រត់គេចខ្លួន។​ នៅ​ក្រុងមូកាឡា ភាគខាងត្បូង ជន​​អត្តឃាត​អាល់កៃដា​ម្នាក់ បានបំផ្ទុះ​​រថយន្ត​មួយគ្រឿង នៅ​ពី​មុខ​ច្រកចូល​នៃ​អង់តែន​​ផ្នែកចារកិច្ច​យេម៉ែន ធ្វើអោយ​​​យោធា​២នាក់រងរបួស។ អំពើ​ហិង្សា​​​ប្រដាប់អាវុធ​នៅ​តែ​បន្ត​មាន​នៅ​ក្រុងអាដេន។ ​កាលពី​ថ្ងៃ​សុក្រ ជនប្រដាប់អាវុធ​ជាច្រើននាក់​បាន​បាញ់សម្លាប់​មន្ត្រី​យោធា​ម្នាក់ ​នៅ​ក្រុងនេះ។ ដោយឡែក ​យុទ្ធនាការ​យោធា​​មិនបាន​គ្រោង​ធ្វើ​នៅ​ក្រុងអាដេន និង​ក្រុង​មូកាឡាទេ។​
កាលពី​ថ្ងៃ​សុក្រ មេដឹកនាំ​អាល់កៃដា​នៅ​ឧបទ្វីប​អារ៉ាប់​ កាសេម អាល់រីមី បាន​គម្រាម​សងសឹក​អាជ្ញាធរ​យេម៉ែន ក្រោយ​ពេល​យន្តហោះ​ដ្រូន​អាមេរិក​បាន​ធ្វើយុទ្ធនាការ​ប្រឆាំង​ក្រុមខ្លួន ដោយបាន​សម្លាប់​សមាជិក​អាល់កៃដាច្រើនរូប​ កាលពី​ថ្ងៃ​២០មេសា។ អាមេរិក​បានចាត់ទុក​ក្រុមអាល់កៃដា​នៅ​អារ៉ាប់​ថា​​ជាក្រុម​បង្ក​គ្រោះថ្នាក់​ខ្ពស់បំផុត។ ក្រុម​អាល់កៃដា​​នៅឧបទ្វីប​អារ៉ាប់​នេះ​ បានឆ្លៀត​ប្រយោជន៍ពង្រឹង​​វត្តមាន​ខ្លួន​នៅ​ភាគខាងត្បូង​និង​ភាគខាងកើត​យេម៉ែន ​នៅពេល​ដែល​ប្រជាជន​បះបោរ​ប្រឆាំង​​អតីត​ប្រធានាធិបតី​ អាលី អាប់ដាឡា សាឡេក កាលពី​ឆ្នាំ​២០១១៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ